វិចារណកថា៖ ១៧ មេសា ១៩៧៥ ពលរដ្ឋខ្មែរត្រូវបានជម្លៀសចេញពីភ្នំពេញ ឆ្នាំនេះកំពុងសម្រុកចូលភ្នំពេញ ជាមួយអនុស្សាវរីយ៍ដ៏រីករាយក្រោយចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ខែមេសា ឆ្នាំ១៩៧៥ គឺជាចំណារដ៏ជូរចត់ក្នុងក្រាំងប្រវត្តិរបស់កម្ពុជា។ ព្រឹត្តិ​ការណ៍​ខែ​មេសា ឆ្នាំ១៩៧៥ មកដល់ពេលបច្ចុប្បន្ន មានរយៈ៤៩ឆ្នាំហើយ តែ​ស្លាក​ស្លាម​ប្រវត្តិសាស្ត្រជាច្រើននៅក្នុងខែនេះ មិនត្រូវបានគូសលុប ឬរលុបចេញ​ពីក្រាំងនៃការចងចាំ​របស់រាស្ត្រខ្មែរ ដែលបានឆ្លងកាត់នោះឡើយ។
 
ខែមេសា ឆ្នាំ១៩៧៥ មានព្រឹត្តិការណ៍ធំៗចំនួនពីរត្រូវបានគេកត់ចំណាំ រួមមាន ការដួល​រលំ​នៃរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលមានសហរដ្ឋ​អា​មេរិកជាបង្អែក និង​ការដណ្តើមបានជ័យជម្នះរបស់ក្រុមមេដឹកនាំខ្មែរក្រហម​នាថ្ងៃទី​១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីធ្វើសង្គ្រាមនឹងគ្នាអស់រយៈពេលប្រមាណ៥ឆ្នាំ។
 
ថ្ងៃទី១៧ ខែមេសា កាលពី ៤៩ឆ្នាំមុន រាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា និងជា​កន្លែង​ភាសខ្លួន​របស់​ប្រជា​ពលរដ្ឋខ្មែរ ព្រោះតែសង្គ្រាមរវាងកងទ័ពខ្មែរក្រហម និងកងទ័ព​លោក លន់ នល់ ត្រូវបានចូលកាន់កាប់ដោយកងទ័ពខ្មែរក្រហមហ៊ុមព័ទ្ធ​ដោយផ្សែងគ្រាប់​ផ្លោង និងស្នូរគ្រាប់ភ្លើង។ ប្រជាពលរដ្ឋ នាពេលព្រឹកព្រលឹមបង្ហាញស្នាមញញឹម និងសាទរ​ចំពោះការវាយចូលរបស់កងទ័ពខ្មែរក្រហម ព្រោះរំពឹងថាសង្គ្រាមរ៉ាំរ៉ៃ​ប្រមាណ ៥ឆ្នាំកន្លង​ទៅ​​ត្រូវបានបញ្ចប់។ តែអ្វីៗមិនដូចការរំពឹងទុកនោះឡើយ នៅពេលរសៀល ក៏ត្រូវប្រែជា​ស្រពាប់​ស្រពោនបង្កប់ដោយក្តីទុក្ខព្រួយទៅវិញ បន្ទាប់​ពីកងទ័ពខ្មែរក្រហមប្រកាស​ឱ្យពួក​គេចាកចេញពីរាជធានីភ្នំពេញ ដោយមិនមាន​ភ្ជាប់​ទៅជាមួយនូវ​ទ្រព្យសម្បត្តិ និងស្បៀង​អាហារអ្វីទាំងអស់។ ចាប់ពីរសៀលថ្ងៃ​ទី១៧ ខែមេសា ១៩៧៥ រាជធានីភ្នំពេញ ក៏ចាប់​ផ្តើម​ប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ មិនមែនជាទីក្រុងភ្លើងពណ៌ ប្រកបដោយភាព​សប្បាយ​ក្អាកក្អាយទៀតនោះឡើយ។ ត្រឹមរយៈពេលប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ រាជធានីភ្នំពេញទាំងមូល មិនមានមនុស្សរស់នៅនោះឡើយ។
 
តាមដងផ្លូវជាតិនានាត្រូវបានកកកុញដោយមនុស្សម្នាជាមួយទឹកមុខដ៏ក្រៀមក្រោះជាទីបំផុត ដ្បិតពួកគេត្រូវបានក្រុមទាហានខ្មែរក្រហមចាប់បង្ខំឱ្យចាក​ចេញពីផ្ទះ​សម្បែង ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជួបគ្រោះអត់ឃ្លាន គ្មានទីជម្រកជាដើម។ ផ្តើមពីពេលនោះហើយ ដែលជីវិតរបស់ប្រជាពលរដ្ឋខ្មែរប្រៀបដូចរស់នៅក្នុងអន្លង់​នរក​​អវីចី។ ប្រជាពលរដ្ឋត្រូវបានបំបិទសិទ្ធិសេរីគ្រប់​បែប​យ៉ាង បង្ខំឱ្យធ្វើការយ៉ាង​ទារុណហូបមិនបានគ្រប់គ្រាន់ ប្រជាពលរដ្ឋខ្មែរត្រូវ​បានកាប់សម្លាប់គ្មានត្រា​ប្រណី​។ រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនៃរបបដ៏យង់ខ្នង​នោះ ជីវិតពលរដ្ឋខ្មែរត្រូវរស់​ហែល​ឆ្លងក្នុងសមុទ្រឈាម និងទឹកភ្នែកដ៏សែនខ្លោចផ្សារជាទីបំផុត។
 
ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាតិ​កម្ពុជា ត្រូវបានស្រោចស្រង់ ស្ថាបនា និងកសាងឱ្យអភិវឌ្ឍន៍រីកចម្រើនជាបន្ត​បន្ទាប់​។ ប្រជាពល​រដ្ឋទទួលបានសិទ្ធិសេរី រស់ក្នុងសុខសិរី ប្រកបដោយសេចក្តីថ្លៃ​ថ្នូរ ពោរ​ពេញដោយសុខ​សុ​ភមង្គល និងសេចក្តីរីករាយ។
 
ជាក់ស្តែងក្នុងព្រឹត្តិការណ៍នៃការបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទើបនឹងបិទ​បញ្ចប់​​​ទៅនេះ តាមរយៈព្រឹត្តិការណ៍​ព្រឹត្តិ​ការណ៍សង្ក្រាន្តនៅតាមរាជធានី ខេត្តទូទាំងប្រទេស ត្រូវ​បាន​​គេសង្កេតឃើញថា ប្រជាពល​រដ្ឋខ្មែរបានជួបក្រុមគ្រួសារ និងលេងកម្សាន្ត​យ៉ាង​សប្បាយ​រីករាយជាទីបំផុត។
 
ទោះបីឆ្នាំនេះ កម្ពុជា បានផ្លាស់ប្តូរប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ដែលជាស្ថាប័នកំពូលរបស់ជាតិយ៉ាងណាក្តី ក៏ប្រទេសមួយនេះនៅតែរក្សាបានសុខ​សន្តិ​ភាព ស្ថេរភាពសង្គម និងស្ថេរភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏ធំសម្រាប់ការរស់នៅ ក៏ដូចជាញ៉ាំងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
 
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ តាមផ្លូវជាតិធំៗចូលក្នុងរាជធានី​ភ្នំពេញ ត្រូវបានកកកុញដោយយានយន្ត ប្រជាពលរដ្ឋខ្មែរកំពុងសម្រុកចូល​រាជធានី​ភ្នំពេញវិញ ដើម្បីបន្តប្រក្រតីភាពនៃការប្រកបការងារ ធ្វើអាជីវកម្មចិញ្ចឹមជីវិត សិក្សា​រៀន​សូត្រ​ជាដើម បន្ទាប់ពីជួបជុំញាតិមិត្ត និងដើរកម្សាន្តយ៉ាងរីករាយក្នុងឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ រយៈពេល ៤ថ្ងៃកន្លងទៅ។
 
បើទោះបីថា កម្ពុជារងនូវឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោកខ្លះយ៉ាងណាក្តី រយៈ​ពេល​​៤ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានសង្កេតឃើញថា នៅតែមានល​ទ្ធ​ភាពបង្កបរិយាកាសភាពសប្បាយរីករាយក្នុងក្រុមគ្រួសារ តាមលទ្ធភាពនៃក្រុម​គ្រួសារ​នីមួយ។ លទ្ធភាពនៃភាពសប្បាយរីករាយដ៏ក្អាក់ក្អាយរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដោយសារតែ​រក្សាបាននូវម្លប់​សុខ​​សន្តិភាព, ការអភិវឌ្ឍតភ្ជាប់ហេដ្ឋរចនា​សម្ព័ន្ធ​ផ្លូវ និងស្ពានយ៉ាងខ្វាត់ខ្វែង, ការរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម, ការមានមធ្យោ​បាយ និងថវិកាទ្រទ្រង់ដល់ដំណើរកម្សាន្ត និងការជួបជុំ។ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីញ៉ាំងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
 
តាមរយៈទិដ្ឋភាពក្នុងថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន និង ១៧ មេសា ឆ្នាំ២០២៤ បានឆ្លុះបង្ហាញឱ្យឃើញពីភាពខុសគ្នាយ៉ាងដាច់ស្រឡះនៃសង្គមកម្ពុជា ពោលគឺប្រៀបដូចជាឋាននរកអវីចី និងឋានសួគ៌នៃជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។
 
ទិដ្ឋភាពតាំងនេះ ជាកញ្ចក់បង្ហាញឱ្យឃើញពីនយោបាយដឹកនាំរបស់អ្នក​នយោ​បាយ​​​ខ្មែរជំនាន់មុន និងអ្នកនយោបាយខ្មែរពេលបច្ចុប្បន្ន។ មហន្តរាយជាតិ ក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរ កាលពី ៤៩ឆ្នាំមុន ដោយសារតែ​នយោបាយ​ដ៏ខុសឆ្គងរបស់ក្រុមមេដឹកនាំខ្មែរក្រហម បានធ្វើឱ្យសង្គមកម្ពុជាត្រូវ​ខ្ទេច​ខ្ទាំ និងស្ទើរតែរលាយសូន្យសុង។ តែ៤៩ឆ្នាំក្រោយ ក្រោមគោលនយោបាយ និង​មាគ៌ានៃការដឹកនាំដ៏ត្រឹមត្រូវ និងភាពច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលមាន​តាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលថ្មីនេះ បាននិងកំពុងធ្វើឱ្យសង្គមមានការរីកចម្រើន ជីវភាព​របស់ប្រជាពល​រដ្ឋកាន់តែល្អប្រសើរ និងពោរពេញដោយភាពសប្បាយ​រីក​រាយ​ផងដែរ បើទោះបីក្នុងបរិបទពិភពលោកជួបវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមយ៉ាងណាក្តី។
 
នេះជាការស្តែងឱ្យឃើញច្បាស់ និងឥតមានមន្ទិលសង្ស័យនោះឡើយ ចំពោះការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំ​មួយ​ប្រកបដោយភក្តីភាពចំពោះជាតិ និងប្រជាជន ជាការដឹកនាំតម្កល់​នូវប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ភក្តីភាព និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បងនេះហើយ ដែលជាបុព្វហេតុធ្វើឱ្យសង្គមមួយនេះ ទទួលបាននូវ​ការចម្រើនលូតលាស់ ប្រជាពលរដ្ឋត្រូវរស់នៅដោយភាពសុខដុម និងសប្បាយរីករាយ។ សូមបន្តគាំទ្រការដឹកនាំដ៏ត្រឹមត្រូវមួយនេះ ដើម្បីរក្សាបាននូវសុខសន្តិភាព បន្តរក្សាបាននូវការចម្រើនលូតលាស់ បន្តរក្សានូវស្នាមញញឹម និងភាពរីករាយរបស់ប្រជាជាតិខ្មែរទាំងមូល៕
 

ដោយ៖ វ៉ាន់ សារាយ


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort