(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួប លោក Olivier Duguet បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នាយកប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចជូនសម្តេចធិបតី ថាក្រុមហ៊ុន របស់លោក គឺជាក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ហើយកន្លងមកក្រុមហ៊ុន បានធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គីសនីបាន។ ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី។ បន្ថែមលើនេះផងដែរ ក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជាមួយការជួយជ្រោមជ្រែង និងការសហប្រតិបត្តិការល្អជាមួយនឹងដែគូពាក់ព័ន្ធនឹងកម្ពុជា និងការគាំពារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត ។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនីដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេស បានផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Olivier Duguet និងសហការី និងបានបង្ហាញក្តីរីករាយ និងសូមគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរក្រុមហ៊ុន ទទួលបានជោគជ័យលើកិច្ចការដែលវិនិយោគ នៅពេលអនាគត និងស្នើក្រុមហ៊ុន ទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណាឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យសម្រេចបានជាលទ្ធផលផ្លែផ្កាជាក់ស្តែង។