តើ «ផ្ការីក» របស់រាជរដ្ឋាភិបាលមានអ្វីខ្លះហើយដើម្បីផលប្រយោជន៍អ្នកណា?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយមួយនៅក្រៅប្រទេស បានស្រែកឱ្យប្រជាពលរដ្ឋងើបឡើងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រើពាក្យផ្ការីក ដែលបង្កប់ចេតនាទុច្ចរិតចង់ធ្វើបដិវត្តន៍ពណ៌បំផ្លាញសន្តិភាពនិងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីកសម្រាប់កម្ពុជារបស់យើង គឺផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះឈ្នះ និងផ្ការីកនៃការអភិវឌ្ឍប្រទេសជាតិរបស់យើង ដើម្បីផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋឱ្យមានសាមគ្គីភាពគ្នា ចេះស្រឡាញ់គ្នាទៅវិញទៅមក ព្រមទាំងចូលរួមថែរក្សាចំពោះសមិទ្ធផលដែលប្រទេសជាតិយើងកំពុងមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វើសកម្មភាពទៅតាមផ្ការីកដែលចង់ដុតប្រទេសជាតិយើងឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម និងចលាចល ប៉ុន្តែត្រូវចូលរួមជាមួយផ្ការីកនៃសន្តិភាពនិងការអភិវឌ្ឍនៃប្រទេសជាតិរបស់យើងទាំងអស់គ្នា។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ផ្ការីករបស់រាជរដ្ឋាភិបាល គឺស្រស់បំព្រងពោរពេញដោយស្នាមញញឹម ពោលគឺផ្ការីកជារបស់ប្រជាជនទាំងអស់គ្នាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណានោះទេ ហើយផ្ការីករបស់គណបក្សប្រជាជនកម្ពុជា គឺកែប្រែពីដីដែលក្រៀមស្វិតស្រពោន ដីដែលមានគ្រាប់មីន ទៅជាដីសួនច្បារ សួនកសិកម្មដើម្បីបម្រើដល់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែស្រស់បំព្រង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ