នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន គណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលសហការរៀបចំដោយក្រុមប្រឹក្សាអ្នកច្បាប់ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ) នៃទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងប្រសាសន៍បើកអង្គសិក្ខាសាលា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីរួមគ្នាលើកកម្ពស់ការអនុវត្តការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) សំដៅធ្វើយ៉ាងណាឱ្យការរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ដោយឆ្លងកាត់ការវិភាគផលប៉ះពាល់ ផលចំណេញ ការខាតបង់ និងបន្ទុកនានាមកលើសង្គម សេដ្ឋកិច្ច បរិស្ថាន ប្រជាពលរដ្ឋ និងធុរកិច្ច ដោយផ្អែកលើភស្តុតាង ទិន្នន័យ និងការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានដល់ការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត រួមទាំងគោលនយោបាយរបស់ប្រទេសទៅតាមវិស័យផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការងារ RIA នេះ មិនមែនជាកិច្ចការថ្មីទាំងស្រុងនោះទេ ពោលគឺ RIA ត្រូវបានអនុវត្តនៅទីស្តីការគណៈរដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ក្រោមជំនួយបច្ចេកទេសរបស់ ADB ហើយក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួងស្ថាប័ន ហើយ ក.ស.វ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានតួនាទីជាអ្នកផ្តល់ការបណ្តុះបណ្តាល និងផ្តល់យោបល់ជូនក្រសួងស្ថាប័នក្នុងការអនុវត្ត RIA។ បន្ទាប់មក ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលតម្រូវឱ្យមានរបាយការណ៍ RIA ភ្ជាប់ជាមួយនឹងសេចក្តីព្រាងច្បាប់។ ទន្ទឹមនេះដែរ ដើម្បីជំរុញល្បឿនក្នុងកសាងសមត្ថភាព និងការអនុវត្ត RIA, ទីស្តីការគណៈរដ្ឋមន្រ្តីបានបង្កើតគណៈកម្មការដឹកនាំកែទម្រង់ RIA ក្នុងឆ្នាំ២០២៤ ហើយក្នុងឆ្នាំ២០២៦នេះ ក៏ទើបបានបង្កើតក្រុមការងារចំនួន ២ទៀត គឺក្រុមការងាររៀបចំក្របខណ្ឌគោលនយោបាយនិងគតិយុត្ត និងក្រុមការងារត្រួតពិនិត្យគុណភាពការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលជាការប្រមូលធនធានសរុប ក្រោមតួអង្គតែមួយ ដើម្បីជំរុញការងារ RIA ឱ្យកាន់តែមានគុណភាព និងមានប្រសិទ្ធផលខ្ពស់បន្ថែមទៀត។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ជារួម RIA គឺជាឧបករណ៍ដ៏ចាំបាច់សម្រាប់កិច្ចការនីតិកម្ម ហើយជួយធ្វើឱ្យយើងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវនិងកាន់តែប្រសើរ (Better Regulation-Better Growth-Better Life) ដោយផ្អែកលើភស្តុតាង ទិន្នន័យ និងការវិភាគ មិនមែនផ្អែកតែលើការសន្មត់ ឬការយល់ឃើញ ឬតាមអារម្មណ៍ ដោយមិនមានការផ្ទៀងផ្ទាត់នោះទេ។ ទន្ទឹមនេះ RIA គឺជាផ្នែកមួយនៃការកែទម្រង់ច្បាប់ និងជាឧបករណ៍សំខាន់មួយ ក្នុងដំណើរឆ្ពោះទៅរកការប្រតិបត្តិល្អនៃបទប្បញ្ញត្តិ (Good Regulatory Practice–GRP) នៅកម្ពុជា ដែលមានវិសាលភាពធំទូលាយជាង ដោយគ្របដណ្តប់គ្រប់ដំណាក់កាលនៃវដ្តរបស់ច្បាប់ ដោយចាប់ផ្តើមពីការកំណត់បញ្ហា ការរៀបចំគោលនយោបាយ ការវិភាគ ការពិគ្រោះយោបល់ ការតាក់តែង ការអនុម័ត រហូតដល់ការអនុវត្ត ការតាមដាន ការវាយតម្លៃ និងការកែតម្រូវ ឬវិសោធនកម្មផងដែរ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានលើកឡើងថា ការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ RIA នេះ គឺជាការបោះជំហានបន្តដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធ RIA ឱ្យស្របតាមបរិបទកម្ពុជាផង និងស្របតាមស្តង់ដាអន្តរជាតិផងដែរ ដើម្បីធ្វើស្ថាប័នូបនីយកម្ម RIA នៅគ្រប់ក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាលទាំងមូល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានសង្កត់ធ្ងន់ថា ជោគជ័យនៃការងារ RIA នេះ គឺអាស្រ័យទៅលើក្រសួងស្ថាប័ននីមួយៗដែលមានសមត្ថភាព និងភាពជាម្ចាស់លើការយល់ដឹង ការអនុវត្ត និងការតាមដាននិងវាយតម្លៃរបស់ខ្លួន ដោយមិនមែនស្ថិតលើទីស្តីការគណៈរដ្ឋមន្រ្តីដែលមានមុខងារជាទ្វារបាលនោះទេ។
បន្ទាប់មក អង្គសិក្ខាសាលាបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ RIA ព្រមទាំងបានលើកឡើងជាសំណួរផ្សេងៗផងដែរ។ ក្រៅពីនេះ អង្គសិក្ខាសាលាក៏បានពិភាក្សាអំពីវិសាលភាព គោលការណ៍លើកលែង គោលការណ៍សមាមាត្រ និងការកំណត់កម្រិតផលប៉ះពាល់ (threshold)រវាងការវាយតម្លៃបឋមលើផលប៉ះពាល់ (Preliminary Assessment Statement – PAS) និងការវាយតម្លៃពេញលេញលើផលប៉ះពាល់ (Regulatory Impact Statement – RIS) ព្រមទាំងទិដ្ឋភាពបច្ចេកទេសផ្សេងៗទៀតផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួនដល់ក្រុមការងារយកទៅធ្វើការកែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំនេះឡើងវិញ និងស្នើឱ្យតំណាងក្រសួងស្ថាប័ននានាបន្តផ្តល់ធាតុចូលជាលាយលក្ខណ៍អក្សរ ដើម្បីអាចដាក់ឱ្យអនុវត្តបានឆាប់តាមដែលអាចធ្វើបាន ដើម្បីជាប្រយោជន៍ដល់ការកសាងសណ្ដាប់ធ្នាប់គតិយុត្ត និងសណ្ដាប់ធ្នាប់ស្ថាប័ន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងរដ្ឋ ការអភិវឌ្ឍជាតិ និងវប្បធម៌នីតិរដ្ឋនៅកម្ពុជា។



















