សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីទើបបង្កើតក្នុងរយៈពេល ២៥ ឆ្នាំក៏ដោយ ប៉ុន្តែកងទ័ពជើងគោកបានចូលរួមគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្រ្គាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខដែលគ្រប់គ្នាភ័យខ្លាច ឥឡូវបានប្រែក្លាយជារដ្ឋអធិបតេយ្យនិងឯករាជ្យ ដែលមានសុខសន្តិភាព នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់ ទ្រង់គង់ជាម្លប់ដ៏ត្រជាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាដែលត្រូវបានដាក់អោយឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានធ្វើសមាហរណកម្មពេញលេញ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពនៅក្នុងសកលលោក ក្រោមឆត្រនៃអង្គការសហប្រជាជាតិ។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤» នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណុចទាំងអស់នេះបញ្ជាក់អោយឃើញថា ទោះបីជាបញ្ជាការដ្ឋានកងទ័ពជើងគោកទើបតែបង្កើតក្នុងរយៈពេល ២៥ ឆ្នាំ ក៏ដោយ ប៉ុន្តែកងកម្លាំងរបស់កងទ័ពជើងគោក ពោលគឺនាយទាហាន នាយទាហានរង និងពលទាហាន បានចូលរួមក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ រាប់ចាប់ពីការចូលរួមកសាងរណៈសិរ្សសាមគ្គីសង្រ្គោះជាតិឆ្នាំ ១៩៧៨ ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ