ពិធីរំឭកខួប២៥ឆ្នាំនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក បង្ហាញពីភាព​ជោគជ័យ​នៃការ​ងារ​អភិរក្ស​រមណីយ​ដ្ឋាន​អង្គរ

ពិធីរំឭកខួប២៥ឆ្នាំនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានរៀបចំឡើងជាមួយនឹងអ្នកចូលរួមរាប់ពាន់នាក់ នៅមុខប្រាសាទអង្គរវត្ត នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា។

ក្នុងពិធីអបអរសាទរនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រីបានថ្លែងសាររំឭកឡើងវិញ អំពីការដាក់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ធ្នូ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមកិច្ចខិតខំប្រែងរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងការពុះពាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញលក្ខខណ្ឌដែលអង្គការយូណេស្កូតម្រូវ ដូចជា ការកំណត់ព្រំនៃតំបន់ការពារ ការបង្កើតច្បាប់បេតិកភណ្ឌ ការបង្កើតស្ថាប័នទទួលខុសត្រូវលើការងារអភិរក្សបេតិកភណ្ឌ ជាដើម។ ជាពិសេស គឺការនាំមកនូវសន្តិភាពពេញលេញលើផ្ទៃប្រទេសក្នុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យអង្គរបានរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ក្លាយជាបេតិកភណ្ឌពិភពលោកពេញលេញក្នុងឆ្នាំ២០០៤។ បច្ចុប្បន្ន អង្គរក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក និងភ្ញៀវទេសចរអន្តរជាតិរាប់លានអ្នកបានចាត់ទុកអង្គរជាគោលដៅទស្សនាក្នុងក្តីស្រមៃរបស់ខ្លួន។

ក្នុងពិធីដ៏មានអត្ថន័យនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក៏បានរំឭកឡើងវិញនូវវឌ្ឍនភាពនៃការងារអភិរក្សរមណីយដ្ឋានអង្គររយៈពេល២៥ឆ្នាំកន្លងមក។ សមិទ្ធផលជាអាទិ៍គឺ ប្រាសាទសំខាន់ៗជាច្រើនត្រូវបានសង្គ្រោះ ប្រព័ន្ធទឹកបុរាណជាច្រើនត្រូវបានស្តារប្រើប្រាស់ឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធជុំវិញរមណីយដ្ឋានត្រូវបានរៀបចំដើម្បីបម្រើដល់វិស័យទេសចរណ៍ បរិស្ថានអង្គរត្រូវបានការពារ សហគមន៍អង្គរត្រូវបានលើកតម្កើងនិជួយជ្រោមជ្រែង។ល។ ជាពិសេស កំណើនទេសចរបានជួយដល់ជីវភាពអ្នកអង្គរជាច្រើនទាំងដោយផ្ទាល់ និងប្រយោល។

ក្នុងពិធីដ៏ពិសេសវិសាលនេះ ក៏មានការសម្តែងសិល្បៈដែលជាបេតិកភណ្ឌអរូបីមួយចំនួនដូចជា របាំព្រះរាជទ្រព្យ និងចាប៉ីដងវែងជាដើម រួមនឹងរបាំសិល្បៈជាច្រើនទៀត ដែលធ្វើឲ្យអ្នកចូលរួមកម្មវិធីមានអារម្មណ៍រំភើបសប្បាយរីករាយ នឹកឃើញដល់សម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរនាអតីតកាល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ