សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុន Greenland Holding Group និង ក្រុមហ៊ុន Henan Transport Investment Group ចូលជួបសំដែងការគួរសម

នៅរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ដដែលនេះដែរ បន្ទាប់ពីបានអនុញ្ញាតឲ្យក្រុមហ៊ុន China Road & Bridge Corporation ចូលជួបសម្ដែងការគួសមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាតអោយ លោក ហ្សាង យូលាង ( Zhang Yuliang)

ប្រធានក្រុមហ៊ុន Greenland Holding Group និង លោក ឆេង រីសេង (Cheng Risheng) ប្រធានក្រុមហ៊ុន Henan Transport Investment Group ចូលសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងវិនិយោគ នៅកម្ពុជា នៅផ្ទះសំណាក់រដ្ឋចិន នាទីក្រុងប៉េកាំង។ កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួប លោកប្រធានក្រុមហ៊ុន Zhang Yuliang នៅភ្នំពេញម្តងរួចមកហើយ អំពីគោលបំណងពង្រីកគម្រោងវិនិយោគនៅកម្ពុជា។ នៅថ្ងៃនេះ សម្តេចតេជោ ក៏បានជួបនិងស្វាគមន៍ក្រុមហ៊ុនដៃគូមួយទៀតគឺ Henan Transport Investment Group ដែលមានបំណងបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។ លោកប្រធានក្រុមហ៊ុនទាំងពីរបានមានប្រសាសន៍ជម្រាបបញ្ជាក់ជូន សម្តេចតេជោ សារជាថ្មីចំពោះគោលបំណងវិនិយោគនៅប្រទេសកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍស្របគ្នាទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ជូនសម្តេចតេជោ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យ៤ គឺ ១)ការសាងសង់ផ្លូវល្បឿនលឿន ២)ការកសាងទីក្រុងរណប និងមជ្ឈមណ្ឌលសិក្សាធិការ និងវិជ្ជាជីវៈ ៣) គម្រោងសំណង់អាគារបម្រើវិស័យទេសចរណ៍ និងកន្លែងកំសាន្តខ្នាតអន្តរជាតិ និង៤)ធនា គារវិនិយោគខ្នាតធំ។ លោកប្រធានក្រុមហ៊ុន Greenland Holding Group ពេញចិត្តចំពោះការដឹកនាំរបស់ សម្តេចតេជោ ដែលធ្វើអោយប្រទេសមានសុខសន្តិភាព ហើយទន្ទឹមនឹងនោះ គឺ សម្តេចតេជោ មានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលបានផ្តល់នូវភាពកក់ក្តៅចំពោះក្រុមហ៊ុនរបស់លោក។ កន្លងមក ក្រុមហ៊ុន Greenland Holding Group បានវិនិយោគលើវិស័យសំណង់ និងអចលទ្រព្យលើទឹកប្រាក់ ៥០០លានដុល្លារួចហើយនៅកោះ ពេជ្យ។ គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខ។ ក្រោយពីបានជួបសំណេះសំណាលជាមួយ សម្តេចតេជោ នៅទីក្រុងភ្នំពេញកាលពី១០ថ្ងៃមុន និងបានជួបម្តងទៀតនៅថ្ងៃនេះ លោកប្រធានក្រុមហ៊ុន Zhang Yuliang បានបញ្ជាក់ប្រាប់ សម្តេចតេជោ សារជាថ្មីថា ក្រុមហ៊ុនលោក នឹងបន្តវិនិយោគលើទឹកប្រាក់ ៧,០០០លានដុល្លារ ថែមទៀតលើគម្រោងទាំង៤ ខាងលើ។ សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនៅកម្ពុជា។ ចំពោះការបើកធនាគារ គឺសម្តេចតេជោ នឹងផ្តល់ ជូនអាជ្ញាប័ណ្ណធនាគារដល់ក្រុមហ៊ុនហើយ សម្តេចបានបញ្ជាក់សារជាថ្មីអំពីភាពអនុគ្រោះរបស់កម្ពុជា ពោលគឺក្រុមហ៊ុនវិនិយោគបរទេសអាចប្រើប្រាស់ទុនខ្លួនឯង ១០០% ដោយមិនចាំបាច់មានដៃគូវិនិយោគក្នុងស្រុកឡើយ។ អនុស្សារណៈវិនិយោគមួយចំនួននឹងចុះហត្ថលេខា រួមទាំងអាជ្ញាប័ណ្ណធនា គារ និងប្រគល់ជូនក្រុមហ៊ុននៅក្នុងពេលដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋ មន្រ្តី លី ឃឺចៀង (Li Keqiang) នៅប្រទេសកម្ពុជានៅខែមករា ២០១៨ ខាងមុខនេះ ដែលស្របគ្នានិងខួប៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរកម្ពុជាចិន។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចតេជោ យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានគាំទ្រ និងលើកទឹកចិត្តចំពោះការវិនិយោគនៅកម្ពុជា។ លោកទាំងពីរក៏បានជម្រាបជូន សម្តេចតេជោ ថាក្រុមហ៊ុនលោកនឹងសហការជាមួយក្រសួងពាក់ព័ន្ឋនានាដើម្បីខិតខំរៀបចំបែបបទឲ្យបានហើយរួចរាល់មុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីចិននៅខែមករាឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅពេលក្រុមហ៊ុននេះវិនិយោគនៅកម្ពុជា គឺនឹងផ្តល់ការងារដល់ពលរដ្ឋខ្មេរប្រមាណជាង២ម៉ឺននាក់។ កិច្ចប្រជុំពិភាក្សាគឺបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែងជាមួយនឹងលទ្ឋផលល្អសម្រាប់កម្ពុជាយើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ