បន្ទាប់ពីបានស្នាក់អាស្រ័យ នៃការអញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងមេដឹកនាំអាស៊ាន ជាមួយនិងមេដឹកនាំ APEC ឆ្នាំ២០១៧ នៅទីក្រុងមាត់សមុទ្រលំហែកាយដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពី ទីក្រុងលំហែរកាយមាត់សមុទ្រ ដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការ នៅទីក្រុងក្លាក ខេត្តប៉ាំប៉ាងហ្កា សាធារណរដ្ឋហ្វីលីពីន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់អាស៊ាន នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧។
នៅអាកាសយានដ្ឋានអន្តរជាតិដាណាំង វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយក រដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិ បាលវៀតណាម ថ្នាក់ដឹកនាំក្រុងដាណាំង ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជា ឥស្សរជនជាន់ខ្ពស់វៀតណាម និងឥស្សរជនការទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិក្លាស ខេត្តប៉ាំប៉ាងហ្គា សាធារណរដ្ឋហ្វីលីពីន កាលពីវេលាម៉ោង១១និង៥០នាទី ម៉ោងនៅសាធារណរដ្ឋហ្វីលីពីន។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានការ ធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម ឌែលហ្វីន ល័ររ៉េនហ្សាណា រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន លោកជំទាវ ក្លូរីយ៉ា អារ៉ូយ៉ូ អតីតប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាសមាជិកសភាហ្វីលីពីន ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ទូត បញ្ញា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណ រដ្ឋហ្វីលីពីន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីន ថ្នាក់ដឹកនាំខេត្តប៉ាំប៉ាងហ្គា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន ជាច្រើនរូប។ សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញស្នាក់នៅទីក្រុងក្លាក ខេត្តប៉ាំប៉ាងហ្គា មួយយប់ ដើម្បីអញ្ជើញទស្សន កិច្ចផែរួចពន្ធ និងទស្សនកិច្ចរោងចក្រផលិតតុក្កតារូបសត្វ និងអញ្ជើញទស្សនាទីលានវាយកូនហ្គោល មុននឹង អញ្ជើញធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងម៉ានីល ដែលនិងចាប់ផ្តើមចាប់ពីរសៀលថ្ងៃទី១២ ដល់ថ្ងៃទី១៤វិច្ឆិកា។