សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភា នៃប្រទេសម៉ាឡេស៊ី

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភា បានសម្តែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី ព្រមទាំងបានអបអរសាទរចំពោះសម្តេចធិបតីដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមប្រធាន ព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។បន្ថែមលើនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា ក៍បានស្នើសម្តេចធិបតីចែករំលែកនូវទស្សនទានគន្លឹះ និង បទពិសោធន៍ ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍនិងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណភាគីម៉ាឡេស៊ីចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ ក្នុងឱកាសនៃជំនួបនេះ សម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធានព្រឹទ្ធសភាអំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗកន្លងទៅនេះ។ ជាមួយគ្នានេះដែរ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាង កម្ពុជា និងម៉ាឡេស៊ី ដែលជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងថ្លែងអំណរគុណ ម៉ាឡេស៊ី ចំពោះការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ ឆ្លើយតបទៅនឹងការស្នើរបស់ឯកឧត្តមប្រធានព្រឹទ្ធសភាស្វែងយល់អំពីទស្សនទានគន្លឹះ និងបទពិសោធន៍ នៃការអភិវឌ្ឍ និងរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ថា កត្តាសំខាន់បំផុតគឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលត្រូវតែធានានិងរក្សាឱ្យបានប្រកបដោយចីរភាព និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ហើយសម្រាប់បរិបទកម្ពុជា សន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពី ការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាម បែកបាក់ជាតិ ក្នុង រយៈពេល ៥សតវត្ស និងជួយឱ្យកម្ពុជា រក្សាបាន នូវ កំណេីនសេដ្ឋកិច្ច និងការ អភិវឌ្ឍ របស់ខ្លួន។

មុននឹង បញ្ចប់ ឯកឧត្តម ប្រធាន ព្រឹទ្ធសភា បានឯកភាព នឹង សម្តេច ធិបតី ដែលបាន គូសបញ្ជាក់ ថា សន្តិភាព ជាកត្តាគន្លឹះ ដ៍សំខាន់ក្នុងការ អភិវឌ្ឍ ប្រទេសជាតិ និង បាន បញ្ជាក់បន្ថែមផងដែរថា ព្រឹទ្ធសភា ម៉ាឡេស៊ី រង់ចាំស្វាគមន៍ដោយក្តី រីករាយ ចំពោះដំណេីរផ្លាស់ ប្តូរ ទស្សនកិច្ច រវាង គណៈប្រតិភូ ព្រឹទ្ធសភា នៃ ប្រទេសទាំងពីរ នាពេលអនាគតផងដែរ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា