អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងឱកាសនៃជំនួប ឯកឧត្ដម Mathias Cormann បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានធ្វើការបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។ ឯកឧត្តម អគ្គលេខាធិការអង្គការ OECD ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះការដាក់ចេញនូវគោលនយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថាន ។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនលូតលាស់ និងឈានទៅសម្រេចបាន់នូវចក្ខុវិស័យ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការរីករាយស្វាគមន៍ចំពោះជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការ OECD សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់  និងពង្រីកថ្មីបន្ថែមទៀត ព្រមជាមួយនឹងការអរគុណចំពោះអង្គការ OECD ដែលបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញអំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និង គោលនយោបាយជាតិគាំពារសង្គម ជាដើម ។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរការនៃការកសាង និងអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយឈានចេញពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមជាមួយនឹងចក្ខុវិស័យប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

គួរបញ្ជាក់ថា អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិក ចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ។ អង្គការនេះត្រូវបានទទួលស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ខ្លឹមសារប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមជាមួ...

នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា