ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហរដ្ឋអាម៉េរិក (United States of America) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការចូលក្រាបបង្គំគាល់ និងថ្វាយសារតាំងជូនព្រះករុណាព្រះមហាក្សត្រ គឺជាការចាប់ផ្តើមជាផ្លូវការនូវបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងនាមជាតំណាងផ្ទាល់របស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា ឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានមកដល់ប្រទេសកម្ពុជាក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ នេះបើតាមការផ្សាយរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃដដែលនេះ។
ស្ថានទូតអាម៉េរិក បានបញ្ជាក់ផងដែរថា៖ «ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ប្រទេសទាំងពីរកំពុងជំរុញសន្ទុះថ្មីនៃទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ»។
ដោយផ្អែកលើសន្ទុះនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រែក្លាយសន្ទុះនៃទំនាក់ទំនងនេះឱ្យទៅជាវឌ្ឍនភាពដ៏មានអត្ថន័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។
-AKP-








