រដ្ឋបាលខេត្តកំពង់ចាម ដាក់ចេញវិធានការជាបន្ទាន់ដើម្បីគ្រប់គ្រងដីអាងមេទឹកភ្ទា តាមរយៈការមិនទទួលស្គាល់ការទិញលក់ដីដែលបានទន្ទ្រានក្នុងបាតអាងនេះឡើយ

ក្រោយមានទំនាស់កើតឡើងក្នុងចំណោមប្រជាពលរដ្ឋមួយចំនួន ជុំវិញករណីទន្ទ្រានប្រើប្រាស់ដី និងទឹកក្នុងអាងមេទឹកភ្ទា នៅក្នុងឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ពេលនេះ រដ្ឋបាលខេត្ដកំពង់ចាម បានចេញសេចក្ដីជូនដំណឹងដោយដាក់ចេញវិធានការជាបន្ទាន់ សំដៅធ្វើការគ្រប់គ្រងដីអាងមេទឹកភ្ទា ដោយមិនទទួលស្គាល់ការទិញលក់ដីដែលបានទន្ទ្រានក្នុងបាតអាងមេទឹកភ្ទានោះឡើយ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ចាម ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាពលរដ្ឋបានទៅទន្ទ្រានប្រើប្រាស់អាស្រ័យផលដីក្នុងអាងមេទឹកភ្ទា តាំងពីក្រោយឆ្នាំ១៩៧៩ មក ហើយចេះតែរីករាលដាល និងមានករណីទិញ-លក់បន្តគ្នាថែមទៀតផង បើទោះបីជារដ្ឋបាលស្រុកកងមាស បានចេញសេចក្ដីណែនាំរួចហើយក៏ដោយ។

ហេតុដូច្នេះហើយ ទើបរដ្ឋបាលខេត្ដកំពង់ចាមបានដាក់ចេញនូវវិធានការបន្ទាន់ចំនួន៣ សំដៅគ្រប់គ្រងដីអាងមេទឹកភ្ទាដូចខាងក្រោម៖

១-មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងរដ្ឋបាលស្រុកកងមាស ត្រូវសហការគ្នា ធ្វើការចុះបញ្ជីដីអាងមេទឹកភ្ទា ដោយដាក់ក្រោមការគ្រប់គ្រងរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តជាការប្រញ៉ាប់។ រដ្ឋបាលស្រុកកងមាស ត្រូវធ្វើសេចក្តីជូនដំណឹងជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងឲ្យបានមុនយ៉ាងហោចណាស់១សប្តាហ៍ អំពីការចុះបញ្ជីដីអាងមេទឹកភ្ទានេះជាសម្បត្តិរបស់រដ្ឋ ដោយរំលេចអំពីទោសទណ្ឌ នៃបទបញ្ញត្តិច្បាប់ចំពោះជនណាដែលប៉ុនប៉ងកាន់កាប់ដីអាងមេទឹកនេះ។

២-ហាមដាច់ខាតនូវការទន្ទ្រានថ្មីដើម្បីកាន់កាប់ ឬអាស្រ័យផលលើដីអាងមេទឹកនេះបន្ថែមទៀត ព្រមទាំងមិនអនុញ្ញាតឲ្យមានការជីកកកាយ ឬកែប្រែដីបាតអាងមេទឹកដោយគ្មានច្បាប់អនុញ្ញាតឡើយ។ ចំពោះផ្ទៃដីបាតអាងដែលប្រជាពលរដ្ឋបានទន្រ្ទាននិងអាស្រ័យផលកន្លងមកហើយ មិនអនុញ្ញាតឲ្យធ្វើការទិញ-លក់ ឬធ្វើការ ផ្ទេរកម្មសិទ្ធិបន្តបានជាដាច់ខាត ហើយត្រូវប្រគល់ជូនរដ្ឋវិញដោយគ្មានលក្ខខណ្ឌនៅពេលដែលខ្លួនលែងមានតម្រូវការ អាស្រ័យផលបន្ត ឬនៅពេលរដ្ឋមានតម្រូវការដើម្បីធ្វើការអភិវឌ្ឍ។

៣-រដ្ឋបាលខេត្ដកំពង់ចាមអំពាវនាវប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលដីនិងទឹកនៃអាងមេទឹកភ្ទាទាំងអស់ ត្រូវរួមគ្នាគាំទ្រដល់ដំណើរការចុះបញ្ជីតំបន់អាងមេទឹកនេះជាសម្បត្តិរដ្ឋតទៅ។ ករណីមានការរារាំងដល់ដំណើរការចុះបញ្ជីតំបន់អាងមេទឹកភ្ទានេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬប្រជាជន រដ្ឋបាលខេត្ត នឹងពិនិត្យអនុវត្តច្បាប់ចំពោះជនល្មើសដោយគ្មានការលើកលែងឡើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដកំពង់ចាមបានបញ្ជាក់សារជាថ្មីទៀតថា អាងមេទឹកភ្ទានេះគឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវតែរក្សាទុកដើម្បីជាប្រយោជន៍សាធារណៈរបស់ប្រជាជនរស់នៅតំបន់ជុំវិញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា