កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ជិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានានេះបានជួបពិភាក្សាជាមួយឯកឧត្តម អាន់ តូញ៉ូ ហ្គុយតេរេស (Antonio Guterres) អគ្គលេខាធិការអង្កការសហប្រជាជាតិ។ នៅក្នុងជំនូបដ៏មានសារសំខាន់នេះ ភាគីទាំងពីរបានស្វាគមន៏គ្នាទៅវិញទៅមកប្រកបដោយភាពស្និតស្នាល ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ប្រាប់ឯកឧត្តមអគ្គលេខាធិការអង្កការសហប្រជាជាតិថា ថ្មីៗនេះកម្ពុជាបានរកឃើញនូវគ្រាប់បែកគីមីក្នុងទឹកដីកម្ពុជាដែលអាមេរិចទំលាក់ចុងទស្សវត្សទី៦០ និងដើមទស្សវត្ស៧០ ដែលរយៈពេលប្រមាណ៤០ឆ្នាំនេះពលរដ្ឋកម្ពុជាបាន និងកំពុងរងគ្រោះដោយឥទ្ធិពលរបស់វា។ ទាក់ទងបញ្ហានេះសម្តេចក៏បានបញ្ជាក់ថា កម្ពុជាបានធ្វើលិខិតផ្លូវការបញ្ជូនទៅកាន់អង្គការអន្តរជាតិផ្នែកអាវុធគីមីហើយដើម្បីជួយកម្ពុជា។ ទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងជំនូបនេះឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងនូវការគោរពចំពោះការពលីជីវិតរបស់កងទ័ពមួកខៀវរបស់កម្ពុជាដែលបានបាត់បង់ជីវិតចំនួន៤នាក់កាលពីពេលកន្លងទៅ ក្នុងបេសកកម្មចូលរួមថែរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរាយការណ៏ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កងទ័ពមួកខៀវរបស់កម្ពុជានោះគឺ បានចូលរួមការពារសន្តិភាពពិភពលោកសុទ្ធសាត។
នៅក្នុងជំនូបដ៏មានអត្ថន័យនេះ ឯកឧត្តមក៏បានជំរាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា ឯកឧត្តមបានស្នើទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិផងដែរអោយមានការបង្កើនចំនួនកងទ័ពមួកខៀវក្រោមឆ័ត្រអង្កការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងអំពើភារវកម្មផង និងការពារសន្តិភាពផង ហើយ ឯកឧត្តមសង្ឃឹមថា ការប្រឆាំងភារវកម្មនេះ ក៏នឹងជួយពង្រឹងថែមទៀតក្នុងការជួយថែរក្សាការពារសន្តិសុខកងទ័ពមួកខៀវក្នុងបេសកកម្ម។ ស្របជាមួយគ្នានេះឯកឧត្តមក៏បានបញ្ជាក់ជំរាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា ឯកឧត្តមនឹងជំរុញយកចិត្តទុកដាក់ថែមទៀតចំពោះកងទ័ពមួកខៀវ ទាំងកម្ពុជា និងបណ្តាប្រទេសនានដែលបានចូលរួមជាមួយអង្គការសហប្រជាជាតិ ស្របតាមការផ្តាំផ្ញើយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាការឆ្លើយតបសម្តេចតេជោនាយរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានលើកឡើងអំពីការយកចិត្តទុកដាក់ចំពោះកងទ័ពមួយខៀវកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា បើទោះបីកន្លងទៅកងទ័ពមួកខៀវកម្ពុជាធ្លាប់ជួបបញ្ហាក្នុងពេលបំពេញការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ ក៏កម្ពុជាមានចិត្តលៈបង់ដើម្បីសន្តិភាពពិភពលោកទាំងមូល។ នៅក្នុងជំនូបនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា កន្លងទៅ ក៏ដូចជាបច្ចុប្បន្នគឺកម្ពុជាតែងតែធ្វើការបណ្តុះបណ្តាល បំពាក់បំបនជាច្រើនដល់យោធាកម្ពុជា មុននឹងទៅបំពេញបេសកកម្មជាមួយអង្គការសហប្រជាជាតិ។ យ៉ាងណាក៏ដោយសម្តេចតេជោនាយរដ្ឋមន្រ្តីក៏បានមានប្រសាសន៏ជំរុញបន្ថែមអោយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាតិជួយពង្រឹងថែមទៀតចំពោះសុខសុវត្ថិភាពកងទ័ពមួកខៀវកម្ពុជាក្នុងពេលបំពេញបេសកកម្មការងារ។ ក្រៅពីនេះឯកឧត្តមអគ្គលេខាធិការរបស់អង្កការសហប្រជាជាតិបានមានប្រសាសន៏កោតសរសើរកម្ពុជាថា ជាប្រទេសដែលមានការលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេសមានកំណើនសេដ្ឋកិច្ចខ្ពស់។ ទាក់ទងនឹងគោលនយោបាយសង្គមកិច្ចរបស់ជាតិកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៏អំពីការសំរេចបានរបស់កម្ពុជាផងដែរពីអត្រាមរណៈភាពម្តាយនិងទារកមានការថយចុះ។ ដោយឡែកទាក់ទងទៅនឹងដំណើការនៃការកាត់ទោសខ្មែរក្រហមវិញភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីដំណើរការកាត់ទោស និងអំពីបញ្ហាហិរញ្ញវត្ថុផងដែរ៕