
មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីសម្តេចតេជោហ៊ុនសែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពី ខែ មីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលចំណាយប្រាក់ ៧៦ លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ។ ផ្លូវធំមួយខ្សែនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល និងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅតំបន់ចាក់អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុងក្រុងតាខ្មៅផងដែរ ហើយអ្នករាជធានីភ្នំពេញក៏អាចធ្វើដំណើរកាត់មហាវិថីនេះឆ្ពោះទៅផ្លូវចំការដូង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានដោយងាយស្រួលទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាក្នុងឆ្នាំ ១៩៧៩ ក្នុងខែមេសានេះ គឺរាជធានីភ្នំពេញពីមុនមិនមានការរីកចម្រើនដូចសព្វទេ ព្រោះទីក្រុងភ្នំពេញពេលនោះបានប្រែក្លាយទៅជាទីក្នុងខ្មោចទៅហើយ។ ប៉ុន្តែពេលនេះ គឺរាជធានីមានការរីកចម្រើនយ៉ាងខ្លាំង។ សព្វថ្ងៃនេះទីក្រុងភ្នំពេញមានអាគារខ្ពស់ៗជាច្រើនហើយនៅពេលខាងមុខយើងនឹងមានអាគារកំពស់ ១២៥ ជាន់ (កំពស់៥២០ម៉ែត្រ) ដែលខ្ពស់ជាងគេនៅអាស៊ី។ ទីក្រុងភ្នំពេញ កាលពីមុនមានផ្ទៃដីត្រឹមតែ ៣០០ គីឡូម៉ែត្រការ៉េ តែប៉ុណ្ណោះ តែពេលនេះបានពង្រីកផ្ទៃដីដល់ ៧០០ គីឡូម៉ែត្រការ៉េ។ សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ដើម្បីប្រើប្រាស់មហាវិថីនេះសម្រាប់ចុះចតយន្តហោះ នៅពេលមានគ្រាអាសន្នណាមួយកើតឡើង។ សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើន។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរដែនដី និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋអោយបានល្អ រួមទាំងនៅតាមតំបន់រមណីយដ្ឋានផ្សេងៗជាដើម។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រថយន្តឈ្នូលទាំងអ់ស់ សូមកុំតម្លើថ្លៃសេវាដឹកជញ្ញូនខ្លាំងពេកនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ទន្ទឹមនឹងនេះ បងប្អូនអាជីវករជាពិសេសនៅតាមរមណីយដ្ឋានានាសូមកុំតម្លើងថ្លៃម្ហូបអាហារជ្រុលខ្លាំងពេក។ យើងចំណេញតិចតែលក់បានច្រើន ហើយភ្ញៀវត្រឡប់មកវិញនោះទើបល្អ។ កុំកោរគេ កុំអោយគេមកតែម្តង ហើយបាត់។ យើងមានផ្លូវធំមែន តែសូមប្រជាពលបើកបរគោរពច្បាប់ចរាចរណ៍គ្រប់ទីកន្លែង។ សូមកុំលេងល្បែងណាដែលមិនសមរម្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃដូចជា គប់ជះទឹក ប៉ាតម្ស៉ៅជាដើម។ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះភ្លើងអគ្គីភ័យដែលអាចមានការឆាបឆេះដោយយក្យថាហេតុក្នុងពេលបុណ្យចូលឆ្នាំថ្មី។ មុននឹងបញ្ចប់សម្តេចតេជោបានអញ្ជើញបំពាក់មេដាយគ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃល្អ ក្នុងការអភិវឌ្ឍន៍។ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមបានសប្បាយរីករាយនៅក្នុងក្រុមគ្រួសារ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕










