ចម្លាក់​បដិមា​ដ៏ធំត្រូវ​បាន​រក​ឃើញ​នៅមន្ទីរពេ​ទ្យ​ទន្លេស្ងួត​ខាងជើង​ក្រុងអង្គរធំ

ក្នុងគម្រោងសិក្សាស្រាវជ្រាវស្វែងយល់ពីមន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ អ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរានិង មហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បានប្រទះឃើញបដិមាដ៏ធំមួយ ដែលសន្និដ្ឋានជាបឋមថាជាទ្វារបាល។ ការប្រទះឃើញនេះស្ថិតនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំប្រហែល១គីឡូម៉ែត្រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

 តាមការវាស់វែង បដិមានេះមានកម្ពស់១,៩០ម៉ែត្រ និងស្មាទទឹង០,៥៨ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន។ បដិមានេះកំបុតដៃទាំងពីរត្រឹមស្មា កំបុតជើងស្តាំត្រឹមកជើង និងជើងឆ្វេងត្រឹមគល់ភ្លៅ។ ចំណែកដងខ្លួននិងព្រះកេសនៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បាំងសក់នៅស្អាតទាំងអស់។ បដិមានេះកប់ជ្រៅក្នុងដីប្រមាណត្រឹម៤តឹកប៉ុណ្ណោះក្នុងពេលអ្នកស្រាវជ្រាវធ្វើកំណាយរកឃើញ ដោយដេកផ្ងារពោះបែរព្រះកេសទៅទិសខាងលិចទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។

 លោក ខៀវ ច័ន្ទ មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នៅការដ្ឋានកំណាយនេះបញ្ជាក់ថា វាជាការប្រទះដោយចៃដន្យក្នុងពេលដែលក្រុមការងារធ្វើកំណាយដើម្បីសិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។ ការប្រទះឃើញចម្លាក់ដ៏ធំនេះក៏ចាត់ថាជាសំណាងល្អមួយ ដែលអាចឲ្យយើងយកទៅរក្សាទុកក្នុងទីកន្លែងសមរម្យ ហើយងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ដើម្បីសិក្សាលម្អិតបន្ថែមទៀត។

 លោកបន្ថែមថា បន្ទាប់ពីអ្នកជំនាញធ្វើកំណត់ត្រារួចរាល់ បដិមានេះនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរដើម្បីរក្សាសុវត្ថិភាព សម្អាតដុសលាង ព្យាបាលផ្នែកខ្លះ ជាពិសេស គឺការយកជាតិអំបិលចេញដើម្បីកុំឲ្យមានការខូចគុណភាពថ្ម ឬរងប្រតិកម្មនៅពេលដែលចម្លាក់ត្រូវដាក់តាំងក្នុងលំហបរិយាសថ្មី។ លើសពីនេះទៀត បដិមានឹងត្រូវដាក់តាំងបង្ហាញសម្រាប់ភ្ញៀវទេសចរបានចូលទស្សនា។

 តាមការសន្និដ្ឋាន លោក ខៀវ ច័ន្ទ បដិមានេះស្ថិតក្នុងរចនាបថបាយ័ន និងអាចជាទ្វារបាលនៃមន្ទីរពេទ្យនេះផ្ទាល់តែម្តង មិនមែនមកពីកន្លែងផ្សេងនោះទេ។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់អំពីការតាំងរូបរបៀបនេះមាននៅក្នុងមន្ទីរពេទ្យបុរាណទាំងអស់ឬយ៉ាងណានោះទេ គឺស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ តែចំពោះការរៀបចំរដ្ឋបាលនៃមន្ទីរពេទ្យបុរាណវិញ តាមសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកឃើញ គឺដូចគ្នាទាំងអស់គ្រប់មន្ទីរពេទ្យ ដូចជា ការកំណត់ចំនួនគ្រូពេទ្យ តម្រូវការសម្រាប់មន្ទីរពេទ្យ និងការផ្គត់ផ្គង់ថ្នាំជាដើម។

 សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួតក្នុងជំហានទី១ ដែលផ្តោតលើការសិក្សាអំពីផ្នែកខាងមុខនៃមន្ទីរពេទ្យ ដែលមានទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខឿននៃមន្ទីរពេទ្យចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ ក្រោយបញ្ចប់គម្រោងនេះហើយ អ្នកស្រាវជ្រាវនឹងបន្តគម្រោងថ្មីៗទៀតដែលនឹងសិក្សាអំពីទីតាំងសំខាន់ៗនៃអាគារមន្ទីរពេទ្យដែលសង់ពីឈើ ហើយបានខូចខាតបាត់ស្លាកស្នាមអស់ និងបើអាចក្រុមស្រាវជ្រាវមានបំណងស្វែងរកទីតាំងចោលសំណាកថ្នាំដែលប្រើប្រាស់រួច ដើម្បីយកសំណាកទាំងនោះទៅសិក្សាអំពីការផ្សំថ្នាំសម័យបុរាណ។ ប៉ុន្តែនេះជាដំណើរវែងឆ្ងាយតទៅមុខទៀតសម្រាប់អ្នកស្រាវជ្រាវ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា