សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាម លើកទី៨ ឆ្នាំ២០២៤

CMF:

អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
ឯកឧត្តម Wanmuhamadnoor Matha ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ
ឯកឧត្តមបណ្ឌិត Agung Laksono អតីតប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី និងជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)
ឯកឧត្តម El Habib Bourane តំណាងឯកឧត្តម Hissein Brahim Taha អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC)
ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយបន្តផ្ទាល់ពីបណ្តាទូរទស្សន៍ជាតិ ឯកជន និងបណ្តាញព័ត៌មាននានា!
ថ្ងៃនេះ ខ្ញុំពិតជាមានក្តីរីករាយជាអនេក ដែលបានមកចូលរួម និងជួបបងប្អូនសាសនិកខ្មែរឥស្លាមជាលើកដំបូង ក្នុង​ឱកាសពិសា​អាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៤ រៀបចំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយពិធីនេះគឺជាការផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរៀបចំតាំងពីឆ្នាំ២០១៤ កន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាល​ ខ្ញុំនឹងចូលរួមពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅពេលអនាគតខាងមុខទៅទៀត។

ខ្ញុំសូមកោតសរសើរ ចំពោះគណៈកម្មការរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាម ដែលមាន ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីជាប្រធាន ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រក​បដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្តល់ឱកាសសម្រាប់អង្គពិធីបានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរ គំនិតយោបល់ ចែករំលែកបទពិសោធល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មវិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ជាការពិត ការស្រាយបួស ជាច្បាប់ក្រឹត្យក្រមសាសនាឥស្លាម ដែលបងប្អូនសាសនិកខ្មែរឥស្លាម ទាំងនៅកម្ពុជា និងសកលលោក សុទ្ធតែធ្វើការប្រតិបត្តិដូចគ្នា។ ដូច្នេះ ពេលចាប់ផ្តើមខែរ៉ាម៉ាឌន ខ្ញុំបានផ្ញើសារជូនពរបងប្អូនសាសនិកឥស្លាមកម្ពុជា និងសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ​ ដោយអនុវត្តតាមគន្លងដ៏ប្រពៃរបស់សម្តេចតេជោ បន្ទាប់ពីការស្រាយបួសនៅទីនេះហើយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីតែងតែបានជ្រើសរើសទីតាំងមួយទៀត ទៅចូលរួមស្រាយបួស មានការអញ្ជើញចូលរួមដោយឧប​នាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីមួយចំនួន ព្រមទាំងអភិបាលរាជធានី-ខេត្ត ក៏បានទៅធ្វើពិធីស្រាយបួសនៅតាមវិហារឥស្លាមនានាមួយចំនួនផងដែរ។

រាជរដ្ឋាភិបាល ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនា​ទាំងអស់ ទទួលបានការគាំពារធានា និងលើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់និកាយសាសនា ប្រឆាំងរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែ មានសាមគ្គី​ភាពគ្នាយ៉ាងល្អប្រសើរ​។​ នេះមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាមោទនភាព សម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេសជាច្រើនកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អ ជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងអនាគត។

អង្គពិធីជាទីមេត្រី !
កន្លងមក រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរៀបចំឱ្យមានស្ថាប័នកំពូលឥស្លាម គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលមានអ្នកឧកញ៉ា ចាងហ្វាង សុះ កំរ៉ី ជាចាងហ្វាង ជាអ្នកដឹកនាំ តាំងពីឆ្នាំ២០០០ មក ហើយមានឋានានុក្រមគ្រប់គ្រងពីលើរហូតដល់ក្រោម ជាគណៈអ៊ីម៉ាំរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អ៊ីម៉ាំម៉ាស្ជិទ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប ក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម ហើយថ្មីៗនេះ មានថ្នាក់ដឹកនាំខ្មែរឥស្លាម ៥ រូប ក្នុងនោះ មានស្ត្រី ១ រូប បានជាប់ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងកន្លងមកមាន ៦ រូប ក្នុងនោះ មានស្ត្រី ១ រូប បានជាប់ជាតំណាងរាស្ត្រក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រៅពីនោះ មានសមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត អភិបាលរងក្រុង ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីថ្នាក់ឧត្តមសេនីយ៍នគរបាល យោធា និងគ្រូបង្រៀនខ្មែរឥស្លាមជាច្រើនរូប ដូចដែលបានលើកឡើងដោយ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ​អម្បាញ់ម៉ិញនេះ។

ជាមួយនេះ សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយដល់បងប្អូន​ឥស្លាម ដូចជាសិស្ស-និស្សិតឥស្លាមអាចស្លៀកសម្លៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់​កម្រិត បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូបសម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិត​ឆ្លងដែន អត្ត​សញ្ញាណប័ណ្ណ ។ល។ កន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ នៅតាមមន្ទីរពេទ្យរដ្ឋ នៅតាមរោងចក្រ សណ្ឋាគារ ផ្សារធំៗមួយចំនួន ជាពិសេស នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។

ខ្ញុំមានមោទនភាពដែលកន្លងមក ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមក្នុងសន្និសីទអន្តរជាតិឥស្លាម នៅតាមតំបន់ជាច្រើន ដើម្បីផ្សព្វផ្សាយអំពីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលថ្មីៗកន្លងទៅ នៅសារ៉ាយ៉េវ៉ូ(Sarajevo) ប្រទេសបូស្ន៊ី ហ៊េកហ្ស៊ីហ្គូវីណា​(Bosnia-Herzegovina) ឯកឧត្តម Sheikh Dr. Muhammad Bin Abdul Karim Issa អគ្គលេខាធិការអង្គការ​សម្ព័ន្ធពិភពឥស្លាម (RABITA) ​ដែលជាអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ(UN) និងអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានយល់ព្រមនឹងរៀបចំសន្និសីទអន្តរជាតិឥស្លាមនៅកម្ពុជាចុងឆ្នាំ២០២៤ ដើម្បីឱ្យបណ្តាប្រទេសដទៃ រៀនសូត្រពីបទពិសោធជាគំរូ ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ដល់សហគមន៍ឥស្លាម ដោយគ្មានការរើសអើង ហើយខ្ញុំនឹងចូលរួមក្នុងពិធីដ៏មានសារ:សំខាន់នេះ។

អង្គពិធីជាទីមេត្រី !
ចំពោះវិស័យអប់រំ នៅក្នុងសហគមន៍ខ្មែរឥស្លាមបច្ចុប្បន្ន មានការរីកចម្រើន ហើយរាជរដ្ឋាភិបាលបានផ្តល់ក្របខ័ណ្ឌគ្រូបង្រៀនខ្មែរឥស្លាម ជូនដល់សហគមន៍ខ្មែរឥស្លាម ធ្វើឱ្យចំនួនសិស្ស-និស្សិត បញ្ញវន្តខ្មែរឥស្លាមកាន់​តែមានចំនួនកើនឡើង។ ដូច្នេះ ខ្ញុំសូមអំពាវនាវឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញវិជ្ជាជីវៈ និងបចេ្ចកវិទ្យាផ្សេងៗ ដើម្បីឱ្យបងប្អូនខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិ កាន់តែប្រសើរឡើង តាមរយៈអនុសាសន៍ណែនាំមួយចំនួន ដែលខ្ញុំសូមដាក់ចេញដូចខាងក្រោម៖

ទី១. ថ្នាក់ដឹកនាំឥស្លាមនិងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការ ​សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយ​កម្មជាតិសាសន៍។

ទី២. សូមបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។

ទី៣. អាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម ស៊ូរ៉ាវ ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹង ស្តីពីការកំណត់លើការកសាងទីកន្លែងប្រតិបត្តិសាសនា នៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាមរស់នៅ ស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស​ទៅតាមស្ថាប័នមានសមត្ថកិច្ច។

ទី៤. សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ។

ទី៥. សូមមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាពខាងសាសនាឥស្លាម​នៅកម្ពុជា តាមរយ:សាមគ្គីភាពជាមួយអ្នកកាន់សាសនានានា ដើម្បីភាពសុខដុមនីយកម្មផ្នែកសាសនា​​។

ទី៦. ​សូមបន្តកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដោយជៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អនៅក្នុងសហគមន៍។

ខ្ញុំសូមយកឱកាសនេះ ​ថ្លែងអំណរគុណបងប្អូនខ្មែរឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេស នៅតាមតំបន់សហគមន៍ ដែល​មានបងប្អូនសាសនិកខ្មែរឥស្លាមរស់នៅ អត្រាភាគរយនៃការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ គឺខ្ញុំសូមអរគុណចំពោះកិច្ចការនេះ។

​ខ្ញុំសូមអរគុណភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាពិសេស សូមអរគុណ ឯកឧត្តម Wanmuhamadnoor Matha ឯកឧត្តមបណ្ឌិត Agung Laksono និងឯកឧត្តម El Habib Bourane តំណាងឯកឧត្តម Hissein Brahim Taha អគ្គលេខាធិការ OIC ដែលបានអញ្ជើញ និងថ្នាក់ដឹកនាំផ្សេងទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ហើយខ្ញុំក៏សូមអញ្ជើញទុកជាមុននូវភ្ញៀវ ដែលបានអញ្ជើញមក​ឆ្នាំនេះ សម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីរួមជាមួយយើងខ្ញុំ ធ្វើពិធីស្រាយ​​​បួសរ៉ាម៉ាឌនជារៀងរាល់ឆ្នាំ។

នៅទីបញ្ចប់នេះ ខ្ញុំសូមព្រះអាល់ឡោះ ប្រទាននូវពរជ័យ សិរីសួស្តី សម្រាប់អ្នកទាំងអស់គ្នាជាមួយនឹងភាព​រីកចម្រើន រុងរឿង សុភមង្គល និងសេចក្តីសុខសប្បាយសម្រាប់គ្រប់ៗគ្នាតរៀងទៅ។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ