របាយការណ៍នេះ គឺជារបាយការណ៍លើកទី៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានវិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់។ លទ្ធផលនៃការស្ទង់មតិ ដែលបានរៀបចំឡើង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ឆមាសទី២ ឆ្នាំ២០២៥ កន្លងទៅ នៅតែបានបង្ហាញឱ្យឃើញពីសេចក្តីពេញចិត្តខ្ពស់របស់វិស័យឯកជន លើវិធានការនិងប្រសិទ្ធភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងគុណភាពនៃកិច្ចសន្ទនានិងកិច្ចសហការរវាងរដ្ឋនិងវិស័យឯកជន។ ជារួម ការដាក់ចេញនូវវិធានការនេះ អាចបង្កើនលទ្ធភាពដល់ក្រុមហ៊ុនក្នុងការវិនិយោគលើវិស័យផ្សេងៗ និងពង្រីកប្រតិបត្តិការអាជីវកម្មបន្ថែម។ ទន្ទឹមនេះ ក្នុងចំណោមអ្នកស្ទង់មតិនៅតែវាយតម្លៃថា ការធ្វើកំណែទម្រង់លើអភិបាលកិច្ច បទប្បញ្ញត្តិច្បាប់ និងពន្ធដារ មានឥទ្ធិពលខ្លាំងជាងគេបំផុតលើអាជីវកម្ម។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ បានកាន់តែខិតជិតទៅសម្រេចបានពេញលេញ១០០% ហើយវិធានការសម្រេចបានពេញលេញមានចំនួន ១៧៣ (ស្មើនឹងប្រមាណ ៩៦.៦% នៃវិធានការសរុបចំនួន ១៧៩) កើនឡើង ៤វិធានការ បើធៀបនឹងការអនុវត្តក្នុងឆ្នាំ២០២៥ ខណៈវិធានការដែលកំពុងត្រូវបានអនុវត្តនៅសល់ត្រឹមតែចំនួន ៦វិធានការ ស្មើនឹងប្រមាណ ៣,៤% នៃវិធានការសរុបតែប៉ុណ្ណោះ។ វិធានការដែលកំពុងត្រូវបានអនុវត្តទាំង៦នេះ ភាគច្រើនសម្រេចបានវឌ្ឍនភាពសំខាន់ៗនិងកំពុងអនុវត្តជាប្រចាំសំដៅឈានទៅរកការសម្រេចបានពេញលេញនាពេលខាងមុខ៕




