សុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

– សូមគោរពគណៈអធិបតី

-ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង/ស្ថាប័ន

-ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ជាទីមេត្រី

ជាបឋម ជំនួសមុខឱ្យថ្នាក់ដឹកនាំ ឯកអគ្គរាជទូត អគ្គកុងស៊ុល មន្រ្តីរាជការ និងបុគ្គលិកទាំងអស់របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់
ក្តៅ និងអំណរគុណដោយស្មោះចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកដែលបានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងនាពេលនេះ។

ស​ន្និបាតដែលយើងរៀបចំថ្ងៃនេះ នឹងក្លាយទៅជាកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដើម្បីផ្តល់
ឱកាសសម្រាប់ការផ្លាស់ប្តូរគំនិត ការពិគ្រោះយោបល់រវាងអ្នកការទូតជាន់ខ្ពស់របស់យើង  គូសវាសនូវបន្ទាត់នយោបាយសម្រាប់ឆ្នាំទៅមុខ និងរៀបចំមូលដ្ឋាននៃនយោបាយការបរទេសមួយ ដែលឆ្លើយតបទៅនឹងសម្ពាធ ការប្រឈម នឹងការវិវត្តន៍ បត់បែននៃចរន្តពិភពលោកយើងសព្វថ្ងៃនេះ។

ការជួបជុំគ្នានេះ ក៏នឹងជាឱកាសសម្រាប់ពិភាក្សាគ្នា និងរកដំណោះស្រាយចំពោះការវិវត្តន៍ និងការទាមទារនៃវិជ្ជាជីវៈរបស់យើង ពិសេសការប្រឈមនានាដែលយើងពើបប្រទះក្នុងការបំពេញបេសកកម្មរបស់យើងទាំងនៅរដ្ឋការកណ្តាល ទាំងនៅតាមស្ថានបេសកកម្មរបស់យើងនៅក្រៅប្រទេស ទោះជាការប្រឈមនេះគ្របដណ្តប់លើទិដ្ឋភាពថវិកា ធនធានមនុស្ស បច្ចេកទេស រដ្ឋបាល ឬផ្លូវច្បាប់ក្តី។ គោលបំណងចុងក្រោយគឺសំដៅធ្វើឲ្យប្រសើរឡើងនូវលក្ខខ័ណ្ឌ និងប្រសិទ្ធភាពការងារ និងធ្វើឲ្យអ្នកការទូតយើងមានកម្រិតវិជ្ជាជីវៈកាន់តែខ្ពស់​ កាន់តែមុតស្រួច។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ឆ្នាំ២០១៦កន្លងទៅ ជាឆ្នាំនៃការប្រែប្រួលយ៉ាងជ្រាលជ្រៅ ។

ដំណើរវិវត្តជាបន្តពីពិភពលោកឯកប៉ូលទៅកាន់ពហុប៉ូលបានបង្កឲ្យមានការទប់ទល់ និងប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់មហាអំណាចធំបំផុតនៃពិភពលោក គឺសហរដ្ឋអាមេរិកនៅ ចំពោះមុខការងើបឡើងមិនអាចប្រកែកបានរបស់ចិននិងរុស្សីក៏ដូចជាមហាអំណាចតំបន់ផ្សេងទៀត ។ ការប្រកួតប្រជែងឥទ្ធិពលនេះ បានបង្កឲ្យមានភាពតានតឹងតាមតំបន់នានា នាំដល់ការប្រែប្រួលទាំងនយោបាយសេដ្ឋកិច្ច និងយោធា ។ បន្ថែមពីលើភាពស្មុគស្មាញដែលបង្កឡើងដោយស្ថានភាពប្រទង់ប្រទាញនេះពិភពលោកយើងក៏ទទួលសម្ពោធបន្ថែមពីកត្តាជាច្រើនទៀតដូចជា ៖ សង្គ្រាមនិងជំលោះដែលកាន់តែក្ដៅនៅមជ្ឈឹម-មធ្យមបូព៌ា និងនៅអាហ្វ្រិក ការវាយប្រហារភេរវកម្មកាន់តែខ្លាំង វិបត្តិជនភៀសខ្លួនដែលហូរទៅអ៊ឺរ៉ុបក្នុងកំរិតមិនធ្លាប់មានតាំងពីសង្រ្គាមលោក លើកទី២ ភាពតានតឹងនៅអ៊ឺរ៉ុបខាងកើត នៅឧបទ្វីបកូរ៉េ និងនៅសមុទ្រចិនខាងកើត និងខាងត្បូង។ ផលវិបាកខាងមុខដែលបណ្ដាលមកពី Brexit និងការជាប់ឆ្នោតរបស់លោក Donald Trump ជាប្រធានាធិបតីអាមេរិក គឺសុទ្ធសឹងជាភាពមិនប្រាកដប្រជា និងការប្រឈមថ្មីសម្រាប់ឆ្នាំទៅមុខទៀត ។

ឆ្នាំ២០១៦ ក៏ជាឆ្នាំផ្លាស់ប្តូរអ្នកដឹកនាំរបស់ក្រសួងផងដែរ។ កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលខ្ញុំបានទទួលក្នុងដំណែងជារដ្ឋមន្រ្តីនាខែមេសាកន្លងទៅនេះ មានទំហំស្មើគ្នានឹងបន្ទុកទទួលខុសត្រូវចំពោះជាតិមាតុភូមិ ក្នុងបរិបទមួយដែលទាមទារឲ្យមានការរៀបចំឡើង និងដំណើរការកំណែទំរង់ តបទៅនឹងនយោបាយកែទំរង់របស់រាជរដ្ឋាភិបាលផង និងតបទៅនឹងតម្រូវការចាំបាច់របស់ក្រសួង
ផង ។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ស្ថានភាពជាក់ស្តែងបានតម្រូវឲ្យមានការផ្លាស់ប្តូរស៊ីជំរៅ និងជាពហុវិស័យ ដើម្បីយក
ជោគជ័យលើការដ្ឋាន ៣ ដែលត្រូវកែលំអរគឺ៖

១.​ កែលំអអារម្មណ៍ និងទឹកចិត្តការងាររបស់មន្រ្តីការទូត មន្រ្តីរាជការ បុគ្គលិកផ្ទាល់របស់ក្រសួង​ ដើម្បីឲ្យកិច្ចការបំរើ និងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើងប្រកបដោយសន្ទុះថ្មី ផ្អែកលើគុណតំលៃនៃតម្លាភាព សមភាព ​សមត្ថភាព និងគុណស​ម្បតិ្ត។

២. កែលំអទំនាក់ទំនងជាមួយស្ថានទូត ស្ថានតំណាង អង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា ដើម្បីឲ្យទំនាក់ទំនងនេះក្លាយជាទំនាក់ទំនងរវាងដៃគូពិតប្រាកដ និងឈរលើមូលដ្ឋាននៃការគោរពគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមក ស្មើភាព និងស្មើសិទ្ធិ។

៣. កែលំអ និងពង្រឹងយន្តការសម្របសម្រួលជាមួយគ្រប់ក្រសួងស្ថាប័ននានាដើម្បីធានាដោយពេញលេញនូវតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងក្នុងឋានៈជាតួអង្គស្នូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ដូចខ្ញុំបានប្រកាសក្នុងសុន្ទរកថាចូលកាន់តំណែងកាលពីខែមេសាឆ្នាំទៅម៉ិញថា ជាមួយនឹងការធានាបន្តនិរន្តរភាពក្នុងការអនុវត្តន៍គោលនយោបាយការបរទេសធំៗរបស់ព្រះជាណាចក្រកម្ពុជាយើង គឺយើងក៏ត្រូវដំណើរការកំណែទំរង់ចំពោះវិស័យណាដែលចាំបាច់ ដើម្បីធ្វើឲ្យការប្តេជ្ញារបស់យើងនេះក្លាយជាការពិតជាក់ស្តែង ។

ការធានានិរន្តភាពនៃការអនុវត្តនយោបាយក្រៅប្រទេសរបស់យើង នៅចំពោះមុខការវិវត្តន៍   ប្រែប្រួលដ៏ជ្រាលជ្រៅ ហើយពិបាកប៉ាន់ស្មាននៃពិភពលោក និងតំបន់ មានន័យថាត្រូវប្រកាន់ជាប់ និងដាច់ខាតនូវជំហរ និងគោលនយោបាយឯករាជ្យ អធិបតេយ្យ អព្យាក្រិត្យជាអចិន្រ្តៃយ៍ និងការប្តេជ្ញារបស់យើងក្នុងកិច្ចការពារសន្តិភាព សន្តិសុខ ស្ថេរភាព និងគោលការណ៍គ្រឹះនានាដែលធានាវិបុលភាពសំរាប់ជាតិ តំបន់ និងពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាដើម។

ធានានិរន្តរភាពក្នុងការរក្សាទំនាក់ទំនងល្អប្រសើរជាមួយប្រទេសតូចធំ ប្រទេសមហាអំណាច ប្រទេសជិតខាងដើម្បីកសាងនូវលក្ខខ័ណ្ឌនានាអំណោយផលដល់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ពិសេសតាមតំបន់ព្រំដែនរបស់យើងដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។

ត្រូវធានានិរន្តភាពផងដែរក្នុងការបន្តការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្រៅប្រទេស ដល់ពលករដ៏សន្ធឹកសន្ធាប់របស់យើងនៅប្រទេសនានាក្នុងតំបន់ ពិសេសដោយខិតខំលុបបំបាត់នូវភាពមិនស្របច្បាប់។​

ធានានិរន្តរភាពក្នុងការប្តេជ្ញារបស់កម្ពុជាយើងក្នុងការចូលរួមកសាង និងពង្រឹងសន្តិភាពនៅលើពិភពលោក តាមរយៈការបញ្ជូនកងកំលាំងរបស់យើងក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ការលើកស្ទួយសិទ្ធិមនុស្ស ការប្រយុទ្ធនឹងការប្រែប្រួលធាតុអាកាស ការចូលរួមប្រឆាំងភេរវកម្ម។ល។​

        ព្រមជាមួយនេះ ការដ្ឋានកំណែទំរង់ក្នុងក្រសួង ក៏ទាមទារនូវការប្តេជ្ញា និងការប្រឹងប្រែងមិនតិចដែរទេ ដើម្បីសម្រេចកិច្ចការដូចតទៅ៖

  • កែសំរួលរចនាសម្ព័ន្ធរបស់ក្រសួង តបទៅនឹងតម្រូវការការងារផង និងសំរបទៅនឹងនិន្នាការទូទៅ ក៏ដូចជាការវិវត្តន៍នៃវិស័យនេះផង ក្នុងនោះមានការបង្កើតវិទ្យាស្ថានជាតិមួយដើម្បីបណ្តុះបណ្តាលអ្នកការទូត និងទំនាក់ទំនងអន្តរជាតិ សំដៅកសាងជួរអ្នកការទូតយើងដែលមានជំនាញវិជ្ជាជីវៈរឹងមាំ, និងបង្កើតយន្ដការគ្រប់គ្រងដោយមានប្រសិទ្ធិ ភាព ក្នុងនោះមានការគ្រប់គ្រងរាល់ទិន្នន័យដោយប្រព័ន្ធឌីជីថល​ ។
  • កែសំរួលផ្នត់គំនិត និងឥរិយាបទការងារ ដោយការយកសមភាព តម្លាភាព សមត្ថភាព និងតំកល់ប្រយោជន៍សមូហភាពជាធំ ។
  • កែលំអលក្ខខ័ណ្ឌការងារដោយតំឡើងប្រាក់បៀវត្ស ថ្លៃឈ្នួលផ្ទះ កែសំរួលប្រាក់ចំណាយទូទៅរបស់ស្ថានតំណាងរបស់កម្ពុជាប្រចាំនៅបរទេស ផ្តល់មកវិញនូវប្រាក់ឧបត្ថម្ភសហព័ទ្ធនិងកូន ដល់មន្រ្តីការទូតរបស់យើងនៅក្រៅប្រទេស ផ្តល់ប្រាក់រង្វាន់ប្រចាំខែដល់មន្រ្តីបុគ្គលិកយើងក្នុងស្រុក កសាងកន្លែងធ្វើការងារឲ្យបានសមរម្យ និង
    ផ្តល់មធ្យោបាយបំពេញការងារប្រចាំថ្ងៃតាមតម្រូវការ ។
  • កែលំអរទំនាក់ទំនងជាមួយដៃគូនានា ប្រព័ន្ធសារពត៌មាន សាធារណៈជន ដោយផ្តល់ ពត៌មានទៀងទាត់ទាន់ពេលពិសេសតាមរយៈ website ថ្មីរបស់ក្រសួង ការចងក្រងជាក្រុមរវាងថ្នាក់ដឹកនាំក្រសួង និងឯកអគ្គរាជទូតយើងនៅក្រៅប្រទេស ដើម្បីចែករំលែក    ពត៌មាន និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាក្តៅៗរបស់ពិភពលោកឲ្យបានទាន់ពេល។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

សន្និបាតថ្ងៃនេះក៏ជាផ្នែកមួយនៃកំណែទម្រង់ដែរ។

វាគ្មិនល្បីៗត្រូវបានអញ្ជើញមកផ្តល់បទឧទ្ទេសនាមលើប្រធានបទសំខាន់ៗ ដែលមានប្រយោជន៍ខ្លាំងសំរាប់ការងាររបស់យើង ហើយដែលអ្នកការទូតយើងចាំបាច់ត្រូវយល់ដឹង ត្រូវក្តាប់
ឲ្យបានដើម្បីរួមចំណែកកាន់តែច្រើន និងកាន់តែមានប្រសិទ្ធភាពក្នុងការទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ ជួយការពារពលករ គ្រប់គ្រងថវិកា និងចំណូលនានា។ល។

ខ្ញុំសូមថ្លែងអំណរគុណជាមុនចំពោះការលះបង់ពេលវេលា​ និងសមាណចិត្តថ្លៃថ្លារបស់​ ​        ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលចាត់ទុកការងារការបរទេសជាផ្នែកមួយដ៏សំខាន់នៃការងាររួមរបស់យើងទាំងអស់គ្នា។

កិច្ចប្រជុំចង្អៀតដែលមានលក្ខណៈជាវិបស្សនា នឹងជាឱកាសសំរាប់ឲ្យថ្នាក់ដឹកនាំក្រសួងនិងប្រធានស្ថានតំណាងរបស់យើងពិភាក្សាគ្នាដោយចំហរ ដោយត្រង់ទៅត្រង់មក បង្ហាញបញ្ហា និងរកវិធីដោះស្រាយបញ្ហា។

បន្ទាប់ពីនេះទៅ ឯកឧត្តមរដ្ឋលេខាធិការ អ៊ុច បូររិទ្ធ នឹងរាយការណ៍ដោយសង្ខេបជូនអង្គ        សន្និបាតអំពីសមិទ្ធផលរយៈពេល១ឆ្នាំកន្លងទៅ ដោយផ្តោតជាសំខាន់លើសមិទ្ធិផលជាក់ស្តែង           សំខាន់ៗរបស់ក្រសួង។

ជាទីបញ្ចប់ ជំនួសមុខឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់របស់ក្រសួង ខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីភ្ញៀវកិត្តិយស និងសមាជិកសមាជិកាអង្គសន្និបាតទាំងមូល  សូមបានប្រកបទៅដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ
វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងការជូនពរឲ្យការងារ២ថ្ងៃខាងមុខរបស់យើងបានជោគជ័យល្អប្រសើរនោះ ខ្ញុំសូមប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ពីពេលនេះតទៅ។

          សូមអរគុណ!

Download (PDF, 118KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...