សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមត្ថភាពកូនខ្មែរបច្ចុប្បន្នមិនចាញ់បរទេសឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា សមត្ថភាពកូនខ្មែរនាពេលបច្ចុប្បន្ននេះមានចំណេះដឹងខ្ពស់ មិនចាញ់ជនបរទេសឡើយ ពោលគឺដោយសារតែគោលនយោបាយការកសាងធនធានមនុស្សរបស់រាជរដ្ឋាភិបាល។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា គោលនយោបាយកសាងធនធានមនុស្សរបស់កម្ពុជា ជាច្រើនឆ្នាំកន្លងមកនេះ បានធ្វើឲ្យកូនខ្មែរភាគច្រើនមានសមត្ថភាពនិងចំណេះដឹងខ្ពស់មិនចាញ់បរទេសនោះឡើយ។ សម្តេចបានលើកឧទាហរណ៍បញ្ជាក់ថា កាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០ ការសរសេរផែនការ និងគោលនយោបាយរបស់ក្រសួង-ស្ថាប័នភាគច្រើន គឺពឹងលើអ្នកជំនាញរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភាពលោក(WB) ក៏ប៉ុន្តែបច្ចុប្បន្ន រាល់ផែនការរបស់ក្រសួង-ស្ថាប័ន គឺកូនខ្មែរ មន្ត្រីខ្មែរជាអ្នកសរសេរ និងរៀបចំឡើង ពោលគឺតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី អះអាងថា ការគ្រប់គ្រង ដឹកនាំផែនការ និងការអនុវត្តលើគ្រប់វិស័យ ទាំងឯកជន និងរដ្ឋ នាពេលបច្ចុប្បន្ន គឺជាសមត្ថភាពកូនខ្មែរ ហើយសមត្ថភាពទាំងនោះភាគច្រើនទទួលបានការបណ្តុះបណ្តាលក្នុងប្រទេសក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ