សុន្ទរកថាឯកឧត្តម មីហ្គែល ឌឺ សែប៉ា សូអារ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ ថ្លែងក្នុង ពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.» ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤

សុន្ទរកថាស្វាគមន៍ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (អ.វ.ត.ក.) ថ្លែងក្នុង ពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤, វេលាម៉ោង ៨:០០ នាទីព្រឹក, រាជធានីភ្នំពេញ

****************

– សូមគោរព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់;
– ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ជាទីគោរពរាប់អាន;
– ឯកឧត្តម មីហ្គែល ឌឺ សែប៉ា សូអារ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ;
– ឯកឧត្ដម អនុប្រធានអចិន្រ្តៃយ៍ អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក.;
– ឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា;
– ឯកឧត្តម ចូហ្សេប  សូអើរ (Joseph SCHEUER)  អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា
– ឯកឧត្តម ឃ្នុត រ៉ូសែនហ៊ក (Knut ROSANDHAUG) អ្នកសម្របសម្រួលភាគីអន្តរជាតិ នៃអ.វ.ត.ក.;
– ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ជាទីគោរពរាប់អាន!
ជាកិច្ចចាប់ផ្ដើម, តាងនាមឱ្យបុគ្គលិកជាតិ និងអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (អ.វ.ត.ក.) និងក្នុងនាមជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក., ខ្ញុំបាទសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញ ធ្វើជាអធិបតីក្នុង «ពិធីដាក់សម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់
អ.វ.ត.ក.» ដ៏មហាឡារិក នាថ្ងៃនេះ។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមានរបស់ ឯកឧត្តម
មីហ្គែល ឌឺ សែប៉ា សូអារ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ និងគណៈប្រតិភូអង្គការសហប្រជាជាតិ ដែលបានធ្វើដំណើរពីចម្ងាយ ព្រមទាំងឯកឧត្ដម, លោកជំទាវ, សមាជិក-សមាជិកាព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងអង្គការសហប្រជាជាតិ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវកិត្ដិយស ជាតិ និងអន្ដរជាតិ ដែលឆ្លៀតពេលដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីនេះ។
ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយយ៉ាងប្រក្យត្ស នៃការបន្តយកចិត្ដទុកដាក់ជាមួយនឹង   ឆន្ទៈដ៏មោះម៉ុតនិងការប្ដេជ្ញាចិត្ដខ្ពស់ ជាពិសេសការផ្ដល់អាទិភាពសំខាន់ របស់រាជរដ្ឋាភិបាល និងរបស់ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ទាល់ លើការលើកកម្ពស់កិច្ចសហការអន្ដរជាតិ និងរក្សាទុកនូវមរតកប្រវត្ដិសាស្រ្ដ ដែលមិនអាចកាត់ថ្លៃបានសម្រាប់បន្សល់ទុកដល់កូនខ្មែរគ្រប់ជំនាន់ ឱ្យស្វែងយល់អំពីការពិតនៃភាពយង់ឃ្នង អមនុស្សធម៌ និងការបំផ្លិចបំផ្លាញនៃរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហមក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា និងការបណ្ដុះស្មារតីស្នេហាជាតិ ការស្រឡាញ់សន្ដិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាបញ្ចៀសសង្គ្រាមក្នុងសង្គមកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ជាការពិត, សមិទ្ធផលនៃ អ.វ.ត.ក. ដ៏ថ្លៃថ្លាទាំងនេះ, គឺមិនអាចកាត់ផ្ដាច់បាន ពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្ដួចផ្ដើមបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្ដិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានាសន្ដិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។ អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាពនៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ។
ក្នុងឱកាសដ៏វិសេសនេះ ខ្ញុំបាទសូមអនុញ្ញាតគោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី និងអង្គពិធីទាំងមូល អំពីវឌ្ឍនភាព និងសមិទ្ធផលនានាពាក់ព័ន្ធនឹងការកាត់សេចក្តីរបស់ អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់អស់រយៈពេល ១៦ឆ្នាំ ជាមួយនឹងការគាំទ្រនិងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ដូចខាងក្រោម៖
 (១). បណ្ណសារតុលាការ មានចំនួនសរុប ២៣៣ ៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)
(២). កេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, និងជាពិសេស ការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង ៣ លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ និង
(៣). បានចូលរួមចំណែកដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់និងយុត្តិធម៌ តាមរយៈការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្រ្តីតុលាការនិងមន្រ្តីច្បាប់ ដូចជាការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពីអ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិនិងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ជាក់ស្តែង គំរូរដ្ឋបាលតុលាការរបស់ អ.វ.ត.ក. ត្រូវបានយកមកបង្កើត និងបាននិងកំពុងដាក់ឱ្យអនុវត្តនៅក្នុងប្រព័ន្ធតុលាការជាតិសព្វថ្ងៃ។
– សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
– ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ជាងនេះទៅទៀត, គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែសម្រេចបានទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបង្កើតនូវ លក្ខណៈដោយឡែក (Uniqueness) យ៉ាងហោចចំនួន ៥ បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺ៖
(១). បានកាត់សេចក្តីនិងផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ចាប់តាំងពីការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យពូជសាសន៍ នៅឆ្នាំ១៩៤៨មក។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
(២). បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ បើប្រៀបធៀបទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងៗទៀត។
(៣). បានធ្វើការផ្សព្វផ្សាយដោយផ្ទាល់ទៅដល់អ្នកចូលរួមជាង ៦៥០ ០០០ នាក់ តាមរយៈការអនុញ្ញាតឱ្យប្រជាពលរដ្ឋនិងជនរងគ្រោះមកតាមដានដោយផ្ទាល់សវនាការជំនុំជម្រះក្តី និងការរៀបចំឱ្យមានការធ្វើទស្សនកិច្ចសិក្សានៅក្នុងអំឡុងពេលដំណើរការកាត់សេចក្តី។
(៤). ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងការរក្សាបានយ៉ាងពេញលេញនូវអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ។ ជាងនេះទៀត ប្រទេសមួយចំនួន រួមមានបង់ក្លាដែស ស្រីលង្កា កេនយ៉ា សេណេហ្គាល់ និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល បានមកសិក្សាយកគំរូកូនកាត់នេះ ទៅរៀបចំនិងបង្កើតជាតុលាការស្រដៀងគ្នានេះ ដើម្បីវិនិច្ឆ័យទៅលើឧក្រិដ្ឋកម្មប្រល័យពូជ-សាសន៍ និងឧក្រិដ្ឋកម្មសាហាវយង់ឃ្នង។ និង
(៥). បានចំណាយថវិកាអស់តិចជាងគេ ក្នុងនោះភាគីជាតិចំណាយអស់ប្រហែល មួយភាគបួន(១/៤) និង ភាគីអន្តរជាតិចំណាយអស់ប្រហែលបីភាគបួន(៣/៤) បើប្រៀបធៀបទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងៗទៀត ដែលបានចំណាយថវិកាអស់ចន្លោះពី ៨០-១០០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ចាប់ពីឆ្នាំ២០០៦ ដល់ ២០២៣ អ.វ.ត.ក. បានចំណាយអស់ថវិកាចំនួនសរុប ប្រមាណ ៤០៧លានដុល្លារអាម៉េរិក ក្នុងនោះថវិការួមចំណែកពីសហគមន៍អន្តរជាតិមានចំនួន ២៩៣លានដុល្លារអាម៉េរិក (ស្មើនឹង៧២%), ថវិកាផ្ទាល់ពី អ.ស.ប. មានចំនួន ៦៧លានដុល្លារអាម៉េរិក (ស្មើនឹង១៦%), និង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល មានចំនួន ៤៧លានដុល្លារអាម៉េរិក (ស្មើនឹង១២%)។
– សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
– ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ខ្ញុំបាទសូមគូសរំលេចជូន សម្តេចធិបតី នាយករដ្ឋមន្រ្តី និងអង្គពិធី មេត្តាជ្រាបថា ទោះបីជាដំណើរការជម្រះក្តីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ, ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្តល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ ២០២១ ដែលរួមមានកិច្ចការគតិយុត្តមួយចំនួន រួមទាំង ការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ,  ការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់
អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួន សម្រាប់ឱ្យសាធារណជនអាចចូលមើលនិងសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ទន្ទឹមនេះ មជ្ឈមណ្ឌលធនធាន បាននិងកំពុងដាក់ឱ្យដំណើរការសម្រាប់សាធារណជនប្រើប្រាស់ពាក់នឹងកិច្ចការច្បាប់និងកិច្ចការស្វែងរកយុត្តិធម៌នានា ដូចជា (ទី១). បណ្ណាល័យនិងកន្លែងស្រាវជ្រាវ (ទី២). និហិតដ្ឋានបណ្ណសារ (Archives Repository) (ទី៣). បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលានិងតុលាការត្រាប់ (Moot Court) និង(ទី៤). គេហទំព័រថ្មីមានលក្ខណៈអន្តរសកម្ម (Interactive Features) ដែលផ្ទុកព័ត៌មានស្តីពីការស៊ើបអង្កតនិងអង្គហេតុជំនុំជម្រះក្តីទាំងអស់។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលធនធាននេះបាននិងកំពុងបន្ដអភិវឌ្ឍ និងសាងសង់ ១). បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ នៃរបបខ្មែរក្រហម និងសាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ផ្តល់កត្តិយសដ៏ខ្ពង់ខ្ពស់នឹងបញ្ចុះបឋមសិលានាថ្ងៃនេះ, និង ២). ឧទ្យានសម្រាប់ការចងចាំ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ សម្រាប់ការសាងសង់គម្រោងទាំងពីរខាងលើនេះនឹងចំណាយ ថវិកា អស់ប្រមាណ ៤៦០ ០០០ ដុល្លារអាម៉េរិក ហើយភាគីអន្តរជាតិនៃ អ.វ.ត.ក. នឹងទទួលរ៉ាប់រងចំណាយទាំងស្រុងលើការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា ឧបករណ៍ និងសម្ភារទាំងអស់ ដើម្បីឱ្យគម្រោងខាងលើ អាចដំណើរការបានប្រកបដោយលក្ខណៈស្តង់ដារ។
ជាមួយគ្នានេះ, បន្ទាប់ពីបានបញ្ចប់ការកាត់សេចក្តី របស់ អ.វ.ត.ក. ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២មក, ចាប់តាំងពីដើមឆ្នាំ២០២៣ អ.វ.ត.ក. បាននិងកំពុងអនុវត្តមុខងារសេសសល់ ដែលមានអាណត្តិបីឆ្នាំដំបូងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៥ ផ្អែកតាមផែនការគ្រោង
ទុក។ ទន្ទឹមនេះ ជាញឹកញាប់មានការលើកឡើងជាសំណួរថា «តើមានយន្តការអ្វី បន្តថែរក្សាសមិទ្ធផលនិងកេរដំណែលរបស់ អ.វ.ត.ក. ក្រោយពីការបញ្ចប់មុខងារសេសសល់របស់ខ្លួន និងក្រោយពេលដែលពិរុទ្ធជន ខៀវ សំផន ដែលកំពុងអនុវត្តទោសអស់មួយជីវិតបានស្លាប់»?។ ផ្អែកលើឧត្តមានុវត្តរបស់តុលាការដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (អ.ស.ប.) ដូចជា តុលាការព្រហ្មទណ្ឌអន្តរជាតិនៅយូហ្គូស្លាវី, តុលាការព្រហ្មទណ្ឌអន្តរជាតិនៅរវ៉ាន់ដានិងតុលាការពិសេសសេឡារ៉េអូន ក្រោយពេលបញ្ចប់យុត្តាធិការកាត់សេចក្តីជាស្ថាពររួចហើយ ភាគី អ.ស.ប. តែងតែជួយបង្កើតឱ្យមានស្ថាប័នមួយដែលមាននិរន្តរភាពនិងស្វយ័តភាពដើម្បី បន្តទទួលខុសត្រូវលើការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់សម្រាប់បម្រើឱ្យការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងការស្រាវជ្រាវជាលក្ខណៈអន្តរជាតិ។
– សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
– ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ខ្ញុំសូមយកឱកាសនេះដែរ ដើម្បីគោរពជម្រាបថា កម្ពុជា គឺជា ប្រទេសទី១មុនគេ ដែលបានទាមទារស្នើសុំបង្កើតតុលាការកូនកាត់ដំបូងជា «ម៉ូដែល អ.វ.ត.ក.» នៅក្នុងប្រទេសរបស់ខ្លួនដែលមានឧក្រិដ្ឋកម្មកើតឡើង ហើយដំណើរការកាត់សេចក្តីទទួលបានជោគជ័យ និងមានការគាំទ្រនិងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ឈរលើស្មារតីនេះ, កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីជំនួបពិភាក្សាការងារជាមួយលោកជំទាវ Alice Wairimu Nderitu អគ្គលេខាធិការរង
អ.ស.ប. និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការបង្ការអំពើប្រល័យពូជសាសន៍, សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមជ្ឈមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្តល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃ អ.វ.ត.ក.» ។ ក្រោយពីការប្រកាសនេះ លោកជំទាវ អគ្គលេខាធិការរង អ.ស.ប. តាងនាមឱ្យឯកឧត្ដម អគ្គលេខាធិការ អ.ស.ប. បានគាំទ្រទាំងស្រុងដល់រាជរដ្ឋាភិបាលដែលគ្រោងបង្កើតវិទ្យាស្ថានកេរដំណែលរបស់ អ.វ.ត.ក. និងបានបញ្ជាក់ថា អ.ស.ប. នឹងចូលរួមនៅក្នុងដំណើរការបង្កើតវិទ្យាស្ថានខាងលើ ព្រមទាំងស្នើឱ្យប្រទេសជាមិត្តរបស់ អ.វ.ត.ក. ចូលរួមគាំទ្រដែរ។
នៅចុងបញ្ចប់, ខ្ញុំសូមបញ្ជាក់នូវការដឹងយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន, ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ, ចៅក្រម និងបុគ្គលិកនៃ អ.វ.ត.ក. ព្រមទាំងដៃគូអភិវឌ្ឍ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យ អ.វ.ត.ក. ដំណើរការដោយជោគជ័យ។ ជាចុងក្រោយនេះ ខ្ញុំបាទសូមគោរពជូនពរ
សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងអង្គពិធីទាំងមូល សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ដន៍ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ