សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំងឱ្យប្រទេសមួយចំនួន ឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មនៅកម្ពុជា នៅតែសម្រេចបានកំណើនល្អ នៅក្នុងឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្តែងវិស័យដំណាំសម្រេចបាន ៣៦,៨១លានតោន កើនបាន ៦% បើប្រៀបធៀបនៅឆ្នាំ២០២២ ក្នុងនោះដំណាំស្រូវបាន១២,៤៩ លានតោន និងអធិរេកចំនួន ៦,៩៩ លានតោន។ កម្ពុជាបាននាំចេញផលិតផលកសិកម្មមានជាង ៨,៨២លានតោន ដែលមានតម្លៃប្រមាណ ៤,៨ពាន់លានដុល្លារអាមេរិក ទៅកាន់គោលដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ពាន់តោន កើនឡើងជាង ៣% ឆ្នាំ២០២៣ ហើយអ្វីដែលសំខាន់ជាងនេះ គឺប្រជាកសិករទូរទាំងប្រទេស សប្បាយរីករាយដោយទទួលបានប្រាក់ចំណេញពីការលក់ស្រូវបានតម្លៃខ្ពស់៕