នៅព្រឹកថ្ងៃទី២៦ មករា ដែលជាថ្ងៃទី៣នៃការស្នាក់នៅបំពេញការងារ នៅសាធារណរដ្ឋឥណ្ឌា បណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងសាធារណរដ្ឋឥណ្ឌា បានយាង និងអញ្ជើញជាព្រះរាជអធិបតី និងអធិបតីដ៏ខ្ពង់ ខ្ពស់ ក្នុងពិធីទស្សនាក្បូនព្យូហយាត្រា នៃទិវាសាធារណរដ្ឋ របស់សាធារណរដ្ឋឥណ្ឌា។ ពិធីផ្លូវការដែលប្រារព្វធ្វើឡើង នៅចំកណ្តាលទីក្រុងញ៉ូវដែល្លី បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា ក៏ដូចជាប្រជាពលរដ្ឋឥណ្ឌាគ្រប់ស្រទាប់វណ្ណៈបាន យាង និងអញ្ជើញចូលរួមពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត របស់ប្រទេស និងប្រជាជនឥណ្ឌា ក្រោមអាកាសធាតុត្រ ជាក់ ៨អង្សាសេ និងផ្ទៃមេឃចុះអព័ង្ស។ នៅក្នុងពិធីព្យូហយាត្រានោះ បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា បានទតនិង តាមដានយ៉ាងយកចិត្តទុកដាក់ ពីការដង្ហែរក្បូនតាមបែបប្រពៃណីរបស់ឥណ្ឌា ការហែរក្បូនយន្ត សេះ សត្វអូដ ការហែក្បូនយោធា និងយុទ្ធភណ្ឌយោធា រួមទាំងការហែរក្បូនពីប្រពៃណីសាសនារបស់ប្រទេសឥណ្ឌា តាមបែបផែននីមួយៗ។
គួបញ្ជាក់ថា សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ៣លាន២៨៧ពាន់ ២៦៣គីឡូម៉ែត្រការ៉េ ចែកជា២៩រដ្ឋ និង៧ដែនដី ចំណុះរដ្ឋសហភាព មានព្រំប្រទល់ជាប់ និងប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ានិម៉ារ ចិន នេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជាជនសរុបចំនួន១ពាន់ ២៧០លាននាក់ តួលេខក្នុង ខែកក្កដា ឆ្នាំ២០១៦។ ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ ខែមករាឆ្នាំ១៩៥០។ ប្រជាជនកាន់សាសនាហ៊ិនឌូមាន៨០,៥០% ម៉ូស្លីម១៣,៤០% និងជំ នឿផ្សេងៗជាង៦%។ ស្ថានភាពសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦កន្លងទៅ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ៧,៦% ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ស្មើនិង ១ពាន់៧០៩,៦ ដុល្លាអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យកសិកម្មមាន១៧,៤% ឧស្សាហកម្មមាន២៨,៨% និងសេវាកម្មមាន៤៦,២% ជាមួយគ្នានេះទំហំពាណិជ្ជកម្មនៃការនាំចេញរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨,៦ពាន់លានដុល្លា ឯការនាំចូលមានទឹកប្រាក់សរុប ៣៧៦,១ពាន់លានដុល្លា។
នៅក្នុងពិធីដង្ហែរក្បូននោះ ក៏មានការ បង្ហាញនូវយុទ្ធចម្បាំងទាំងផ្នែកកងទ័ពជើងទឹក ជើងគោក និងជើងអាកាស ដែលផលិតនៅសាធារណរដ្ឋឥណ្ឌា។ បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា ក៏ដូចជាប្រជាពលរដ្ឋឥណ្ឌាទាំងអស់ ដែលបានយាងនិងញ្ជើញចូលរួមថត និងទស្សនាពិធីហែក្បូណព្យូហយាត្រានោះ សុតតែបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍនូវសមត្ថភាពដ៏រស់រវើក និងប៉ិនប្រសព្វពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌា ក្នុងការកសាងសេដ្ឋកិច្ចលំដាប់អន្តរជាតិ ពិសេសការកសាងនូវអាវុធយន្តភណ្ឌនានា ក្នុងវិស័យការពារជាតិ ក៏ដូចជាការកសាងសមត្ថភាពជំនាញនានា។
សូមបញ្ជាក់ដែរថា នៅក្នុងក្បូនព្យូហយាត្រានោះ បានចំណាយពេលប្រមាណ១ម៉ោងនិង៣០នាទី ដោយបានបង្ហាញពីគ្រប់ផ្នែកទាំងអស់ ពិសេសការអភិវឌ្ឍបច្ចេកវិទ្យា និងគ្រឿងយុត្តភណ្ឌនានារបស់ឥណ្ឌា។