ផ្សាយបន្តផ្ទាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤


(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជា​អធិប​តីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខា​ភិបាលឆ្នាំ២០២៣ និង​ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសា​ធារ​ណៈ តាមរយៈការផ្តល់​ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ​និងការផ្តល់រង្វាន់​លើក​ទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។

គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឱ្យអនុវត្តតាមរយៈអនុក្រឹត្យលេខ៥៤ អនក្រ.បក. ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង​វិស័យ​សុខាភិបាល។

ឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថិរភាពដ៏រឹងមាំរបស់កម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ គតិបណ្ឌិតដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច​បាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

រាជរដ្ឋាភិបាលបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើ​ទំនើប​កម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាព​មួយ​ចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈឱ្យមាន​សមត្ថ​ភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាព​ធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកប​ដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួល​ខុស​ត្រូវ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះដើម្បីដោះស្រាយ​បញ្ហាប្រឈម​ជា​អាទិភាព ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធ​ភាព និងសមិទ្ធកម្មរបស់មន្ត្រីនិងស្ថាប័ន ការលើកកម្ពស់គុណភាពអប់រំនិងសេវាសុខាភិបាល​នៅមូល​ដ្ឋាន​។

ក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រឹង​គុណ​ភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ មធ្យមសិក្សា តាមរយៈការដាក់ចេញឱ្យអនុវត្តនូវវិធាន​ការ​គន្លឹះ​ជាក់ស្តែង រួមមាន ការពង្រឹងអភិបាលកិច្ចសាលា ការពិនិត្យកែសម្រួលនិងរៀបចំកម្ម​វិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបទរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ​ដល់​កុមារ​និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងការជំរុញនិងលើកទឹកចិត្តការចូលរួម​របស់​មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋនិងសហ​គមន៍​ដើម្បីការអប់រំ។

ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់គុណភា​ពសេវាសុខា​ភិបាល​នៅមូលដ្ឋាន ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈ​ការ​ដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម​នៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន។

ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំង​តាម​រយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខា​ភិបាល​ដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឆ្នាំ២០១៨។

ការប្រឡងប្រណាំងរបស់អង្គភាពផ្តល់សេវាសេវាសាធារណៈនៅមូលដ្ឋាន នឹងត្រូវអនុវត្តបន្តសម្រាប់​សា​លា​មត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក​ផ្តល់​សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១(CPA1) មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្ម​ភាពបង្គ្រប់​កម្រិត​២(CPA2) និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣(CPA3)។

+ ការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ

ដើម្បីធានាសុក្រឹតភាព និងការចូលរួមពីគ្រប់ថ្នាក់ ការវាយតម្លៃនិងការទទួស្គាល់អង្គភាពផ្តល់ សេវាសា ធារណៈគំរូ ត្រូវបានរៀបចំជា៣កម្រិត មុននឹងស្នើសុំការទទួលស្គាល់ពីរាជរដ្ឋាភិបាលជាអង្គភាពគំរូ ដែល រួមមានការវាយតម្លៃដោយគណៈកម្មការវាយតម្លៃថ្នាក់ក្រុង/ស្រុក/ខណ្ឌ គណៈកម្មការវាយតម្លៃថ្នាក់ រាជ ធានី/ ខេត្ត និងគណៈកម្មការវាយតម្លៃថ្នាក់ជាតិ ហៅកាត់ថា គ.វ.ជ.។

ការវាយតម្លៃនៅថ្នាក់ជាតិមានការបែងចែកជា ៣ដំណាក់កាលរួមមាន៖ (១) ដំណាក់កាលបឋម (២)ដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និង (៣) ដំណាក់ពិនិត្យវាយតម្លៃសម្រេចចុងក្រោយ។

គ.វ.ជ. មានសមាសភាពដូចជា ក្រសួងមុខងារសាធារណៈ ជាប្រធាន ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួង​បរិ​ស្ថាន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

ការវាយតម្លៃរបស់គណៈកម្មការទាំងបីកម្រិត ផ្អែកលើលក្ខណៈវិនិច្ឆ័យគោលចំនួន៨ រួមមាន៖ (១) ស្តង់ដារសេវាសាធារណៈ (២) ស្តង់ដាឬនិយាមនៃការផ្តល់សេវាតាមវិស័យរបស់អប់រំ ឬសុខាភិបាល​ផ្អែក​លើករណីពាក់ព័ន្ធ (៣) ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព (៤)ការគ្រប់គ្រងនិង ការអភិ​វឌ្ឍ​ធនធានមនុស្សនៅក្នុងអង្គភាព (៥) ការរៀបចំនិងការកែលម្អបរិស្ថានអង្គភាព (៦) ទំនាក់ទំនងល្អជា​មួយ​ប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នក​ប្រើប្រាស់សេវា​សា​ធា​រណៈ (៧) ការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្រ្តី ប្រជាពលរដ្ឋ ឬសហគមន៍ (៨) ការផ្តួចផ្តើម​គំនិតថ្មីៗនិងនវានុវត្តន៍ដើម្បីធ្វើឱ្យអង្គភាពដំណើរការកាន់តែប្រសើរ។

គណៈកម្មការវាយតម្លៃថ្នាក់ជាតិ បានកំណត់លក្ខណៈវិនិច្ឆ័យរង និងលក្ខណៈវិនិច្ឆ័យលម្អិតសម្រាប់ការ វិនិច្ឆ័យលើលក្ខណៈវិនិច្ឆ័យគោលនីមួយៗ ហើយក៏អាចប្រើប្រាស់ជាផែនទីតម្រង់ទិស​ក្នុងការកែលម្អការ​គ្រប់គ្រងនិងការផ្តល់សេវារបស់សាលារៀននិងមន្ទីរពេទ្យឱ្យកាន់តែប្រសើរផងដែរ។

បន្ទាប់ពីការដាក់ឱ្យអនុវត្តការងារនេះនៅឆ្នាំ២០១៨ គ.វ.ជ. បានសម្រេចកំណត់យកវិទ្យាល័យ និងមន្ទីរ​ពេទ្យ​បង្អែក (កម្រិត១ដល់កម្រិត៣) ជាគោលដៅផ្តើមនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាព

ផ្តល់​សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។ ផ្អែកលើលទ្ធផលនៃការវាយ​តម្លៃរបស់​គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងឆ្នាំ២០១៩ អង្គភាពដែលលើកពាន​ទទួល​ជ័យលាភីជាអង្គភាពគំរូចំណាត់​ថ្នាក់លេខ១ សម្រាប់វិស័យអប់រំ គឺវិទ្យាល័យពេជ្រចិន្តា ស្ថិតនៅ​ខេត្តបាត់ដំបង និងអង្គភាពដែលដែលលើកពាន​ទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ សម្រាប់​វិស័យសុខាភិបាល គឺមានមន្ទីរពេទ្យបង្អែក​បាកាន នៃខេត្តពោធិ៍សាត់ដែលផ្តល់សេវា​សំណុំ​សកម្មភាពបង្គ្រប់កម្រិត១ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលផ្តល់​សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលផ្តល់សេវាសំណុំ សកម្មភាពបង្គ្រប់កម្រិត៣។

ក្រោយមកគ.វ.ជ. បានសម្រេចបន្តដាក់អនុវត្តការវាយតម្លៃនៅកម្រិតអនុវិទ្យាល័យ និងសាលាបឋម​សិក្សា​សម្រាប់វិស័យអប់រំ និងកម្រិតមណ្ឌលសុខភាពសម្រាប់វិស័យសុខាភិបាល ប៉ុន្តែការដាក់ឱ្យអនុវត្ត​ផ្លូវ​ការតាមរយៈប្រកាសអន្តរក្រសួងត្រូវបានពន្យាពេលរហូតដល់ឆ្នាំ២០២២ ដោយសារការរីករាល​ដាល​នៃជំងឺកូវីដ-១៩។

ក្នុងស្មារតីបន្តនិរន្តភាពការងារ ក្រសួងមុខងារសាធារណៈ និងគវជ បានជំរុញការអនុវត្តការវាយតម្លៃ និង​ការទទួលស្គាល់អ.ផ.សគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល (ឆ្នាំ២០២២ និង២០២៣) ដែល​មាន​បេក្ខភាពសរុប ក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន៤២ មកពី២២ រាជធានីខេត្ត កម្រិត​សាលា​បឋម​សិក្សាចំនួន៤៦ មកពី២៤ រាជធានី ខេត្ត និងក្នុងវិស័យសុខាភិបាល មានបេក្ខភាពមណ្ឌល​សុខភាព​ចំនួន៤៣ មកពី២២ រាជធានីខេត្ត។

ក្រោយពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង គ.វ.ជ. បានសម្រេចចាប់ផ្តើមបន្តដំណើរការ វាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់កម្រិតអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌល​សុខភាព និងឈានមកដល់ការប្រកាសលទ្ធផលជាផ្លូវការ ក្នុងពិធីប្រកាសជ័យ​លាភីអង្គភាព​ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្ត​សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕ អត្ថបទ៖ Fresh News

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ