សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ បញ្ជាឲ្យអាជ្ញាធរខេត្តតាមព្រំដែន ជួយសម្របសម្រួលចំពោះការរកស៊ីរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង

CNV:


ឯកឧត្ដម លោកជំទាវ អភិបាលខេត្ត ទាំងបណ្ដាខេត្តនៅតាមតំបន់ព្រំដែន ទាំងព្រំដែនជាមួយថៃ ទាំងព្រំដែនជាមួយវៀតណាម ទាំងព្រំដែនជាមួយឡាវ ក៏ដូចជាស្ថាប័នដែលមានការពាក់ព័ន្ធ!

កន្លងទៅយើងបានធ្វើពង្រឹងចត្តាឡីស័ក ពង្រឹង និងគ្រប់គ្រងការចេញចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ ពង្រឹងចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូលនៃជំងឺពីក្រៅប្រ ទេសចូលមកក្នុងប្រទេស ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីជាមួយគ្នានៅតែបន្តធ្វើធម្មតា។ សូមស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ។ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក។ ហើយរថយន្តថៃបែរជាចូលមកក្នុងប្រទេសរបស់យើងវិញបាន។

បើសិនជាយ៉ាងដូច្នេះ ខ្ញុំសុំឲ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា។ ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ។ មិនអាចខាងថៃដឹកទំនិញចូលមកក្នុងប្រទេសយើងបាន ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើងមិនអាចដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពា​ណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា។ ខ្ញុំសុំឲ្យបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឲ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការសម្រួលពីអាជ្ញាធររបស់យើងផង។

កូវីដ-១៩ វាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ។ ខ្ញុំសូមស្នើឲ្យ​សម្ដេចក្រឡាហោមបញ្ជាក់ឲ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ? សូមឲ្យដកថយនូវបទបញ្ជានោះវិញ ព្រោះថាជំងឺកូវីដ-១៩ អត់មាននៅនឹងទំនិញទេ។ ទំនិញយើងដឹកទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកចូលមកកម្ពុជា ថៃដឹកមកកម្ពុជា វាអត់មានកូវីដ-១៩ទេ បញ្ហាសំខាន់របស់យើង គឺយើងពង្រឹងគ្រប់គ្រងការធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។ អញ្ចឹងទេ សូមឲ្យយកចិត្តទុកដាក់ទៅលើការពង្រឹងនូវការធ្វើចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវបង្កលក្ខណៈសម្បត្តិឲ្យប្រជាពលរដ្ឋបានទទួលការរកស៊ីនៅតាមព្រំដែន កាន់តែបង្កលក្ខណៈឲ្យការរកស៊ីកាន់តែធំទៅៗ ព្រោះទីផ្សាររបស់យើងគឺពឹងពាក់ទៅលើទីផ្សារជិតខាងហ្នឹងក៏ច្រើន ខាងមិត្តក៏មានការពឹងពាក់រកស៊ីចូលមកយើងក៏ច្រើន យើងក៏នាំចេញទៅប្រទេសជិតខាងក៏ច្រើនដែរ។

ដូច្នេះសូមបន្តលើបញ្ហានេះឲ្យបានច្បាស់លាស់ ចៀសវាងការភាន់ច្រឡំ ហើយការចេញបទបញ្ជាណាមួយទាក់ទងនឹងព្រំដែន សូមឲ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវទៅលើកិច្ចការទាំងនយោបាយក្នុងប្រ​ទេស និងនយោបាយក្រៅប្រទេស។ កន្លងទៅ យើងក៏មានការចេញបទបញ្ជាទប់ស្កាត់មិនឲ្យនាំចូលត្រីពីខាងក្រៅ ដែលអាចខុសទៅនឹងបទដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌ AFTA គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ ដូច្នេះ យើងបានធ្វើការកែតម្រូវទៅខាងក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាម ដែលអាចធ្វើឲ្យមានបញ្ហា។ នេះជារឿងដែលត្រូវចាត់ការបន្ទាន់ ហើយខ្ញុំទទូចឲ្យខេត្តនៅតាមព្រំដែនយកការទទួលខុសត្រូវ ហើយសុំឲ្យរាយការណ៍ឲ្យត្រង់មកខ្ញុំតែម្ដងបើសិនជាមានបញ្ហាទាក់ទិននឹងការរអាក់រអួលលើបញ្ហាពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ