សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​រោងចក្រទឹក​ស្អាតនិរោធ​ជំហាន​ទី២

សម្តេចអគ្គមហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​សម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការនូវរោង​ចក្រប្រព្រឹត្តិកម្ម​ទឹកស្អាតនិរោធ​ជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ។ រោងចក្រប្រព្រឹត្ត​កម្មទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយ​ក្រុមហ៊ុន​វិនស៊ីខុន​ស្ត្រាក់​ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុន​មកពីប្រទេស​បារាំង ក្រោម​ការត្រួត​ពិនិត្យដោយ​ទីប្រឹក្សាបច្ចេក​ទេសមកពី​ប្រទេសបា​រាំង​ឈ្មោះ សាហ្វែស (Safege)។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ថែមលើការ​វិនិយោគ​ដ៏ធំនេះ រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យរដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ ទទួលហិរញ្ញប្បទាន​ផ្ទាល់​លើកទី៣ ពីទីភ្នាក់ងា​របារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ព្រមទាំង​បាន​អនុញ្ញាតឱ្យ​រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​ប្រើប្រាស់​ថវិកា​បដិភាគ​របស់​ខ្លួន ដើម្បីសាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី២ ដែលមាន​សមត្ថភាព​ផលិតទឹក ១៣០​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ បន្ថែមលើសមត្ថភាព​ផលិត​ដែលមាន​ស្រាប់នៅ​ជំហានទី១ ចំនួន ១៣០​ពាន់​ម៉ែត្រ​គូបក្នុង​មួយថ្ងៃ។ គម្រោងនេះបានប្រើរ​យៈពេលសាង​សង់ ៣០ខែ ដោយប្រើថវិកា​សរុបចំនួន ៦០.​៩០​លាន​ដុល្លារអាមេរិក ក្នុងនោះ​មានថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញចំនួន ២៤.៩០ លាន​ដុល្លារ​អាមេរិក និងថវិកាកម្ចីពីទីភ្នាក់ងារ​បារាំងសម្រាប់ការអភិវឌ្ឍចំនួន ៣៦ លានដុល្លារអាមេរិក។ តាមរយៈ​រោងចក្រនេះ អង្គភាពរដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញអាចផលិតទឹកបាន ៥៦០ពាន់​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពល​រដ្ឋរស់នៅ​សង្កាត់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់​អតិថិជន ក្នុងឆ្នាំ២០១៧នេះ។

សម្តេចបានបន្តថា ថ្ងៃនេះយើង​មានរោង​ចក្រផលិត​​ទឹកស្អាតជា​​ច្រើន​​បាន​​កើតឡើង តែយើងមិនភ្លេ​ចទេ​អំពី​ការខ្វះ​ខាតទឹ​កប្រើប្រាស់ក្នុ​ងកំឡុង​ឆ្នាំ ១៩៧៩ ដោយកាល​នោះយើង​មិនមាន​ប្រព័ន្ធ​ទឹក​ស្អាត​ដូច​សព្វ​ថ្ងៃនេះ។ ជាពិសេសនៅក្នុងរាជ​ធានី​ភ្នំពេញ​ផ្ទាល់ នៅក្នុង​សម័យ​ប្រល័យ​ពូជសាសន៍​ប៉ុលពត​គឺបាន​បំផ្លាញ​ប្រព័ន្ធ​ទឹក​ស្អាតអស់។ ពេលនេះក្នុងរាជ​ធានីភ្នំពេញ​បាន​បង្កើត​ប្រព័ន្ធទឹ​កស្អាត​គ្រប់​ទីក​ន្លែង​ដើ​ម្បីបម្រើដ​ល់សេចក្តីត្រូវ​ការទឹកស្អាតដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​មកទីនេះ​ម្តងហើយ​កាលពីឆ្នាំ ២០១៣ ក្នុងការសម្ភោធរោង​ចក្រប្រព្រឹត្ត​កម្មទឹកស្អាតនិរោធ ជំហានទី១ ហើយ​ថ្ងៃនេះ​បានអញ្ញើញ​មកលើកទី២ ក្នុងការសម្ភោធរោងចក្រប្រព្រឹត្តកម្មទឹក​ស្អាតនិរោធជំហានទី២។ ទន្ទឹម​នឹងនេះ សម្តេចជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍ ៣ចំនុចសំខាន់ៗ ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​ទឹកស្អាត​ជូនប្រជាពល​រដ្ឋរស់នៅទីក្រុងភ្នំពេញ: ១)កន្លងមកឃុំមួយចំនួនដែល​ស្ថិតនៅក្នុង​ខេត្តកណ្តាល​មិនទាន់​កាត់ចូល​ក្នុងរាជ​ធានីភ្នំពេញ នឹងការប្រើប្រាស់តំលៃទឹកក៏មាន​ការខុសគ្នា​ពីរាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែឃុំទាំងអស់នោះ​ត្រូវបានកាត់​ចូលរាជ​ធានីភ្នំពេញ ដូច្នេះ​តម្លៃទឹកគឺត្រូវ​សម្រួល​អោយ​ប្រហាក់​ប្រហែលគ្នា។ ២)សូមអោយរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា​ពិភាក្សា​គ្នាក្នុងប្រើ​ប្រាស់​អគ្គិសនី សម្រាប់​បូមទឹក ផលិតទឹក ដើម្បីធ្វើយ៉ាងណា​ចំណាយ​លើអគ្គិសនី​ក្នុងតំលៃ​សមរម្យ បើសិន​ជាអាច​គួរ​ប្រើប្រាស់​អគ្គិសនីក្នុង​ពេលយប់ ព្រោះពេលថ្ងៃមាន​ចំនួនអ្នក​ប្រើប្រាស់ច្រើន។ ដូច្នេះអគ្គិសនី រដ្ឋាករទឹក រាជធានី​ភ្នំពេញ ក្រសួងរ៉ែ និង ថាមពល ក្រសួងឧស្សាហកម្ម ត្រូវសហកា​រគ្នា​ដោះស្រាយ​បញ្ហារ​នេះអោយ​មាន​ប្រសិទ្ធភាព។ ៣)សម្តេចតេជោ ហ៊ុន សែន បានស្នើអោយ​ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋាក​រទឹក​ក្រុងភ្នំពេញ និងអគ្គិសនី​កម្ពុជាត្រូវ​ពិភាក្សាគ្នា ក្នងការ​សម្រប​សម្រួល​កំណត់​តំលៃ​អគ្គិសនី ដើម្បីផ្តល់ជូន​ដល់ប្រព័ន្ធ​រោងចក្រ​ផលិត​ទឹកស្អាត​នានា ដែលកំពុង​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាព​រដ្ឋយើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ​ចំពោះ​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចរដ្ឋាក​រទឹកកម្ពុជា ដែល​បានអនុវត្ត​អនុសាសន៍សម្តេចផ្ទាល់ដែ​លបាន​ដាក់ចេញ​ក្នុងការ​បញ្ជុះតំលៃទឹក និង​តម្លៃ​ភ្លើង​ជូន​ដល់​កម្មករ កម្មការនីដែលកំពុងបម្រើការតាមរោងចក្រនានា ដែលពីមុនតំលៃអគ្គីសនិ និង​តម្លៃ​ទឹក​ត្រូវបាន​កំណត់​ដោយ​ម្ចាស់​ផ្ទះជួល ក៏ប៉ុន្តែពេលនេះ​តំលៃ​នេះគឺត្រូវ​បានកំណត់​ដោយ​ក្រសួង ដែលបាន​និង​កំពុង​ជួយ​សម្រួល​ដល់ការ​ចំណាយ​របស់ប្រជា​ពលរដ្ឋយើង។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអរគុណដៃគូម្ចាស់ជំនួយ និងរដ្ឋាភិបាល​បារាំង​ដែល​បាន​ជួយ​ក្នុង​គម្រោង​ប្រព័ន្ឋទឹក​ស្អាតនេះ។ សម្តេចតេជោបាន​អញ្ជើញបំពាក់​មេដាយគ្រឿង​ឥស្សរិយ​យស​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃល្អក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត និងបាន​អញ្ជើញ​កាត់ខ្សែ​បូរសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវរោង​ចក្រ​ទឹកស្អាតនិរោធ​ជំហានទី២ ព្រមទាំងបានអញ្ជើញ​ទស្សនាប្រព័ន្ធ​រោងចក្រ​ចម្រោះទឹកស្អាត​ក្នុង​បរិយាកាស​រីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...