ផ្សាយបន្តផ្ទា៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

ថ្ងៃទី១ឧសភា គឺជាថ្ងៃនៃទិវាពលកម្មអន្តរជាតិ ដែលជាទិវាប្រវត្តិសាស្រ្តរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់ និងប្រារព្ធទិវាពលកម្មអន្តរជាតិនេះជារៀងរាល់ឆ្នាំផងដែរ ចាប់តាំងពីកម្ពុជាបានរស់រានឡើងវិញពីរបបប្រល័យពូជសាសន៍ក្រោយថ្ងៃរំដោះ ៧-មករា-១៩៧៩។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលតែងតែគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្ដល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គម ជូនបងប្អូនកម្មករនិយោជិត ស្របតាមគោលនយោបាយ ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់ដែលមានវត្តមាននៅកម្ពុជា។
ពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន
-ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។
-ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT(ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។
-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។
គម្រោងកែសម្រួលចំណតផែកុងតឺន័រពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។ គម្រោងទាំងនេះនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក ដោយត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ ២៤៣លានដុល្លារអាមេរិក, និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ ៦៩៨លានដុល្លារអាមេរិក។
ទាក់ទងទៅនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន អបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន (១៩៥៣-២០២៣)” ដែលតាមរយៈទំនាក់ទំនងការទូត និងមិត្តភាពដ៏រឹងមាំនេះ បានជំរុញ និងប្រែក្លាយចំណងការទូតរវាងប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំ២០២៣នេះ ដែលនឹងផ្តល់នូវផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងច្រើនដល់ ប្រជាជននៃប្រទេសទាំងពីរ។
ការអភិវឌ្ឍរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាសពេញផ្ទៃប្រទេស រួមទាំងការរីកចម្រើន របស់វិស័យកំពង់ផែផងដែរ គឺកើតឡើងដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ និងស្ថិរភាព នយោបាយដ៏ពិតប្រាកដ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងលះបង់អស់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាញាណ ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
#ទិវាពលកម្មអន្តរជាតិ #ខេត្តព្រះសីហនុ
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
#បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ #ខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ