សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន  HawkEye 360 Inc ចូលជួបសម្តែងការគួរសម នៅក្នុងប្រទេសស្វីស

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក John Serafini  នាយកប្រតិបត្តិក្រុមហ៊ុន  HawkEye 360 Inc ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងឱកាសនៃជំនួប លោក John Serafini បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន HawkEye 360 Inc ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន និងបានបង្ហាញនូវភាពរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមសហការវិនិយោគជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ដោយបានលើកទឹកចិត្ត​ឱ្យក្រុមហ៊ុនបន្តសិក្សាលទ្ធភាពនៅក្នុងការវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត នេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន HawkEye 360 Inc ជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៥ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ