ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនអំពីគោលនយោបាយ លើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការកសាងមោទនភាពជាតិរបស់រាជរដ្ឋាភិបាល៖

ទី១. នៅសប្តាហ៍ក្រោយនេះ ចាប់ពីថ្ងៃទី ១៥ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី២០នៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ដោយមានព្រឹត្តិការណ៍អមជាច្រើនទៀត។ នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយជាប្រវត្តិសាស្ត្រដែលកើតឡើងនៅលើទឹកដីកម្ពុជា។ រហូតមកទល់ថ្ងៃនេះ មានគណៈប្រតិភូចំនួនជិត៨០ហើយដែលបានបញ្ជាក់ពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ ប្រទេស។ ស្របពេលជាមួយគ្នានេះក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ នៅលើទឹកដីកម្ពុជា។

វត្តមាននៃបណ្តាគណៈប្រតិភូអន្តរជាតិ រួមទាំង ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ មានអត្ថន័យច្រើនយ៉ាងសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាង វាបានបង្ហាញពីជោគជ័យធំធេងនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានានៅលើឆាកអន្តរជាតិក្រោមអភិក្រម«ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី»ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀត វាបានបង្ហាញពីជំនឿចិត្តរបស់សហគមន៍អន្តរជាតិមកលើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំទទួលព្រឹត្តិការណ៍អន្តរជាតិធំៗបានយ៉ាងល្អប្រកបដោយសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់។ កម្ពុជាតូចមែនតែមានសមត្ថភាពខ្ពស់ អាចឈរស្មើមុខមាត់ជាមួយប្រទេសដទៃ និងអាចរៀបចំរាល់ព្រឹត្តិការណ៍លំដាប់អន្តរជាតិធំៗដូចប្រទេសធំៗដែរ។

តាមរយៈព្រឹត្តិការណ៍នេះ ពិភពលោកក៏កាន់តែស្គាល់ច្បាស់ពីកម្ពុជា ដែលជាទឹកដី សម្បូរដោយសម្បត្តិវប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាត ជាពិសេសមានប្រជាជនដែលមានស្នាមញញឹម រួសរាយរាក់ទាក់គួរជាទីកក់ក្តៅក្រៃលែង។ នេះគឺជាផ្លែផ្កានៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយក្រោមទស្សនៈវិជ្ជានយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តដាក់ចេញនូវគោលនយោបាយការបរទេសដ៏ត្រមឹត្រូវ ក៏ដូចជាការថែរក្សាសន្តិភាពបានយ៉ាងល្អរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ នេះមិនមែនជាលើកទី១ទេដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិ។ ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាព និងរង់ចាំទទួលស្វាគមន៍ដោយក្តីអំណរសាទរបំផុតចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដ៏ធំមួយនេះនៅលើទឹកដីរបស់ខ្លួន។

ទី២. ក្នុងឱកាសប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី១៣ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»ដើម្បីជំរុញលើកទឹកចិត្តដល់គ្រប់តួអង្គដែលធ្វើការងារពាក់ព័ន្ធនឹងអាហារូបត្ថម្ភឱ្យបង្កើនកិច្ចអន្តរាគមន៍ដើម្បីធានាថា នៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាព និងទទួលបានការការពារចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ តាមរយៈការលើកកម្ពស់ប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងការផ្លាស់ប្តូរឥរិយាបថសង្គម។

ក្នុងសារអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគដ៏មានប្រសិទ្ធភាពក្នុងការជួយពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ដែលជាការរួមចំណែកដល់ការលើកកម្ពស់សមិទ្ធកម្មនៃការសិក្សា ការបង្កើនផលិតភាពការងារ ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងភាពធន់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងវិបុលភាព។ សម្តេចប្រមុខរាជរដ្ឋាភិបាល បន្តថា ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ តាមរយៈការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ស្ថានភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ។ ដោយមានការប្ដេជ្ញាចិត្តដ៏រឹងមាំ និងការធ្វើកិច្ចការរួមគ្នារវាងវិស័យនានា បញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ជាក់ស្ដែង អត្រាប្រេវ៉ាឡង់នៃភាពក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី ៥០% មកត្រឹម២២% រីឯអត្រាស្គមស្គាំងបានធ្លាក់ចុះពី១៧% មកត្រឹម៩,៦% ខណៈដែល អត្រាកុមារមិនគ្រប់ទម្ងន់ បានធ្លាក់ចុះពី៣៩% មកត្រឹម១៦%។ ស្ថានភាពសុខភាពមាតា ទារក កុមារ និងការកាត់បន្ថយអត្រាមរណភាពកុមារ ក៏មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដូចជាក្រិសក្រិន ស្គមស្គាំង កង្វះមីក្រូសារជាតិ និងភាពស្លេកស្លាំង ការលើសទម្ងន់ ភាពធាត់ជ្រុល និងជំងឺមិនឆ្លងនានា ដែលទាមទារនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

យោងតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងនោះការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន និងការលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាជន ដែលជាកាតាលីករក្នុងការអភិវឌ្ឍមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសង្គម។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពខ្ពស់បំផុត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយទទួលស្គាល់ថា ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពធន់ គឺអាស្រ័យជាចម្បងលើសុខភាព ចំណេះដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះអាហារូបត្ថម្ភ គឺជាសសរស្តម្ភដ៏សំខាន់មួយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan T. M. Reckford នាយកប្រតិបត្តិនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ព្រមទាំងសហការី
beylikdüzü escort escort beylikdüzü beylikdüzü escort