សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលសន្និសីទចតុមុខ។
ក្នុងនាមជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាផង សម្តេចអគ្គមហាពញាចក្រីបានលើកឡើងថា ស្មារតី២ធ្នូ និងស្មារតី៧មករា នៅតែបាន ចារឹកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំធេង ក្នុងការបង្កើតឡើងនូវសមិទ្ធផលនានាលើគ្រប់ វិស័យសម្រាប់សង្គមជាតិទាំងមូល។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមពន្លឺនៃសន្តិភាព និងសេរីភាព ព្រះរាជាណាចក្រកម្ពុជាយើង មានការអភិវឌ្ឍលើគ្រប់ វិស័យ។
សម្តេចបានគូសបញ្ជាក់ថា សមិទ្ធផលធំៗជាច្រើនបាននិងកំពុងរីកស្គុសស្គាយពេញផ្ទៃប្រទេស ដែលទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពី វឌ្ឍនភាពជាបន្តបន្ទាប់ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ពលរដ្ឋទាំងអស់គ្នា ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំនាពេល បច្ចុប្បន្ននេះ។
សូមជម្រាបថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលមានឈ្មោះដើមថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” បានចាប់បដិសន្ធិឡើងនៅ ក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ធ្នូ ១៩៧៨ ដើម្បីផ្តួលរំលំរបបប៉ុលពតដ៏យង់ឃ្នង រហូតទទួលបានជ័យជំនះ ដ៏ត្រចះត្រចង់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់ទាំងស្រុងនៃការវិលត្រឡប់មកវិញនូវរបបនេះជាលើកទីពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា រយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់រាជរដ្ឋាភិបាលតាមរយៈការជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និង សំខាន់ៗជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និង មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចសង្គម មានការងើបឡើងយ៉ាងឆាប់រហ័ស ដោយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យម ក្នុងរង្វង់៧ភាគរយក្នុង១ឆ្នាំ។ ដោយឡែកឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់៧% អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រានៃការអត់ការងារធ្វើមានចំនួន០,៧%។
សម្តេចបានលើកឡើងថា នៅក្នុងអាណត្តិទី៥របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រីបាននឹងកំពុងបន្តអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលជារបៀបវារៈនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខ្លួន។ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តរាល់កំណែទម្រង់ដ៏ទូលំទូលាយ និង ស៊ីជម្រៅទាំងឡាយ ដែលកាន់តែពង្រីកបាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀតដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
បច្ចុប្បន្ននេះ សង្គមជាតិរបស់យើងកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាំងនេះជាឧត្តមភាព និងជាមូលដ្ឋានគ្រឹះធ្វើឲ្យយើងមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ដើម្បីឈានទៅសម្រេចនូវគោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយប្រកបដោយវឌ្ឍនភាព និងវិបុលភាព ដែល ប្រជាជនរស់នៅយ៉ាងសម្បូរសប្បាយក្នុងសុខសន្តិភាព សេរីភាព យុត្តិធម៌ និងភាពថ្លៃថ្នូរតរៀងទៅ៕
អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន