សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានជម្រើសទេ ត្រូវតែចាប់ជនជាតិតៃវ៉ាន់២នាក់ ដែលបានបំផ្លាញកិត្ដិយសកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានជម្រើសទេ ត្រូវតែចាប់ជនជាតិតៃវ៉ាន់២នាក់នោះ ដែលបានបំផ្លាញកិត្ដិយសរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត តាមរយៈការថតរឿងចាប់ជំរិត ដើម្បីគ្រាន់តែចង់បាន View នៅលើប្រព័ន្ធអនឡាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងទទួលបានការយល់ច្រឡំដោយសារ ប្រព័ន្ធផ្សាយផ្សាយបរទេសមួយចំនួនដែលផ្សាយមិនបានគ្រប់ជ្រុងជ្រោយ និងបំផ្លាញមុខមាត់កម្ពុជា តាមរយៈការសម្តែងរឿងចាប់ជំរិត ការបូមឈាមលក់ ការដូរក្រលៀន និងការជួញដូរគ្រឿងញៀនជាដើម ដែលទង្វើទាំងអស់នេះ បានប៉ះពាល់ខ្លាំងណាស់ដល់ប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងព្រមានចំពោះអ្នកទាំងឡាយណាដែលចង់បានការទស្សនាច្រើននៅលើបណ្តាញសង្គមដោយការបំផ្លាញមុខមាត់កម្ពុជា ថាពួកគេនឹងត្រូវទទួលរងវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ជាពិសេសគឺពួកគេនឹងលែងបានចូលប្រទេសកម្ពុជាជារៀងរហូត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ