នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន 3,579 នាក់នៅសាលពិព័ណកោះពេជ្រ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អបអរសាទរដល់និស្សិត ទាំងអស់ដែលបានខិតខំសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនៅថ្ងៃនេះ និងបានកោតសរសើរ ឪពុកម្តាយ អាណាព្យាបាល និងសាស្រ្តាចារ្យ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនចៅ និងបង្រៀន និស្សិតរហូតបានទទួលសញ្ញាបត្រនៅថ្ងនេះ។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានគាំទ្រនិងជំរុញអោយមានការចូលរួម បណ្តុះបណ្តាលធនធាន មនុស្សពីវិស័យឯកជន ដែលជាគោលនយោបាយអភិវឌ្ឍន៍លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ នៅថ្ងៃនេះក៏ជាខួប៣០ ដែលរាជរដ្ឋាភិបាលបានកំណត់ទស្សនៈវិស័យអាទិភាពក្នុងនោះគឺមាន ទឹក ផ្លូវ ភ្លើង មនុស្ស។ សម្រាប់ជីវិតផ្ទាល់របស់ សម្តេចតេជោ ដែលអាចមានមកដល់ ពេលនេះគឺបាន ឆ្លងកាត់ ឧបសគ្គនិងការលំបាកច្រើណាស់ ក្រៅពីគ្រាប់កាំភ្លើង គឺមានឧបសគ្គនៃការកែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមជាដើម។ ច្បាស់ណាស់ ការយកសង្រ្គាមបញ្ចប់សង្រ្គាម គឺមានអាចធ្វើបានទេ។ យើងបានប្រើប្រាស់វិធីចរចា និងនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។
ពេលនេះជាឱកាសធំបំផុតសម្រាប់យុវជន។ យុវជនជំនាន់មុនពុំមានឱកាស និងបានបាត់បង់ជីវិតច្រើន ណាស់ដោយសារសង្រ្គាម។ នៅក្នុងសម័យសង្រ្គាម គឺបានបន្សល់ទុកគ្រាប់បែកជាង២លាន៧សែន តោននៅលើទឹកដីកម្ពុជា។ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ខាងមុខនេះ សម្តេចតេជោ នឹងនិយាយពិភាក្សាអោយបានច្បាស់ និងត្រង់ទៅត្រង់មកជាមួយលោកប្រធានាធិបតីអាមេរិកអំពីបញ្ហានេះ និងបញ្ជាក់អំពីបញ្ហាទាំងឡាយដែលជាប់ពាក់ព័ន្ឋជាមួយប្រទេសទាំង២។
តាមរបាយការណ៍សាកលវិទ្យាល័យ គឺមាននិស្សិតយើងប្រមាណ ៩២,៣២% ដែលបញ្ចប់បរិញ្ញាបត្រហើយគឺបានទទួលការងារធ្វើ និងមាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ៩៦,១០% បានទទួល ការងារធ្វើសមរម្យផងដែរ។ នៅក្នុងសាកលវិទ្យាល័យនេះក៏មាននិស្សិតបរទេសមកសិក្សាដូចជាមកពី ប្រទេសកូរ៉េ វៀតណាម ចិន បារាំង អាមេរិក បង់ក្លាដេស និងជប៉ុនជាដើម។ កម្ពុជាពេលនេះមិនមែនជា ឋានរនរកទេ។ កម្ពុជាពិត គឺយើងកំពុងឋិតនៅសព្វថ្ងៃ រីឯកម្ពុជាមិនពិត គឺជាកម្ពុជាលើទំព័រសារព័ត៌មាន និងការឃោសនាដោយក្រុមខិលខូចនៅក្រៅប្រទេស។
ថ្មីៗនេះមានការផ្សាយព័ត៌មានចេតនាមិនល្អពីកម្ពុជានៅលើសារព័ត៌មាន CNN ដែលផ្តល់ ដោយអង្គការក្រៅរដ្ឋាភិបាល ដែលបានផ្សាយថាស្រ្តីកម្ពុជាបានយកកូនទៅលក់។ អង្គការដែល ផ្សព្វផ្សាយព័ត៌មានមិនពិតគឺប្រឈមនឹងការបិទ។ សម្តេចតេជោ មិនអាចទទួលយកបានទេចំពោះការផ្សាយព័ត៌មានមិនពិត។ សូមស្ថានទូតអាមេរិកស្រាវជ្រាវអំពីរឿងនេះ ហើយកុំបន្តបង្កបញ្ហា។ កុំយកខ្មែរ ធ្វើជាដើមទុន ដើម្បីរៃអង្គាសលុយសម្រាប់អង្គការក្រៅរដ្ឋាភិបាលទាំងនោះ។ យើងក៏មិនចង់អោយមានការធ្វើបាតុកម្មប្រឆាំងនឹងស្ថានទូត និងអង្គការរដ្ឋាភិបាលទាំងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា ចាត់វិធានការ តាមផ្លូវច្បាប់ជា បន្ទាន់ចំពោះអង្គការមួយនេះ គឺមិនអាចអត់ឱនអោយបានឡើយ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី មានជំនឿលើនិស្សិតជ័យលាភីទាំងអស់ ក្រោយពីបានទទួលសញ្ញាបត្រនេះ គឺងាយស្រួលក្នុងការរកការងារធ្វើ និងក្នុងការប្រកបរបរផ្សេងៗ។ ទន្ទឹមនឹងនេះ ដែរ សម្តេចតេជោ សង្ឃឹមដែរថា និស្សិតមួយចំនួនធំ នឹងបន្តសិក្សា ពង្រីកសមត្ថភាពបន្ថែមទៀត ពីបរិញ្ញាទៅបរិញ្ញាជាន់ខ្ពស់ និងទៅកាន់បណ្ឌិត ហើយមួយចំនួនទៀតនឹងបន្តស្វ័យសិក្សាស្រាវជ្រាវ និងសិក្សាបន្តក្នុងដំណាក់កាលបំពេញការងារដើម្បីចៀសវាងភាពអភិរក្សនិយម ដែលបង្កភាពគ្រោះថ្នាក់ ដល់ការរីកចម្រើនយុវជន។ ខួរក្បាលមនុស្សចាស់ក៏ត្រូវធ្វើយុវបនីយកម្មដែរ ឧទាហរណ៍ ប្រព័ន្ឋបច្ចេក វិទ្យាគឺគ្រប់មន្រ្តីរដ្ឋាភិបាលត្រូវតែចេះ បើមិនចេះគឺមិនអាចតែងតាំងបានឡើយ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ផងដែរថាកំពស់ទឹកជំនន់នៅតាមបណ្តាខេត្តដែល ទទួលរងផលប៉ះពាល់គឺកំពុងស្រកចុះជាបណ្តើៗហើយ។ សម្តេចតេជោ បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលាដល់បងប្អូនដែល ទទួលរងផល ប៉ះពាល់ដោយទឹកជំនន់។ តាមព្យាករណ៍អាកាសធាតុ គឺកូនរដូវប្រាំងមួយនឹងកើតមានឡើងបន្ទាប់ពី ទឹកជំនន់ស្រកទៅ។
នៅថ្ងៃអាទិត្យទី ៦ សីហានេះ សម្តេចតេជោ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជប៉ុន ព្រមទាំងចូលរួមអបអរសាទរខួប៦៤ឆ្នាំ (១៩៥៣-២០១៧) នៃទំណាក់ទំនងកម្ពុជាកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះសម្តេចតេជោគ្រោង នឹងអញ្ជើញនាយករដ្ឋមន្រ្តីជប៉ុនមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី អ្នកលេងហ្វេសប៊ុគ (Facebook) ទាំងអស់កុំបង្កើត បញ្ហាបំពុលបរិយាកាសមុននឹងចែកចាយបន្តត្រូវពិនិត្យអោយបានច្បាស់ថាតើពិតដែរទេ? គ្រប់បក្សនយោបាយទាំងអស់សុទ្ឋតែមានតួនាទីអប់រំសមាជិកអោយទទួលផ្សព្វផ្សាយព័ត៌មានល្អពិត។ សម្តេចតេជោ សូមផ្តាំនិងអំពាវនាវ ដល់មេដឹកនាំគណបក្សប្រឆាំងកុំអោយផ្សព្វផ្សាយព័ត៌មានមិនពិត រួមទាំបង្ហោះ ព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន ស្លាប់ មានយន្តហោះធ្លាក់នៅសៀមរាប និងមានអំពើចាប់កូនក្មេងវះយកក្រលៀនជាដើម។ គឺសុទ្ឋតែព័ត៌មានមិនពិត។ សម្តេចតេជោ បានបញ្ជាក់និងសង្កត់ ធ្ងន់ច្បាស់ៗថា សូមកុំកេងចំណេញពីការស្លាប់ របស់សម្តេចតេជោ អោយសោះ។ ម៉្យាងវិញទៀត សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ Facebook ទាំងអស់កុំអោយគេលួច (Hack) យកគណនេយ្យខ្លួនទៅបង្ហោះព័ត៌មានមិនពិតរួមទាំងព័ត៌មានប៉ុនប៉ង សម្លាប់នាយករដ្ឋមន្រ្តីជាដើម។ ជនខិលខូចទាំងនោះក៏បានចាប់ខ្លួនមួយចំនួនរួចមកហើយដែរ។
ក្នុងពេលថ្លែងទៅកាន់និស្សិតព្រឹកមិញនេះ សម្តេចតេជោ បានសម្តែងនូវការព្រួយបារម្ភដែល ប្រទេស មហាអំណាចមិនត្រូវគ្នាដែលធ្វើអោយក្រុមភេរវកម្មកាន់តែមានកម្លាំង។ សម្តេចតេជោ អំពាវនាវអោយមានកិច្ចសហការ និងចរចាគ្នាដើម្បីសុខសន្តិភាព។
មុននឹងបញ្ចប់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានជូនពរនិស្សិតជ័យលាភីទាំងអស់ និងកោត សរសើរអំពីនិងវឌ្ឍនៈភាព នៃសាកលវិទ្យាល័យ ព្រមទាំងបានផ្តល់នូវថវិកាឧបត្ថម្ភដល់ និស្សិតទាំងអស់ ព្រមទាំងសាស្រ្តាចារ្យ និងសាកលវិទ្យាល័យក្នុងការអប់រំបណ្តុះបណ្តាលធនធានអោយកាន់តែមាន សមត្ថភាពល្អសម្រាប់បម្រើប្រទេសជាតិ៕