នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ប្រមុខរដ្ឋឡាវ ឯកឧត្តម ថងលុន ស៊ីសុលីត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋរូបនេះនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ ប្រមុខរដ្ឋឡាវរូបនេះក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។
គួរបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ ថាជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹងនិងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងក្នុងភាពជាបងប្អូន និងស្មារតីសាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងដើម្បីវិបុលភាពរួមរបស់ប្រទេសទាំងពីរ៕