ហេតុអ្វីបានជាក្រុមប្រឆាំង បន្តញុះញង់ប្រជាពលរដ្ឋឱ្យផ្តួលរំលំរាជរដ្ឋាភិបាល?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយចាស់មួយរូបនៅក្រៅប្រទេស តែងតែព្យាយាមញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗដែលខុសទៅនឹងច្បាប់ផងដែរ។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកផងដែរថា ដូចកាល «ព្រឹត្តិការណ៍ថ្ងៃ១៨សីហា» អ្នកនយោបាយនៅក្រៅប្រទេសរូបនោះ បានញុះញង់យុវជនឱ្យធ្វើសកម្មភាពខុសច្បាប់ក្រោមលេស ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ CLV-DTA ក្នុងគោលបំណងទុច្ចរិតដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា អ្នកនយោបាយចាស់នៅក្រៅប្រទេសនោះ មានចេតនាទុច្ចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដេស ហើយគិតថា នៅពេលផែនការផ្តួលរំលំរាជរដ្ឋាភិបាលបានសម្រេច ខ្លួននឹងអាចមានឱកាសមកដឹកនាំប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា អ្នកនយោបាយចាស់រូបនោះ បានត្រឹមធ្វើជានាយករដ្ឋមន្រ្តីតាមហ្វេសប៊ុកតាំងពីឆ្នាំ២០១៣មក ហើយបុគ្គលនោះ ក៏តែងតែបរាជ័យជានិច្ចនៅក្នុងការបោះឆ្នោតម្តងៗ ដោយសារតែប្រជាពលរដ្ឋជឿជាក់និងគាំទ្រលើ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ