បន្ទាប់មកនៅរសៀលថ្ងៃទី ២១ មិថុនាដដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល ជាមួយ ក្មួយៗនិស្សិតចំនួន១០៣រូប តំណាងឲ្យនិស្សិតចំនួន១០៣រូប ដែលកំពុងសិក្សាក្នុងខេត្ត ប៊ិន យឿង ប្រទេសវៀតណាម។ ពិធីសំណេះសំណាលនេះ គឺធ្វើនៅមណ្ឌលសន្និបាតខេត្តប៊ិញយឿង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់និស្សិតកម្ពុជា ដែលបានចេញមកសិក្សា នៅក្រៅប្រទេស ក្នុងនោះរួមទាំងប្រទេសវៀតណាម និង ប្រទេសរុស្សី គឺត្រូវយកចិត្តទុកដាក់សិក្សាជាមួយមោទនៈភាព ចំពោះមូលដ្ឋាន នៃការសិក្សាទ្រឹស្តី និងការអនុវត្តប្រកបដោយបញ្ញាញាណ និងការគិតគួរខ្ពស់ ដែលជា គុណភាព និងគុណសម្បត្តិរបស់និស្សិត។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានលើកទឹកចិត្តដល់ក្មួយៗនិស្សិតអោយសិក្សាភាសាបរទេសបន្ថែមក្រៅពីវៀតណាម គឺសិក្សាភាសាអង់គ្លេស និងភាសាចិន ដែលនឹងជួយដល់ឱកាសការងារទៅថ្ងៃអនាគត។ សម្តេចតេជោ បានជំរុញនិង លើកទឹកចិត្តដល់និស្សិតកម្ពុជាទាំងអស់ ត្រូវចូលរួមបង្កើតឲ្យមានការតភ្ជាប់រវាងយុវជន និងយុវជន ប្រជាជននិង ប្រជាជន ពោលគឺយើងមិនអាចធ្វើជាសត្រូវជាមួយ និងប្រទេសជិតខាងនោះទេ។
សម្តេចតេជោ នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ប្រទេសដែលមានការរីកចម្រើនគឺអាស្រ័យលើកត្តាសំខាន់ៗចំនួនពីរ គឺទី១កត្តាស្ថេរភាពផ្ទៃក្នុងប្រទេសខ្លួនឯង និងទី២កត្តាទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ ជាមួយប្រទេសជិតខាង។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជិតទុក និស្សិតទាំងអស់នោះ គឺជាផ្នែកមួយដ៏មានសារសំខាន់ក្នុងការធ្វើទំនាក់ទំ នងល្អ ជាមួយប្រទេសជិតខាង ក្នុងការអភិវឌ្ឍប្រទេសនិងតំបន់របស់យើង ឲ្យកាន់តែមានភាពរីកចម្រើនទ្វេឡើង ថែមទៀត។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់និស្សិត ទាំង១០៣នាក់ ដែលកំពុងសិក្សានៅប្រទេសវៀតណាមផងដែរ។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានប្រារព្វរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ និងការអញ្ជើញចូលរួមក្នុងទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅលើទឹកដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយបរិយាកាសរីករាយនិង ស្និទស្នាលបំផុត៕