ក្រុមហ៊ុន Alstom ចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា

(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប លោក Philippe DELLEUR បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)។ លោកបានបន្ថែមថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ផងដែរ។ លោក Philippe DELLEUR បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងសម្ដែងនូវក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Philippe DELLEUR និងបានគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេស ផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សានៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ