គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា «យើងនឹងមានគម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ»។

សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។

សូមរំលឹកផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការធ្វើព្រែកជីកហ្វូណន-តេជោ គ្មានអាថ៌កំបាំងអ្វីនោះទេ គឺដើម្បីពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ ហើយការធ្វើព្រែកជីកដើម្បីភ្ជាប់ទន្លេជាមួយសមុទ្រនេះ ក៏ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ពុំមានអ្វីជាអាថ៌កំបាំងនោះទេ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជា កាន់តែរីកចម្រើនមានជីវភាពកាន់តែធូរធាផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ