(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន។
យោងតាមរបាយការណ៍ បានឱ្យដឹងថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាលក្ខណៈអន្ដរជាតិ និងក្នុងតំបន់ដោយប្រើប្រាស់ថវិការបស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡាកម្មវិធីទី៣ និងថវិការបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) លើ១១ប្រភេទកីឡារួមមាន៖ កីឡាជឺជីតស៊ូ កីឡាតេក្វាន់ដូ WT កីឡាហែលទឹក និងកីឡាទូកក្ដោង។ ក្រសួងក៏បានបញ្ជូន ៥ប្រភេទកីឡា ទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០ នៅខេត្ដអូប៊ុនរដ្ឋាថានី ព្រះរាជាណាចក្រថៃ រួមមាន៖ ប៉េតង់ តេក្វាន់ដូWT គុនដាវ អត្ដពលកម្ម និងការ៉ាតេ ដោយទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖
I) ការប្រកួតជាលក្ខណៈអន្ដរជាតិនានា៖
១) ក្នុងនោះការប្រភេទកីឡាជឺជីតស៊ូ៖ មានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ២៨នាក់ ចូលរួមប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៧ (The 7th Edition Of Ju-jitsu Asian Championship 2023) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាំងកក ព្រះរាជាណាចក្រថៃ ដែលមានប្រទេសចំនួន៣០ ចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន ៥៨៤នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ ប្រាក់៤គ្រឿង និងសំរឹទ្ធ ៣គ្រឿង ឈរលំដាប់ថ្នាក់លេខ១២។
២) កីឡាតេក្វាន់ដូWT៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ១០នាក់ ចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី១៦ (16th ASEAN Taekwondo Championship 2023) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលមានប្រទេសចំនួន៨ ចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន ៣០០នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ ប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង ឈរលំដាប់ថ្នាក់លេខ៦។
៣) ប្រភេទកីឡាហែលទឹក៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៨នាក់ ចូលរួមប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក (Fin swimming’s World Cup Round Swimming Pool 2022) ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្ដភូកេត ព្រះរាជាណាចក្រថៃ ដែលមានប្រទេសចំនួន១៦ ចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន១៨០នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ០៣គ្រឿង និងសំរឹទ្ធ ០១គ្រឿង ឈរលំដាប់ថ្នាក់លេខ៥។
៤) ប្រភេទកីឡាទូកក្ដោង៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ១៥នាក់ ចូលរួមប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ (Southeast Asian Sailing Championship 2021) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារសុខា ខេត្ដព្រះសីហនុ ដែលមានប្រទេសចំនួន៦ ចូលរួម មានកីឡាករ កីឡាការិនីសរុប ៦៣នាក់ ជាលទ្ធផលទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ៣គ្រឿង ឈរលំដាប់ថ្នាក់លេខ៥។
៥) ប្រភេទកីឡាកាយវប្បកម្ម៖ មានប្រតិភូ គ្រូបង្វឹក កីឡាករ សរុបចំនួន ៤នាក់ ចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៤ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅកោះម៉ាហ្វូស៊ី ប្រទេសម៉ាល់ឌីវ ដែលមានប្រទេសចំនួន២៤ ចូលរួម មានកីឡាករ កីឡាការិនីសរុប ៣១៣នាក់ វិញ្ញាសានេះមានប្រទេសចំនួន៤ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ១គ្រឿង ឈរលំដាប់ថ្នាក់លេខ១។
៦) ប្រភេទកីឡាប៉េតង់៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ២៧នាក់ ចូលរួមប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាំងកក ព្រះរាជាណាចក្រថៃ ដែលមានប្រទេសចំនួន១៥ ចូលរួម ជាលទ្ធផលទទួលបានមេដាយមាស ៣គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង ឈរលំដាប់ថ្នាក់លេខ១។
៧) ប្រភេទកីឡារាំ៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ១៣នាក់ ចូលរួមប្រកួតកីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SUPERSTARS CHAMPIONSHIPS 2022 ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមានប្រទេសចំនួន១៥ ចូលរួម ជាលទ្ធផលទទួលបានមេដាយមាស ៤គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣គ្រឿង។
៨) ប្រភេទកីឡាវ៉ូវីណាម៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៣៦នាក់ ចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានប្រទេសចំនួន៧ ចូលរួម មានកីឡាករ កីឡាការិនីសរុប២០២នាក់ ជាលទ្ធផលទទួលបានមេដាយ មាស១០គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ១០គ្រឿង ឈរលំដាប់ថ្នាក់លេខ១។
៩) ប្រភេទកីឡាឃីកប៊ុកស៊ីង៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ២៨នាក់ ចូលរួមប្រកួតកីឡាឃីកប៊ុកស៊ីងជ្រើសរើសជើងឯកអាស៊ី ASIAN Kick Boxing CHAMPIONSHIPS 2022 ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានប្រទេសចំនួន១៨ ចូលរួម ជាលទ្ធផលទទួលបានមេដាយមាស ២គ្រឿង ប្រាក់ ៥គ្រឿង និងសំរឹទ្ធ៥គ្រឿង។
១០) ប្រភេទកីឡាប្រដាល់សកល៖ មានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៦នាក់ ចូលរួមប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ASIAN U22 Men & Women Boxing CHAMPIONSHIPS 2023 ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលមានប្រទេសចំនួន២០ ចូលរួម មានកីឡាករ កីឡាការិនីសរុប១៤៩នាក់ ជាលទ្ធផលទទួលបានមេដាយ ប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង ឈរលំដាប់ថ្នាក់លេខ១០។
១១) ប្រភេទកីឡាចំបាប់៖ មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៣៧នាក់ ចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ The Southeast Asian Wrestling CHAMPIONSHIPS ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលមានប្រទេសចំនួន៧ ចូលរួម ជាលទ្ធផលទទួលបានមេដាយ មាស ៣គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ១៣គ្រឿង ឈរលំដាប់ថ្នាក់លេខ៣។
II) ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចំនួន ៤៨នាក់ លើ៥ប្រភេទកីឡា ទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០ នៅខេត្ដអូប៊ុនរដ្ឋាថានី ប្រទេសថៃ ក្នុងនោះកម្ពុជាទទួលបានមេដាយមាស២គ្រឿង ប្រាក់ ៣គ្រឿង សំរឹទ្ធ ៨គ្រឿង សរុប ១៧គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេសចូលរួម ជាលទ្ធផលទទួលបាន៖
១៖ ប្រភេទកីឡាប៉េតង់៖ មានគ្រូបង្វឹក ០២នាក់ កីឡាករ ០៦នាក់ កីឡាការិនី០៦នាក់ សរុប ១៤នាក់ ទទួលបានមេដាយ មាស០១គ្រឿង ប្រាក់០៣គ្រឿង និងសំរឹទ្ធ០២គ្រឿង សរុប០៦គ្រឿង។
២៖ ប្រភេទកីឡាតេក្វាន់ដូWT៖ មានគ្រូបង្វឹក និងគ្រូជំនួយ០២នាក់ កីឡាករ ០៣នាក់ កីឡាការិនី ០៣នាក់ សរុប ០៨នាក់ ទទួលបានមេដាយ ប្រាក់០២គ្រឿង និងសំរឹទ្ធ០២គ្រឿង សរុប០៤គ្រឿង។
៣៖ ប្រភេទកីឡាអត្ដពលកម្ម៖ មានគ្រូបង្វឹក ០១នាក់ កីឡាករ ០២នាក់ កីឡាការិនី០១នាក់ សរុប ០៤នាក់ ទទួលបានមេដាយសំរឹទ្ធ០១គ្រឿង សរុប០១គ្រឿង។
៤៖ ប្រភេទកីឡាការ៉ាតេ៖ មានគ្រូបង្វឹក ០១នាក់ អាជ្ញាកណ្ដាល ០១នាក់ កីឡាការិនី ០៣នាក់ សរុប ០៥នាក់ ទទួលបានមេដាយ ប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង សរុប០២គ្រឿង។
៥៖ ប្រភេទកីឡាគុនដាវ៖ មានគ្រូបង្វឹក ០១នាក់ អាជ្ញាកណ្ដាល ០១នាក់ កីឡាការិនី ០៣នាក់ សរុប ០៥នាក់ ទទួលបានមេដាយ មាស០១គ្រឿង ប្រាក់០១គ្រឿង និងសំរឹទ្ធ០២គ្រឿង សរុប០៤គ្រឿង៕ ប្រភព៖ Fresh News