សាលា Ecole 42 របស់បារាំង ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា កំពុងរៀបចំបើកការបណ្តុះបណ្តាលនៅកម្ពុជា

សាលា Ecole 42 របស់បារាំង កំពុងរៀបចំបើកការបណ្តុះបណ្តាលនៅកម្ពុជា។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយលោកស្រី Sophie Viger នាយិកាសាលា Ecole 42 ពេលចូលជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ លោកស្រីនាយិកា បានជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីសកម្មភាព​បណ្តុះ​បណ្តាលរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់​នូវ​ការសិក្សាដោយឥតគិតថ្លៃ ជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹង​សម្រាប់​អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោត​លើ​ការរៀនសូត្របន្ត និងជាមួយមិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និងការជួយ​គ្នា​ទៅវិញទៅមកក្នុងការសិក្សារៀនសូត្រ។ ដោយឡែកនៅកម្ពុជា សាលា Ecole 42 បាននិងកំពុង​សហ​ការ​ជាមួយដៃគូក្នុងស្រុក ដើម្បីរៀបចំដំណើរការនៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបានលេីកទឹកចិត្តឱ្យសាលាខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវ​ដំណើរ​ការនៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅ​ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារនៅកម្ពុជា៕

     

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ