នៅរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមហ៊ុនប្រតិភូក្រុមហ៊ុន China Road & Bridge Corporation ចូលជួបសំដែងការគួរសម នៅផ្ទះសំណាក់រដ្ឋចិន ក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សា និងស្វែងរកឱកាសវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ។
លោក Liu Qi Tao ប្រធានក្រុម ហ៊ុន China Road & Bridge Corporation បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោក បានចូលជួបសំដែងការគួរសម ដើម្បីរាយការណ៍ជូនសម្តេចពីគម្រោងមួយចំនួនដែលក្រុមហ៊ុនរបស់លោកបាននិងកំពុងអនុវត្តន៍គ្រោងវិនិយោគបន្តក្នុងប្រទេសកម្ពុជាតាមរយៈការសាងសង់ស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការជំរុញការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឯកភាពលើគំនិតផ្តួចផ្តើមក្នុងការសាងផ្លូវល្បឿនលឿន ហើយសង្ឃឹមថាក្រុមហ៊ុននឹងបោះទុនចាប់ដំណើរការឆាប់ៗខាងមុខដោយសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕