កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន៧៨៨នាក់ សាខាពោធិ៍សាត់

សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន ៧៨៨នាក់ នៅក្នុង​ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូល ជាសមាជិក​របស់​សមាគម​កាយ​ឫទ្ធិនារីកម្ពុជា គឺជាកម្លាំង​ស្ម័គ្រចិត្តរួម​ដែលផ្ដល់​ឱ្យ​សមាជិក​នូវ​ចំណេះ​ដឹង​បទ​ពិសោធន៍​ទាំងជីវិត ការងារ និង លទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើ​ការងារ​ជា​ក្រុមក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះ សមាជិក​ទាំង​អស់​ត្រូវ​បាន​ជំរុញ លើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យ​ស្លោក​របស់​សមាគមគឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា” ។

លោកជំទាវបានប្រសាសន៍បញ្ជាក់ទៀតថា តាមរយៈ​លទ្ធផល​ការងារ​ដែល​​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​បាន​ប្រឹង​ប្រែង​កន្លងមក ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួស្គាល់ថា សមាគម​កាយឫទ្ធិនារី​កម្ពុជា ពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ព៌ណសម្បុរ អាយុ ឬ ភេទ នោះឡើយ។ លោកជំទាវ​បណ្ឌិត​ក៏​បានលើកបន្ថែមដែរថា “បើបណ្ដុះបណ្ដាលបុរស១នាក់ យើងនឹងទទួលបានមេដឹកនាំ​១នាក់ បើបណ្ដុះបណ្ដាលស្ត្រី ឬក្មេងស្រី១នាក់ យើងនឹងទទួលបានមេដឹកនាំមួយប្រទេស” ក្នុងន័យនេះ​លោក​ជំទាវ​អគ្គស្នងការ​ចង់​សម្តៅ​លើ​ការ​លើក​កម្ពស់​ដល់កុមារី យុវតី និងស្រី្ត ក្នុងទទួលបានការ​អបរ់​រំ​អោយ​បាន​កាន់​តែ​ខ្ពស់​កាន់​តែ​ប្រសើរ​។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានសមាជិកសរុបចំនួន ៣៥៥២នាក់ ក្នុងសហគមន៍ចំនួន១១ នៃ២៥រាជធានី ខេត្តដូចជា រាជធានីភ្នំពេញ សៀមរាប កំពត កណ្តាល កំពង់ស្ពឺ កំព​ង់ធំ មណ្ឌលគិរី តាកែវ ព្រៃវែង បាត់ដំបង រួមនឹងខេត្តពោធិ៍សាត់។

សូមរំលឹកថាកម្ពុជា បានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិន​ទាន់​ចូល​ជា​កាយ​ឫទ្ធិ​ពិភព​លោក​នោះ​ទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិ ក៏ត្រូវបានរំសាយ ហើយក្រោយ​ចប់​សង្គ្រាម​ឆ្នាំ​១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មាន​ការ​ប្រជុំ​ធំ​រហូត​តដល់​ឆ្នាំ​២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយឫទ្ធិពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺ​ជា​សមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតី​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយ​បានផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ យុវតី ដែល​ជា​សមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បី​ក្លាយ​ជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូ...

គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងឆ្នាំ២០២៤