នៅក្នុងការដឹកនាំដ៏ឆ្លាតវៃរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទោះបីជាទើបតែបានកាន់តំណែងដឹកនាំរាជរដ្ឋាភិបាលបានត្រឹមតែរយៈពេល៦ខែក៏ដោយ ក៏រដ្ឋាបាលថ្មីនេះបានខិតខំធ្វើការកំណែទម្រង់លើវិស័យសុខាភិបាល ប្រព័ន្ធយុត្តិធម៍ រដ្ឋបាលសាធារណៈ និងវិស័យផ្សេងៗទៀតជាច្រើន។ ជាក់ស្តែងដូចជានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈដាក់បទបញ្ជាដាច់ខាត ដោយបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្រ្តីរាជការស៊ីវិល មន្ត្រីនរគបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន។ ប្រសិនបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការប្រើបា្រស់គ្រឿងញៀនខុសច្បាប់ ឬពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន គឺត្រូវចាត់វិធានការណ៍បញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។
ការដាក់ចេញនូវបទបញ្ជានិងវិធានការរបស់ប្រមុខដឹកនាំនេះ សបញ្ជាក់ឱ្យឃើញពីការតាំងចិត្តដ៍ម៉៏ងម៉ាត់និងមុតស្រួច ដោយមិនមានការរារែក ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដូចយើងបានដឹងស្រាប់ហើយថា បញ្ហាគ្រឿងញៀននេះ មិនមែនជាបញ្ហាដាច់ដោយឡែកមួយ ដែលកើតមានតែក្នុងប្រទេសកម្ពុជានោះទេ ពោលវាគឺជាបញ្ហារួម និងជាបញ្ហាសកលដែលកើតមាននៅទូទាំងពិភពលោក។ គេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រទេសជាច្រើនកំពុងរួមដៃគ្នាដើម្បីដាក់ចេញវិធានការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ តែរហូតមកដល់ពេលនេះ បញ្ហានេះនៅតែបន្តកើតមាននិងរីកសាយភាយនៅឡើយ ដែលវាបានក្លាយជាកង្វល់របស់ពិភពលោកទៅហើយ។
ប្រទេសកម្ពុជា មិនមែនជាប្រទេសដែលផលិត និងចែកចាយគ្រឿងញៀននោះទេ កម្ពុជាគ្រាន់តែជាទីតាំងដែលក្រុមឈ្មួញទុច្ចរិត ធ្វើការចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់តែប៉ុណ្ណោះ។ កម្ពុជាគឺជាប្រទេសដែលទទួលរងឥទ្ធិពលអវិជ្ជមានពីបញ្ហាគ្រឿងញៀន ក្នុងចំណោមប្រទេសតូចៗជាច្រើនទៀតលើពិភពលោក។ ប៉ុន្តែបើទោះបីជាកម្ពុជា នៅខ្វះខាតទាំងផែ្នកធនធាន និងសម្ភារៈ ក៏ពិតមែន ប៉ុន្តែកម្ពុជាគឺមានឆន្ទៈមោះមុតក្នុងការចាត់វិធានការលើបញ្ហានេះ ដោយមិនរួញរា។ ជាក់ស្តែង វិធានការរបស់រាជរដ្ឋាភិបាលដែលទើបត្រូវបានដាក់ចេញ គឺទទួលបានការសាទរ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រោះប្រជាពលរដ្ឋកម្ពុជាបានដឹងច្បាស់ហើយថា គ្រឿងញៀន បានបំផ្លាញទាំងអ្នកប្រើប្រាស់ គ្រួសារ សេដ្ឋកិច្ចនិងសង្គមជាតិទាំងមូល។ ចំពោះបញ្ហាគ្រឿងញៀននេះ យើងមិនអាចស្តីបន្ទោសលើរដ្ឋាភិបាលឬ អ្នកណាម្នាក់បានទេ ព្រោះការស្តីបន្ទោសវាមិនបានធ្វើឱ្យយើងដោះស្រាយបញ្ហាបានឡើយ។
ដូច្នេះដើម្បីចូលរួមលុបបំបាត់គ្រឿងញឿនឱ្យបានជោគជ័យ យើងទាំងអស់គ្នាគប្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ លុបបំបាត់ និងចៀសវាងឱឆ្ងាយពីគ្រឿងញៀន ប្រសិនបើមានករណីសង្ស័យធ្វើការរាយការណ៍ទៅសមត្ថកិច្ចដែលជិតលោកអ្នកបំផុត៕
ដោយ៖ ជា ឧត្តម