សម្រង់ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញចែក​ពូជ​ស្រូវ​និង​ស្បៀង ជូន​ប្រ​ជា​​ពល​រដ្ឋ​រងផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង នៅខេត្តពោធិ៍សាត់


សុន្ទរកថា និងរបាយការណ៍របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្លែងក្នុង​ពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង​ជូន​ប្រជា​ពល​រដ្ឋ​ដែល​​រង​ផលប៉ះ​ពាល់ ដោយ​សារ​​ជំនន់​ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់


CMF:

អរគុណឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំពោះរបាយការណ៍។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ធិបតី ដែលបានចូលរួមថ្ងៃនេះ
ពិសេសលោក អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកចូលរួមសំណេះសំណាល និងការរៀបចំ(ផ្ដល់)នូវជំនួយមួយចំនួន ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់!

(១) មួយឆ្នាំ មកពោធិ៍សាត់ ៣ដង៖ សម្ពោធការតភ្ជាប់ កសាងបន្ថែម និងសង្គ្រោះ

ក្នុងមួយឆ្នាំនេះ ខ្ញុំមកពោធិ៍សាត់បីដងហើយ។ ពីរដងមុនគឺមកសម្ពោធសមិទ្ធផល សម្ពោធសាលារៀននៅវាលវែង ហើយថ្ងៃមុនសម្ពោធផ្លូវជាតិលេខ១០។ ថ្ងៃនេះ មកជួបប្រជាពលរដ្ឋដើម្បីដោះស្រាយការប៉ះពាល់ដោយ​សារ​ទឹកជំនន់។ ករណីពោធិ៍សាត់ មិនមែនតែទឹកជំនន់ទាំងអស់ទេ។ អម្បាញ់មិញនៅបាកាននៅអីហ្នឹង មុននឹងទឹកមកដល់ច្រើនហួស ក៏មានការខ្វះទឹក ការរាំងស្ងួត … (ដែលនាំឱ្យមានអន្តរាគមន៍ដល់)ការគ្រប់គ្រងប្រព័ន្ធទឹកនិងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ការសម្ពោធមកបីដងនេះ គឺមកកសាងសាលារៀនបន្ថែម មកសម្ពោធផ្លូវដែលតភ្ជាប់ពីកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ដើម្បីទាញផលមកអ្នកពោធិ៍សាត់ផង។ ប៉ុន្តែ ពេលដែលលំបាកក៏មកទៀត។ យើងនៅជាមួយគ្នាទាំងស្រួលទាំងសប្បាយ។ ពេលលំបាកក៏នៅជាមួយគ្នា។ ហ្នឹងដូចប្ដីប្រ​ពន្ធអញ្ចឹង,​ លោកតាលោកយាយ អ៊ំ ពូមីង។

(២) ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ប្រៀបដូចប្ដីប្រពន្ធ

ថ្ងៃខ្ញុំការ គេឱ្យហូប ៧រសជាតិ។ ស្លាអញ្ចឹង? ល្វីង ជូរ ចត់ ផ្អែមល្ហែម បានន័យថាជីវិតគ្រួសារគឺអញ្ចឹង។ សម្រាប់ប្រជាពលរដ្ឋនិងរដ្ឋាភិបាល គឺដូចប្ដីប្រពន្ធ​អញ្ចឹង។ ៥ឆ្នាំម្តង លោកតាលោកយាយបោះឆ្នោតរើសអ្នកដែលបម្រើប្រជាពលរដ្ឋ ដូចរើសប្ដី/ប្រពន្ធអញ្ចឹង។ ពេលដែលបានទទួលកិច្ចការ ការទុកចិត្ត ការស្រឡាញ់នេះ យើងក៏ត្រូវនៅជាមួយគ្នា មិនថាលំបាក រងា ក្ដៅ មិនថាខ្វះទឹក លើសទឹក គឺរាជរដ្ឋាភិបាលជួយ។ មិនថាខ្វះសាលារៀន ផ្លូវ​ កសាងសេដ្ឋកិច្ច យើងខិតខំ។ ខ្វះការងារ បង្កើតការងារ។ ឈឺថ្កាត់ ជួយរៀបចំមណ្ឌលសុខភាព មានបណ្ណសមធម៌។ ហ្នឹងហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនជាមួយប្រជាជន គឺដូចប្ដីប្រពន្ធអញ្ចឹង។ មិនចោលគ្នាទេ ជាពិសេស(មាន)ការលំបាកគឺនៅជាមួយគ្នា។ នេះគឺជារឿងពិត។ ថ្ងៃនេះ ខ្ញុំជួបប្រជាពលរដ្ឋដែលមានវត្តមានទីនេះជាង ៧០០០គ្រួសារ តំណាងឱ្យជាង ១០០០០គ្រួសារ ដោយ(មានគ្រួសារខ្លះ)នៅឆ្ងាយអត់បានចូលរួម។ ប៉ុន្តែការជួយគឺត្រូវជួយទាំងអស់។

(៣) សូមក្រុមការងាររដ្ឋាភិបាល សហការជាមួយមូលដ្ឋាននាំស្បៀងនិងការជួយសង្គ្រោះទៅមូលដ្ឋាន

ឆ្នាំនេះទឹកជំនន់ និងគ្រោះធម្មជាតិប៉ះពាល់ជាង ១៣០ ០០០គ្រួសារ។ ថ្ងៃមុននៅបាត់ដំបងខ្ញុំជួប ១០០០០គ្រួសារ។ ថ្ងៃនេះជួប ៧០០០គ្រួសារ។ អញ្ចឹង នៅសល់តែ ១២០០០០ គ្រួសារទៀត។ (ទោះ)ខ្ញុំមិនបានចុះជួបក៏ដោយ កុំឱ្យពិបាករង់ចាំយូរ គឺក្រុមការងាររបស់រដ្ឋាភិបាលសហការជាមួយមូលដ្ឋាននឹងនាំស្បៀង និងការជួយសង្គ្រោះទៅដល់មូលដ្ឋានជូនលោកអ៊ំពូមីងបងប្អូនទាំងអស់តែម្តង។ អម្បាញ់មិញ ខ្ញុំបានប្រាប់ឯកឧត្តម គន់ គីម ថាកុំចាំខ្ញុំ។ ទៅតែម្តង។ ការជួបនេះគឺជានិមិត្តរូបទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាល របស់ថ្នាក់ដឹកនាំគណបក្ស សម្តេចតេជោ ថ្នាក់​ដឹកនាំ ក៏ដូចជារដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ខេត្ត។ យើងមានប្រជាពលរដ្ឋ ១៣០ ០០០ គ្រួសារ នៅ ៧ខេត្តដែលប៉ះពាល់ដោយទឹកជំនន់។ ខ្ញុំបានជួបផ្ទាល់ជាង ១០០០០ គ្រួសារ នៅសល់ប៉ុន្មានគ្រួសារទៀតគឺត្រូវធ្វើយ៉ាងម៉េចត្រូវជួយគាត់​ ជាពិសេសការដាំដុះឡើងវិញឱ្យបានលឿន។

(៤) ក្រៅអំពីស្បៀង ត្រូវជួយជំរុញផ្តល់ពូជស្រូវ ពូជដំណាំ ឱ្យបានដាំដុះយ៉ាងយូរពាក់កណ្តាលខែវិច្ឆិកា

ក្រសួងកសិកម្មត្រូវចុះជួយ ព្រោះឥឡូវយើងព្យាករនិងបង្ការកាត់បន្ថយហានិភ័យអែលនីញ៉ូ (El Niño)។ អញ្ចឹងការសម្រុកដាំដុះ ត្រូវធ្វើឱ្យបានយ៉ាងយូរអាចពាក់កណ្តាលខែវិច្ឆិកានេះ ដើម្បីកុំឱ្យវាស្កក(នៅ)ចុង(រដូវ) ដោយសារខ្វះទឹកនៅចុងដៃ។ អញ្ចឹង យើងខិតខំធ្វើយ៉ាងណា(ត្រូវចុះចែកឱ្យបានឆាប់) កុំចាំ … ស្អីដែលត្រូវជួយហ្នឹង ជាពិសេសស្រូវពូជ ពូជដំណាំ ដែលត្រូវដាំដុះជាដើម។ ស្បៀងជារឿងមួយ ប៉ុន្តែត្រូវជួយជំរុញការដាំដុះ។ កិច្ចការនេះ គឺយើងចុះជាប់ជាប្រចាំ។ អរគុណចំពោះអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន/ស្រុក/ឃុំ ដែលជួយដល់ប្រជាពលរដ្ឋ ទាំងក្នុងការរៀបចំព្រឹកនេះ ក៏ដូចជាការលំបាកគ្រប់បែបយ៉ាងកន្លងមក។ សហការជាមួយក្រុមការងារគណបក្សពង្រឹង។ ឯកឧត្តម កែវ រតនៈ នៅទីនេះបានរាយការណ៍ឱ្យខ្ញុំជាប់ជាប្រចាំ។ កាលពីអាណត្តិមុន គាត់ទទួលនៅក្រគរ និងកណ្តៀង។ ក្នុងអាណត្តិនេះ គាត់ទទួលបន្ទុកនិងទទួលការងារបន្តពីឯកឧត្តម ស៊ុយ សែម ជាប្រធានក្រុមការងារនៅខេត្តកាលពីអាណត្តិមុន។ អញ្ចឹង រដ្ឋាភិបាលបន្តការគាំទ្រជួយគ្រប់អាណត្តិតាំងពីឆ្នាំ ១៩៧៩មក។

(៥) បន្តនៅប្រឈមការលំបាកបណ្តាលអំពីគ្រោះធម្មជាតិ ការបិទព្រំដែន ការប្រយុទ្ធតាម​ព្រំដែន

សូម​អរ​គុណ សមត្ថកិច្ច ​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងខេត្ត ចំពោះការចូលរួម មិនថាមានការវាយគ្នានៅព្រំដែន(យ៉ាងណាទេ)ខេត្តពោធិ៍សាត់ក៏ដូចខេត្តព្រំដែនផ្សេងទៀតទាំង៧ ដែលជាប់(ព្រំដែន)។ លើកលែងតែប៉ៃ​លិន​មួយ ហេងជាងគេ។ មិនប៉ះពាល់ដោយការវាយគ្នា។ សង្ឃឹមថានៅមិនប៉ះចុះ។ វាយលើកទី១ មានខេត្តច្រើន ដូចជាកោះកុងអីមិនប៉ះ។ ដល់លើកទី២ ទៅនឹងគេដែរ។ យើងសង្ឃឹមថា ការជួយស្តារឡើងវិញនេះនឹងបន្ត ហើយស្ថានភាពអាក្រក់ៗ នឹងមិនមកប្រឈមជាមួយប្រជាពលរដ្ឋអ្នកព្រំដែន។ នៅមានការលំ​បាកមិនទាន់ចប់ទេ។ ការលំបាករឿងគ្រោះធម្មជាតិមួយ ការលំបាកដោយសារការបិទព្រំដែន ការប្រយុទ្ធតាម​ព្រំដែន(គឺសុទ្ធតែជា)ការលំបាក(ដែលនៅបន្តប្រឈម)។ អ្នកពោធិ៍សាត់នៅថ្មដា នៅតំបន់នោះ ក៏មានការប៉ះពាល់មួយចំនួន ទោះតិចជាងនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ប៉ុន្តែក៏ជាការប៉ះពាល់។ នេះគឺជាបញ្ហាដែលអ្នកពោធិ៍សាត់បានជួបប្រទះ។

(៦) បន្តតស៊ូផ្នែកការទូត ស្រាយរឿងទឹកដី/អធិបតេយ្យភាព បញ្ជៀសការស្លាប់លំបាកវេទនារបស់ប្រជាជន

តនិងច្បាប់ ដើម្បីកុំឱ្យប្រជាជនលំបាកវេទនាស្លាប់បន្តទៀតដោយមិនចាំបាច់។ ខណៈនៅមានជម្រើស យើងនៅបន្តជ្រើសរើស។ កុំបោះ​បង់វា។ រាជរដ្ឋាភិបាលព្យាយាមការពារទឹកដីនិងប្រើគ្រប់មធ្យោបាយដោះស្រាយ។ ពេលជាមួយគ្នា យើងក៏នៅតែបន្តការងារ ដើរទៅមុខ។ នេះហើយគឺជាភាពរឹងមាំ ភាពធន់របស់ប្រជាជនកម្ពុជា។ អ្នកខ្លះ គ្រាន់តែយើងញញឹម ក៏ថា គិតតែពីញញឹម ឯរឿងបាត់​ដីមិនគិត។ រឿងបាត់ការគ្រប់គ្រងទឹកដី រឿងអធិបតេយ្យភាព យើងនៅបន្តដោះស្រាយបន្តធ្វើការចរចា បន្ត​តស៊ូផ្នែកការទូតនិងច្បាប់ ដើម្បីកុំឱ្យប្រជាជនលំបាកវេទនាស្លាប់បន្តទៀតដោយមិនចាំបាច់។ ខណៈនៅមានជម្រើស យើងនៅបន្តជ្រើសរើស។ កុំបោះ​បង់វា។ រាជរដ្ឋាភិបាលព្យាយាមការពារទឹកដីនិងប្រើគ្រប់មធ្យោបាយដោះស្រាយ។ វាអាចប្រើពេលយូរ។ វាមិនស្រួល (ដូចដែល)មួយថ្ងៃៗ គិតថាស្អែក(ដោះស្រាយ)ហើយនោះទេ។ សូម្បីតែព្រះករុណា ក៏តស៊ូដែរ។ ឆ្នាំ១៩៦០ជាង ទៅតុលាការ ក៏រាប់សិបឆ្នាំដែរ។ យើងខិតខំរកវិធីដែលលឿនបំផុត ដោះស្រាយឱ្យបានឆាប់ចប់។ មិនមែនគ្រាន់តែថា ត្រូវតែធ្វើអញ្ចេះៗ។ យើងមានរូបមន្ត និងមធ្យោ​បាយ និងធ្វើកិច្ចការច្រើន។ អ្វីដែលសំខាន់ រដ្ឋាភិបាលមិនមែនមានតែរឿងហ្នឹងមួយទេ គឺមានរឿងជីវភាពរស់នៅរបស់ប្រជាជនមួយប្រទេស។ មិនមែននៅក្នុងបន្ទប់ ១ម៉ែត្រ ៤ជ្រុងនៅអឺរ៉ុប មួយថ្ងៃៗ អង្គុយតែ(សរសេរនិងនិយាយដាក់ហ្វេសប៊ុកថា)ហេតុអី្វក៏មិនប្តឹង ហេតុអីក៏មិនធ្វើនេះ/នោះៗ ទេ។

(៧) ខិតខំសម្រាលបន្ទុក មិនបង្កើតបន្ទុកបន្ថែម ទុកលុយអភិវឌ្ឍ និងស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

ឃើញនាយវៀចមួយនោះ គេហៅនាយ ៧ខាំឥឡូវ។ វាថាខ្ញុំជេរ។ បើអ្នកឯងជេរខ្ញុំ មិនឱ្យខ្ញុំជេរ។ ខ្ញុំហៅប៉ុណ្ណឹង សមហើយ។ វៀចទាំងចិត្ត។ យើងធ្វើស្អីក៏ខុសដែរ។ ប្រជាជនអបអរសាទរចូលឆ្នាំថាប្រជាជនហ្នឹងដូចសត្វរៃ … យើងនៅបន្តខិតខំជួយសម្រាលបន្ទុក និងមិនបង្កើតបន្ទុកបន្ថែម។ សង្គ្រាមគឺជាការបង្កើតបន្ទុកបន្ថែម។ ប្រជាជន ផ្ទះសម្បែង ថវិកាជាតិត្រូវចំណាយ។ ទុកលុយហ្នឹងយកមកអភិវឌ្ឍបន្ថែម និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ដូចជាសេចក្តីត្រូវការខាងសុខភាព។ ជួយទៅដល់ក្មេងៗ។ ម្សិលមិញ ជួបជាមួយអ្នកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងប្រឆាំងអំពើហិង្សាលើកុមារ។ ខ្ញុំប្រាប់គាត់ថា កម្ពុជាមិនមែនត្រឹមតែប្រឆាំង ទប់ស្កាត់ការធ្វើបាប(លើកុមារ)ទេ ប៉ុន្តែគិតគូរទាំងកុមារតាំងពីមុនកើត។ ឥឡូវ ២លាន ៣សែននាក់ ដែលទទួលបានផលពីការឧបត្ថម្ភសាច់ប្រាក់ រួមទាំងអ្នកជាប់គុកផង។ ស្រ្តីមានផ្ទៃពោះជាប់គុក ហើយកូនកើតមកក៏យើងត្រូវបន្តជួយ។ ទុក​លុយទិញស្បៀងទម្លាក់មកដោះស្រាយជូនប្រ​ជាពលរដ្ឋមានការលំបាក។ ទុកលុយអន្តរាគមន៍ពេលមានគ្រោះរាំងស្ងួត។ ក្រសួងធនធានទឹកដាក់ម៉ាស៊ីនបូមទឹកជួយ។

(៨) “សន្តិភាពមានតម្លៃពិតពេលដែល​បាត់” … បាត់សេដ្ឋកិច្ចជារឿងមួយ បើបាត់សន្តិភាពគឺបាត់លំនឹងជីវិត

នៅពេលទឹកដី(មានបញ្ហាបំពាន) យើងមិនភ្លេចទេ។ យើងនៅបន្តដោះស្រាយ តែប្រើប្រាស់វិធីសាស្ត្រតាមផ្លូវច្បាប់ការទូតដើម្បីបញ្ចប់។ នេះហើយគឺជាគោលការណ៍របស់យើង។ ខ្ញុំនៅតែនិយាយក្នុងកម្មវិធីថ្ងៃនេះ និងខ្ញុំត្រូវតែនិយាយគ្រប់វិធីទាំងអស់អំពីតម្លៃនៃសន្តិភាព។ យើងស្គាល់តម្លៃពាក្យសន្តិភាពពិតប្រាកដនៅពេលដែលវា​បាត់។ សួរអ្នកថ្មដា ពេលដែលវាបាត់(សន្តិភាព)។ បាត់សេដ្ឋកិច្ចជារឿងមួយ ប៉ុន្តែរឿងបាត់(សន្តិភាពគឺបាត់)​លំនឹង(ជីវិត) បានន័យថាគ្រាប់កំពុងប្លោងមិនដឹងចូលផ្ទះខ្ញុំពេលណា វាកាន់តែលំបាក វាបង្កើតនូវភាពមិនច្បាស់លាស់ ថាតើត្រឡប់ទៅវិញបានអត់ តើខ្ទេចខ្ទីឬយ៉ាងម៉េច? យើងមិនចង់ឱ្យមានហេតុការណ៍ហ្នឹងទេ។ ពាក្យថា «អរគុណសន្តិភាព» នៅក្នងដំណាក់កាលនេះកាន់តែមានតម្លៃ ជាពិសេសក្រោយពីយើងវាយគ្នាក្នុងដំណាក់កាល ១ឆ្នាំមុននេះ។ ការខិតខំដោះស្រាយដោយសន្តិវិធីជាគោលការណ៍ដែលកម្ពុជាប្រកាន់យក ដោះស្រាយតាមផ្លូវច្បាប់។ វាយូរបន្តិច ប៉ុន្តែយើងនៅតែបន្តធ្វើ មិនអាចដោះស្រាយស្អែកចប់នោះទេ។

(៩) “យូរបន្តិច តែដោះបានចប់ ជាការល្អ … លឿន តែមិនចប់ … វាយគ្នាទៅវាយគ្នាមក មិនចប់ទេ”

ពាក្យច្បាប់ និងការទូត មិនមែនបានន័យថាទាល់តែប្តឹងទៅតុលាការនោះទេ … តួអង្គច្រើនណាស់នៅក្នុងអន្តរជាតិ មានរដ្ឋាភិបាលអន្តរជាតិ យន្តការអាស៊ាន អង្គការសហប្រជាជាតិ និងមានតុលាការ … មានតួអង្គច្រើន មានជម្រើសច្រើន​នៅក្នុងការជ្រើសរើស។ រាជរដ្ឋាភិបាលមានការគិតគូរ។ យើងដើរពេលណា ដើរកន្លែងណា តែគោលដៅធំគឺចង់បានដោះស្រាយបញ្ហាឱ្យ​ឆាប់ កុំនៅរ៉ាំរ៉ៃរាប់សិបឆ្នាំ។ បើដោះជម្រើសនេះបានចប់ វាល្អ។ បានចប់យូរបន្តិចក៏ល្អ។ បើលឿនហើយវាមិនចប់ វាយូរណាស់។ ជម្រើសវាយគ្នា វាយទៅវាយមក មិនចប់ទេ។ ទុកឱកាសដកដង្ហើមដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសជីវភាពសេដ្ឋកិច្ចដែលកំពុងប៉ះពាល់ដល់(ពួកគាត់) ដោយស្ថានភាពពិភពលោក។ ម្សិលមិញ មានការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ប្រធានបទធំមិនមែនរឿងការវាយគ្នានៅអ៊ីរ៉ង់ទេ តែជារឿងដែលវាជះឥទ្ធិពលដល់(សន្និធិ/តម្លៃ)ប្រេងនៅអាមេរិក។

(១០) “មកដល់ម៉ោងនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេង”

យើងខិតខំ(ដោះស្រាយបញ្ហា)។ មកដល់ម៉ោងនេះយើងចំណាយជាង ៦០០លានដុល្លារហើយដើម្បីទប់តម្លៃប្រេង។ វាហក់ឡើងមែន ប៉ុន្តែបើគ្មានយើងចេញលុយកាត់បន្ថយមិនយកពន្ធ យកអាករទៅលើក្រុមហ៊ុនដែលនាំប្រេងចូលទេនោះ តម្លៃកាន់តែលើសហ្នឹងទៀត។ ថ្ងៃមុនបានឱ្យគិតគូរមើលថា បើយើងមិនជួយ(សំរួលដោយ)ការមិនយកពន្ធមិនយកអាករមួយចំនួនដល់ក្រុមហ៊ុនប្រេងនោះ ប្រេងម៉ាស៊ូត ១លីត្រ ត្រូវឡើងលើសបច្ចុប្បន្ន ៩០០រៀល, សាំងឡើង ៦០០ រៀលទៀត។ ឡើងប៉ុណ្ណឹងលំបាកហើយ ទម្រាំតែយើងទុកឱ្យឡើងលើសហ្នឹងទៀត(គឺលំបាកខ្លាំង)។ ការជួយបែបនេះគឺយើងខិត​ខំដោះស្រាយ បូកជាមួយការដោះស្រាយបញ្ហាសម្ពាធនានា។ ប្រជាពលរដ្ឋដែលរងសម្ពាធ ទទួលបានថវិកាសាច់​ប្រាក់ដែលយើងផ្តល់ជូនហ្នឹង ចូលរាប់លាននាក់ទៅហើយ។

(១១) ជាងពីររយលានដុល្លារ នឹងចូលហោប៉ៅប្រជាជនតាមកម្មវិធី Cash-for-Work ជាមួយធនា​​គារពិភពលោក

ម្សិលមិញ ខ្ញុំទើបឯកភាពលើគម្រោងជាង ២៧០លានដុល្លារ ដែលត្រូវអនុវត្ត ១៨ខែ។ យើងធ្វើការ​ជាមួយធនា​​គារពិភពលោកដើម្បីបង្វិលថវិកាក្នុងគម្រោងធ្វើផ្លូវ អនុវត្តដោយក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ។ កន្លងទៅយើងដាក់គ្រឿងចក្រធ្វើ។ គម្រោងហ្នឹងរយៈពេល ៥ឆ្នាំ។ ឥឡូវ យើងចរចាមក ១៨ ខែ។ យើងបង្វិលអី? យើងយកលុយ ២០០លាន(ដុល្លារ)ជាងនេះទៅធ្វើផ្លូវ ធ្វើហេដ្ឋារចនាសម្ព័ន្ធដដែល ប៉ុន្តែជាជាងប្រើគ្រឿងចក្រ យើងយកទៅកុងត្រាជាមួយសហគមន៍ផ្តល់ការងារជូនប្រជាជនក្នុងសហគមន៍។ លុយ ២០០លាន(ដុល្លារ)ជាងនេះមិនត្រឹមតែបានទៅក្រុមហ៊ុនកុងត្រាធ្វើផ្លូវទេ គឺចូលទៅប្រជាជននៅសហគមន៍ ជាពិសេសអ្នកត្រឡប់មកពីថៃ ឬមួយប្រជាពលរដ្ឋណាដែលត្រូវការប្រាក់ចំណូលបន្ថែម គឺអាចកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងផ្ទះរបស់យើងផង … លុយ ២០០លាន(ដុល្លារ)ជាងហ្នឹងចូលហោប៉ៅរបស់ប្រជាជនដែលចូលរួមក្នុងកម្មវិធីហៅថា Cash-for-Work ឬលុយប្តូរជាមួយការងារ។

(១២) ១៨ខែ ចាប់ពីដើមឆ្នាំ២០២៧ ប្រជាជនចូលរួមសង់ “បានផ្លូវផង បានលុយចូលហោប៉ៅខ្លួនឯងទៀត”

កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទដាក់គ្រឿងចក្រទៅធ្វើផ្លូវមួយខ្សែហ្នឹង។ ឥឡូវប្រជាជនក្នុងភូមិមួយចំនួននៅជិតហ្នឹងអាចចូលរួមធ្វើ ដោយបានជាប្រាក់ខែពីការជួយធ្វើផ្លូវ។ ក្នុងរយៈពេល ១ខែ ឬ២ខែហ្នឹង បានផ្លូវខ្លួនឯងផង បានទាំងលុយចូលហោប៉ៅខ្លួនឯងទៀត”។ យើងដាក់ចេញគោលការណ៍នេះ។ រាប់រយលាននេះ បើវាយគ្នាតែមួយថ្ងៃអស់ហើយ ប៉ុន្តែវាជាការល្អ បើយកមកជំរុញបង្កើតការងារក្នុងរយៈពេលខ្លី ដែលយើងកំពុងរងផលប៉ះពាល់ដោយអតិផរណានេះ។ គម្រោងនេះនឹងត្រូវអនុវត្តជាបន្ទាន់។ មិនចាំ ៥ឆ្នាំទេ។ ដាក់ចូលដើម្បីធ្វើក្នុងរយៈពេល ១៨ខែចាប់ផ្តើមពីដើមឆ្នាំ២០២៧ នេះទៅ។ សូមអរគុណ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គណៈកម្មាធិការគោលនយោបាយដែលគិតគូរគ្រប់ជ្រុងជ្រោយជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ។

(១៣) “ទាក់ទាញការវិនិយោគបង្កើតការងារ ជាអ្វីដែលបាននិងកំពុងធ្វើ មិនមែននឹងធ្វើ ឬមួយគិតថាធ្វើទេ”

ម៉ោងថ្មើរនេះ យើងមិនឈរនៅស្ងៀមទេ។ ជួយអ្វីខ្លះ? ធ្វើកម្មវិធី ត្រូវធ្វើគោលការណ៍ ត្រូវធ្វើគោលនយោបាយ … ចំណាយ ៥០០-៦០០លាន(ដុល្លារ)ក្នុងការឧបត្ថម្ភធន មិនយកពន្ធទៅដល់ក្រុមហ៊ុនប្រេងដើម្បីបន្ថយតម្លៃប្រេង។ EDC ដែលនៅក្រោមក្រសួងរ៉ែនិងថាមពល ក៏ចំណាយមកដល់ពេលនេះប្រហែលជាជិត ៧០លានដុល្លារដើម្បីទប់ថ្លៃភ្លើង។ សុទ្ធតែរបស់រដ្ឋទាំងអស់។ EDC ជាអង្គភាពស្វយ័ត ប៉ុន្តែលុយក៏នៅក្រោម(ការគ្រប់គ្រងរបស់ក្រសួងរ៉ែ/ថាមពល/រដ្ឋាភិបាល) … (គឺប្រៀបដូចជាយក​ពី)ហោប៉ៅមួយ ឧបត្ថម្ភហោប៉ៅមួយ។ បើសិនប្រជាជនលំបាក រដ្ឋត្រូវតែចេញលុយទៅជួយដដែលហ្នឹង។ យើងជួយទប់កុំឱ្យគាត់លំបាកពេក។ គាត់សល់លុយក្នុងហោប៉ៅ … មិនត្រឹមតែជួយដោះបន្ទុកប៉ុណ្ណឹងទេ ដាក់កម្មវិធីថ្មីៗ បង្កើនការបណ្តុះបណ្តាលដើម្បីជួយអោយមានសមត្ថភាពបំពេញការងារ។ យើងខំប្រឹងរកការងារជូនប្រជាពលរដ្ឋត្រឡប់មកពីថៃ។ ទាក់ទាញការវិនិយោគបន្ថែម បូកជាមួយនឹងដាក់ថវិការាប់រយលានទៀតជួយបង្កើតការងារផ្ទាល់ក្នុងរយៈពេលខ្លី។ នេះគឺជាអ្វីដែលយើងបានកំពុងធ្វើ មិនមែននឹងធ្វើ ឬមួយគិតធ្វើទេ។ បានស៊ីញ៉េហើយ បានគិតគូររាប់ខែមកហើយ។

(១៤) រដ្ឋាភិបាលនឹងនៅជាមួយប្រជាជនមិនថាមានគ្រោះអ្វីដែលកើតឡើងដោយមិនបានរំពឹងទុក

យើងនឹងបន្តរកដំណោះស្រាយបន្ថែមទៀត ជាពិសេសបើមានបញ្ហាអ្វីកើតឡើងដែលមិនរំពឹងទុក។ រដ្ឋាភិបាលនៅជាមួយប្រជាជន ដូចជា(ក្នុងគ្រាមានគ្រោះ)ទឹកជំនន់ គ្រោះរាំងស្ងួតអញ្ចឹង។ យើងអត់ព្យាករទឹកធំឆ្នាំនេះទេ តែឥឡូវទឹកធំហើយ។ យើងមិនអាចមានចរចាជាមួយព្រះឥន្ទ ឬចរចាជាមួយព្រះ កុំឱ្យបើកទឹកមកធំពេកបានទេ។ សូម្បីឯកឧត្តម សុខ លូ ដែលគេថាលូធំជាងគេនៅប្រទេសកម្ពុជាហ្នឹង ក៏មិនអាចទប់ទឹកបានដែរ ព្រោះខេត្តគាត់លិចដូចគ្នា។ យល់ទេពាក្យថា លូនៅខេត្តណាធំជាងគេ? គេថាខេត្តដែលមានលូធំជាងគេគឺខេត្តបាត់ដំបង។ អ្នកខ្លះឆ្ងល់។ លូស្តង់ដាតើ ១ម៉ែត្រមុខកាត់ ២ម៉ែត្រមុខកាត់តើ។ ថាទេ ខេត្តបាត់ដំបងមានអភិបាលខេត្តឈ្មោះ សុខ លូ។ គេថា លូមួយខេត្តធំជាងគេ គឺអភិបាលខេត្តហ្នឹងឯង ក្រៅពីហ្នឹងឡើងថ្នាក់ជាតិ … ខ្ញុំសូមអរគុណជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធដែលខិតខំយកចិត្តទុកដាក់មិនត្រឹមតែដោះស្រាយចំពោះមុខពេលដែលទឹកលិចទេ តែខិតខំរកវិធានការដើម្បីបង្ការវា។

(១៥) ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ រក្សាទឹកបាន ១០០០លានម៉ែត្រគូប ជួយបង្ការកុំឱ្យទឹកលិចក្រុង

យើងបានកសាងប្រឡាយរាប់ពាន់គីឡូទូទាំងប្រទេស។ ឥឡូវ រាប់រយគីឡូបានកសាងហើយនៅទិសខាងលិច ទិសពាយព្យរបស់យើង។ នៅទិសផ្សេងៗទៀត ក៏យើងបន្តធ្វើ ហើយនឹងខិតខំបង្ការ។ ប្រព័ន្ធស្តុកទឹក ប្រព័ន្ធធារាសាស្ត្រ កន្លែងខ្លះផ្គុំជាមួយវារីអគ្គិសនី។ ដូចនៅពោធិ៍សាត់ ឆ្នាំនេះក្រលិចទឹកជាងគេ … ទឹកលិចដូចគ្នា ច្រើននិងធំជាងរាល់ដងទៀត ប៉ុន្តែពោធិ៍​សាត់លិចតិចនិងទឹកមកយឺត។ ខ្ញុំមកសម្ពោធផ្លូវលេខ១០ នៅវាលវែង ថ្ងៃទី១ ខែតុលា។ ឯកឧត្តម ខូយ រីដា ថាមកដល់ខែនេះឆ្នាំនេះ ពោធិ៍​សាត់មិនទាន់លិចទេ ជាពិសេសទីរួមខេត្ត។ កន្លងទៅឱ្យតែលិចនៅបន្ទាយមានជ័យ បាត់ដំបង គឺលិចដែរហើយ។ ទំនប់វារីអគ្គិសនីដែលយើងធ្វើនៅស្ទឹងពោធិ៍សាត់ (អាចរក្សាទឹក)ទុកបាន ១០០០លានម៉ែត្រគូបនេះបានជួយធំក្នុងការបង្ការកុំឱ្យទឹកមកលិច។ ពិតណាស់ ក្រោយមក បាត់ដំបងក៏បើកបង្ហូរមក។ យើងក៏លិចខ្លះ។

(១៦) ទំនប់លេខ២ នៅពោធិសាត់ កាត់បន្ថយហានិភ័យទឹកជំនន់ និងកាត់បន្ថយហានិភ័យខ្វះទឹកខែប្រាំង

ឥឡូវកំពុងតែធ្វើទំនប់លេខ២។ ឯកឧត្តម ថោ ជេដ្ឋា ក៏បានរាយការណ៍អំពីដំណើរការនៃការកសាង។ ការធ្វើទំនប់នេះគឺដើម្បី ទី១ បង្ការទប់ស្កាត់ និងកាត់បន្ថយហានិភ័យទឹកជំនន់ និងទី២ ជួយបង្ការកាត់បន្ថយហានិភ័យការខ្វះទឹកពេលខែប្រាំង។ ទឹក ១ ២០០លានគូប បូកជាមួយស្ទឹងទំនប់ទី២នេះ ថ្ងៃក្រោយនឹងជួយស្រោចស្រពផ្ទៃដីប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែនហិកតានៅរដូវប្រាំង។ ឥឡូវ ជាកន្លែងទប់ទឹក តែថ្ងៃក្រោយធ្វើជាប្រព័ន្ធប្រ​ឡាយតពីទំនប់ទៅ។ ក្នុងអនាគត ប្រទេសយើងនឹងកាន់តែមានប្រព័ន្ធធារាសាស្ត្រ ទំនប់ អាងស្តុកទឹក ប្រព័ន្ធប្រឡាយកាន់តែច្រើន។ កន្លែងណាត្រូវស្តារ ក៏ស្តារបន្ថែម កន្លែងណាត្រូវធ្វើថ្មី ក៏ធ្វើបន្ថែម ដើម្បីយើងធានាកុំឱ្យ​ថាខែប្រាំងអត់ទឹក ឯខែវស្សាទឹកលិច។ សូមអរគុណដល់ក្រុមការងារស្ម័គ្រចិត្ត គណៈពង្រឹង សប្បុរសជនដែលបានចុះជួយបន្ត រួមជាមួយគណៈពង្រឹង រួមជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន។

(១៧) “ដរាបណាប្រជាពលរដ្ឋនៅតែផ្តល់ឱកាសឱ្យបម្រើ គណបក្សប្រជាជនអនុវត្តគោលនយោបាយកាន់តែច្រើន និងមិនចោលប្រជាជនគ្រប់កាលៈទេសៈ”

មិនថាគ្រោះរាំងស្ងួត មិនថាទឹកជំនន់ មិនថាសង្គ្រាម យើងនៅជាមួយគ្នា។ មិនថា កូវីដ យើងនៅជាមួយគ្នា។ មិនថាប្រជាជនត្រឡប់មកពីប្រទេសថៃដែលត្រូវការការងារ ត្រូវការសមាហរណកម្មចូលក្នុងសង្គម យើងធ្វើការ(រួមគ្នាជួយដោះស្រាយ)។ មិនថាបញ្ហាខ្វះដីក៏ដោយ បើគ្មានដីពិតប្រាកដ យើងដោះស្រាយគម្រោងដីសម្បទានជូន។ ខ្ញុំអាចធានាជូនប្រជាពលរដ្ឋទាំងអ្នកពោធិ៍សាត់(និងប្រជាពលរដ្ឋ)ទាំងអស់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបានប្រជាជនផ្តល់ឱកាសឱ្យបន្តបម្រើប្រជាពលរដ្ឋតទៅទៀត យើងនឹងអនុវត្តគោលនយោបាយឱ្យកាន់តែច្រើន និងមិនចោលប្រជាជនគ្រប់កាលៈទេសៈ។ ពេលល្អ យើងអត់ស្កប់ទេ។ យើងធ្វើបន្ថែម។ គ្មានសា​លា(យើងធ្វើឲ្យមាន)។ (បើ)មានហើយ យើងត្រូវធ្វើឱ្យកាន់តែទំនើប បង្កើតថ្នាក់រៀនឱ្យកាន់តែច្រើន។ កន្លែង​ឈប់ណាវាយគ្នា យើងរុញផ្លូវ រុញការអភិវឌ្ឍទៅកន្លែងនោះ និងបង្កើតការងារបន្ថែម។ ពេលមានទុក្ខ មានអាសន្នអន្ធក្រ មានមុខមុនគេ។

(១៨) “មិនថាពេលគ្រាប់ធ្លាក់ ឬពេលទឹកបុកមក  មេឃុំ អភិបាលស្រុក ចៅសង្កាត់ មេភូមិ និងកងកម្លាំងប្រដាប់អាវុធ មានមុខ​មុនគេ …”

នៅមូលដ្ឋាន មិនថាពេលគ្រាប់ធ្លាក់ ឬមួយពេលទឹកបុកមក  មេឃុំ អភិបាលស្រុក ចៅសង្កាត់ មេភូមិមានមុខ​មុនគេហើយ ជាមួយកងកម្លាំងប្រដាប់អាវុធ … លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនរើសគូជីវិតត្រូវហើយគឺរើសគណបក្សប្រជាជនកម្ពុជា។ ពោធិ៍សាត់ជាខេត្តដែលរាល់ការបោះឆ្នោតមានការគាំទ្ររបស់ប្រជាជន អាចថា ឆ្នាំខ្លះបានលេខ ១ផងទូទាំងប្រទេស។ ឆ្នាំ ២០១៣ ខ្ញុំចាំ។ ឆ្នាំ ២០២៣នេះលេខប៉ុន្មាន? លេខ ១ទៀត។ បាន​ន័យថា ប្រជាជនមានទឹកចិត្តជឿជាក់និងផ្តល់ការជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ជាប្រធាន … ទោះបីជាប្តូរនាយករដ្ឋមន្ត្រីពីសម្ដេចតេជោមកខ្ញុំក៏ដោយ គឺនៅតែគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅតែក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញាសាមគ្គីគ្នា បម្រើប្រជាពលរដ្ឋ និងបន្តតទៅទៀត។

(១៩) “ចុះទៅមូលដ្ឋានដែលខ្វះស្បៀង ត្រូវការពូជស្រូវ ពូជដំណាំ កុំឱ្យប្រជាជនរង់ចាំ ដោះស្រាយឱ្យលឿន”

ក្នុងពេលនេះ យើងកំពុងប្រឈមជាមួយការស្តារឡើងវិញ។ ខ្ញុំសូមឱ្យ ទី១ ជួយជំរុញការដាំដុះឡើងវិញ។ ក្រ​​សួងកសិកម្ម និងក្រសួងធនធានទឹក ត្រូវពិនិត្យមើលនិងជំរុញតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ក្រុមការងារគណៈពង្រឹងទូទាំងប្រទេសត្រូវចុះទៅដល់កន្លែងមូលដ្ឋានដែលខ្វះស្បៀង ត្រូវការស្បៀង ត្រូវការពូជស្រូវ ត្រូវការពូជដំណាំផ្សេងៗ ដើម្បីស្តារឡើងវិញ។ សូមកុំចាំ ឯកឧត្តម គន់ គីម ជំរុញ។ ចុះទៅ។ ឃើញថាធ្វើបណ្តើរៗ ហើយ។ ខ្ញុំ(មកចែក)តែ ២កន្លែងនេះ(ទេ)។ ចាប់ពីពេលនេះទៅ គឺត្រៀមសម្រាប់ធ្វើម្ចាស់ផ្ទះហ្វ្រង់កូហ្វូនី (Francophonie)។ សូមកុំឱ្យប្រជាជន(រង់ចាំ)។ ការ(ដែលបាន)ជួបជាការល្អ តែចាំជួបឱកាសផ្សេងៗ ទៀតចុះ។ ពេលកំពុងតែលំបាកនេះ សូមជំរុញចុះ(ដោះស្រាយ)ឱ្យលឿន។ សូមឱ្យគណៈពង្រឹង និងក្រុមការងារចុះតាមបណ្តាខេត្ត ចុះតាមស្រុកទូទាំងប្រទេស ជាពិសេស ៧ខេត្តដែលពាក់ព័ន្ធហ្នឹង គឺចាត់ការចុះឱ្យលឿន ដើម្បីប្រជាពលរដ្ឋបានស្តារឡើងវិញ ដាំដុះឡើងវិញ យ៉ាងយូរត្រឹមពាក់កណ្តាលខែនេះ ដែលពេលវេលានៅសល់តែ ២អាទិត្យទៀតទេ។ តែ(បានដាំ)យឺតពេក ទម្រាំតែបានផល វាចុងដៃ អាចប៉ះពាល់(ពីកត្តាទឹក) បើសិនជាជួបគ្រោះរាំងស្ងួត។

(២០) “ស្តារឡើងវិញផ្លូវថ្នល់ ផ្លូវអភិវឌ្ឍន៍ជនបទ … កន្លែងដែលត្រូវជួសជុល ធ្វើឱ្យដំណើរការបាន និងយកជាមេរៀនគិតគូរអំពីការរៀបចំបង្ការទៅខាងមុខ”

អញ្ចឹង (ត្រូវស្រូត)ធ្វើ ទាន់ទឹកនៅពេញ។ ខ្ញុំតាមដានទឹកក្នុងអាងស្តុករាល់ថ្ងៃ ជាមួយឯកឧត្តម ថោ ជេដ្ឋា។ កន្លែងខ្លះពី(មានចំណុះ)ទឹក ៥០លានម៉ែត្រគូប​ ក៏ស្រកសឹងតែអស់រលីង។ តែឥឡូវបានទឹកមកធំ ក៏បំពេញបានលឿន។ នេះថាក្នុងគ្រោះមានលាភ។ តែទឹកហ្នឹងវានៅយូរ កន្លែងខ្លះធ្វើឱ្យរលួយអស់។ ឥឡូវយើងត្រូវគិតគូរអំពីការត្រៀមលក្ខណៈសម្រាប់ចុងរដូវ រដូវប្រាំងដែលអាចរយៈពេលវែង ដោយសារ(ស្ថានភាព)អែលនីញ៉ូ (El Niño) … ត្រូវប្រើប្រាស់ដោយសន្សំសំចៃបែបណា និងធានាឱ្យចំគោលដៅបែបណា។ ទី២ ការស្តារឡើងវិញផ្លូវថ្នល់ ផ្លូវអភិវឌ្ឍន៍ជនបទនៅតាមបណ្តា(ខេត្តដែលប៉ះពាល់)។ ធ្លាប់បាន(និយាយ)ហើយ។ សូមគិតមើលទៅ។ នៅពោធិ៍សាត់ដូចមិនសូវមានការដាច់ដោចច្រើនកន្លែងទេ។ លិចដែរតែមិនសូវដាច់ផ្លូវដូចនៅបាត់ដំបងនៅអី។ ទោះជាយ៉ាងណាក៏ដោយ កន្លែងណាដែលត្រូវជួសជុល យើងខិតខំដើម្បី​​​​​​​​ឱ្យធ្វើដំណើរបាន ហើយក៏យកមេរៀនពីពេលនេះ ដើម្បីគិតគូរអំពីការរៀបចំបង្ការទៅខាងមុខ។ កន្លែងខ្លះយើងធ្វើផ្លូវហើយ តែវាយតម្លៃបច្ចេកទេសអត់ត្រូវ។ អញ្ចឹង ពេលទឹកបុកមកខ្លាំង ត្រូវដូរមុខលូមុខទឹកអីអញ្ចឹងទៅ។ ដូចកន្លែងទំនប់យើងអម្បាញ់មិញ ឯឧ ថោ ជេដ្ឋា សូមសិក្សាទៅ។ បើឃើញបញ្ហាដែលយើងមិនអាចព្យាករ ត្រូវដូរយុទ្ធសាស្ត្រ ហើយរកជំនាញដើម្បី(ដោះស្រាយ)។ ត្រូវគិតគូរបង្ការវា កុំឱ្យធ្វើហើយមានបញ្ហាទៀត។

(២១) គ្រប់អាយុ ១៨ឆ្នាំ តែមិនទាន់បានចុះឈ្មោះ សូមទៅចុះឈ្មោះបោះឆ្នោតដែលចប់ត្រឹមថ្ងៃទី ៣០វិច្ឆិកា

ចំណុចទី៣ មិនពាក់ព័ន្ធជាមួយការសង្គ្រោះឡើងវិញទេគឺពាក់ព័ន្ធជាមួយសិទ្ធិរបស់ប្រជាពលរដ្ឋ។ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត។ យើងបើកពីថ្ងៃទី៧ ខែតុលា ចប់ថ្ងៃទី៣០(វិច្ឆិកា)។ អ្នកដែលគ្រប់អាយុ ១៨ឆ្នាំឡើងដែលមិនទាន់បានចុះឈ្មោះ សូមទៅចុះឈ្មោះ ព្រោះហ្នឹងជាសិទ្ធិរបស់យើងគ្រប់គ្នា។ ឆ្នាំនេះហេងហើយ រាល់ដងមានតែ២នាក់យាយតាទៅបោះឆ្នោត។ ឆ្នាំនេះបានកូនស្រីមួយគ្រប់អាយុទៅថែមមួយសន្លឹកទៀត។ ចុះឈ្មោះ (ទោះបីកំពុង)នៅរៀននៅក្រៅ(ក៏)ឱ្យមកដើម្បីចុះ(ឈ្មោះបោះឆ្នោត) បំពេញកាតព្វកិច្ចជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ បោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ គឺសំខាន់ គឺរើសអ្នកនៅក្បែរ។ ឥឡូវមានទុក្ខ មានអី នរណាមុនគេ? គឺមេឃុំហ្នឹងហើយ ចៅសង្កាត់ហ្នឹងហើយ។ ត្រូវទេ? យប់ព្រលប់គឺគាត់នៅក្នុងភូមិ។ រើសឱ្យត្រូវ។

(២២) “ពេលលំបាក មានមេឃុំ/ចៅសង្កាត់ នៅខំបម្រើប្រជាពលរដ្ឋ គឺជាលទ្ធផលនៃការជ្រើសរើសត្រូវ …”

ខ្ញុំគិតថារយៈពេលប៉ុន្មានឆ្នាំនេះ អ៊ំ ពូ មីង បងប្អូន អាចឃើញហើយថា ពេលដែលលំបាក ពេលដែលវាយគ្នា ពេលដែលទឹកជំនន់ ពេលអី ឃើញមេឃុំ ឃើញចៅសង្កាត់ដែលខំបម្រើប្រជាពលរដ្ឋ។ ហ្នឹងជាលទ្ធផលនៃការជ្រើសរើសគ្រួសារត្រូវ ជ្រើសរើសប្តីប្រពន្ធត្រូវ របស់អ៊ំពូមីង។ បានន័យថា ជ្រើសរើសមន្ត្រី មេឃុំ ក្រុមប្រឹក្សាឃុំ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។ បើយើងអត់មានសិទ្ធិបោះឆ្នោត យើងរើសមិនកើតទេ។ ស្រឡាញ់យ៉ាងម៉េចក៏ដោយ ក៏មិនអាច(ជ្រើសរើសបាន)ដែរ … សូមទៅចុះឈ្មោះ(បោះឆ្នោត)។ ប្រជាពលរដ្ឋខ្លះអាចទៅពិនិត្យមើលឈ្មោះឡើងវិញ។ អ្នកប្តូរអាសយដ្ឋានអី អាចសុំឱ្យប្តូរ។ ហ្នឹងគឺសុំ។ មិនមែនតែអ្នកពោធិ៍សាត់ទេគឺគ្រប់កន្លែងទាំងអស់។ យើងនៅសល់តែ ២៥ថ្ងៃទៀតទេ។ ចុះឈ្មោះឆ្នាំនេះសំខាន់ជាងឆ្នាំទៅ ដោយសារជាឆ្នាំចុងក្រោយដែលត្រូវចុះឈ្មោះមុនបោះឆ្នោតឃុំសង្កាត់។ ដើម្បីបានសិទ្ធិ ខែ៦ ឆ្នាំក្រោយ បោះឆ្នោត ត្រូវតែចុះបំពេញកាតព្វកិច្ច យកអត្តសញ្ញាណបណ្ណ យកអីដើម្បីធ្វើទៅ។

(២៣) “មិនមែនជិតបោះឆ្នោត ក៏សុំប្រជាពលរដ្ឋឱ្យបោះ ក្រោយបោះឆ្នោត បាត់ស្រមោលនោះទេ …”

ជាសិទ្ធិរបស់យើងក្នុងរបបប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជាមិនបានភ្ជង់ប្រជាពលរដ្ឋទេ។ (មិនមែន)ជិតបោះឆ្នោត ក៏សុំប្រជាពលរដ្ឋឱ្យបោះ ហើយក្រោយបោះឆ្នោត បាត់(ស្រមោល)នោះទេ។ នៅធ្វើបន្ត … ឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ដែលបងប្អូនបានផ្តល់ឱកាសពីឆ្នាំ ២០២២/២០២៣នោះ បានបម្រើប្រជាពលរដ្ឋ ជាពិសេសក្នុងដំ​ណាក់កាលដែលលំបាកៗ ទាំងអស់ដែលខ្ញុំនិយាយអម្បាញ់មិញនេះ។ នេះគ្រាន់តែជាឧទាហរណ៍តិចតួចនៃការបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជាទេ។ សូមឱ្យអ៊ំពូមីង បងប្អូន ចុះឈ្មោះ ជាពិសេសក្មួយៗ ដែលដល់អាយុ ១៨ឆ្នាំថ្មីៗ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះឱ្យបានមុនថ្ងៃទី៣០ ខែ១១ ដើម្បីមានសិទ្ធិធ្វើជាម្ចាស់ប្រទេស រើសអ្នកបម្រើយើងតទៅទៀត។ និយាយពីរឿងបោះឆ្នោតហ្នឹង ខ្ញុំសុំបន្តិចចុះ។ យើងមានរដ្ឋធម្មនុញ្ញ។ រដ្ឋាភិបាលត្រូវបង្កើតឡើងដោយការបោះឆ្នោត ៥ ឆ្នាំម្តង បោះឆ្នោតឃុំសង្កាត់ បោះឆ្នោតថ្នាក់ជាតិ បោះឆ្នោតសភា សមាជិកសភា គណបក្សដែលឈ្នះ ព្រះមហាក្សត្រចាត់តាំងឱ្យទៅរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ហើយមកឆ្លងសភា បោះឆ្នោតគាំទ្របង្កើតរដ្ឋាភិបាល។

(២៤) “ថាតតាំងជាមួយឪទៅមិនឈ្នះ ឥឡូវចង់មកតតាំងនឹងជំនាន់ទី២ នៃគណបក្សប្រជាជនកម្ពុជា …”

វាចៃដន្យអី ឃើញតែមួយក្រុមនៅក្រៅប្រទេសនោះ … រដ្ឋាភិបាលក្រៅច្បាប់ ២៣តុលានោះ។ ឃើញគេបោះឆ្នោតរើសនាយករដ្ឋមន្ត្រី។ ខ្ញុំហៅអ្នកនយោបាយចាស់វស្សា សម រង្ស៊ី … គាត់តស៊ូនយោបាយប្រឆាំងសម្តេចតេជោ រាប់សិបអាណត្តិ អត់បានធ្វើនាយករដ្ឋមន្ត្រីព្រោះប្រជាជនអត់គាំទ្រ។ ខ្ញុំថាតតាំងជាមួយឪខ្ញុំមួយទៅមិនឈ្នះ ដល់ឥឡូវគណបក្សប្រជាជនកម្ពុជា គេប្តូរមកជំនាន់២ ហើយគាត់នៅហ្នឹង។ តតាំងជាមួយសម្តេចតេជោមិនឈ្នះ រហូតអាយុ ៧០ជាងហើយ មកតតាំងជាមួយអ្នកអាយុ ៤០ជាង ៥០ជាងទៀត។ (បែប)មើលទៅអត់ឱកាសបង្កើតរដ្ឋាភិបាលនិងធ្វើនាយករដ្ឋមន្ត្រីខ្លួនឯង ដល់អញ្ចឹងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ ២៣តុលានោះទៅ ហើយតែងតាំងខ្លួនឯងធ្វើនាយករដ្ឋមន្ត្រី។ បន្ទាប់មកមានចាត់តាំងបោះឆ្នោត … ថាអ្នកបោះឆ្នោត ជាង ១០០០នាក់។ បោះទៅបានសមាជិកសភា។ មើលការតែងតាំងរដ្ឋាភិបាលគេនោះ អ្នកទទួលបន្ទុកខាងវិស័យចុះឡើងហ្នឹងសុទ្ធតែអ្នកពូកែជេរតាម Facebook រួមទាំងប្រធានស្ថាប័នព្រំដែន ដែលអត់ចេះមើលព្រំដែន។ ចោទរដ្ឋាភិបាលថាកាត់បង្គោល កាត់ដីឱ្យគេ បង្គោល៥២, ៥៩។ ដល់តែហៅឱ្យយកភស្តុតាងមកមើល ថាអត់ទេ! ខ្ញុំអត់មានឯកសារទេ ខ្ញុំឮគេថា ហើយចុងបញ្ចប់ ខ្ញុំមានញាណពិសេស។

(២៥) “គ្មានពេលឆ្លងឆ្លើយជាមួយលោកឯងទេ … ចោទរដ្ឋាភិបាលអំពីបង្គោល៥២និង៥៩ … មកបង្ហាញឱ្យប្រជាជនទទួលដឹងទៅថានរណាត្រូវនរ​ណាខុស …”

វាមិនដែលនរណាធ្វើប្រធានស្ថាប័នមានញាណពិសេសធ្វើផែនទី។ ទៅចុះវាស់ជាមួយអ្នកណា? គេថាមើលទូរ​ទស្សន៍ទៅគេមានញាណពិសេសមើលដឹងតែម្តង។ បើរដ្ឋាភិបាល(ធ្វើបាន)ប៉ុណ្ណឹង សូម្បីតែមន្ត្រីជំនាញព្រំដែនអត់ចេះមើលព្រំដែន ទើបតែឃើញថតចម្លងអី ក៏ចោទគេមួយឆ្អែតថាធ្វើឱ្យបាត់ដី ដល់ទីបំផុតទើបជិះយន្តហោះទៅសុំបារាំងយកផែនទីមកមើល។ ដាក់សារតាមអ្នកណាមកនោះដើម្បីព្យាយាមឱ្យខ្ញុំឆ្លើយ។ ខ្ញុំប្រាប់ថាខ្ញុំមិនឆ្លើយជាមួយគាត់ទេ។ ឈប់និយាយ។ ឃើញលោកហ្នឹងទៅនិយាយតាមមេក្រូសុទ្ធតែឆ្លងឆ្លើយចរចាជាមួយខ្ញុំតាមមេអណ្តើក។ ទៅស្តាប់សារឡើងវិញ។ ខ្ញុំប្រាប់ថា ខ្ញុំគ្មានពេលវេលាទៅនិយាយឆ្លងឆ្លើយជាមួយលោកឯងទៀតទេ។ ខ្ញុំដាក់សារពន្យល់ទៅអ៊ំម្នាក់ដែលគាត់ចង់ដឹងរឿងហ្នឹង តែមិនមែនចរចាទេ។ ចោទរដ្ឋាភិបាលរឿងបាត់ដីបង្គោល៥២, ៥៩។ មកបង្ហាញទៅដើម្បីឱ្យប្រជាជនទទួលដឹងថានរណាត្រូវ នរ​ណាខុស នរណាមានមូលដ្ឋានអី។ រឿងចរចាព្រំដែនគឺរឿងបច្ចេកទេស។ ច្បាស់ណាស់រឿងវាស់វែងជាមួយប្រ​ទេសថៃតាមសន្ធិសញ្ញា/អនុសញ្ញាតាំងពីឆ្នាំ១៩០៧ ហើយការងារ/កិច្ចការព្រំដែនឆ្នាំ១៩០៨ និង១៩១០ ជាងហ្នឹង … បានក្រុមភូមិសាស្ត្របារាំង-សៀមចុះទៅវាស់។ គេចុះកំណត់បង្គោលព្រំដែន ហើយគេសរសេរចេញមកជាគោលការណ៍ PV សំរាប់កំណត់ខ្សែ។ វាមានតាមខ្សែទឹក តាមផ្លូវទឹក និងតាមខ្សែត្រង់ មានចំណុចរបស់គេ។

(២៦) “លើករឿងបង្គោលព្រំដែនមកបំផុសកេងចំណេញនយោបាយ បង្កើតភាពមិនទុកចិត្តគ្នា … ដល់តែហៅឱ្យមកបង្ហាញភស្តុតាង អត់ចេះអ្វីទាំងអស់”

ក្រុមការងារក្រោយពីMOU ឆ្នាំ២០០០ យើងចុះទៅដើម្បីពិនិត្យមើលទីតាំងបង្គោលឡើងវិញ មិនមែនទៅកំណត់បង្គោលថ្មីទេ។ អញ្ចឹងបង្គោលខ្លះខុសទីតាំង យើងទាញចេញមកវិញដូចនៅបង្គោល៥៨និង៥៩។ យើងធ្វើការច្បាស់លាស់។ មន្ត្រីព្រំដែនរបស់យើងទទួលខុសត្រូវច្បាស់លាស់។ មិនអាចឱ្យអ្នកឯងមកអង្គុយ(បំ​ផុស)ឱ្យប្រ​ជាពលរដ្ឋ(មានការ)ព្រួយបារម្ភទេ។ នរណាមិនព្រួយរឿងទឹកដី? ប៉ុន្តែចំអ្នកអត់ដឹងអី។ (លើក)យក(រឿងបង្គោលព្រំដែន)មក(បំផុស)ដើម្បីកេងចំណេញនយោបាយ បង្កើតភាពមិនទុកចិត្តគ្នា។ ដោយហេតុនេះ យើងហៅមក(អោយបង្ហាញភស្តុតាង តែគាត់)អត់ចេះទាំងអស់។ បោះឆ្នោតរើសសភាប៉ុន្មាននាក់? ៤០ នាក់ជាង។ ខ្ញុំមិនដឹងប៉ុន្មានទេ … អ៊ំម្នាក់នៅបារាំង។ ឃើញគាត់និយាយត្រូវ។ គាត់ថា ឥឡូវថាគណបក្សប្រជាជនផ្តាច់ការណាស់។ អ្នកប្រជាធិបតេយ្យបោះឆ្នោត។ តើបោះឆ្នោតមានគណបក្សប៉ុន្មានចូលរួម? បោះឆ្នោតមាននីតិវិធីយ៉ាងម៉េច? តើមានរដ្ឋធម្មនុញ្ញកំណត់ឬទេ? តែគ្នាគាត់ប៉ុន្មាននាក់កំណត់។ ហ្នឹងផ្តាច់ការលើសអីទៀត។

(២៧) ប្រាប់កាសែតថៃថាខ្មែរបាញ់មុន រួចថាមិនបាននិយាយ រួចថាមិនចង់តតាំងនឹងកាសែត … តើមិនចង់ការពារផលប្រយោជន៍ជាតិឬ?

តើមាននរណាដែលជាក្រុមប្រឆាំងនៅក្នុងគាត់? អត់ផងហ្នឹង។ គាត់ឈរឈ្មោះតែគ្នាគាត់បោះតែគ្នាគាត់។ គួរឱ្យអាម៉ាស់ដែរ។ ខ្ញុំមើល ប្រជាជនខ្មែរនៅក្រៅប្រទេសសរុបទាំងអស់ប្រហែលជា ៦០ម៉ឺននាក់។ ដល់បោះឆ្នោត ១០០០នាក់ ខ្ញុំថាជាការបរាជ័យខ្លួនឯង។ ចូលចិត្តតែដាក់គ្រាប់​បែក ហើយជាន់ខ្លួនឯងអញ្ចឹង … បរាជ័យចុងក្រោយនេះ អ្នកនយោបាយចាស់វស្សា ដែលតែងតែជេររដ្ឋាភិបាល ជេរកងទ័ពខ្មែរ អត់ចេះប្រយុទ្ធ បាញ់ប្រជាជនគេ … ទៅសម្ភាសន៍ជាមួយកាសែតថៃមួយថា “ខ្មែរបាញ់មុនដែរ”។ ចោទយើងដោយអយុត្តិធម៌។ ដល់ចុះឡើងគាត់ថាអត់បាននិយាយ។ តែគេសួរថា ហេតុអ្វីមិនទៅប្តឹងឲ្យកាសែតហ្នឹងកែ ជាធម្មតាបើសិនជាកា​សែតណាចុះខុស យើងប្តឹងឲ្យកាសែតហ្នឹងកែ។ មិនមែនត្រឹមតែថាអត់និយាយទេ … ព្រោះពេលដែលគាត់ថាហ្នឹង កាសែតហ្នឹងបានយកទៅឃោសនានៅក្នុងប្រទេសថៃ ធ្វើឲ្យគេចំណេញរួចទៅហើយ បរទេសមួយចំនួនមើលឃើញថាសូម្បីតែអ្នកនយោបាយខ្មែរក៏និយាយដែរ។ តែគាត់មិនហ៊ានទៅប្រាប់គេទេ។ ហេតុអ្វីក៏មិនហ៊ាន គាត់ថាមិនចង់ទៅតតាំងអីជាមួយកាសែត។ ប៉ុន្ដែវាជាផលប្រយោជន៍ជាតិ។

(២៨) “ហ៊ានចោទទាហានយើង មិនហ៊ានតតាំងឲ្យគេ(កាសែត)កែ … បើមិនហ៊ានការពារកិត្តិយសជាតិខ្មែរ តើស្រឡាញ់ជាតិស្អី?”

គេកំពុងចោទថាខ្មែរយើង (គាត់បែរជា)ចោទគ្នាឯងថាខ្មែរបាញ់មុន នៅពេលដែលទ័ពយើងមិនមែនជាអ្នកបាញ់មុន។ អ្នកនយោបាយខ្មែរម្នាក់ដែលតាំងខ្លួនជានាយករដ្ឋមន្ត្រីក្រៅច្បាប់នេះបានចោទដោយអយុត្តិធម៌ ចុងក្រោយ​ចង់ទៅដណ្តើមកៅអីអង្គការសហប្រជាជាតិទៀត។ ខ្ញុំថាទៅយកទៅ ឲ្យតែគេឲ្យ ក្រែងគេមិនឲ្យចូលទៅក្នុងផងហ្អី កុំថាឡើងទៅអង្គុយនៅកៅអីរបស់កម្ពុជា … ល្អបំផុតគឺផ្ទញ់តែម្តង។ សម្រាប់ខ្ញុំៗ អត់ឆ្លើយឆ្លងទេ បើអ្នកឯងចោទខ្ញុំ។ ខ្ញុំហៅមកបកស្រាយ ដូចរឿងបង្គោលព្រំដែនអញ្ចឹង ដើម្បីបញ្ចប់។ ទល់មុខគ្នាតែម្តង។ អ្នកឯងត្រូវឬខុស។ បើគាត់ថាអ្នកកាសែតថៃហ្នឹង អត្ថាធិប្បាយថៃហ្នឹង សរសេរទៅអ្នកហ្នឹងតែម្តង ឲ្យអ្នកហ្នឹងកែ។ បើមិនកែ តតាំងគ្នាទៅ។ ហ្នឹងទើបច្បាស់ជាង។ ថាមិនថា។ តែបើនិយាយកាច់កុង … គេនៅតែនិយាយអញ្ចឹង ព្រោះអត់ហ៊ានទៅតតាំងជាមួយគេ ហ៊ានមកចោទតែទាហានយើង។ ពិតឬមិនពិតគេយកទៅនិយាយហើយ។ តែខ្លួនឯងថាអត់និ​យាយ ម៉េចក៏មិន(ឲ្យគេកែ)។ ទៅខ្លាចអី។ (គាត់ថា)មិនចង់ជ្រលក់មាត់ជាមួយកាសែតថៃ។ គេបានយកសម្តីរបស់ខ្មែរ សម្តីរបស់គាត់ហ្នឹងមកជាន់ខ្មែរ គ្រាន់តែការពារកិត្តិយសជាតិខ្មែរប៉ុណ្ណឹងមិនហ៊ាន។ អញ្ចឹងស្រឡាញ់ជាតិស្អី?

(២៩) “ហ៊ានសរសេរសំបុត្រប្រាប់ប្រធានាធិបតី ម៉ាក្រុង កុំឲ្យមកកម្ពុជា តែមិនហ៊ានសរសេរសំបុត្រប្រាប់កាសែតថៃឲ្យកែថាបានផ្សាយខុស … ឬខ្លាចកាសែតបញ្ចេញឯកសារពិត?”

គ្រាន់តែសរសេរសំបុត្រ (ឬ)មិនបាច់សរសេរសំបុត្រទេ ចេញសារតាម Facebook របស់គាត់ដែល(គាត់)ពូកែសរសេរ។ ថ្ងៃមុនហ៊ានសរសេរសំបុត្រទៅប្រធានាធិបតី ម៉ាក្រុង កុំឲ្យមក(កម្ពុជា) តែមិនហ៊ានសរសេរសំបុត្រទៅកាសែតថៃ ឲ្យកែថាអ្នកឯងចុះខុស អ្នកឯងផ្សាយខុស។ ម៉េចក៏មិនហ៊ាន។ ហ៊ានតែជាមួយរដ្ឋាភិបាល។ ខ្លាចគេបក គេបញ្ចេញឯកសារពិតឬយ៉ាងម៉េច ព្រោះសម្ភាសន៍វាចាស់មែន តែអ្នកកាសែតនោះ ក៏គេនិយាយដែរ គេមិនបានធ្វើសម្ភាសន៍ទូរទស្សន៍ទេ។ គេយករូបចាស់មក។ ប៉ុន្តែ គេបានធ្វើសម្ភាសន៍។ គេថានិយាយតាមទូរស័ព្ទ។ អញ្ចឹងប្រហែលជាអ្នកកាសែតមានថត។ អញ្ចឹង អាចទេ អាចខ្លាចអ្នកកាសែតបញ្ចេញទេ? លោក សម រង្ស៊ី នេះដែលថា(កាសែត)ខ្លួនគេបង្កើត ហេតុអ្វីក៏មិនសរសេរទៅអ្នកកាសែតនោះតែម្តង? អ្នកកាសែតគេនិយាយហើយតើ។ ឈ្មោះអី! អ្នកដែលសម្ភាស លោក សម រង្ស៊ី បញ្ចេញឈ្មោះខ្លួនឯង ជាអតីតអ្នកការទូត ឬមួយអី្វ ដែលថាបាននិយាយជាមួយ … សរសេរទៅលោកហ្នឹងទៅថា ពេលដែលខ្ញុំ សម រង្ស៊ី និយាយជាមួយលោក អត់បាននិយាយថាខ្មែរបាញ់មុនទេ។ សូមអ្នកឯងចេញមកកែ។ សរសេរប៉ុណ្ណឹងបានគឺបញ្ជាក់អំពីការស្មោះត្រង់ហើយ។ មែនទេ។ បើត្រឹមតែកាច់កុងរង្វង់មូលទេ ខ្ញុំមិនខ្ចីតជាមួយទេ។

(៣០) ជាង៧០ ប្រទេស ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលជាង ២០ប្រទេស នឹងចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីទី២០  

ឥឡូវចុងបញ្ចប់នេះ ខ្ញុំសូមជូនដំណឹងល្អ។ ក្រៅពីសង្គ្រាម ក្រៅពីបញ្ហាសេដ្ឋកិច្ចដែលប្រឈម ក្រៅពីរឿងទឹកជំនន់ ដែលប្រជាពលរដ្ឋត្រូវស្តារ យើងរួមគ្នាធ្វើ មានដំណឹងល្អមួយ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី១ ក្នុងប្រវត្តិសាស្ត្រកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ដែលមកដល់ម៉ោងនេះ មានជាង៧០ ប្រទេសដែលបានចុះឈ្មោះ(ចូលរួម) ហើយមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលជាង២០ ហើយ បានបញ្ជាក់ថានឹងមកកម្ពុជា។ នេះគឺជាមោទនភាពរបស់យើង។ ឥឡូវកំពុងតែចាត់ចែងឡាន Blindé (ប្លាំងដេ)ជូនពួកគាត់។ ជាង២០ ប្រ​ទេស មានទាំងប្រធានាធិបតី មានទាំងនាយករដ្ឋមន្ត្រី មានទាំងប្រមុខរដ្ឋ។ កន្លែងខ្លះមកទាំងអគ្គទេសាភិបាល ដូចនៅកាណាដា នាយករដ្ឋមន្ត្រីត្រូវមក ប៉ុន្តែមកអត់ទាន់ ឲ្យអគ្គទេសាភិបាលនៅកាណាដាក្រោមអង់គ្លេស។ អញ្ចឹង ប្រទេសមួយៗ ដែលនៅក្រោមអង់គ្លេស Commonwealth ហ្នឹង សុទ្ធតែមានអគ្គទេសាភិបាល ដូចយើងកាលជំនាន់បារាំងគឺមានអគ្គទេសាភិបាល។ អញ្ចឹង Canada ឲ្យអគ្គទេសាភិបាលចូលប្រជុំថ្ងៃទី១៥ នាយករដ្ឋមន្ត្រីមកថ្ងៃទី១៦។

(៣១) ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីបារាំង រួមទាំងប្រទេសមហាអំណាចមកកម្ពុជា បង្ហាញអំពីសន្តិភាព ស្ថិរភាព និងកិត្យានុភាពរបស់កម្ពុជាលើឆាកសកលលោក

ប្រធានាធិបតី ម៉ាក្រុង មកទស្សនកិច្ចផ្លូវការ ហើយជាប្រវត្តិសាស្ត្រ។ នេះគឺជាលើកទី២ ក្នុងប្រ​វត្តិសាស្ត្រកម្ពុជា … កាលពី ៦០ឆ្នាំមុន ប្រធានាធិបតី ហ្សាល៍ ដឺហ្គោល មកឆ្នាំនៅឆ្នាំ១៩៦៦។ ឆ្នាំ២០២៦ ប្រធានាធិបតីបារាំងមកចូលរួមក្នុងកម្មវិធី និងមានកម្មវិធីសម្ពោធនៅសៀមរាបជាមួយព្រះមហាក្សត្រ។ នេះជាមហាកិត្តិយសរបស់កម្ពុជាយើង ដែលប្រជាជនខ្មែរគួរមានមោទនភាព។ ឆ្នាំទៅកន្លែងខ្លះមានការយល់ច្រឡំធ្វើការវាយប្រហារកម្ពុជាអំពីរឿង Scam អំពីរឿងព្រំដែនមានសង្គ្រាម អសន្តិសុខ តែពេលដែលជាង ៧០ប្រទេស មានអ្នកចូលរួមជាង ៥០០០នាក់ ជាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល ជាង ២០ប្រទេស រួមទាំងប្រទេសមហាអំណាចមកកម្ពុជា ក៏នឹងបង្ហាញអំពីសន្តិភាព ស្ថិរភាព និងកិត្យានុភាពរបស់កម្ពុជាលើឆាកសកលលោក ដែលប្រជាជនកម្ពុជាទាំងអស់ ទោះបីជាមានបញ្ហាអ្វី ក៏គួរសប្បាយរីករាយ ហើយមានមោទនភាពចំពោះជាតិរបស់យើង។ មិនថាអ្នកឯងនៅបក្សណានិន្នាការណាសាសនាណានោះទេ មិនថាក្នុងឬក្រៅប្រទេសគួរតែមានមោទនភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទាល់តែយើងមានសមត្ថភាព ទាល់តែបរិស្ថាន ស្ថានភាពស្ថិរភាព (ទើបអាចមានឱកាសនេះ)។

(៣២) “ផ្លូវគគោកមិនដើរ ដើរតែផ្លូវគ្រោះថ្នាក់ ដាក់មីនហើយដើរជាន់ខ្លួនឯង …”

បើកម្ពុជាវាយគ្នា អសន្តិសុខ គ្មានប្រធានាធិបតីណាមកទេ។ គេចាត់តាំងត្រឹមរដ្ឋមន្ត្រីការបរទេស ឬមន្ត្រីរាជការ(មកចូលរួម)។ តែនេះ ប្រមុខរដ្ឋជាង ២០ប្រទេស បូកជាមួយអ្នកចូលរួមកម្រិតខ្ពស់ផ្សេងៗទៀត សរុបជាង ៧០ប្រទេស បូកជាមួយអង្គការអន្តរជាតិជាច្រើន។ អញ្ចឹង ខ្មែរទាំងអស់គួរតែសប្បាយរីករាយ។ ប៉ុន្តែវានៅតែឆ្ងល់មួយក្រុមហ្នឹង ទៅសរសេរសំបុត្រសុំឲ្យ ម៉ាក្រុង កុំមក។ សម រង្ស៊ី ល្ងង់ដល់ថ្នាក់ហ្នឹង។ ថាខ្ញុំទៅនៅក្មេង ប៉ុន្តែគាត់ដល់កម្រិតហ្នឹងហើយ មិនដឹងថាគាត់វង្វេង ឬមួយចូលចិត្តតែធ្វើស្អីដែលទៅមិនរួច។ ហ្នឹងគេថា ផ្លូវមួយគគោកមិនដើរ ដើរតែផ្លូវដែលគ្រោះថ្នាក់ ជីក(ដាក់)គ្រាប់បែក/គ្រាប់មីនខ្លួនឯង ហើយទៅជាន់ខ្លួនឯង ដូចជាការសរសេរសំបុត្រថាបង្កើតរដ្ឋាភិបាលក្រៅច្បាប់ហ្នឹងវារឿងមួយហើយ។ ដូចជាទៅប្រកាសទាមទារកៅ​អីពីអង្គការសហប្រជាជាតិ វាក៏ទៅមិនរួច តែដាក់មក។ នាំតែសាបខ្លួនឯង។ ដាក់ធ្វើមិនបាន។ ចុងក្រោយ សរសេរសំបុត្រទៅប្រធានាធិបតី ម៉ាក្រុង ដែលមកលើកកិត្យានុភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អត់ទៀត។ ឯនាយវៀចនោះ ក៏អញ្ចឹងទៅ។ សុទ្ធតែមកកម្ពុជាគ្មានបានផលគ្មានអី។ រឿងគេប្រជុំអន្តរជាតិ គេផ្លាស់ប្តូរវេនសោះ។ ជ្រុលជាវៀច វៀចទាំងចិត្ត។ គីឡូមិនគ្រប់មែន។ នាយនេះបានតែ ៧ខាំ។ បើសិនជាគ្រប់គីឡូ វាក្បត់ដូនតាវា ព្រោះថាអ្នកកំពតបើថ្លឹងគីឡូគ្រប់ អត់លួចភ្នែកជញ្ជីងគឺក្បត់ដូនតា។ អញ្ចឹងបានគេហៅនាយ ៧ខាំហ្នឹងវាត្រូវហើយ។

(៣៣) “… រាជរដ្ឋាភិបាលកម្ពុជាមានប្រជាពលរដ្ឋ ១៧លាននាក់ មានរដ្ឋធម្មនុញ្ញ … ជារាជរដ្ឋាភិបាលស្របច្បាប់ … កំពុងចាត់ចែងកិច្ចការថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីកិត្តិយសជាតិ ជីវភាពរស់នៅរបស់ប្រជាជន”

ឱ្យតែខ្ញុំជេរ គាត់យកទៅធ្វើប្រធានបទនិយាយបាន ១០ ថ្ងៃ។ លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំធ្លាក់ចុះ។ អ្នកឯងជេរខ្ញុំរាល់ថ្ងៃ។ សូម្បីតែលោកក៏សុំបិណ្ឌបាតដែរញោម កាន់បាតឲ្យអាត្មាវាយអាហ្នឹងមួយសិន។ វាជេរខ្ញុំពេក។ ខ្ញុំមានព្រំដែនដែរ។ ឱ្យខ្ញុំជេរប៉ុណ្ណឹង ខ្ញុំនិយាយប៉ុណ្ណឹង ខ្ញុំទប់ហើយ ចេះត្រឹមតែប៉ុណ្ណឹង។ ទោះបីខ្ញុំនិយាយកាច និយាយប្រធានបទម៉េច ក៏មុខនៅញញឹមដែរ។ ម៉ែបង្កើតមកតែប៉ុណ្ណឹង។ ពុកក៏គាត់ថាដែរ។ អាកូនមួយហ្នឹងនិយាយអីក៏វាញញឹមដែរ។ ខ្ញុំញញឹមរហូត … នៅសាលាទាហានត្រូវមាត់ច្រើនដោយសារញញឹមហ្នឹងឯង។ គេហៅមាត់បេះដូង។ ធ្វើមុខមាំម៉េច ក៏វានៅញញឹម។ ចូលទៅសាលាទាហាន នៅថ្នាក់ដំបូង ថ្នាក់លើមកស្រែកឱ្យ ហើយអត់មាត់ទេ ប្រឹងហើយវាជេរទៀត។ វាថាជេរប៉ុណ្ណឹងហើយនៅមុខញញឹមទៀត។ ខ្ញុំប្រាប់ថាអត់ទេ ធម្ម​ជាតិខ្ញុំតែប៉ុណ្ណឹង … រឿងរដ្ឋាភិបាលអ្នកឯងបង្កើតក្រៅច្បាប់ សភាអ្នកឯងមានអ្នកបោះឆ្នោត ១០០០នាក់ជាង ជារឿងអ្នកឯង។ រាជរដ្ឋាភិបាល មានប្រជាពលរដ្ឋ ១៧លាននាក់នៅក្នុងប្រទេស មានរដ្ឋធម្មនុញ្ញច្បាស់លាស់។ ប្រជាពលរដ្ឋរាប់លាននាក់ទៅបោះឆ្នោតគ្រប់ពេល។ នេះគឺជារាជរដ្ឋាភិបាលស្របច្បាប់ ទទួលខុសត្រូវស្របច្បាប់ ចាត់ចែងទាំងការងារថ្នាក់ជាតិ ថ្នាក់អន្តរជាតិ ដើម្បីកិត្តិយសជាតិ ជីវភាពរស់នៅរបស់ប្រជាជន។

(៣៤) “សូមប្រជាពលរដ្ឋជឿទុកចិត្ត … មិនមែនតាមខ្ញុំនិ​យាយទេ តែតាមការមើលឃើញជាប្រចាំ នូវការដាក់ចេញគោលនយោបាយអន្តរាគមន៍ …”

យើងនៅតែបន្តដោះស្រាយការលំបាក។ អ្នកឯងធ្វើអីធ្វើទៅ ស្រែកអីស្រែកទៅ ប្រព័ន្ធឃោសនារបស់អ្នកឯងពីរម៉ែត្របួនជ្រុងហ្នឹង ម្នាក់ៗ ធ្វើទៅ។ តែរាជរដ្ឋាភិបាលនៅតែបន្ត។ ខ្ញុំសុំឱ្យទី១ ប្រជាពលរដ្ឋបន្តជឿទុកចិត្តលើការយកចិត្តទុកដាក់របស់គណបក្ស​ប្រជាជនកម្ពុជា របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនតាមរយៈខ្ញុំនិ​យាយទេ តាមរយៈការមើលឃើញជាប្រចាំ។ ទឹកជំនន់ សង្គ្រាម គ្រោះរាំងស្ងួត ឃើញគោលនយោបាយរបស់យើងដាក់ចេញអន្តរាគមន៍ក្រុមការងារចុះជួយ។ រាជរដ្ឋាភិបាលបញ្ចេញស្បៀង បញ្ចេញម៉ាស៊ីនទឹកដើម្បីជួយបូម ធ្វើទំនប់ ប្រឡាយដើម្បីជួយប្រជាពលរដ្ឋ។ ដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ក្នុងការលំ​បាក កូនមានផ្ទៃពោះ រហូតដល់ ២ ឆ្នាំ។ ប្រជាពលរដ្ឋក្រីក្រទៅពេទ្យ បានសមធម៌ជួយកម្រិតណាមួយ កន្លែងខ្លះជួយបានទាំងអស់ កន្លែងខ្លះក៏ជួយបន្ធូរបន្ថយបានកម្រិតណាមួយ។ នេះគឺសុំឱ្យ អ៊ំ ពូ មីងបន្តជឿចុះ។

(៣៥) ទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ស្វាគមន៍ប្រធានាធិបតីរូវ៉ាន់ដា បារាំង និងកាណាដា រួចទៅចូលរួមវេទិកាពិភពលោកនៅ ម៉ានីឡា ហ្វីលីពីន

ទី២ សុំឱ្យមានមោទនភាព។ ប្រទេសយើងតូចក៏ដោយ ប៉ុន្តែយើងបានដើរតួនាទីសំខាន់ និងសកម្ម ជាប្រទេសមួយដែលស្មើមុខស្មើមាត់ជាមួយប្រទេសមហាអំណាចក្នុងគ្រប់រូបភាពទាំងអស់។ សំឡេងយើងមួយដូចគ្នាទេ។ ប្រជុំនៅភ្នំពេញជាន់ជាមួយអាស៊ាន។ អញ្ចឹង ខ្ញុំទទួលធ្វើម្ចាស់ផ្ទះ ទទួល៣ប្រទេសដែលគាត់មកទស្សនកិច្ចផ្លូវការ ប្រធានាធិបតី រូវ៉ាន់ដា ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា។ ចប់ថ្ងៃ ១៦វិច្ឆិកា។ ឡើងយន្តហោះទាំងយប់ទៅទីក្រុងម៉ានីឡា ចូលរួមអង្គុយតុស្មើនឹងប្រធានាធិបតីប្រទេសមហាអំ​ណាចដែលចូលប្រជុំទីនោះតំណាងឱ្យកម្ពុជានៅក្នុងវេទិកាពិភពលោក។ យើងនឹងបន្ត។ កៅអីកម្ពុជានៅ UN អត់មាននរណាយកទេ គឺរបស់រដ្ឋាភិបាលដែលប្រជាជនក្នុងប្រទេសរាប់លាននាក់បោះឆ្នោតឱ្យ … ថ្ងៃមុនគេដាក់ឱ្យកៅអីមួយនៅមុខនោះ។ ខ្ញុំឃើញ Photoshop តាម Facebook ហ្នឹងដូចទំនងគ្រាន់បើដែរ …។

(៣៦) “ហោចណាស់គួរតែគិតថា ប្រទេស/ប្រជាជនគេ ធ្លាប់ទទួលអ្នកភៀសខ្លួនតាមទូកខ្មែរដោយសារសង្គ្រាមដែរ”

សូម្បីតែយើងជួយនាវាដែលជាប់ថ្ងៃមុននេះ ក៏ចេញមករករឿងដែរ។ ពួកអស់លោកហ្នឹងសុទ្ធតែជនភៀស​ខ្លួនទៅនៅស្រុកគេ អ្នកគាំទ្រមួយចំនួនក្រែងទៅហ្នឹងពេលដែលលំបាកដែរត្រូវទេ? បើសិនជាប្រទេសបារាំង ប្រ​ទេសអី មិនឱ្យលោកឯងចូល ពេលដែលលំបាក អ្នកឯងថាម៉េច ពេលដែលកប៉ាល់នាវានោះអស់លុយ គាត់អត់មានកន្លែងចត ២០០នាក់ ចាស់ៗ នៅលើនោះ។ មកដល់ដីយើងហើយ យើងមិនឱ្យគាត់ចូល ស្វាគមន៍គាត់ ឱ្យគាត់នៅលើកប៉ាល់ហ្នឹងយ៉ាងម៉េច? រឿងសេដ្ឋកិច្ច បញ្ហារឿងផ្សេង បន្ទុកផ្សេង តែនេះមនុស្ស ២០០នាក់ណា កំ​ពុងតែលំបាក។ ប្រជាជនយើងធ្លាប់ជិះទូកភៀសសឹកដោយសារសង្គ្រាម។ ទៅដល់គេទទួលដែរ។ អស់លោកដែលរិះគន់រដ្ឋាភិបាលថាទទួលតែបន្ទុក មិនចេះខ្មាសគេ។ នាយវៀចហ្នឹងទៀត។ ស្អីក៏វៀច។ ប៉ុន្តែយូរៗ ទៅ(ក៏គិត)ថា ឱ្យតែវារិះគន់ស្អី ដឹងតែយើងធ្វើត្រូវហើយ ព្រោះវាវៀច វាអត់គ្រប់ទឹក វាបានតែ ៧ខាំ។ អញ្ចឹងអ្វីដែលមនុស្ស ៧ខាំ មនុស្សអត់គ្រប់ទឹកនិយាយរិះគន់គឺបានន័យថាយើងធ្វើត្រូវហើយ។

(៣៧) “យើងមានគុណធម៌ អាណិតមនុស្ស ព្រោះប្រជាជនយើងធ្លាប់រងគ្រោះរសាត់អណ្តែតទៅដល់អាមេរិក ទៅដល់កាណាដា … ហើយគេទទួលយើង”

ឯកឧត្តម ហួត ហាក់ ឡើងទៅទទួលស្វាគមន៍។ អ្នកនៅលើនាវាហ្នឹងសប្បាយ។ ឥឡូវម៉ែគេឪគេលក់ផ្ទះលក់អីអស់ហើយ ៣០-៤០ម៉ឺនដើម្បីជិះ។ ចុងក្រោយវាអត់។ ប្រេងឡើងថ្លៃ។ គេវាយគ្នានៅអ៊ីរ៉ង់សោះ កប៉ាល់ឡុងចុង បើកលែងរួច ត្រូវតែចុះនៅកន្លែងយើង។ ឥឡូវយើងជាម្ចាស់ផ្ទះ យើងឃើញមនុស្សដូចគ្នាដែលលំបាក។ កាលកូវីដ-១៩ សម្តេចតេជោទទួល Westerdam នាយវៀចទៀតវាថាស្អី កម្ពុជាបេះដូងធំ … អ្នកនៅលើហ្នឹងមានខ្មែរប៉ុន្មាននាក់ដែរ។ ខ្ញុំចាំ ខ្មែរអាមេរិកឬក៏ខ្មែរកាណាដាទេ ជាប់លើហ្នឹង។ ដល់ចុះទើបដឹងថាគាត់ខ្មែរទៅជាប់នឹងគេដែរ។ គេផ្សេងៗ មិនឱ្យចូល។ យើងឲ្យចូល។ តែយើងមានការប្រុងប្រយ័ត្ន។ យើងធ្វើ Test រកជំងឺ យើងដាក់ចត្តាឡីស័ក។ យើងធ្វើអីច្បាស់លាស់។ យើងអាណិតមនុស្ស មានគុណធម៌ ព្រោះយើងធ្លាប់ជាជនរងគ្រោះ ប្រជាជនយើងធ្លាប់រត់សាត់អណ្តែតទៅដល់អាមេរិក ទៅដល់កាណាដា។ គេទទួល។

(៣៨) “ … មនុស្សដូចគ្នា គេឃើញយើងធ្វើល្អ គេអរគុណ គេដឹង គេមានការកក់ក្តៅ … នេះគឺជាវប្បធម៌និងទឹកចិត្តរបស់ប្រជាជនខ្មែរ”

អញ្ចឹង ពេលដែលជួបមនុស្សលំបាក កម្ពុជាស្វាគមន៍។ ខ្ញុំប្រាប់ អ្នកខ្លះដាក់(កម្ពុជាជាប្រទេស) Scam។ មើលរឿងឱ្យច្បាស់។ ក្នុងនាមជាប្រទេសអធិបតេយ្យ រាជរដ្ឋាភិបាលមានសិទ្ធិមិនឱ្យកប៉ាល់ហ្នឹងចូល។ យើងមានសិទ្ធិមិនឱ្យប្រជាជន ២០០នាក់ ចុះពីលើកប៉ាល់បាន។ តែយើងសម្រេចចិត្ត មានមនុស្សធម៌ និងការទទួលខុសត្រូវ ចំពោះមនុស្សដូចគ្នា។ យើងមិនត្រឹមតែអនុញ្ញាតឱ្យកប៉ាល់ហ្នឹងចូលចតទេ តែថែមទាំងផ្អែកលើភាពជាក់ស្តែង មិនត្រូវកំណត់ពេលបណ្តេញចេញទៀត។ អនុញ្ញាតឱ្យប្រជាពលរដ្ឋចាស់ៗ ២០០នាក់ជាង ដែលជាប់លើហ្នឹង ទាំង crew ចុះមកក្រោមដើម្បីទៅសម្រាកនៅសណ្ឋាគារ។ មិនត្រឹមតែប៉ុណ្ណឹងទេ រដ្ឋមន្ត្រីទេសចរណ៍បានធ្វើដំណើរទៅជួបស្វាគមន៍គាត់។ (យើង)ផ្តល់កម្លាំងចិត្តឲ្យគាត់ ២00នាក់។ ឪគេឪយើង មិនថាអាមេរិក មិនថាសាសន៍ណាទេ កំពុងតែសាត់អណ្តែតអត់ទិសដៅ។ ឥឡូវកប៉ាល់ជាប់នៅហ្នឹង។ លក់ផ្ទះអស់ហើយទៅណា? មកដល់ហ្នឹងគេមិនឲ្យចុះទៀត។ ហ្នឹងវេទនា។ តែយើងបានជ្រើសយកជម្រើសមួយគឺអនុញ្ញាតអោយចូលនិងស្វាគមន៍គាត់។ រឿងឲ្យ គ្មានចង់បានអីទាំងអស់។ គាត់អរគុណ រឿងមួយ ប៉ុន្តែអ្វីដែលខ្ញុំឃើញ មនុស្សដូចគ្នា។ តែគេឃើញយើងធ្វើល្អ គេអរគុណ គេដឹង គេមានការកក់ក្តៅហើយ។ នេះគឺជាវប្បធម៌និងទឹកចិត្តរបស់ប្រជាជនខ្មែរ។ មិនមែនប្រទេសអ្នកមានប៉ុន្តែពេលអ្នកមានទុក្ខ យើង​ជួយ យើងដោះស្រាយ។ យើងមិនដោះស្រាយតែប្រជាពលរដ្ឋយើងទេ។ អ្នកដែលមានទុក្ខមកលើ(ដី)យើង យើងដោះស្រាយ …

(៣៩) ជួយមនុស្សក្នុងគ្រាលំបាក បង្ហាញអំពីគុណធម៌របស់ប្រជាជន​ខ្មែរ

កប៉ាល់ហ្នឹងចេញទៅម្សិលមិញម្សិលម្ងៃ។ ប្រជាពលរដ្ឋអ្នកជិះខ្លះនៅបន្តទៅទៀត។ អ្នកខ្លះក៏ចេញត្រឡប់ទៅវិញ។ យើងបន្តថែទាំ។ ពិតណាស់ថាបន្ទុកថវិភាគភាគច្រើនគេដោះស្រាយខ្លួនគេ … សណ្ឋា​គារខ្លះក៏ចូលរួមជួយ discount ឲ្យព្រោះពួកគាត់លក់ផ្ទះលក់អីនៅអាមេរិកនៅអីអស់ហើយៗ ចាស់ៗទៀត … សូមអរគុណ ស្មារតីជួយគ្នា និងមនុស្សធម៌។ យើងអនុគ្រោះវីសា។ មិនអស់ប៉ុន្មានទេ។ យើងអនុញ្ញាតវីសា free ទេសចរមួយឆ្នាំៗ ក៏មានដែរ។ យើងលើកទឹកចិត្ត។ នេះគឺជាគោលការណ៍។ នេះជាអ្វីដែលប្រជាជនយើងគួរមានមោទនភាព ដែលបានជួយមនុស្សក្នុងគ្រាលំបាក។ អត់មានការអីខុសទេ។ ផ្ទុយទៅវិញ វាបង្ហាញអំពីគុណធម៌របស់ប្រជាជន​ខ្មែរ។ ទោះបីជាលំបាក កន្លែងខ្លះគេចោទយើងថាប្រទេសអញ្ចេះអញ្ចោះ មានសង្គ្រាម ប៉ុន្តែប្រជាជនខ្មែរ រដ្ឋាភិបាលខ្មែរ មិនដែលមិនផ្តល់ការស្វាគមន៍ចំពោះអ្នកដែលមានការលំបាកទេ។ ជាក់ស្តែងកប៉ាល់ Villa Vie Odyssey របស់អាមេរិកដែលចូលមក។ (ពេល)យើងលំបាក គេបើកដៃទទួលជនភៀសសឹកយើងមួយគគោក។ គេមិនមែនភៀសសឹកមកនៅយើងទេ។

(៤០) “សាសនាព្រះពុទ្ធឬសាសនាណាក៏ដោយ គ្មានសាសនាណាដែលឃើញមនុស្សលង់ទឹកមិនជួយទេ …”

កន្លងទៅយើងក៏ធ្លាប់ទទួលជនភៀសសឹកមកពីអាហ្វហ្គានីស្ថានប៉ុន្មាននាក់ដែលគ្នាវេទនាដែរ។ ខ្ញុំចេញទៅអូស្ត្រាលីទៅអី កាលណោះមានអ្នកទៅបំផុសប្រជាជនខ្មែរយើងមួយចំនួនថាហេតុអីខ្មែរក្រទៅទទួលគេ? ខ្ញុំទៅជួបអ្នកអូស្ត្រាលី និងប្រាប់ថា មីងពូភាគច្រើននៅហ្នឹងក្រែងសុទ្ធតែអ្នកភៀសសឹកទេមែនទេ។ ពូមីងដែលមកហ្នឹង មិនដូចអាហ្វហ្គានីស្ថានឥឡូវដែរ។ អត់ប្រទេសជ្រក។ បើអូស្ត្រាលីទាត់ចោល មិនលំបាក(ទេឬ)។ ឥឡូវ តើខុសស្អីដែលយើងគ្រាន់តែផ្តល់(កន្លែងជ្រក)នៅពេលដែលមានការលំបាក។ មិនមែនជាបន្ទុកធំទេ។ យើងក៏បានផ្តល់។ យើងផ្តល់ប្រហែលជា ១00នាក់ទេ។ មិនច្រើនទេ។ លទ្ធភាពយើងមានតែប៉ុណ្ណឹង។ វាជាការធ្វើល្អទៅវិញទៅមក។ យើងកាន់សាសនាព្រះពុទ្ធ ហើយសាសនាណាក៏ដោយ គ្មានសាសនាណាដែលឃើញមនុស្សលង់ទឹកហើយមិនជួយទេ។ ជាមោទនភាព។ ក្នុងការលំបាកយើងក៏អាចជួយទៅដល់អ្នកផ្សេងដោយគ្មានគិតរឿងកម្រៃ គិតរឿងចង់បានស្អី ជួយដោយសុទ្ធចិត្ត។ នេះបង្ហាញឲ្យពិភពលោកឃើញអំពីការស្វាគមន៍របស់យើង។ អ្នកដែលចុះនៅហ្នឹង កា​សែតទូទាំងពិភពលោកតាមមើល។ ដល់ពេលដែលគាត់បានទទួលការស្វាគមន៍រាក់ទាក់ ក៏មានកាសែតមួយចំ​នួនតាមដាន ក៏ឃើញបង្ហាញនូវភាពល្អរបស់កម្ពុជា។

(៤១) វត្តមានមេដឹកនាំហ្វ្រង់កូហ្វូនីនឹងជួយលុបបំបាត់ទស្សនៈអវិជ្ជអំពីសន្តិសុខនិងស្ថិរភាពនៅកម្ពុជា

បន្តិចទៀត យើងធ្វើម្ចាស់ផ្ទះហ្វ្រង់កូហ្វូនីលើកទី២០។ អាទិត្យក្រោយនេះ យើងនឹងបង្ហាញពិភពលោកបន្ថែមទៀត។ ជាពិសេសប្រទេសហ្វ្រង់កូហ្វូនីច្រើនណាស់ពីអាហ្វ្រិក អឺរ៉ុបពីអីមក ដែលអត់ស្គាល់កម្ពុជា។ ឮថា កម្ពុជាអសន្តិសុខ ឮកម្ពុជាមានសង្គ្រាមព្រំដែន អត់ហ៊ានមក។ ឥឡូវមេដឹកនាំមកច្រើនប៉ុណ្ណេះនឹងជួយលុបបំបាត់ទស្សនៈអវិជ្ជមានពាក់ព័ន្ធទៅនឹងសន្តិសុខស្ថិរភាពកម្ពុជា។ មេដឹកនាំមក មហាអំណាចមក ហើយរៀបចំបានល្អ ក៏អរគុណណាស់ដល់ក្រុមការងាររៀបចំប្រជុំជិត ២ឆ្នាំហើយ។ ឯកឧត្តម ប្រាក់ សុខុន ដឹកនាំប្រជុំរៀបចំគ្រប់យ៉ាងទាំងប៉ូលីសទាំងអី។ យើងឃើញមានសមក្បួន(បដិសណ្ឋារកិច្ច)។ យើងបានរៀបចំច្រើន ត្រៀមបង្ហាញអំពីវប្បធម៌ សិល្បៈរបស់យើង ពីការត្បាញសូត្រ ពីស្អីរបស់យើងឲ្យ(គេ)ដឹង។ មានពិព័រណ៍របស់ប្រទេសផ្សេងៗ យកមកដាក់បង្ហាញដែរ។ មិនថាអ្នកពោធិ៍សាត់ អ្នកនៅណាក៏ដោយ ក្នុងនាមជាខ្មែរទាំងក្នុង និងក្រៅប្រទេស គួរមានមោទនភាពជាតិក្នុងនាមជាខ្មែរ និងមិនគួរមានទស្សនៈទុទិដ្ឋិនិយមអំពីរឿងនេះទេ។ អ្នកនយោបាយ ឬមិននយោបាយ រឿងអ្នកឯងប្រឆាំងរដ្ឋាភិបាល ប្រឆាំងអី ប៉ុន្តែនេះរឿងខ្មែរ។ រដ្ឋាភិបាលគ្រាន់តែចាត់ចែងឲ្យល្អក្នុងនាមជាប្រជាពលរដ្ឋខ្មែរទាំងអស់ទេ។ អញ្ចឹងបានផលគឺកម្ពុជាយើង។

(៤២) “ពួកហ្នឹងមិនមែនជាខ្មែរទេ … តាំងពីសង្គ្រាមព្រំដែន មួយថ្ងៃៗ វាយប្រហារតែទាហានខ្លួនឯង …”

បើខ្មែរបង្ហាញរូបភាពល្អ អ្នកឯងធ្វើការនៅកូរ៉េ អ្នកឯងធ្វើការនៅអាមេរិក រស់នៅឯណា ទៅជួបគេ ប្រាប់(គេថា)ខ្មែរ គេថា អូ! ឃើញតាមទូរទស្សន៍ មេដឹកនាំបរទេសទៅច្រើន។ អញ្ចឹង គួរមានមោទនភាពទាំងអស់គ្នាទៅ។ ពួកនាយវៀចនាយអីហ្នឹងជេរចុះ ព្រោះអ្នកឯងមិនមែនជាខ្មែរ។ ខ្ញុំមើលពួកហ្នឹងមិនមែនជាខ្មែរទេ។ រិះគន់តែរហូត។ ខ្លួនខ្មែរ ប៉ុន្តែមួយថ្ងៃៗ តាំងពីមានសង្គ្រាមព្រំដែន វាយតែទាហានខ្លួនឯង។ ធ្វើអីធ្វើទៅចុះ … តែខ្ញុំបានហៅឈ្មោះទៀតហើយ។ ថ្ងៃមុន ខ្ញុំបង្អាប់អត់គាត់មួយនោះរឿងព្រំដែន។ អ្នកផ្សេងច្រ​ណែន។(អញ្ចឹង)ខំយកឈ្មោះខ្ញុំទៅវាយ។ ខ្ញុំមិនឆ្លើយ។ ម្តងនោះមានលោកវៀចហ្នឹង។ ខ្ញុំហៅឈ្មោះទៅបានទៅធ្វើប្រធានបទមួយអាទិត្យ។ គេថាឡើងកូដហើយ បាននាយករដ្ឋមន្ដ្រីនិយាយ(ត) … ថ្ងៃនេះ មេឃស្រទំតាំងពីងងឹតដល់ថ្ងៃ។ ប្រជាពលរដ្ឋត្រូវត្រឡប់ទៅវិញ។ ប៉ុន្តែតាមសួរថាប្រជាពលរដ្ឋនៅមិនឆ្ងាយទេ។ អ្នកនៅក្បែរៗនេះភាគច្រើន។ អញ្ជើញមកពីបាកាន កណ្ដៀង មកទីក្រុង។ អញ្ចឹង អាចត្រឡប់ទៅវិញ សល់ពេលដាំបាយ។ ប៉ុន្តែខាងក្រុមការងារក៏ត្រូវការដឹកជញ្ជូនទាំងស្បៀងទាំងអី។

(៤៣) “ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ជាទំនាក់ទំនងប្តីប្រពន្ធ … នៅជាមួយនិងបន្តជួយគ្នាតទៅទៀត”

សូមធ្វើដំណើរឲ្យបានសុវត្ថិភាព។ សូមអរគុណណាស់ ចំពោះការអញ្ជើញចូលរួមនៅថ្ងៃនេះ។ អរគុណចំពោះការបន្តការជឿទុកចិត្ត ផ្តល់ឱកាសទៅដល់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ សម្តេចថ្នាក់ដឹកនាំគណបក្ស ក្រុមការងាររបស់គណបក្សចុះជួយ បូកជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលនឹងបន្តបម្រើប្រជាពលរដ្ឋតទៅទៀត។ សូមអ៊ំ ពូ មីង បងប្អូន បន្តជឿទុកចិត្ត និងបន្តចាត់ទុកថា ទំនាក់ទំនងរបស់អ៊ំពូមីងជាមួយរាជរដ្ឋាភិបាល ជាទំនាក់ទំនងប្តីប្រពន្ធ។ ពេលខ្លះឆកល្វែង។ យើងកែលម្អ នៅជាមួយគ្នា សុភមង្គលជាមួយគ្នា មិនថាក្តៅ មិនថាត្រជាក់ មិនថាភ្លៀង មិនថាទឹកជំនន់ ទឹករាំង(ស្ងួត) សង្គ្រាមគ្រាប់ធ្លាក់ យើងនៅជាមួយគ្នា និងបន្តជួយគ្នាតទៅទៀត។ សូមជឿទុកចិត្តតែប៉ុណ្ណឹង។ សូមអរគុណនិងជូនពរ ត្រឡប់ទៅវិញ ដោយសុវត្ថិភាព ហើយទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែវិច្ឆិកា ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនអំពីប្រពៃណីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាចំពោះសុខទុក្ខប្រជាពលរដ្ឋ៖
beylikdüzü escort escort beylikdüzü beylikdüzü escort