លិខិតមិត្តអ្នកអាន៖ ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ បានចង្អុលបង្ហាញសម្រាប់ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងយុគសម័យថ្មី

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ មហាសន្និបាតការងារកិច្ចការបរទេសមជ្ឈិមត្រូវបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំងប្រទេសចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជាប្រធានាធិបតី និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ។
មហាសន្និបាតខាងលើបានបូកសរុបសមិទ្ធផល និងបទពិសោធន៍របស់ចិនក្នុងការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ចាប់ដំណើរការពីការពង្រឹងរចនាកម្រិតកំពូលសម្រាប់យុទ្ធសាស្ដ្រការទូតចិនលើដំណើរថ្មី បានបញ្ជាក់យ៉ាងច្បាស់អំពីក្របខណ្ឌប្រព័ន្ធវិទ្យាសាស្ត្រសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ពោលគឺចាត់ទុកការកសាងពិភពលោកប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខពេញលេញ វិបុលភាពរួម ការបើកចំហយោគយល់គ្នា និងភាពស្រស់ស្អាតជាគោលដៅនៃការខិតខំ ចាត់ទុកការជំរុញអភិបាលកិច្ចសកលដែលមានលក្ខណៈពិភាក្សាគ្នារួម កសាងរួម និងចែករំលែករួមជាមាគ៌ាសម្រេច ចាត់ទុកការអនុវត្តគុណតម្លៃរួមមនុស្សជាតិទាំងអស់ជាគោលការណ៍អនុវត្ត ចាត់ទុកការជំរុញកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីជាការទ្រទ្រង់មូលដ្ឋាន ចាត់ទុកការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលជាការណែនាំយុទ្ធសាស្ត្រ ចាត់ទុកការកសាងរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដោយមានគុណភាពខ្ពស់ជាវេទិកាអនុវត្ត ដើម្បីជំរុញបណ្ដាប្រទេសរួមគ្នាតបទល់បញ្ហាប្រឈម និងសម្រេចបាននូវវិបុលភាពរួម។
នាខែមីនា ឆ្នាំ២០១៣ ប្រឈមមុខនឹងសំណួរពិភពលោក សំណួរប្រវត្តិសាស្រ្ត និងសំណួរសម័យកាលថា «តើមនុស្សជាតិគួរទៅទីណា?» លោក Xi Jinping អគ្គលេខាធិការបក្ស បានយល់យ៉ាងច្បាស់អំពីនិន្នាការអភិវឌ្ឍន៍និងច្បាប់បម្រែបម្រួលសង្គមមនុស្សជាតិ បានផ្តួចផ្តើមកសាងសហគមន៍វាសនារួមប្រកបដោយភាពច្នៃប្រឌិត បានចង្អុលបង្ហាញទិសដៅយ៉ាងត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍ពិភពលោក ដែលកំពុងតែស្ថិតក្នុងចំណុចរបត់ប្រវត្តិសាស្រ្ត។
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិបានវិវត្តិខ្លួនពីគំនិតផ្តួចផ្តើមរបស់ចិនទៅជាកុងសុងស៊ីសអន្តរជាតិ ពីចក្ខុវិស័យដ៏ល្អប្រសើរ ទៅជាការអនុវត្តដ៏សម្បូរបែប បានក្លាយជាទ្រឹស្តីស្នូលនៃគំនិតការទូតរបស់ លោក Xi Jinping ហើយក៏បានក្លាយជាគំនិតពុះពារដ៏លេចធ្លោ និងគោលដៅដ៏ខ្ពង់ខ្ពស់សម្រាប់ការទូតប្រទេសធំដែលមានលក្ខណៈពិសេសនៃចិននៅក្នុងយុគសម័យថ្មី។
ក្រោយការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិត្រូវបានផ្តួចផ្តើម ទទួលបានការកោតសរសើរកម្រិតខ្ពស់និងការឆ្លើយតបយ៉ាងសកម្មពីសហគមន៍អន្តរជាតិ។ ប្រទេសចិនបានកសាងទម្រង់ផ្សេងៗនៃសហគមន៍វាសនារួមជាមួយរាប់សិបប្រទេសនិងតំបន់ បានអនុវត្តការកសាងសហគមន៍វាសនារួមក្នុងវិស័យជាច្រើនដូចជាសុខាភិបាលសុខភាព មនុស្សនិងធម្មជាតិ បណ្តាញអ៊ីនធើណែត និងមហាសមុទ្រជាដើម។ នៅតំបន់អាស៊ីអាគ្នេយ៍ ចិននិងប្រទេសសមាជិកអាស៊ាន និងប្រទេសឡានឆាង-មេគង្គ បានរួមគ្នាកសាងសហគមវាសនារួមដែលមានលក្ខណៈក្នុងតំបន់ ហើយបានកសាងសហគមន៍វាសនារួមទ្វេភាគីជាមួយប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ីជាដើម យើង «ដកដង្ហើមដូចគ្នា និងមានវាសនារួមគ្នា» ជាមួយប្រទេសក្នុងតំបន់និងពាក់ព័ន្ធ ចែករំលែកឱកាសចិន។
ក្នុងកិច្ចការដ៏មហិមាក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ សហគមន៍វាសនារួមរវាងចិន-កម្ពុជាតែងតែបោះជំហានឈានមុខ ជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រមូលផ្តុំនូវបទពិសោធន៍ដ៏មានតម្លៃក្នុងការកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសជិតខាង និងមនុស្សជាតិ បានដើរតួនាទីក្នុងការត្រួសត្រាយនិងជាគំរូ។ នាខែវិច្ឆិកា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់កុងសុងស៊ីសដ៏សំខាន់ក្នុងការបង្កើតសហគមន៍វាសនារួមដែលជួយគ្នាទៅវិញទៅមករវាងចិននិងកម្ពុជា។ នាខែមេសា ឆ្នាំ២០១៩ កម្ពុជាបានក្លាយជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើផែនការសកម្មភាពកសាងសហគមន៍វាសនារួមជាមួយប្រទេសចិន។ នាខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី។ នាខែកញ្ញា ឆ្នាំដដែល ប្រទេសទាំងពីរបានចុះហត្ថលេខាលើទម្រង់ថ្មីនៃផែនការសកម្មភាពកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី (២០២៤-២០២៨)។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាបានឈានចូលដល់យុគសម័យថ្មីដែលមានការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក្តី ចិននិងកម្ពុជាតែងតែជាមិត្តដែកថែបនិងជាដៃគូស្គាល់ចិត្តគ្នាដែលរួមសុខរួមទុក្ខជាមួយគ្នា និងចាប់ដៃគ្នាសហការ។ សហគមន៍វាសនារួមរវាងចិន-កម្ពុជាត្រូវបានចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្រ្តចំណងមិត្តភាពជាពិសេសដែលមានអាយុកាលរាប់ពាន់ឆ្នាំ អរិយធម៌ចិននិងអរិយធម៌ខ្មែរបានសិក្សា លាយបញ្ចូលគ្នា និងផ្លាស់ប្ដូររវាងគ្នានិងគ្នាអស់រយៈពេលជិតពីរពាន់ឆ្នាំមកហើយ។ ទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាង លោក ម៉ៅ សេទុង អតីតប្រធានាធិបតីចិន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងព្រមទាំងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បានជួយជំរុញការអភិវឌ្ឍន៍ឥតឈប់ឈរនៃទំនាក់ទំនងប្រទេសទាំងពីរ បង្កើតបានជាគំរូទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋដែលសង្កត់ធ្ងន់លើចំណងមិត្តភាពនិងគុណធម៌។ សហគមន៍វាសនារួមរវាងចិន-កម្ពុជាទទួលបានអត្ថប្រយោជន៍ដោយសារការបន្ស៉ីគ្នាកម្រិតខ្ពស់រវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ហើយក៏បានបញ្ចូលជាកម្លាំងចលករដ៏រឹងមាំទៅក្នុងការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅរវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ចិន និង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា។
ឆ្នាំ ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងកម្ពុជា។ ការពង្រឹងកិច្ចការផ្លាស់ប្ដូរប្រជាជននិងប្រជាជន មិនត្រឹមតែជាបំណងប្រាថ្នា និងក្តីរំពឹងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ក៏ជាតម្រូវការនិងជាកត្តាចាំបាច់ដើម្បីជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា។ កាលពីថ្ងៃទី១៣ ខែមករា ពិធីបើក «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនចិន-កម្ពុជា» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅទីលានជល់ដំរីទឹកដីអង្គរ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរ។ លោក Li Shulei សមាជិកនាយកដ្ឋាននយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន ជាលេខាធិការបក្សនៃលេខាធិការដ្ឋាន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការកណ្តាលចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកខាងលើនិងថ្លែងសុន្ទរកថា ដោយបានបង្ហាញពាក្យពេចន៍ជូនពរបវរប្រសើរនិងក្តីរំពឹងខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃចិននិងកម្ពុជា។ បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល រៀបចំយ៉ាងសកម្មនូវកម្មវិធីផ្លាស់ប្តូរប្រជាជននិងប្រជាជនតាមគ្រប់ទម្រង់ លើកកម្ពស់ការផ្សារភ្ជាប់បេះដូងប្រជាជននិងប្រជាជន ទំនាក់ទំនងវប្បធម៌ និងការសិក្សាពីគ្នាទៅវិញទៅមក បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា និងអត្ថន័យនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលវិស័យអាទិភាពទាំង៦។
ចិនមានសុភាសិតមួយតែងពោលថា ឱកាសពុះពារយ៉ាងអង់អាចគង់តែមកដល់ បង្ហូតក្ដោងសំពៅបោះជំហានទៅមុខ។ យើងជឿជាក់ដោយមានហេតុផលពេញលេញថា ក្រោមការណែនាំកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជា ប្រាកដជានឹងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរប្រាកដជាត្រូវបានអភិវឌ្ឍបន្ថែមទៀត ហើយការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីប្រាកដជានឹងឈានដល់កម្រិតថ្មីមួយទៀត ហើយប្រទេសនិងប្រជាជនទាំងពីរនឹងឈានទៅអនាគតដ៏ត្រចះត្រចង់៕
ដោយ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...