សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសំឡេងពិសេសទាក់ទងស្ថានភាពជំងឺកូវីដ-១៩ និងវិធានការបន្ទាន់

CNV: 22 ខែ​កុម្ភៈ, 2021

ក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃគ្រប់ព្រះអង្គ
បងប្អូនជនរួមជាតិជាទីស្រឡាញ់

ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំមានសារបន្ទាន់មួយទៀតដើម្បីផ្ញើជូនសម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ កាលពីថ្ងៃទី ២០ នោះ ខ្ញុំព្រះករុណាខ្ញុំមិនបានឱ្យប្រកាន់យកវិធានការតឹងតែងហួសហេតុពេកទេ ដោយសារតែ(យើងកំពុង)តាមដានពិនិត្យមើលព្រឹត្តិ​ការណ៍(និងការ)វិវត្ត។ ក្នុងរយៈកាលបីថ្ងៃកន្លងទៅនេះ ចំនួនអ្នកឆ្លងគឺនៅបន្ត ចំនួនទីកន្លែងដែលត្រូវបិទ និងស្រាវជ្រាវក៏កាន់តែមានការលំបាក បូករួមទៅដោយភាពរាយប៉ាយដែលធ្វើឱ្យយើងត្រូវប្រកាន់យកនូវវិធានការចាំបាច់មួយចំនួនផ្សេងទៀត ដែលក្នុងនោះ វិធានការទី ១ ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សូមបិទនូវសាលារៀនទាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន ២ សប្តាហ៍ យ៉ាងតិច។ នេះគឺជាវិធានការដើម្បីឆ្លើយតបការពារសម្រាប់គ្រូបង្រៀន សិស្សា​នុសិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ។ ទាំងសាលារដ្ឋ និងឯកជនត្រូវធ្វើដូចគ្នា ដែលរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសក្នុងពេលបន្តិចទៀតនេះ។

ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលការ គឺប្រសិនបើអាចពន្យារបាន គឺសូមពន្យារ(ពេលសិន) ប្រសិនមិនអាចពន្យារបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្សឱ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។ នេះគឺជាវិធានការដើម្បីឆ្លើយតបចំ​ពោះ​ការរីករាយដាលទ្រង់ទ្រាយធំ ដែលមកដល់ពេលនេះទំហំប្រតិបត្តិការបស់យើងកាន់តែធំទៅៗ។ មុខសញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការយល់នូវការលំបាក(របស់)អ្នកដែលត្រូវរៀបការកូន ចំពោះការរើសពេលវេលាក្នុងការរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។ ដូច្នេះ ប្រសិនបើពន្យារបានគឺពន្យារ ប៉ុន្តែប្រសិនបើមិនអាចពន្យារបានទេ ក៏សូមមេត្តាកាត់បន្ថយមនុស្សចូលរួម ដើម្បីរក្សានូវវិធានការសុខាភិបាល នោះគឺរក្សាគម្លាតសុវត្ថិភាពហើយចៀសវាងនូវការរៀបអាពាហ៍​ពិពាហ៍រួចហើយមានជំងឺ ការឆ្លងរាលដាលនៅក្នុងក្រុមគ្រួសារ ដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មី។

ខ្ញុំព្រះករុណាខ្ញុំក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ទាំងឡាយ​សូមមាន​ការ​​សហការ​ ក្នុងនោះមានអ្នករត់តាក់ស៊ី រត់ម៉ូតូឌុប កង់បី ឬ PassApp ដែលមានការពាក់ព័ន្ធជាមួយ​ទី​កន្លែងដែលមានការប៉ះពាល់ សូមមកយកសំណាករួច រួចរៀបធ្វើចត្តាឡីស័ក។ ខ្ញុំព្រះករុណា​ សូម​អង្វរកប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញរបស់យើង ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញ​ខាងក្រៅ ដើម្បីចៀសវាងការឆ្លងរីករាលដែលយើងមើលមិនឃើញ។

អាចនិយាយបានថា​(ស្ថានភាព)ពេលនេះ លំបាកជាង ៣ វិច្ឆិកា និ​ង ២៨ វិច្ឆិកា ទៅទៀត ព្រោះយើងមើលឃើញពន្លឺខ្លះ ​តែទីងងឹតក៏មានច្រើន​ មិនទាន់អាចរកឃើញ។ នៅតាមស្ថាប័ននានា ការប្រជុំ (បើ)ពន្យារបានក៏​ពន្យារ បើពន្យារមិនបានទេ សូមធ្វើតាមអនឡាញ។ ខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវពិគ្រោះជាមួយសម្ដេច​ក្រឡាហោម ស ខេង (អំពីកម្មវិធីនៅក្រសួងមហាផ្ទៃ) និងកម្មវិធីដែលត្រូវធ្វើនៅ​សណ្ឋាគារ(មួយក្នុង)ទី​ក្រុង​ភ្នំពេញ ដើម្បីនឹងអាចលុបចោល​នូវកម្មវិធីនោះ ព្រោះសភាពការណ៍ស្ថិត​នៅក្នុងរង្វង់ដែល​ត្រូវ​​ពិចារណា ដើម្បីរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ។ ចំណុចនេះងាយរង​គ្រោះ ព្រោះ​ចំ​កណ្ដាល​ប្រទេសតែម្ដង គឺក្នុងរាជធានីជាបេះដូងរបស់ប្រទេស។

ខ្ញុំព្រះករុណាខ្ញុំមិនបិទចំពោះសកម្មភាពសេដ្ឋកិច្ចទេ ដូចជារោងចក្រ សហគ្រាស​ អាហារដ្ឋាន ប៉ុន្ដែក៏សូមមានការយកចិត្តទុកដាក់រៀបចំគម្លាតសុវត្ថិភាព។ ខ្ញុំព្រះករុណាខ្ញុំក៏នៅបន្ដផ្ដល់អំណាច​​ដល់អភិបាលរាជធានី ក្រុង និងខេត្ត ធ្វើការបិទភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងលក់ដូរដែល​មិនគោរពនូវវិធានរបស់ក្រសួងសុខាភិបាល។ យើងធ្វើនេះដើម្បីរក្សាមុខរបរ និងប្រាក់ចំណូលរបស់​បងប្អូន ប៉ុន្ដែយើងត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យប្រទេសរបស់យើង ប្រជាជនរបស់យើង មិនមាន​ការឆ្លងនូវកូវីដ-១៩។

ពិតណាស់វាជាការលំបាក តែវាជារឿងចាំបាច់ដែលយើងត្រូវបន្ដ​ធ្វើ​ដោយ​ខាន​មិនបាន។ ខ្ញុំសូមឲ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញបន្ដចែកម៉ាសយឯកឧត្តមអភ្តការចែកម៉ាសឋទូទាំងប្រទេសទាក់ទងស្ថានភាពជំងឺកូវីដតែពីលើកឡើងនូវវិធានការណ៍មួយចំនួនដូចដែលបានលើករួចមកហើយ។ សូមអរគុឲ្យប្រជាពលរដ្ឋរបស់យើងអ្នកក្រីក្រ ដែលនៅតាមផ្សារលក់ដូរ នៅន្លែងការងារមួយចំនួនទៀតដែលគាត់ខ្វះម៉ាស។ អ្នកមានម៉ាសស្រាប់នោះ ធ្វើដំណើរតាមផ្លូវត្រូវពាក់ម៉ាស។ សូមមេត្តាគិតគូរអំពីសុវត្ថិភាព និងសុខភាពផ្ទាល់របស់បងប្អូន ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ។ ម៉ាសគឺជាវិធីដែលងាយក្នុងការដោះស្រាយបញ្ហា រាប់ទាំងម៉ាសពេទ្យ ម៉ាសក្រណាត់ រាប់ទាំងក្រមា ដែលត្រូវប្រើប្រាស់ផងដែរ ដើម្បីរក្សាសុវត្ថិភាពនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

ពិតហើយកាលពី ៣ ថ្ងៃមុន ថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ មិនបានដាក់ចេញនូវវិធានការទាំងនេះទេ (ដោយសារ)យើង(កំពុងតែ)ពិនិត្យថា តើការរីករាលដាល(នឹងមាន)ដល់កម្រិតណា។ មកដល់ពេលនេះ (ការឆ្លង)មិនមានការថមថយទេ។ ចំនួនឆ្លងនៅក្នុងសហគមន៍គឺនៅបន្ត ហើយយោងទៅលើស្ថានភាពដែលយើងកំពុងតែយកសំណាកដែលមានកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងអស់ ឃើញថាចំនួនសំណាកនៅសល់ច្រើន។ ល្ងាចនេះយើងរកឃើញ ១៣ ករណីរួចស្រេចទៅហើយៗ ម៉ាស៊ីនទាំង​ឡាយក៏មិនទាន់បានបញ្ចប់(ការងារ)នៅឡើយទេ។

ក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ ចំនួនឆ្លងឡើងជិត ១០០ នាក់ ដែលជាចំនួនឆ្លងមិនធ្លាប់មានតាំងពីពេលដែលយើងបានមានជំងឺកូវីដ-១៩ចូលមកក្នុងផ្ទៃប្រទេសរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សុំអំពាវនាវចំ​ពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គសុំការយោគយល់ពីព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ សុំការយោគយល់ពីប្រជាជននៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ហើយសម្រាប់ប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្ត ប្រសិនបើអាចពន្យារបានក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ក៏សុំពន្យារសិន​ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញដោះស្រាយបញ្ហានេះ ចៀសវាងការកកកុញស្ទះចរាចរណ៍ ដែលនោះក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចម្លងពីគ្នាទៅគ្នាផងដែរ។

សុំផងប្អូនផ្សព្វផ្សាយនូវសាររបស់ខ្ញុំនេះឲ្យបានឆាប់ ពិសេសគ្រប់ផ្នែកទំនាក់ទំនងទាក់ទងជាមួយនឹងការផ្សព្វផ្សាយព័ត៌មាននេះ ជូនសារសម្លេងនេះឲ្យបានលឿនបំផុតទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ និងប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាប្រជាជននៅទូទាំងប្រទេស។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការទើសទាល់ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីលើកឡើងនូវវិធានការមួយចំនួនដូចដែលបានលើករួចមកហើយ។ សូមអរព្រះគុណ និងអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...