កម្មករ​និយោជិក និងស​ម្តេចតេជោ នាយករដ្ឋមន្ត្រី គឺតែមួយ!

ដើម្បីដឹងច្បាស់ពីសុខទុក្ខបងប្អូនកម្មករ កម្មការិនី ដែលកំពុងបំរើការងារ នៅតាមបណ្តារោងចក្រសហគ្រាសនានា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានចុះជួបសំណេះ សំណាលផ្ទាល់ជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិត នៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទទួលបាននូវការស្វាគមន៍ ដោយក្តីត្រេកអរ ពីសំណាក់បងប្អូនកម្មករ កម្មការិនី ក្នុងទឹកមុខញញឹមរាក់ទាក់ជាទីបំផុត។

នៅក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះពិនិត្យ នៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់ អំពីសកម្មភាពធ្វើការ និងសាកសួរសុខទុក្ខកម្មករ-កម្មការិនី របស់យើងដោយការយកចិត្ត ទុកដាក់ខ្ពស់។ សម្តេចក៏បានថតរូប សែលហ្វី ជាមួយបងប្អូនកម្មករ កម្មការិនី ក្នុងភាព ស្និទ្ធស្នាល រាក់ទាក់ និងរីករាយក្រៃលែង។

គួរបញ្ជាក់ថា រោងចក្រសហគ្រាសគ្រប់វិស័យនៅកម្ពុជា នាពេលបច្ចុប្បន្នមានប្រមាណ ១,១៦៨ មានកម្មករ កម្មការិនីសរុបជាង ១លាននាក់ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានរោងចក្រ សហគ្រាសចំនួន ១,១០៧ មានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។ ការនាំចេញពីពេលមុន ដែលមានជាង ២០០លានដុល្លារ បច្ចុប្បន្នមានជាង ៧,០០០លានដុល្លារអាមេរិក ខណៈលទ្ធភាពនាំចេញលើគ្រប់វិស័យ មានរហូតដល់ ១២ពាន់លានដុល្លារអាមេរិក។

បើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការរីកចម្រើននៃរោងចក្រសហគ្រាស នៅកម្ពុជា នាពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងតែទាក់ទាញអ្នកវិនិយោគ ឲ្យកាន់តែច្រើនថែមទៀត មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើនការងារជូនបងប្អូនកម្មករ កម្មការិនី។

សម្តេចតេជោ បានថ្លែងទៅកាន់បងប្អូនកម្មករកម្មការិនីថា ដើម្បីបន្តបានការងារធ្វើត្រូវតែគាំទ្រ រាជរដ្ឋាភិបាលដែលអនុវត្តន៍គោលការណ៍«សុំ»ទាំង៣ គឺសុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា, សុំឱ្យបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងសុំឱ្យបរទេសជួយទិញផលិតផលកម្ពុជា។ គួរកត់សំគាល់ថា គោលការណ៍ «សុំ» ទាំង៣ គឺសម្តេច បានផ្តោតជាសំខាន់ទៅលើ បងប្អូន កម្មករ កម្មការិនី ដោយផ្ទាល់តែម្តង គឺជាអ្នកទទួលផលប្រយោជន៍ពីការខិតខំប្រឹងប្រែងតាមរយៈការ «សុំ»ទាំង៣នេះ។

ដោយគិតគូរពីការលំបាក និងសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា មុនឆ្នាំ១៩៩៧ កម្មករទទួលបានប្រាក់ខែត្រឹមជាង ៤០ដុល្លារប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាល តែងតែងខិតខំ គ្រប់លទ្ធភាពដើម្បីធ្វើការចរចាដំឡើងប្រាក់ខែរហូតដល់១៥៣ដុល្លារ ជូនកម្មករ កម្មការិនី ហើយការដំឡើង ប្រាប់ខែរបស់កម្មកររហូតមកដល់ពេលនេះ គឺមិនមានបាតដៃរបស់បក្ស ប្រឆាំងនោះឡើយ។ សម្តេចបន្តថា មានប្រទេសជាច្រើនប្រាក់ខែកម្មករ កម្មការិនីទាបជាងកម្ពុជា ក្នុងនោះប្រទេសបង់ក្លាដេស គឺមានត្រឹមតែ ៦៧ដុល្លារ, ស្រីលង្កា ៦៧ដុល្លារ, ឥណ្ឌា ៧៧ដុល្លារ, មីយ៉ាន់ម៉ា ៧៩ដុល្លារ..។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ត្រូវតែរួមគ្នាធានាថាកម្មករ កម្មការិនី កម្ពុជាមិនធ្លាក់ប្រាក់ចំណូលនោះទេ ហើយត្រូវតែ បង្កើនជានិច្ច ដែលឆ្នាំ២០១៨ មិនត្រូវឲ្យទាបជាង ១៦០ដុល្លារនោះឡើយ។

ជាមួយគ្នានេះដែរ ដើម្បីរក្សាឱ្យបាននូវស្ថិរភាពការងាររបស់បងប្អូនកម្មករ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់កម្មករ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរវាងកម្មករ និងកម្មករ ហើយក៏ត្រូវមានសាមគ្គីភាព ជាមួយថៃកែ រោងចក្រ សហគ្រាសផងដែរ ដើម្បីកម្មករយើង មានការងារធ្វើជារៀងរហូតព្រោះថា កម្មករ និងថៅកែ គឺជាដៃគូជីវិតមិនអាចខ្វះគ្នាបាន។ សម្តេចក៏បានអំពាវនាវទៅដល់កម្មករ កម្មការិនី រួមគ្នា ថែរក្សារោងចក្រ ដែលពួកគេកំពុង ធ្វើការងារ កុំឲ្យរោងចក្ររើទៅប្រទេសជិតខាង ហើយត្រូវរួមគ្នា បង្កើតការងារឲ្យបានកាន់ តែច្រើនទៀត។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកកម្មករ កម្មការិនីថា ការជំរុញ ឲ្យជីវភាពប្រជាពលរដ្ឋកាន់តែ ល្អប្រសើរ និងប្រទេសមានការអភិវឌ្ឍ រីកចម្រើន ត្រូវពឹងផ្អែកជាសំខាន់ទៅលើសុខសន្តិភាពបើគ្មានសន្តិភាព មិនអាចធ្វើទៅបាននោះទេ។

ទន្ទឹមនឹងនេះ ដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករ សម្តេចតេជោ បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួល កុំឲ្យដំឡើងថ្លៃ ពេលកម្មករឡើងប្រាក់ឈ្នួល ហើយលោកក៏បានបង្ហើបពីបំណងចង់សាងសង់បន្ទប់ប្រមាណ ៥ម៉ឺនបន្ទប់ សម្រាប់ឲ្យកម្មករស្នាក់នៅផងដែរ។ តាមរយៈការគិតគូរពីសុខទុក្ខបងប្អូនកម្មករ កម្មការិនីនេះដែរ សម្តេច បានប្រកាសជាថ្មីម្តងទៀតថាកម្មករ កម្មការិនីទាំងអស់ ដែលមានប័ណ្ណបញ្ជាក់ពីកន្លែងការងារអាចជិះ រថយន្តក្រុងក្នុងរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់គ្រប់គ្នា ហើយមិនត្រឹមតែជិះទៅធ្វើការនោះទេ ទោះជិះទៅ លេងកម្សាន្តនៅកន្លែងនានាក្នុងរាជធានីភ្នំពេញ ក៏មិនបង់ប្រាក់ផងដែរ។

ជាមួយគ្នានេះ ចាប់ពីខែមករា ឆ្នាំ២០១៨ កម្មករ កម្មការិនី គ្រប់ផ្នែកទាំងអស់ ត្រូវទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយ ឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ ហើយថ្លៃសេវានេះត្រូវចេញដោយថវិកា របស់មូល និធិសមធម៌របស់រដ្ឋ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យម្ចាស់រោងចក្រសហគ្រាស ត្រូវ អនុញ្ញាតឲ្យស្រីមានផ្ទៃពោះ អាចឈប់សម្រាករយៈពេល៣ខែ នៅពេលសម្រាលកូន ដោយទទួលបាន ប្រាក់ខែ១២០% ហើយសុំឲ្យម្ចាស់រោងចក្រអនុញ្ញាតឲ្យកម្មការី បានទៅពិនិត្យផ្ទៃពោះ បានទៀងទាត់ នៅពេលពួកគេមានផ្ទៃពោះ។ សម្តេចបន្តថា ចាប់ពីឆ្នាំ២០១៩តទៅ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ សោធននិវត្តន៍ ដូចមន្រ្តីរាជការផងដែរ, សូមកុំព្រួយបារម្ភចំពោះប្រាក់នៅពេលចាស់ជរា។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅដល់កម្មករ កម្មការិនី នៅក្រៅប្រទេសប្រមាណ ១លាននាក់ថា ប្រសិនបើគ្មានការសម្របសម្រួលពីរាជរដ្ឋាភិបាលទេ ពួកគេមិនអាចធ្វើការងារនៅក្រៅប្រទេស បាននោះទេ លើសពីនេះរាជរដ្ឋាភិបាល បាននឹងកំពុងប្រឹងប្រែងសម្រួលឱ្យកម្មករ កម្មការិនី បានធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់។

ទោះបីមានភាពមមាញឹកយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា សម្តេចនឹងឆ្លៀតពេលចុះជួបសំណេះសំណាល ជាមួយកម្មករក្នុងមួយសប្តាហ៍ពីរថ្ងៃ ក្នុងនោះថ្ងៃអាទិត្យ ជួបជាមួយប្រធានក្រុម ប្រធានផ្នែក ហើយថ្ងៃពុធ ចុះជួបកម្មករតាមរោងចក្រ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ