ឯកឧត្តម លោកជំទាវ គណៈធិបតី ភ្លៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះ, ខ្ញុំមានកិត្តិយស ដែលបានចូលរួម ក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងបរិស្ថាន នៅថ្ងៃនេះ ។
ដំបូង ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើន រួមទាំង សមិទ្ធផលថ្មីៗ ដែលសម្រេចបានក្នុងរយៈពេល ៤ ខែ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និង ការលើកទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីឆ្ពោះទៅដល់ការសម្រេចបាន «ភាពស្អាត ភាពបៃតង និង ចីរភាព» ដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានធ្វើ របាយការណ៍យ៉ាងពិស្តារអម្បាញ់មិញនេះ ។
ជាក់ស្តែង, វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈ ការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និង ការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំ កិច្ចគាំពារបរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានា សន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខថាមពល ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈ ពេលវែង និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន យុទ្ធនាការលប់បំបាត់សំណល់ប្លាស្ទិក និង កែច្នៃសំណល់ទីប្រជុំជន កសិដ្ឋាន រោងចក្រសហគ្រាស និង អង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និង សេដ្ឋកិច្ចចក្រា គំនិតផ្ដួចផ្ដើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ាន ឱ្យស្ថិតនៅលើមាគ៌ា អភិវឌ្ឍបៃតង និង ចីរភាព ការអនុវត្តគោលនយោបាយការទូតបៃតង ឥណទានកាបូន និង ការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម ។
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សហគមន៍មូលដ្ឋាន វិស័យឯកជន និង អ្នកពាក់ព័ន្ធ ដែលបានចំណាយពេលដ៏មមាញឹក ចូលរួមក្នុងសន្និបាតនេះ និង សូមកោតសរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានបន្តប្ដេជ្ញាចិត្តខ្ពស់ និង ខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារអភិរក្ស គ្រប់គ្រង និង អភិវឌ្ឍ វិស័យបរិស្ថាន និង ធនធានធម្មជាតិយ៉ាងសកម្ម និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) អភិវឌ្ឍន៍និងអភិរក្សត្រូវដើរទន្ទឹមគ្នា។ នៅក្នុងពិភពលោក ប្រជាពលរដ្ឋរបស់យើងនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋនៅលើសកលលោកជាងប៉ុន្មានពាន់លាននាក់ ត្រូវការផែនដីមួយដែលអំណោយផលសម្រាប់រួមនិងរស់យូរអង្វែងតទៅទៀត។ ការអភិវឌ្ឍជាការចាំបាច់ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន និងតម្រូវការសម្រាប់អនាគត ប៉ុន្តែយើងក៏ត្រូវគិតផងដែរអំពីការថែរក្សានូវតម្លៃនិងបរិស្ថាននេះ។ បើមិនអញ្ចឹងទេ យើងសប្បាយនៅក្នុងជីវិតរបស់យើង ប៉ុន្តែកូនចៅយើង ចៅទួតយើងនឹងមានការលំបាក។ អញ្ចឹង កិច្ចការសំខាន់ គឺការដាក់ចេញនូវគោលនយោបាយពេលនេះ ដើម្បីបង្កានូវប្រការដែលកូនចៅចៅទួតចៅលួតរបស់យើង នឹងត្រូវលំបាកវេទនាដោយសារបញ្ហាបរិស្ថានមិនអំណោយផល ខណៈដែលការអភិវឌ្ឍធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែងបានប្រសើរឡើងចាំបាច់ត្រូវដើរទៅមុខ។
ពិតណាស់ ការអភិវឌ្ឍ មិនអាចជាដំណើរមួយរក្សាបានទាំង ២ ទេ។ ឧទាហរណ៍ កំណើនប្រជាពលរដ្ឋ វាទាមត្រូវការពង្រីកភូមិហើយ មិនអាចថានៅមួយស្រុកមាន ១០០គ្រួសារ ដី ១០០ហិកតា ដល់ពេលឡើង ២០០០គ្រួសារ នៅតែ ១០០ ហិកតានោះទេ។ ពិតណាស់ នៅកន្លែងខ្លះដែលដីមិនអំណោយផល គេត្រូវសង់ឡើង។ នៅប្រទេសយើង (ដែលកំណើនប្រជាជន)ត្រូវការរីក អញ្ចឹងវាប្រាកដជាមានការប៉ះពាល់ខ្លះហើយ។ តម្រូវការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាការកសាងឧស្សាហកម្ម ត្រូវការថាមពល។ ពេលខ្លះយើងត្រូវការអភិវឌ្ឍវារីអគ្គសនី យើងត្រូវការធ្វើបណ្ដាញបញ្ជូនដែលត្រូវប៉ះពាល់កន្លែងខ្លះ។ ការធ្វើស្ពានវាអាចប៉ះពាល់ចរន្តទឹក។ តែបើយើងមិនធ្វើ មិនអាចតភ្ជាប់ និងបង្កើតសង្វាក់សេដ្ឋកិច្ច។ នេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃការចាំបាច់នៅក្នុងការអភិវឌ្ឍ។
(២) យើងត្រូវធានាថាការអភិវឌ្ឍរបស់យើងគឺធ្វើយ៉ាងណាដើម្បីជាមូលដ្ឋានអភិវឌ្ឍយូរអង្វែង និងមានចីរភាព។ នេះហើយ(ជាធាតុសំខាន់)នៅក្នុងយុទ្ធសាស្រ្តចក្រា ស្អាត បៃតង និងចីរភាព ឬនិរន្តរភាព ឬ green, clean, និង sustainable។ ដែលចូលមកអម្បាញ់មិញ ឃើញ green ទាំងអស់។ នេះគឺជាអ្វីដែលយើងត្រូវថែទាំ … ពិភពលោកបានឃើញហើយនូវបម្រែបម្រួលអាកាសធាតុ។ កន្លែងដែលធ្លាប់តែមានភ្លៀង (បែជា)លែងមានទឹកគ្រប់សម្រាប់ប្រើប្រាស់។ កន្លែងខ្លះទៅទឹកជាលិចលង់រាល់ឆ្នាំ។ កម្ពុជាយើងមិនទាន់មានទេ នៅតាមប្រទេសខ្លះ កន្លែងដែលធ្លាប់តែជាភូមិ ២០ឆ្នាំមកហើយ ឥឡូវលិចទឹកប្រហែលជា ៣ម៉ែត្រ។ មិនអាចនៅបានទៅហើយ។ អញ្ចឹងការប្រែប្រួលអាកាសធាតុនេះសំខាន់។
(៣) កម្ពុជា ជាប្រទេសតូច។ តាមពិត បើនិយាយអំពីការចូលរួមរបស់កម្ពុជានៅក្នុងការបង្កជាផលអវិជ្ជមាន ដែលប៉ះពាល់ទៅដល់បរិស្ថានទូទាំងពិភពលោក ការបញ្ចេញនូវជាតិពុលអី យើងមិនធំទេ។ ប៉ុន្តែក្នុងនាមជាសមាជិកមួយនៃភពផែនដីនេះ យើងត្រូវតែជួយគ្នា ព្រោះផែនដី/បរិស្ថានវាមិនមានព្រំដែនទេ។ យើងម្នាក់ៗ ដើរតួនាទីរៀងខ្លួន ដើម្បីចូលរួម(ការពារបរិស្ថាន) … (ដោយហេតុនេះហើយ)បាន(ជា)រាជរដ្ឋាភិបាលច្រើនអាណត្តិមកហើយ ដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងក្រសួងស្ថាប័នរាប់អាណត្តិមកនេះ បានចេញគោលនយោបាយជាច្រើន (ដោយឡែក)ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅទីនេះ នៅក្នុងជំនាន់អាណត្តិមុននេះ ក៏បានធ្វើនិងដាក់ចេញក្របខណ្ឌគោលនយោបាយច្រើន។ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានបន្តការងារនេះ។
អភិវឌ្ឍន៍យើងត្រូវធ្វើ ប៉ុន្តែត្រូវគិតគូរនិងធានា(មិនអោយមានផលប៉ះពាល់)។ អញ្ចឹងរាល់គម្រោងផ្សេងៗដែលអាចមានលក្ខណៈប៉ះពាល់ជាមួយនឹងបរិស្ថាន (៤) ចាំបាច់ត្រូវតែមានការសិក្សាអំពីផលប៉ះពាល់ ដែលយើងហៅថា EIA (environmental impact assessment) ដែលពេលខ្លះចំណាយអស់ថវិការាប់លានដុល្លារ(និងពេលវេលា)រាប់ឆ្នាំ។ គម្រោងវារីអគ្គិសនីមួយត្រូវការពេល ២-៣ឆ្នាំដើម្បីសិក្សា។ គ្រាន់តែស្ពានដែលយើងធ្វើលើផ្លូវលេខ ៥០សេ ឆ្លងកាត់ពីខេត្តកំពង់ធំមកកំពង់លែង អ្នកណាក៏ដឹងថាបើតភ្ជាប់ស្ពាននេះ សេដ្ឋកិច្ចនៃប្រជាជននៅកំពង់លែង ខេត្តកំពង់ឆ្នាំងនឹងកើន។ ប៉ុន្តែហេតុអ្វីចាំបាច់យើងត្រូវសិក្សាយូរម្លេះ? យើងត្រូវគិតអំពីចរន្តទឹក ពីផលប៉ះពាល់ដល់ត្រីនៅក្នុងហ្នឹង។ បើយើងធ្វើគ្មានការទទួលខុសត្រូវទេ យើងនឹងបានតែស្ពាន តែខូចខាតប្រយោជន៍ប្រជាពលរដ្ឋយើង និងទឹកនៅតាមបណ្ដោយ(ដងទន្លេ)។
យើងបានប្ដេជ្ញាចិត្តមិនឱ្យកសាងទំនប់វារីអគ្គិសនីណាមួយនៅតាម/ជាប់ផ្ទាល់ជាមួយនឹងទន្លេមេគង្គទេ ដើម្បីកុំឱ្យប៉ះពាល់(ដល់បរិស្ថានទន្លេនិងតំបន់រណប) ទោះបីជាផលិតភ្លើងបានច្រើនយ៉ាងណាក៏ដោយ។ នេះគឺជាកាតព្វកិច្ចដែលត្រូវតែធ្វើ ដើម្បីអោយការអភិវឌ្ឍរបស់យើង អាចដោះស្រាយបានបញ្ហាទាំងចំពោះមុខនិងទៅអនាគត … ថែរក្សានូវបរិស្ថាន ដើម្បីមនុស្សរាប់សិបជំនាន់បន្តទៅទៀត។ សំខាន់មនុស្សអាចធ្វើបាន មនុស្សធ្វើឱ្យដែករាប់ពាន់តោនហោះលើមេឃបាន អញ្ចឹងសំខាន់(យើងត្រូវមាន)ចក្ខុវិស័យនិងឆន្ទៈ។ (៥) ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ បានចាត់ទុកការងារការពារបរិស្ថាននេះ គឺជាកិច្ចការសំខាន់។ ហេតុនេះហើយបានជាយើងដាក់ចេញជាក្របខណ្ឌគោលនយោបាយដើម្បីឈានឆ្ពោះទៅសំរេចអោយបានអព្យាក្រឹត្យកាបូននៅពេលខាងមុខឆ្នាំ ២០៥០។ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងនោះកាលពីឆ្នាំ ២០២១ នៅទីក្រុង Glasgow (កាតិកាអាកសធាតុ Glasgow) COP 26 រាជរដ្ឋាភិបាលបានសម្រេចមិនឲ្យអាជ្ញាប័ណ្ណរោងចក្រអគ្គិសនីដែលដើរដោយធ្យូងថ្មបន្ថែមទៀតទេ ដើម្បីកាត់បន្ថយ(បំភាយផ្សែងទៅក្នុងលំហរអាកាស) ដែលធ្វើឲ្យប៉ះពាល់បរិស្ថានច្រើន។ នៅ COP 28 នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាតំណាងខ្ញុំ បានទៅប្រជុំនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយបានបញ្ជាក់(ជាថ្មី)ពីការប្តេជ្ញាចិត្តរបស់យើង។
ជាក់ស្តែងនៅ (៦) ក្នុង ៣ខែនេះ ទី១ ខ្ញុំបានលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម មានផលិតផល ៧០០ មេហ្គាវ៉ាត់ ហើយជំនួសវិញដោយរោងចក្រផលិត(អគ្គីសនីដើរ)ដោយ LNG ឧស្ម័ន … ទី២ បច្ចុប្បន្ននេះកម្ពុជាមានថាមពលពីប្រភពកកើតថ្មី renewable ៦២%។ (នេះជា)កម្រិតខ្ពស់(មួយ) តែយើងដាក់ទិសដៅថានៅក្នុងឆ្នាំ ២០៣០ នេះ ឲ្យថាមពល(ប្រភេទ)នេះឡើងទៅដល់ ៧០% នៃថាមពលសរុបរបស់យើង … ដោយហេតុនេះហើយ បានជា(កម្ពុជា)ជំរុញលើកទឹកចិត្តការវិនិយោគលើការបង្កើតអគ្គិសនី តាមរយៈថាមពលកកើតថ្មី វារីអគ្គិសនី, សូឡា(ពន្លឺព្រះអាទិត្យ) ខ្យល់។ យើងមិនទាន់ឈានទៅដល់នុយក្លេអ៊ែរទេ។ នុយក្លេអ៊ែរពិបាក។ ប្រទេសយើងតូច។ មិនទាន់មានការចាំបាច់។ ទី៣ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពីការបង្កើតគណៈគ្រប់គ្រងសំរាម សំណល់ ទីប្រជុំជននៅឆ្នាំ ២០២១ ដើម្បីដោះស្រាយជាចង្វាក់ពីដើមខ្សែរហូតដល់ចុងខ្សែក្នុងការគ្រប់គ្រងសំរាម។ មិនធម្មតាទេ នៅក្រុងភ្នំពេញ(មានសំរាម)រាប់ពាន់តោន។ ក្រុមហ៊ុនសំរាមមិនទៅយកមួយថ្ងៃ ឬក៏ពីរថ្ងៃ យើងអាចដឹងហើយថាតើយ៉ាងណា។ អញ្ចឹងការធានា(អោយបាន)នូវការគ្រប់គ្រង មិនមែនត្រឹមតែប្រមូលទេ តែគ្រប់គ្រងយ៉ាងណាកុំឲ្យខូចបរិស្ថាន។
ការនេះទាមទារនូវក្របខណ្ឌគោលនយោបាយ។ (៧) កាលពីដើមខែ ១១ នេះ ខ្ញុំបានឲ្យគោលការណ៍ឯកភាពជាមួយនឹងសំណើរបស់ក្រសួងរ៉ែ និងថាមពល នៅតំបន់ព្រៃឡង់ គឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀត។ យើងមិនចេញអាជ្ញាប័ណ្ណថ្មីរុករករ៉ែនៅទីនោះទៀតទេ។ អាជ្ញាប័ណ្ណដែលមានស្រាប់គឺបន្តធ្វើទៅ ហើយខិតខំសិក្សានៅក្នុងការកាត់បន្ថយផ្ទៃដីដែលសិក្សា។ ពេលដែលយើងឲ្យអាជ្ញាប័ណ្ណមួយៗ ជួនកាលយើងឲ្យឧទាហរណ៍ថា ១០០ ហិកតា ដំបូងដើម្បីយកទៅសិក្សា … ទម្រាំតែចូលទៅប្រហែលជាសល់ ៤ ៥ ហិកតាសម្រាប់ជាកន្លែងគោលដៅ។ អញ្ចឹងឲ្យសិក្សាមើលអំពីការកំណត់ផ្ទៃដែលសិក្សា កុំឲ្យវាធំពេក។ វាប៉ះពាល់ច្រើន។ រ៉ែដែលមានស្រាប់ក៏មិនឲ្យពង្រីកបន្ថែមទេ។ ទុកជាតំបន់ការពារ។ នេះគឺជាគោលការណ៍។
[ចប់សេចក្តីអធិប្បាយ ១]
ពិភពលោកបាននឹងកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន បញ្ហាសំណល់រឹង សំណល់រាវ និងសំណល់ប្លាស្ទិច ការបាត់បង់ជីវចម្រុះ ការសឹករេចរិលប្រតិព័ន្ធអេកូឡូហ្ស៊ី ការបាត់បង់គំរបព្រៃឈើ ការរាតត្បាតនូវជំងឺឆ្លងសកល ដែលឆ្លងពីសត្វមកមនុស្ស និងការប្រែប្រួលអាកាសធាតុជាដើម។ ខ្ញុំសូមលើកឡើងនូវបញ្ហាប្រឈមនៃបរិស្ថានចំបងៗមួយចំនួនដូចខាងក្រោម៖
ទី១. កំណើនការប្រើប្រាស់ និង កើនឡើងនូវសំណល់ប្លាស្ទិក ៖ ប្លាស្ទិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាសកល ។ កំណើននៃការផលិត និង ប្រើប្រាស់ប្លាស្ទិក ដោយពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យបាន ត្រឹមត្រូវ បានបង្កឱ្យមានការបំពុលប្លាស្ទិកទៅក្នុងបរិស្ថាន ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពមនុស្ស និង ជីវៈចម្រុះផ្សេងៗទៀត ក៏ដូចជាការ បាត់បង់សោភ័ណភាពបរិស្ថាន ជាដើម ។ តាមការស្រាវជ្រាវជាសកល, សំណល់ប្លាស្ទិក ជា ពិសេសមីក្រូប្លាស្ទិក ត្រូវបានរកឃើញនៅក្នុងត្រី, ប្រភពទឹក ដែលអាចបង្កផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ និង ទាមទារឱ្យពិភពលោកមានការយកចិត្តទុកដាក់បន្ថែមក្នុងការដោះស្រាយបញ្ហាការ បំពុលដោយប្លាស្ទិក ។ ក្នុងន័យនេះ, ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ដែលក្រសួងបរិស្ថានបានដាក់ចេញនាពេលថ្មីៗនេះ ជាពិសេសយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលរួមចំណែកផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជនឱ្យចូលរួម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃនៅកម្ពុជា ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
កន្លងទៅខ្ញុំឃើញកិច្ចការនេះបានដំណើរការច្រើន ដោយមានការចូលរួមពីវិស័យឯកជនរបស់យើង។ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញកិច្ចការងារនេះ។ ឥឡូវយើងទៅ restaurant មួយចំនួន និងទៅភោជនីយដ្ឋានមួយចំនួន អត់មានទុយោជ័រទៀតទេ។ ទុយោធ្វើពីក្រដាសអាចធ្វើបាន ហើយការផលិតនេះមិនមែនបានន័យថាប្លាសិ្ទចមិនសំដៅតែស្បោងប្លាស្ទិចតែប៉ុណ្ណោះទេ ប៉ុន្តែវាទាក់ទងនឹងការប្រើប្រាស់ផលិតផលផ្សេងៗ។ ឥឡូវបច្ចេកវិទ្យាអាចធ្វើពីវត្ថុធាតុដើមដែលរលាយទៅវិញ។ នៅជប៉ុន ខ្ញុំជួបជាមួយក្រុមហ៊ុនមួយដែលគាត់ចង់មកសិក្សាដើម្បីវិនិយោគនៅស្រុកយើង។ គាត់វិនិយោគចិញ្ចឹមមាន់។ ប៉ុន្តែសួរថាចិញ្ចឹមមាន់យកធ្វើអ្វី? គាត់អត់យកសាច់ គាត់អត់យកពងទៅលក់ទេ។ គាត់យកវាយកធ្វើអំបោះធ្វើអាវ។ គាត់យកអាវរងារមកឲ្យខ្ញុំពាក់។ គេសួរខ្ញុំថាដឹងថាធ្វើពីអ្វីឬទេ? ធ្វើពីពងមាន់។ ខ្ញុំថាមិនជឿថាអាចធ្វើបាន។ ធ្វើចេញពីពងមាន់ តែអាវហ្នឹងហូបអត់បានទេ។ គេលាយជាតិគីមី ជាតិអី។ ប៉ុន្តែវាទាញទៀតហើយ។ biodegradable។ ហ្នឹងហើយដែលជាវិទ្យាសាស្ត្រដែលយើងត្រូវទាញ ហើយការប្រើប្រាស់ទាំងអស់នេះគឺជាកិច្ចការសំខាន់ ដែល ទី១ កាត់បន្ថយការប្រើប្រាស់ ទី២ លើកកម្ពស់ការប្រើនូវរបស់ដែលមិនមានប៉ះពាល់ដល់បរិស្ថាន …។
[ចប់សេចក្តីអធិប្បាយ ២]
ទី២. ការសឹករេចរឹល ការបាត់បង់គម្របព្រៃឈើជាសកល និង ការប្រែប្រួលអាកាសធាតុ៖ តាមការសិក្សារូបភាពផ្កាយរណបបានបង្ហាញថា ពិភពលោកបានបាត់បង់គម្របព្រៃ ១/៣ នៃ គម្របព្រៃទាំងមូល ហើយពាក់កណ្តាលនៃការបាត់បង់នេះបានកើតឡើងនៅក្នុងសតវត្សនេះ ហើយការបំភាយឧស្ម័នកាបូនិកទៅក្នុងបរិយាកាសមានការកើនឡើងប្រមាណ ៤ ពាន់លានតោន ជារៀងរាល់ទសវត្សរ៍ចាប់ពីឆ្នាំ ១៩៨០ មក ។ កម្ពុជា គឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច, ប៉ុន្តែ ទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ជាញឹកញាប់ និង គ្រោះរាំងស្ងួតដែលអូសបន្លាយ ជាដើម ដែលបានបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ជីវភាពប្រជាជនយើង និង រាំងស្ទះដំណើរនៃការអភិវឌ្ឍប្រទេសជាតិ ។
យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហានេះ និង បានចូលរួមយ៉ាង សកម្មជាមួយសហគមន៍ប្រជាជាតិ ទាំងកម្រិតតំបន់ និង ពិភពលោក ។ ជាក់ស្តែង រាជរដ្ឋាភិបាល កម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការ បានផ្ដោតសំខាន់លើការអភិវឌ្ឍដោយចីរភាព ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និង ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការដាក់ចេញ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» ដែល ជាការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បីឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ ក៏ដូចជាការរក្សា និង បង្កើនភាពបៃតង នៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ ។
ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការ «បណ្តុះកូនឈើ ១ លានដើមក្នុង ១ឆ្នាំ» ចែកជូនប្រជាពលរដ្ឋដាំរបស់ក្រសួងបរិស្ថាន ។ ខ្ញុំជឿជាក់ថា តាមរយៈយុទ្ធនាការអភិរក្សនិង ដាំ ដើមឈើ នឹងជួយពង្រីកគម្របព្រៃក្នុងប្រទេសកម្ពុជាឱ្យបាន ៦០% និង រួមចំណែកដល់កិច្ច ខិតខំប្រឹងប្រែងជាសកល ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។ ខ្ញុំមានជំនឿជឿជាក់ ចំពោះផលវិជ្ជមាននៃយុទ្ធនាការដាំដើមឈើនេះ ក្នុងការបន្តរក្សា និង បង្កើនមុខងារ ព្រមទាំង សេវាកម្មអេកូឡូស៊ីព្រៃឈើដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា ការនេសាទ, ការទាញយកផលអនុផលព្រៃឈើ ការផ្តល់សេវាកម្មទេសចរណ៍ ក៏ដូចជាការលើកកម្ពស់ សុខុមាលភាពមនុស្ស ធនធានធម្មជាតិ និង បរិស្ថាន ។
ទី៣. ការរាតត្បាតនូវជំងឺឆ្លងសកល ៖ ជំងឺឆ្លងសកលប្រមាណជាង ៦០% គឺជាជំងឺឆ្លងពីសត្វ មកមនុស្ស ដូចជា ជំងឺអេបូឡា ជំងឺសារស៍ ជំងឺផ្តាសាយបក្សី ជាដើម ។ ក្នុងការរៀបចំទប់ស្កាត់ ហានិភ័យជំងឺឆ្លងនាពេលអនាគត, «យន្តការសុខភាពមួយ (One Health) ទទួលបានការ ចាប់អារម្មណ៍ជាខ្លាំង ។ សុខភាពមួយ គឺជាយន្តការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្រប់វិស័យពាក់ព័ន្ធទាំងថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់សកលដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ ដោយប្រើប្រាស់វិធីសាស្ត្រអេកូឡូស៊ីនៅក្នុងការសិក្សា និងស្វែងរកដំណោះស្រាយទប់ស្កាត់ជំងឺឆ្លង បង្កើនសុវត្ថិភាពស្បៀងអាហារ កាត់បន្ថយភាពស៊ាំឱសថប្រឆាំងមេរោគ និងធានាបាននូវការការពារ និងអភិរក្សជីវៈចម្រុះដើម្បីសុខភាពសាធារណៈ។
ជាមួយនឹងសមិទ្ធផលជាច្រើនកន្លងមក នឹងដើម្បីធានានូវកិច្ចការពារបរិស្ថានកម្ពុជា ខ្ញុំសុំផ្តល់នូវអនុសាសន៍ជាក់លាក់មួយចំនួនដល់ក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តដូចខាងក្រោម៖
ទី១. ក្រសួងបរិស្ថានត្រូវអនុវត្តជំរុញយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថានដែលរាជរដ្ឋាភិបាលបានអនុញ្ញាតប្រកាសឱ្យអនុវត្តកន្លងមកឱ្យមានប្រសិទ្ធ ដោយត្រូវប្រែក្លាយទ្រឹស្តីឱ្យទៅជាការអនុវត្តជាក់ស្តែង។ ទន្ទឹមនេះក្រសួងបរិស្ថានត្រូវរៀបចំឱ្យមានយន្តការជាក់លាក់ក្នុងការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងស្នើក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមផ្តល់កិច្ចសហការឱ្យក្រសួងបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានសម្រេចបានដោយជោគជ័យ។
ទី២. ខ្ញុំសុំអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធវិស័យឯកជន និងដៃគូអភិវឌ្ឍ ចូលរួមនិងសហការនឹងក្រសួងបរិស្ថានដើម្បីជំរុញបន្ថែមនៅក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ស្របតាមគោលនយោបាយអភិរក្ស អភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន សំដៅឈានឆ្ពោះដល់ការសម្រេចការបំភាយឧស្ម័នផ្ទះកញ្ចក់ Net Zero Emission និងអព្យាក្រឹតកាបូន ដែលជាគោលដៅសកលប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការចូលរួមដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុ។
ទី៣. ក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព សុំរួមគ្នាសហការជាមួយធនាគារអភិវឌ្ឍជនបទ និងកសិកម្ម AIDB និងធនាគាររបស់រដ្ឋដើម្បីស្វែងយល់នូវលក្ខខណ្ឌតម្រូវការនានាឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ជួយធនាគារ AIDB ឱ្យក្លាយទៅជាស្ថាប័នទទួលបាននូវមូលនិធិផ្ទាល់ Accredited Entity របស់កម្ពុជាសំដៅឈានដល់ការទទួលហិរញ្ញប្បទានបៃតង ឬថវិកាជំរុញដោយផ្ទាល់ហើយជាពិសេសមូលនិធិអាកាសធាតុបៃតង GCF និងមូលនិធិបរិស្ថានសកល GEF របស់អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ ជាពិសេសសម្រាប់ប្រជាជាតិ និងប្រជាកសិករយើង។
ទី៤. ខ្ញុំស្នើឱ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ត្រូវពិនិត្យនិងវាយតម្លៃគ្រប់គម្រោងអភិវឌ្ឍ ដើម្បីធានាថាគ្រប់គម្រោងអភិវឌ្ឍទាំងនោះមានការគិតគូរពីចីរភាពបរិស្ថានជាអាទិភាព។ ក្នុងន័យនេះខ្ញុំស្នើសុំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវផ្តល់ការសហការជាមួយក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍដោយចីរភាព ដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមគោលការណ៍ និងបច្ចេកទេសក្នុងការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានទាំងគម្រោងសាធារណៈ និងឯកជន។
ទី៥. ខ្ញុំប្រកាសសម្រេចឱ្យក្រសួងបរិស្ថានដឹកនាំការសិក្សាវាយតម្លៃរាល់គម្រោងទេសចរណ៍ធម្មជាតិ ដែលផ្តល់ឱ្យកន្លងមកដោយផ្អែកលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្តែង ដើម្បីកែតម្រូវ និងតម្រង់ទិស និងការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិទាំងអស់នោះឱ្យស្របតាមគោលការណ៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ។ បន្ថែមលើនេះក្រសួងបរិស្ថានត្រូវប្រែក្លាយ សហគមន៍តំបន់ការពារធម្មជាតិជាសហគមន៍អព្យាក្រឹតកាបូន និងឆ្ពោះទៅអព្យាក្រឹតកាបូនទូទាំងប្រទេស តាមរយៈការរៀបចំនិងភ្ជាប់របៀងសហគមន៍របស់យើង។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
… យើងផ្តោតទៅលើជ្រុងអភិរក្សបរិស្ថាន ប៉ុន្តែយើងកុំភ្លេចថានៅក្នុងកន្លែងនោះមានប្រជាជនរស់នៅ។ យើងត្រូវខិតខំធ្វើយ៉ាងណា (៨) បង្កើតការចូលរួមរបស់ប្រជាពលរដ្ឋនៅទីនោះ តាមការរៀបចំសហគមន៍ ប៉ុន្តែសហគមន៍មួយដែលមានប្រភពចំណូលដែលអាចមានស្ថិរភាពក្នុងការធានានូវដំណើរការរបស់ខ្លួន។ កន្លងទៅ ខ្ញុំក៏សូមកោតសរសើរដល់ក្រសួងបរិស្ថាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គឺយើងបានបង្កើតសហគមន៍ច្រើនណាស់នៅទូទាំងប្រទេស។ ថ្ងៃមុនខ្ញុំទៅកែប ខ្ញុំដើរតាមតូប។ យើងឃើញសុទ្ធតែផលិតផលសហគមន៍ប្រជាពលរដ្ឋនៅទីនោះ។ ព្យាយាមទាញអោយក្លាយជាជម្រើសផ្សេងក្នុងការរកចំណូល ជាជាងគាត់ទៅកាប់ព្រៃ ឬចាប់សត្វ។ យើងត្រូវទទួលស្គាល់ថា បើមិនលើកទឹកចិត្តឱ្យគាត់ចូលទៅចាប់សត្វ ឬកាប់ព្រៃ ដែលគាត់ធ្លាប់ធ្វើ យើងត្រូវបង្កើតនូវដង្ហើមសេដ្ឋកិច្ចជូនគាត់ ដោយការងារនៅក្បែរនោះ ឬមួយក៏រុញទៅដល់ផលិតផលភ្ជាប់ជាមួយទីផ្សារ។
ពិតណាស់សហគមន៍ជាច្រើនមានលក្ខណៈតូចៗ តែនេះក៏ជាជំហានមួយល្អ។ ខ្ញុំសុំកោតសរសើរ។ ថ្ងៃក្រោយនៅតំបន់ដែលយើងតភ្ជាប់ ឧទាហរណ៍ថាតំបន់បៃតងនៅក្នុងវិស័យទេសចរណ៍គឺយើងជំរុញ(សកម្មភាពផលិតកម្មសហគមន៍)ហ្នឹងតែម្តង។ (៩) ទេសចរណ៍ធម្មជាតិ ប៉ុន្តែមិនមែនបានន័យថាជាកន្លែងសម្រាប់មនុស្សទៅកម្សាន្តតែមួយមុខទេ។ ត្រូវរករូបមន្តយ៉ាងណាដើម្បីបានផលទៅមូលដ្ឋាន … បានន័យថាគាត់ទៅ អាចមានស្បៀងមានអីផ្គត់ផ្គង់ជាជម្រើសឱ្យគាត់។ បើគ្រាន់តែគាត់ស្ពាយកាបូបឱ្យជាប់ មកវិញទុកសំរាម ក៏មិនកើតដែរ។ ទៅចូលរួមតម្រូវការបរិស្ថានល្អ គាត់ទៅទេសចរអាចទាក់ទងជាមួយនឹងប្រជាពលរដ្ឋនៅនោះ ធ្វើ Guide ឬមួយជាអី បង្កើតនូវចំណូល … យើងមិនអាចទៅបង្កើតការងាររោងចក្រនៅគ្រប់ភូមិបានទេ ឬមួយក៏រុញទៅតំបន់ព្រៃភ្នំដាច់ស្រយាល ឬតំបន់ការពារបានទេ … តែសកម្មភាពសេដ្ឋកិច្ចមួយចំនួនយើងអាចផ្សារភ្ជាប់។ អញ្ចឹងគឺជាការច្នៃជាមួយក្រសួងទេសចរណ៍ គ្រប់ក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។
កាលរៀននៅអាមេរិក គេលើករឿងនេះថាតំបន់ Amazon ធ្វើយ៉ាងម៉េចកុំឱ្យប្រជាជនធ្វើការអាជីវកម្មកាប់ឈើ។ ប៉ុន្តែសួរថា តើស្អីទៅជាជម្រើសផ្សេងសម្រាប់គាត់បានចំណូល? បើអត់ឱ្យគាត់ធ្វើការងារហ្នឹង។ នេះជាសំណួរមួយដែលចាំបាច់ត្រូវធ្វើ។ (១០) ក្រសួងបរិស្ថានមិនមែនមានភារកិច្ចតែត្រឹមការពារដើមឈើ ការពារព្រៃឈើ ការពារសម្បត្តិធម្មជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែមានភារកិច្ចការពារប្រជាជន និងលើកកម្ពស់ជីវិតប្រជាជនឱ្យទាញផលបានពីការបង្កើតការងាររបស់យើង។ ក្រសួងបានធ្វើកន្លងទៅល្អហើយ។ ខ្ញុំក៏សូមកោតសរសើរចំពោះការច្នៃប្រឌិតនេះ។ សូមបន្តនូវរូបមន្តនេះ។ មនុស្សជាគោល។ ធ្វើអ្វីក៏ដោយត្រូវគិតមនុស្ស។ មនុស្សគឺជាប្រជាពលរដ្ឋរបស់យើង។ បើបិទច្រកមួយ ត្រូវបើកច្រកមួយឱ្យគាត់។ បិទច្រកដែលប៉ះពាល់ទៅដល់ច្បាប់ តែត្រូវបើកច្រកដែលស្របច្បាប់ …។
កន្លងទៅក៏មានការកាត់បន្ថយការកាប់ព្រៃមួយចំនួនពីបងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែការកាប់ព្រៃការរកសត្វរបស់ប្រជាជនមិនប៉ះពាល់ធ្ងន់ធ្ងរធំទេ។ អ្វីដែលប៉ះពាល់ធំគឺការរំលោភបទល្មើសព្រៃឈើ។ ត្រូវទប់ឱ្យបាន។ កិច្ចការនេះសម្តេចតេជោ លោកយកចិត្តទុកដាក់ណាស់ ហើយគណៈកម្មការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសព្រៃឈើនេះទាំងអស់គ្នា … ការពារប្រជាពលរដ្ឋនិងសហគមន៍រឿងមួយ ប៉ុន្តែបទល្មើសទ្រង់ទ្រាយធំគឺត្រូវទប់។ អញ្ចឹង (១១) ខ្ញុំសុំចេញបញ្ជាឱ្យបណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់អនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះអ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិនេះ។ ទី២ សុំឱ្យគណៈកម្មការជាតិទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ។ នាយឧត្តមសេនីយ៍ សៅ សុខា ថ្ងៃនេះអត់បានអញ្ជើញមក។ គណៈបញ្ជាការរាជធានី/ខេត្ត បញ្ជាអនុវត្តផ្ទាល់ដោយមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមផ្តល់សហការគាំទ្រជាចាំបាច់។ មុនបោះឆ្នោតនៅពោធិ៍សាត់ អភិបាលខេត្តរាយការណ៍ថា ទៅអញ្ចេះមានអ្នកនេះ អ្នកនោះអញ្ចេះ។ អត់ទេដាក់ទៅ។ ចាត់វិធានការច្បាប់ការពារតឹងរឹង។ បើមិនអញ្ចឹងទេយើងនឹងរងគ្រោះ។ មនុស្សតិចបានផល មនុស្សច្រើនវេទនា។ អ្នកដែលរកស៊ីចំណេញពីរបរហ្នឹងច្រើន ឥឡូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវពង្រឹងនិងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។ យកចិត្តទុកដាក់ការពារតំបន់ព្រៃលិចទឹក ទាំងទឹកសាបនិងទឹកប្រៃ ធ្វើយ៉ាងណាការពារឱ្យបាន។ រួមគ្នាការពារតំបន់ទាំងអស់នេះជាកេរដំណែល ជាសម្បត្តិជាតិរបស់យើង ប្រជាជនយើងទាំងអស់គ្នា។ នេះគឺជាបទបញ្ជាដែលខ្ញុំចេញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ(អនុវត្ត និងសូម)ពិនិត្យមើលក្របខណ្ឌច្បាប់ថែមទៀតលើកិច្ចការនេះ។ កន្លងទៅខ្ញុំក៏សូមអរគុណចំពោះការជូនព័ត៌មានផ្សេងៗ កន្លែងខ្លះគឺមានសកម្មភាព។ មកតាមហ្វេសប៊ុកគណនីខ្ញុំៗ រុញទៅឱ្យខេត្តទប់ស្កាត់ភ្លាម។ ប៉ុន្តែអាជ្ញាធរខេត្ត/មូលដ្ឋានអ្នកពាក់ព័ន្ធគឺអ្នកដែលនៅផ្ទាល់ សូមធ្វើយ៉ាងណាចាត់វិធានការឱ្យលឿន កុំចាំបាច់ទាល់តែមកតាមហ្វេសប៊ុកដល់លើហើយធ្លាក់ទៅវិញ។ កាតព្វកិច្ចដាវអាជ្ញាសឹកមានហើយ។ ចំពោះការអនុវត្តរបស់មូលដ្ឋាន ខ្ញុំនៅពីក្រោយ ប៉ុន្តែអនុវត្តឱ្យត្រូវ។ យើងរួមគ្នាធ្វើដើម្បីការពារ។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៧៖ ខ្ញុំសូមស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋយើងទាំងអស់គ្នា ចូលរួមជាមួយក្រសួងបរិស្ថាន នៅក្នុងការអនុវត្តយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ដើម្បីផ្លាស់ប្តូរឥរិយាបទក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃ។
ទី៨៖ ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីឧទ្យាននុរៈឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែប្រសើរនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការអនុវត្ត ការទទួលខុសត្រូវមនសិការវិជ្ជាជីវៈ និងការឆ្នៃប្រឌិតខ្ពស់ដើម្បីសម្រេចបានជោគជ័យថ្មីៗទៀត នៅក្នុងវិស័យបរិស្ថាន។
ទី៩៖ ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជននិងអ្នកពាក់ព័ន្ថ សូមបន្តផ្ទាល់ការគាំទ្រនិងកិច្ចសហការក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការបំពេញបេសកម្មក្នុងវិស័យបរិស្ថានឱ្យបានកាន់តែប្រសើរឡើង និងបន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន សំដៅបង្កើតវប្បធម៌ គុណាធិបតេយ្យ ការងារក្នុងស្ថាប័ន។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
ចំណុចប៉ុន្មានខាងលើនេះ ខ្ញុំសូមលើកឡើងពាក់ព័ន្ធទៅនឹងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ គោលនយោបាយថ្មីនៅក្នុងវិស័យបរិស្ថាន ដែលជាវិស័យសំខាន់សម្រាប់ធានាចីរភាពយូរអង្វែង។ យើងរួមគ្នាដើម្បីចូលរួមកាត់បន្ថយការបំពុលបរិយាកាស និងការថែទាំបរិស្ថាន ក៏ដូចជាលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងដែលមានពាក់ព័ន្ធ ក៏ដូចជារួមគ្នាដើម្បីទប់ស្កាត់ការបំផ្លាញព្រៃឈើក្នុងគ្រប់រូបភាពទាំងអស់។ កិច្ចការនេះត្រូវមានការវាយតម្លៃនិងយន្តការនៅក្នុងការអនុវត្តច្បាប់ឡើងវិញ ក៏ដូចជាក្របខណ្ឌច្បាប់ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តទាំងអស់នេះ។ យើងធ្វើបាន យើងរួមគ្នាធ្វើ។ ទាក់ទងទៅហ្នឹងបរិស្ថានដែលយើងដកដង្ហើមរាល់ថ្ងៃ នៅកម្ពុជាមិនទាន់ដល់កម្រិតដូចនៅបណ្ដាទីក្រុងធំៗជាច្រើន(នៅឡើយទេ)។ បើនៅ London ចេញតែមួយម៉ោងមកវិញត្រូវយកក្រដាសយើងដាក់ក្នុងច្រមុះ ផ្លុំចេញមក(មានម្រែង)ខ្មៅតែម្ដង។ នេះគឺជាការបំពុលបរិយាកាសដែលយើងមិនអាចមើលឃើញ … វានៅក្នុងខ្លួនយើង អាចបង្កជាជំងឺផ្សេងៗ។
យើងមើលបរិស្ថានដែលយើងមើលមិនឃើញ។ យើងរួមគ្នាការពារ។ ខ្ញុំសូមបើករង្វង់ក្រចកបន្តិច លើកអំពីបរិស្ថានដែលយើងមើលឃើញ។ បរិស្ថានសង្គម។ ចំណុចនេះរាងចាកប្រធាន ប៉ុន្តែវាពាក់ព័ន្ធជាមួយយើងទាំងអស់គ្នា។ នៅក្នុងរយៈពេលប៉ុន្មានខែនេះ វា (១២) មានការងារមួយចំនួនដែលធ្វើទៅពាក់ព័ន្ធទៅដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមរបស់យើងដែលត្រូវតែចាត់ចែង។ ខ្ញុំលើកកិច្ចការងារ៣៖
ទី១ សកម្មភាពមួយចំនួនដែលកើតឡើងនៅក្នុងទម្រង់សាសនា បង្កការចាប់អារម្មណ៍ដូចជាធ្វើឱ្យប៉ះពាល់នៃតម្លៃសាសនារបស់យើង។ បន្តិចៗឃើញឥសីចេញមក។ អម្បាញ់មិញខ្ញុំជិះឡានមកឃើញអ្នកណាទៅរាំ កន្លែងណានោះ … តិចៗឃើញស្ត្រីម្នាក់យកស្បង់ចីវរទៅតាំងខ្លួនជាព្រះ។ ខ្ញុំសូមឱ្យឯកឧត្តម ចាយ បូរិន ក្រសួងធម្មការនិងសាសនា មើលកិច្ចការងារនេះ។ នេះជាលទ្ធផលដាច់យប់ ៣ថ្ងៃជាប់គ្នា។ ខ្ញុំចង់ធ្វើតេស្តទេ។ តើអង្គប្រជុំស្ដាប់ខ្ញុំឬអត់។ តែស្ដាប់។ ក្រសួងធម្មការសាសនា សិទ្ធសេរីភាពនៅក្នុងការប្រតិបត្តិសាសនាយើងគោរព ប៉ុន្តែត្រូវមានព្រំដែនដើម្បីថែរក្សានូវតម្លៃនៃសាសនា។ ខ្ញុំសូមឱ្យពិគ្រោះជាមួយនឹងគ្រប់គណៈសាសនា ក៏ដូចជាពិនិត្យមើលគ្រប់សាសនាទាំងអស់ មិនថាសាសនាធំដូចជាព្រះពុទ្ធសាសនា សាសនាឥស្លាម ឬគ្រឹះសាសនានោះទេ។ សាសនាផ្សេងៗតូចក្ដី ធំក្ដី យើងគោរព ប៉ុន្តែត្រូវមានមូលដ្ឋានច្បាស់លាស់។ មិនអាចយប់មិញដេកយល់សប្តិឃើញអីយកហ្នឹងមកពាក់ មកបំផូសឬមួយក៏នាំមនុស្សក្រឡុក … ខ្ញុំមើលទៅវិលមុខ។
ខ្ញុំជឿឯកឧត្តម លោកជំទាវ ប្រហែលជាវិលមុខដែរហើយ។ ថ្ងៃនេះចេញលោកគ្រូមកទៀតហើយ។ បើសិនជាមានមូលដ្ឋាន ព្រោះសាសនាទាំងអស់ មិនមែនទើបកើតយប់មិញទេ។ សាសនាទាំងអស់សុទ្ធតែមានមូលដ្ឋាន សុទ្ធតែមានមូលដ្ឋានច្បាស់លាស់។ ប៉ុន្តែអ្នកប្រតិបត្តិកុំយកឈ្មោះសាសនានោះមកធ្វើអីខុស។ យើងមានកាតព្វកិច្ច។ យើងមិនលូកដៃនៅក្នុងសាសនាទេ ប៉ុន្តែយើងមានកាតព្វកិច្ចការពារតម្លៃសាសនានិងការពារតម្លៃសង្គមរបស់យើងដែលប៉ះពាល់។ សូមឱ្យពិនិត្យមើលរាល់ការប្រតិបត្តិអីផ្សេងៗ។ ធ្វើសកម្មភាព ត្រូវមានមូលដ្ឋានច្បាស់លាស់។ យើងមិនបិទសិទ្ធ(តែសូម)ខ្លឹមសារមានមូលដ្ឋានច្បាស់លាស់។
ទី២៖ ការចែកចាយនិងការប្រព្រឹត្តនៅក្នុងកន្លែងទីសាធារណៈ … ដើម្បីការពារតម្លៃវប្បធម៌របស់យើង អ្នកលក់អនឡាន … សិទ្ធរបស់គាត់ធ្វើនៅក្នុងផ្ទះគាត់ធ្វើចុះ … អ្នកគាំទ្ររបស់គាត់ប៉ុន្មាននាក់ជឿជារឿងរបស់គាត់។ ប៉ុន្តែបើគ្មានមូលដ្ឋានច្បាស់លាស់ គួរពិនិត្យ។ ទី១ ការធ្វើសកម្មភាពនៅក្នុងទីសាធារណៈ(នោះ) ប្រជាពលរដ្ឋមិនដឹងថាជាអីទេ។ ទី២ ការផ្សព្វផ្សាយតាមប្រព័ន្ធ Social Media ហ្នឹងធ្វើអោយតម្លៃសាសនា តម្លៃវប្បធម៌យើងនៅឯណា … ត្រូវមានព្រំដែនមួយ។ យើងគាំទ្រការប្រតិបត្តិសាសនាដែលធ្វើត្រឹមត្រូវ ប៉ុន្តែមិនឱ្យយកសាសនា យកទៅធ្វើជាខែល ធ្វើជាលេស ដើម្បីធ្វើសកម្មភាពអ្វីដែលនាំឲ្យប៉ះពាល់តម្លៃសង្គមរបស់យើង។ ហ្នឹងហើយអភិវឌ្ឍ និងអភិរក្សនោះ។
ខ្ញុំសូមឲ្យពិនិត្យមើល … សិទ្ធិរបស់គាត់ធ្វើនៅផ្ទះរបស់គាត់ធ្វើចុះ បើគ្មានមូលដ្ឋានច្បាស់លាស់។ អាហ្នឹងដូចអ្នកណាចង់ធ្វើស្ដេចល្ខោនធ្វើចុះ អ្នកណាចង់ធ្វើអីធ្វើទៅ ប៉ុន្តែបើចេញសារនេះទៅឲ្យសាធារណៈ ហើយបើចេញមកក្នុងន័យដើម្បីទាក់ទាញផ្សេងៗ ឬមួយក៏ធ្វើអាជីវកម្មលើហ្នឹងទៀតត្រូវតែមានបញ្ហា។ ឯកឧត្ដម កើត រិទ្ធ (ក៏សូមពិនិត្យមើល)ផងដែរ។ បើយើងមិនការពារ យើងគិតតែពីសិទ្ធិៗ តែធ្វើឲ្យបរិស្ថានវប្បធម៌របស់យើងច្របូកច្របល់ តើតម្លៃដែលយើងបង្រៀនកូនខ្មែរទៅណា? សាសនាណាឲ្យពិតប្រាកដ? …។
(១៣) ទី២ រឿងអនុវត្តច្បាប់។ កន្លងទៅ រឿងបុកមនុស្សអីហ្នឹង នៅចាំសុំគោលការណ៍។ ខ្ញុំសូមចេញបទបញ្ជាអញ្ចេះ បើសិនជាមានបទល្មើសជាក់ស្ដែង ឧទាហរណ៍ បើកឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ ចាប់ឬឃាត់ខ្លួនតែម្ដងទៅ។ បើគាត់តវ៉ា វាយខ្នោះតែម្ដងទៅ។ ត្រឹមកូនប៉ូលីសធ្វើចុះ មិនចាំបាច់ដល់ស្នងការអីទេ។ ចាប់ចុះ។ យើងអនុវត្តច្បាប់ … ថ្ងៃមុន ខ្ញុំឃើញឡានណានោះ ថយក្រោយបុកទាំងប៉ូលីសបះជើងបីបួននាក់។ រត់ចូលទៅក្នុង ចុះមកធ្វើមិនដឹង។ អត់ទេណា។ ចាប់ទៅ។ គ្មានខ្នងអ្នកណាទេ។ ក្នុងរដ្ឋបាល ខ្ញុំប្រាប់ទៅបងប្អូនប៉ូលីស ឬមួយអាវុធហត្ថ មន្រ្តីអនុវត្តច្បាប់ ក្នុងបទល្មើសជាក់ស្ដែង បើបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់ អនុវត្តចុះ ខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្រ្តី។ បើសិនជាគេថាមានខ្នងណាទៀត មិនបាច់សួរទេ ព្រោះនាយករដ្ឋមន្រ្តីចេញគោលការណ៍ហើយ។ អ្នកណាកាត់(វីដេអូ)បង្ហោះទៅ។ ដាក់ហ្នឹងឲ្យច្បាស់។
បើសិនធ្វើទៅមានបញ្ហា ទៅដល់កន្លែងគេដកបញ្ឈរជើង ប្រាប់ខ្ញុំៗ នឹងដំឡើងស័ក្ដិឲ្យ។ បងប្អូនអនុវត្តច្បាប់ហើយមេដាក់ពិន័យបងប្អូនដោយគ្មានមូលហេតុ ខ្ញុំនឹងចាត់វិធានការ។ គ្នាខំធ្វើ និងធ្វើត្រូវលើកទឹកចិត្ត។ បើគ្នាធ្វើត្រូវហើយ ដោយសារបញ្ហាអីមួយត្រូវដាក់ទណ្ឌកម្មគ្នា វាស្មើទៅបំបាក់ទឹកចិត្តអ្នកផ្សេងទៀតមិនឲ្យធ្វើ។ តើសង្គមយើងទៅយ៉ាងណា? ចាំបាច់ទាល់តែទូរស័ព្ទ(សួរ)ឬអី? ឬមួយទាល់តែថ្នាក់លើកស្រែកថាឲ្យចាប់ ទើបអនុវត្ត? សូមអនុវត្តតែម្ដង …។
ច្បាប់យើងត្រូវតែអនុវត្ត បើមានភស្ដុតាងផឹកស្រវឹង បុកគេប៉ុណ្ណឹងហើយ ឃាត់ខ្លួនយកទៅ។ ចាំបាច់សុំច្បាប់អីទៀត។ វត្ថុតាង សាក្សីនៅហ្នឹងហើយ។ បើអ្នកណាសួរ ម៉េចបានហ៊ានចាប់គេ ខ្នងប៉ុណ្ណេះៗ។ អត់ទេ! ប៉ូលីសប្រាប់ទៅថា ខ្ញុំខ្នងនាយករដ្ឋមន្រ្តី។ ដាវមានហើយ អនុវត្តទៅ តែសុំអនុវត្តឲ្យត្រូវ កុំអនុវត្តលើស។ តែអនុវត្តលើស ខ្ញុំមិនគាំទ្រទេ ហើយត្រូវទទួលខុសត្រូវមុខច្បាប់។ អនុវត្តឲ្យត្រូវតាមក្របខណ្ឌ។ បើមិនអញ្ចឹងទេ យើងទៅធានាយ៉ាងម៉េច ដើម្បីឲ្យប្រជាពលរដ្ឋទុកចិត្ត? … (បើ)បុកនៅហ្នឹងហើយ ប៉ូលីសចរាចរណ៍ឃើញនៅហ្នឹង មិនអាចឃាត់ខ្លួនបាន នៅចាំស្នើសុំឯកឧត្ដម ជួន ណារិន ឬស្នើសុំថ្នាក់លើទៀត។ អញ្ចឹងរឿងនេះសូមកុំឲ្យទាល់តែគេចេញតាម Facebook ហើយ បានអនុវត្ត។ រឿងទាំងអស់ប្រគល់សិទ្ធិឲ្យហើយ។ ខ្ញុំនៅគាំទ្រពីក្រោយ ឲ្យតែអនុវត្តត្រូវ។ ក្រសួងធម្មការ និងសាសនា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលគ្រប់កន្លែងទាំងអស់ កុំចាំបាច់(សុំគោលការណ៍) ព្រោះវាមានបទល្មើសហើយ … ហ្នឹងវាធ្វើឲ្យច្របូលច្របល់។
ទៅជប៉ុនប៉ុន្មានថ្ងៃហ្នឹង គ្រាន់តែមើល Facebook គេបាញ់មកខ្ញុំៗ ចង់ពុលទៅហើយ។ មិនមែនពុលផ្សែងទេ ពុលរឿង។ បន្តិចៗអ្នកនេះរាំ បន្តិចៗអ្នកនោះយកស្បង់មកពាក់ស្អីៗ។ ឯកឧត្ដម ចាយ បូរិន ពិភាក្សាជាមួយគណៈសាសនាទាំងអស់ និងពិនិត្យមើល។ យើងមិនហាម តែធ្វើត្រូវគោរពសេរីភាពនៅក្នុងការប្រតិបត្តិសាសនាឲ្យមានមូលដ្ឋានច្បាស់លាស់ និងជាកាតព្វកិច្ច ត្រូវធ្វើយ៉ាងណា។ បន្តិចៗ ឃើញប្រជាពលរដ្ឋ(ផូស) គ្រូមួយទៀតហើយ។ ស្អែកឡើង ចេញគ្រូមួយទៀតហើយ។ អត់ទេ! បើគាត់មានមូលដ្ឋានច្បាស់លាស់ តើផ្អែកលើអី? ព្រោះភាពខុសគ្នានៃសាសនា យើងមិនអាចថាទាល់តែដូចសាសនាព្រះពុទ្ធ មិនមែនទេ។ ជួនកាលមានអ្នកសច្ចំ ផ្អែកទៅលើសាសនា តែឲ្យមានមូលដ្ឋានច្បាស់ ទើបឲ្យធ្វើសកម្មភាព។
ខ្ញុំឃើញអ្នកណានោះនិយាយប៉ុន្មានភាសាស្ដាប់មិនយល់។ មិនដឹងភាសាអី។ ទាល់តែអ្នកមានបុណ្យបានស្ដាប់យល់។ ថៃ លឺសូរតែ សាវ៉ាឌីខាប់។ ៨ ភាសា។ ទាល់អ្នកមានបារមីបានស្ដាប់យល់។ មិនស្រួលឯកឧត្ដម ចាយ បូរិន បានស្ដាប់យល់ ខ្ញុំស្ដាប់មិនយល់ទេ។ រឿងនេះគាត់មានសិទ្ធិធ្វើនៅ(ទីតាំងណា)ខ្លួនឯងធ្វើចុះ កុំឲ្យប៉ះពាល់ … ព្រោះតែគាត់ផ្សាយសាធារណៈ វាប៉ះពាល់ដល់តម្លៃសង្គម វាប៉ះពាល់សិទ្ធិរបស់យើងជាខ្មែរ។ យើងត្រូវមានកាតព្វកិច្ចរួមគ្នា ការពារតម្លៃវប្បធម៌ សាសនា។ ហ្នឹងដូចយើងហាមមិនឲ្យអ្នកឡើងទៅស្លៀកអី ឬមួយថ្ងៃមុនមានការប្រើប្រាស់រហូតដល់ពាក្យអសុរោះ អាសអាភាសអី។ ហ្នឹងយើងមិនឲ្យទេ។ ព្រំដែនហ្នឹងគួរតែមាន។
(១៤) រឿងទី៣ គឺសន្តិសុខសង្គមពាក់ព័ន្ធនឹងរឿងការបង្ក្រាបគ្រឿងញៀន។ រឿងនេះជារឿងធំណាស់ ហើយវិធានគន្លឹះទាំង៥ របស់ខ្ញុំ ក្នុងនោះមានមួយហ្នឹងសំខាន់ ភូមិ/ឃុំមានសុវត្ថិភាព និងការដាក់ទិសដៅផ្ដោតទៅលើការបង្រ្កាបគ្រឿងញៀន។ យើងបង្កើតអាជ្ញាធរ និងរៀបចំយន្តការហើយ។ អរគុណណាស់សមត្ថកិច្ចយើងបានធ្វើការជាច្រើនមកដល់ម៉ោងនេះ។ ប៉ុន្តែ ឥឡូវទិសដៅមួយដែលត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ។ ថ្ងៃមិញបានជជែកជាមួយឯកឧត្ដម ស សុខា និង ឯកឧត្ដម ទៀ សីហា ដែរ គឺត្រូវបន្សុទ្ធកម្លាំងរបស់យើង។ ត្រូវបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធ។ រឿងហ្នឹងត្រូវតែធ្វើមុនគេ ព្រោះអ្នកអនុវត្តច្បាប់។ ត្រូវតែស្អាតមុនគេ។ ឯកឧត្ដម ស សុខា បានចេញគោលការណ៍ថ្ងៃមុន ក្នុងប៉ូលីសឲ្យតែមានសារធាតុគឺបណ្ដេញចេញពីក្របខណ្ឌ។ រឿងនេះ នៅខាងកងទ័ព យើងបានធ្វើច្រើនហើយ ពី ២០១៩ នៅកងទ័ពជើងគោក ដែលចេញមក ៤៨នាក់ត្រូវបានបណ្ដេញចេញដោយសារគ្រឿងញៀន … នៅអគ្គបញ្ជាការបានចេញ ៨០នាក់។ ក្នុងកងទ័ពប៉ុន្មានឆ្នាំនេះ គឺដោះដូរចេញតែម្ដង។ តាមភូមិភាគ កាលខ្ញុំនៅជាមេជើងគោក ស៊ីញ៉េបណ្ដេញចេញតែម្ដង ដូរអ្នកផ្សេងចូល។
អញ្ចឹងចេញគោលការណ៍ បទបញ្ជាឲ្យច្បាស់។ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងកម្លាំងប្រដាប់អាវុធទាំងអស់ អគ្គស្នងការនគរបាលជាតិ អគ្គបញ្ជាការ ទាំងក្របខណ្ឌក្រសួងនៅខាងលើ ក្របខណ្ឌឯកសណ្ឋាននៅខាងលើ មន្រ្តីដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺត្រូវបញ្ចេញពីក្របខណ្ឌចោលតែម្ដង។ ក្របខណ្ឌនេះខ្ញុំនៅទុកឲ្យក្រសួង/ស្ថាប័ន បើសិនពីអង្គភាពហ្នឹងនៅមហាផ្ទៃ ត្រូវបណ្ដេញចេញពីនាយកដ្ឋានហ្នឹង ឲ្យរើសពលនគរបាលថ្មីបញ្ចូលចុះ កុំកាត់ក្របខណ្ឌចោល តែអត់ឲ្យស័ក្ដិហ្នឹងទេ។ ឧទាហរណ៍ ថ្ងៃមុនរឿងប៉ូលីសផ្កាយពីរម្នាក់ត្រូវបណ្ដេញចេញពីក្របខណ្ឌហើយកាត់ទោស។ មេអាវុធហត្ថនិងរងនៅកំពង់ស្ពឺ ២នាក់ កាត់ហើយបណ្ដេញចេញពីក្របខណ្ឌ។ នៅតាមសាលាកងទ័ពមួយចំនួន យើងបានធ្វើ។ ខ្ញុំទុកក្របខណ្ឌឲ្យ។ ឧទាហរណ៍ អាវុធហត្ថខេត្តមួយ មន្រ្តីត្រូវបានឃើញបណ្ដេញចេញ តែទុកក្របខណ្ឌ ឲ្យគាត់រើសទ័ពថ្មីមកបំពេញ។ ក្រសួងការពារជាតិមានហើយ ប្រកាស០១០ បានអនុវត្តយូរមកហើយ។ ខ្ញុំស៊ីញ៉េរាល់ដងគឺអញ្ចឹង។ ពេលដែលបណ្ដេញនាយទាហានហ្នឹងចេញ ស្នើសុំមនុស្សម្នាក់ទៀត ដើម្បីដាក់បញ្ចូល ឱ្យចូលក្របខណ្ឌ យកប្រអប់ហ្នឹងតែម្ដង។ មហាផ្ទៃដូចគ្នា កុំឱ្យបាត់កម្លាំង។ គ្រាន់តែថាបណ្ដេញចេញស័ក្ដិ៣ មិនឱ្យចូលស័ក្ដិ៣ ទេ។ ឱ្យចូលជាពលនគរបាល ហើយយើងដំឡើង។ អញ្ចឹងខ្ញុំសូមប្រកាសតែម្ដង បើមិនបន្សុទ្ធកម្លាំងប្រដាប់អាវុធយើងទេ ដែលជាកម្លាំងអនុវត្តច្បាប់ យើងពិបាកហើយ។
ចំពោះអ្នកជួញដូរ អាហ្នឹងត្រូវមានច្បាប់បញ្ញត្តិដាច់ដោយឡែក។ អ្នកដែលប្រើប្រាស់(គ្រឿងញៀន) ចាត់ទុកថា ជាជនរងគ្រោះ។ ការងារនេះ (ខ្ញុំបានធ្វើ)តាំងពីខ្ញុំនៅមេបញ្ជាការប្រឆាំងភេរវកម្ម។ អញ្ចឹងអង្គភាពខ្ញុំ មានតែវាមិនច្រើន។ យើងកាត់ចេញ។ តែពេលខ្លះ យើងអាណិតរុញទៅឱ្យមជ្ឈមណ្ឌលបន្សាប។ យើងចេញថវិកាឱ្យ។ យើងអាណិតម៉ែឪ តែមិនឱ្យចូលវិញទេ។ បន្សាបហើយឱ្យទៅចុះ។ តែចេញគឺចេញហើយ។ ពេលដែលខ្ញុំឡើងមេទ័ពជើងគោក ខ្ញុំបាននិយាយតាមគ្រប់វេទិកាយោធាជាច្រើននូវរឿងហ្នឹង។ កន្លែងខ្លះផ្សាយ។ នៅសាលាទាហាននៅអីឱ្យតែមានដេញចេញ មិនថាគ្រូមិនថាអី។ ឥឡូវ (១៥) យើងដាក់អភិក្រមទាំងមូលតែម្ដង រដ្ឋាភិបាលអាណត្តិថ្មី គឺធ្វើ ចាប់ផ្ដើមពីកងកម្លាំងប្រដាប់អាវុធតែម្ដង អ្នកដែលប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្ដេញចេញពីក្របខណ្ឌភ្លាម។ អ្នកដែលជួញដូរគ្រឿងញៀន គឺត្រូវប្រឈមជាមួយនឹងច្បាប់ ហើយបណ្ដេញចេញពីក្របខណ្ឌ។ ចំពោះជនបរទេសនៅក្នុងប្រទេស បើសិនជាមានពាក់ព័ន្ធ(នឹងគ្រឿងញៀន) អនុវត្តច្បាប់ហើយ បណ្ដេញចេញ(ពីប្រទេស)តែម្ដង អត់ត្រូវការទុកទេ។
អញ្ចឹងគឺបើកវង់ក្រចកពាក់ព័ន្ធនឹងបរិស្ថានសង្គម។ មកក្រសួងបរិស្ថាន តែជ្រុលនិយាយពីបរិស្ថាន(សង្គម)ហ្នឹងបន្ដិចទៅចុះ ព្រោះរឿងហ្នឹងធ្វើឱ្យខ្ញុំវិលមុខ ហើយធ្វើឱ្យឯកឧត្តម លោកជំទាវទាំងអស់វិលមុខដែរ មែនទេ? ព្រោះរឿងនេះជាក់ស្ដែង។ ខ្ញុំសូមបើកហើយបិតវង់ក្រចក ៣ចំណុចនេះ ហើយសូមក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់ចែងជាបន្ទាន់។
ឯកឧត្តម និងទូតនៅទីនេះ រឿងសាសនា កុំថារដ្ឋាភិបាលរំលោភសិទ្ធិសាសនា។ យើងធ្វើនៅក្នុងក្របខណ្ឌនៃការប្រតិបត្តិសេរីភាពសាសនា ប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារវប្បធម៌ ការពារសង្គមជាតិ។ បើសិនជាគាត់មិនមានមូលដ្ឋាន(អ្វីពិតប្រាកដ)មកធ្វើ។ ធ្វើឱ្យវិល។ គាត់មានសិទ្ធិធ្វើខ្លួនគាត់ ប៉ុន្តែមិនអាចចេញទៅ(ផ្សព្វផ្សាយជាសាធារណៈទេ)។ ហ្នឹងនៅប្រទេសខ្លះ ស្រដៀង fake news ស្រដៀងអីអញ្ចឹង ដែលធ្វើឱ្យវិលនៅក្នុងសង្គម។ តម្លៃ(សង្គម)ពិបាក ហើយជាពិសេសដល់យុវជន។ និយាយត្រង់ ខ្ញុំក៏វិលមុខដែរ។ អម្បាញ់មិញ ជិះឡានមក ក៏ឃើញទៀតហើយ ឃើញរាំនៅណានោះ។ សូមឱ្យបងប្អូនទាំងអស់ដែលប្រតិបត្តិនូវសេរីភាពសាសនា សូមមានការទទួលខុសត្រូវ ចូលរួមដើម្បីថែរក្សា មិនបិទសិទ្ធិសេរីភាពទេ។
[ចប់សេចក្ដីអធិប្បាយ៤]
ខ្ញុំសូមអបអរសាទរនូវសមិទ្ធផលទាំងឡាយ ដែលក្រសួងបរិស្ថាន មន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានចូលរួមនៅក្នុងការពង្រឹង និងថែរក្សាបរិស្ថានរបស់យើង ចេញក្របខណ្ឌគោលនយោបាយ ដើម្បីធានានូវការអភិវឌ្ឍដោយចីរភាព។ ខ្ញុំសូមលើកទឹកចិត្តដើម្បី(ក្រសួង)ខិតខំបន្ថែមទៀត ធ្វើយ៉ាងណាអភិវឌ្ឍប្រទេសយើងទាំងបច្ចុប្បន្នរីកចម្រើន ព្រមទាំងថែទាំនូវប្រទេសជាតិយើង គុណតម្លៃនៃបរិស្ថានយើង សម្រាប់កូនចៅយើង ចៅទួត ចៅលួតយើង រាប់រយឆ្នាំបន្តទៅទៀត សូមអរគុណ។
អញ្ចឹងខ្ញុំសូមអរគុណណាស់ ហើយសូមជូនពរឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ទទួលបាននូវពុទ្ធពរ ពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕