សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី
សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម, គណៈដឹកនាំគ្រឹស្ដសាសនិក
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ
សមាជិក សមាជិកា នៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃនេះ គម្រប់ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្ដារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។ ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងទាំងអស់គ្នា ក៏សូមលំឱនកាយ សង្រួមចិត្តគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ ដែលបានបាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌ដោយសារអំពើប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិ សូមមានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សុខក្សេមក្សាន្តនៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី ជារៀងដរាប។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!
ប្រវត្តិសាស្ត្រជាក់ស្ដែងរបស់កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ ១៩៧០ មក ដំណើរជាតិយើងមានភាពបត់បែន ស្មុគស្មាញ និងប្រកបដោយមហន្តរាយជាទីបំផុត។ បន្ទាប់ពីប្រជាជាតិយើងទទួលបានឯករាជ្យបរិបូរណ៍នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជាជនកម្ពុជាបានរស់នៅក្នុងសន្តិភាពតែ ១៦ឆ្នាំប៉ុណ្ណោះ។ ព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួកលន់ នល់ ដែលបានដើរតាមខ្សែញាក់របស់បរទេស បានរុញច្រានកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅបំផុត ដែលបានសម្លាប់ប្រជាជនកម្ពុជាជិត១លាននាក់ និងបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឱ្យវិនាសខ្ទេចខ្ទី។ បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែររបស់ពួកលន់ នល់ នៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ក្រោមកម្លាំងតស៊ូរំដោះជាតិរបស់ប្រជាជនដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព គ្រោះមហន្តរាយថ្មីមួយទៀតក៏បានមកដល់ភ្លាម។ ពួកប៉ុល ពត ដែលក្បត់នឹងឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនបានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃការតស៊ូរបស់ប្រជាជន ហើយអនុវត្តនយោបាយប្រល័យពូជសាសន៍យ៉ាងសាហាវឃោរឃៅបំផុត។ ទឹកដីកម្ពុជាទាំងមូលបានក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលត្រូវលិចលង់ក្នុងសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន។ របប ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាអស់ ៣លាន ៣សែននាក់ យ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅសេសសល់ក៏ត្រូវរស់នៅក្នុងភាពភ័យខ្លាច ដែលរង់ចាំតែពេលត្រូវពួកវាយកទៅសម្លាប់ប៉ុណ្ណោះ។
នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ ចលនាតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បានកើតមានជាបន្តបន្ទាប់។ នៅថ្ងៃ ២០មិថុនា ឆ្នាំ១៩៧៧ ខ្ញុំព្រះករុណា ខ្ញុំ បានសម្រេចចាកចេញទៅប្រទេសវៀតណាម យកជីវិតធ្វើជាដើមទុនស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបវាលពិឃាដនេះ។ ក្រោយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន និងទទួលបានជំនួយពីប្រទេសវៀតណាម កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាក៏ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ ជាមួយគ្នានេះ នៅក្នុងប្រទេស កងទ័ព និងប្រជាជននៅទូទាំងភូមិភាគបូព៌ា បានក្រោកឈរតស៊ូប្រឆាំង ប៉ុល ពត នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៨ ក្រោមការដឹកនាំរបស់ សម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម។ ការរួបរួមនៃកម្លាំងប្រឆាំង ប៉ុល ពត ពីគ្រប់ទិសទីបានបង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលបានបំផុស ប្រមូលផ្ដុំ និងចាត់តាំងចលនាប្រជាជនធ្វើការប្រយុទ្ធដើម្បីផ្ដួលរំលំរបប ប៉ុល ពត។ នៅក្នុងមហាចលនានេះ កម្លាំងផ្ទាល់របស់កម្ពុជាដែលបានរីកធំធាត់យ៉ាងរហ័ស រួមជាមួយការជួយឧបត្ថម្ភរបស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្រេចជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនរាប់លាននាក់ពីមាត់ជ្រោះមរណៈបានទាន់ពេលវេលា និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។ ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្ដែងអំណរសាទរចំពោះយុទ្ធជនរណសិរ្ស ដោយក្ដីរំភើបរីករាយជាទីបំផុត។ ស្នាមញញឹម ៧មករា បានដិតជាប់ជានិច្ចក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ។ អាស្រ័យហេតុនេះ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា «ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»។
បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្ដារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង។ ជោគជ័យដែលសាធារណរដ្ឋប្រជាមានិតកម្ពុជាសម្រេចបានក្នុងរយៈពេល ៨ឆ្នាំ ក្រោយថ្ងៃរំដោះ បានបង្កបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅកម្ពុជាតាមផ្លូវនយោបាយ ដែលបានចាប់ផ្ដើមពីជំនួបចរចាលើកដំបូងរវាងខ្ញុំព្រះករុណា ខ្ញុំ និងសម្ដេចព្រះនរោត្តមសីហនុ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង រហូតឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ក្រោយពីការបោះឆ្នោតជាតិលើកទី១ នាខែឧសភា ឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា បានបន្តជំហានទៅមុខប្រកបដោយក្ដីសង្ឃឹមលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ប៉ុន្តែនៅតែត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើន ដែលបណ្ដាលមកទាំងពីកត្តាផ្ទៃក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ ដែលបានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញឥតឈប់ឈរ។ ក្នុងបរិការណ៍នេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ខ្ញុំព្រះករុណា ខ្ញុំ បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីដោះស្រាយបញ្ចប់បញ្ហាសង្គ្រាមដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ ដែលនៅទីបំផុតបានធ្វើឱ្យរលំរលាយជាស្ថាពរនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ មក។ នេះជាសន្តិភាពពេញលេញលើកដំបូងដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
ខ្ញុំសូមយកឱកាសនេះថ្លែងនូវការគោរព និងអរគុណយ៉ាងក្រៃលែងចំពោះប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តអនុវត្តនូវនយោបាយនេះ រហូតសម្រេចបានជោគជ័យយ៉ាងធំធេងជូនជាតិ។ នេះគឺជាការយកអាយុជីវិតធ្វើដើមទុនជាលើកទី២របស់ខ្ញុំព្រះករុណាខ្ញុំដើម្បីជាតិ និងប្រជាជន។ ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពដ៏យូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ហើយថែមទាំងបានលុបបំបាត់ក្ដីកង្វល់សន្តិសុខដ៏ធំមួយសម្រាប់តំបន់ទាំងមូល ក៏ដូចសម្រាប់ប្រទេសជាច្រើនលើសកលលោកថែមទៀត។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!
រយៈពេល ២៦ឆ្នាំ កន្លងទៅនេះ នៅក្រោមម្លប់នៃសុខសន្តិភាព បានអនុញ្ញាតឱ្យយើងប្រមូលផ្ដុំកម្លាំងជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។ កម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនផ្ទុះ បានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យដែលមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ កម្ពុជាដែលចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្ដារ កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឱ្យភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០% មុនពេលមានវិបត្តិជំងឺកូវីដ-១៩។ កម្ពុជាពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលរដ្ឋធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទាន ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ថែមទាំងមានទុនបម្រុងដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ព្រមទាំងទប់ទល់វិបត្តិ និងគ្រោះមហន្ដរាយផ្សេងៗ។ កម្ពុជាដែលធ្លាប់ត្រូវគេហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម និងឯកោយ៉ាងអយុត្តិធម៌នោះ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេសដែលអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន។ ពីតថភាពទាំងអស់នេះ ខ្ញុំសូមគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេច ស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ របស់ព្រះរាជាណាចក្រកម្ពុជា។
សូមអ្នកទាំងឡាយ កុំចាំបាច់និយាយថាដូរ ឬមិនដូរ។ គណបក្សប្រជាជនជានិមិត្តរូប និងចលករនៃការផ្លាស់ប្ដូរពីស្ថានភាពដ៏លំបាក ទៅកាន់ភាពងាយស្រួលជាង។ សូមជឿទុកចិត្តនៃការផ្លាស់ប្ដូររបស់យើង។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ខ្លួន។ ជាក់ស្ដែង សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ សេដ្ឋកិច្ចជាតិសម្រេចបានកំណើនក្នុងរង្វង់ ៦%, អត្រាប្ដូរប្រាក់មានស្ថិរភាព អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក ដែលនឹងត្រូវស្ថាបនារួចរាល់នៅឆ្នាំ ២០២៨ ខាងមុខ។ រាជរដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងស្ដីពីសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បីរក្សាសន្តិភាពជូនប្រជាជន ឯកិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសទាំង៣ នៅតែត្រូវបានបន្តពង្រឹងពង្រីកជាធម្មតា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលនឹងផ្ដល់សារៈប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ព្រំដែន និងការការពារបូរណភាពទឹកដី។ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងការគោរពចំពោះទឹកចិត្តសេ្នហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្ដល់ការគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បីបង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។ នៅចុងឆ្នាំ ២០២៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជាអន្តរជាតិប្រកបដោយជោគជ័យចំនួន ៤ គឺ(១)កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC) (២)មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP12th) (៣)សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11th) និង(៤) កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពី ពិភពលោកមួយដែលគ្មានមីន។ តាមរយៈកិច្ចប្រជុំទាំងនេះ បានលើកស្ទួយថែមទៀតនូវកិត្យានុភាពរបស់កម្ពុជា ប្រទេសជាច្រើនបានទទួលយកនូវមេរៀនពិសោធន៍ដ៏មានតម្លៃបំផុតរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ។
ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្ដីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះ។មូលដ្ឋានតថភាពនេះ បានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់ខ្ញុំព្រះករុណា ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
[ផ្ដើមសេចក្ដីអធិប្បាយ ២]
សម្ដេច ឯកឧត្តម លោកជំទាវ ព្រះសង្ឃគ្រប់ព្រះអង្គ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីមេត្រី!
អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំបានថ្លែង ទៅលើចំណុចនេះបន្ដិច។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាបានយល់ដឹងយ៉ាងច្បាស់ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសក្រោយការបោះឆ្នោតថា នឹងមិនកាន់កាប់តំណែងជានាយករដ្ឋមន្ដ្រីបន្ដទៅទៀត និងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ពេលដែលខ្ញុំព្រះករុណាខ្ញុំបានចាកចេញជាស្ថាពរពីឋានៈជានាយករដ្ឋមន្ដ្រី (១) មានកើតឡើងនូវកង្វល់មួយចំនួនថា តើស្ថានភាពនឹងប្រែប្រួលបែបណាក្រោយ ហ៊ុន សែន ចាកចេញពីមុខតំណែងនេះ? អ្នកដែលធ្លាប់ជិះលើរថយន្ដដែល ហ៊ុន សែន ធ្វើជាអ្នកបើកបរ ពិតជាមានជំនឿទុកចិត្តទៅលើហ៊ុន សែន។ ប៉ុន្ដែ ជំនឿ និងកង្វល់ក្នុងដំណាក់កាលនោះក៏ត្រូវបានកាត់បន្ថយ។ មកដល់ពេលនេះ អ្វីដែលអ្នកដឹកនាំបន្ដវេនបានធ្វើក្នុងរយៈពេលប្រមាណជាង ១៦ ខែកន្លងទៅនេះ ល្មមគ្រប់គ្រាន់ដើម្បីយល់ដឹងនិងវាយតម្លៃថា (២) រាជរដ្ឋាភិបាលនៃអ្នកបន្ដវេនបានធ្វើកិច្ចការដ៏ល្អលើសពីការរំពឹងទុករបស់យើងទៅទៀត។
ក្នុងឋានៈជាអ្នកធ្លាប់កាន់តំណែងគន្លឹះតាំងពីឆ្នាំ១៩៨៥ ហើយបើមើលឲ្យឆ្ងាយជាងនេះ គឺកាន់តំណែងនៅក្នុងក្របខណ្ឌនៃការដឹកនាំរួមនៃឆ្នាំ១៩៧៩ ខ្ញុំព្រះករុណាខ្ញុំយល់ដឹងពីអារម្មណ៍ និងបទពិសោធន៍ទាក់ទិនជាមួយប្រសិទ្ធភាពនៃការងារ។ (បើ)ប្រៀបធៀបរវាងរាជរដា្ឋភិបាលនៃអ្នកដែលអនុវត្ដពេលមុន និងរដ្ឋាភិបាលរយៈពេលក្រោយនេះ គឺ(៣)ប្រសិទ្ធភាព(រដ្ឋាភិបាលក្រោយនេះ)លឿនជាងអ្នកជំនាន់មុន។ មិនមែនជាការបន្ដុះបង្អាប់អ្នកជំនាន់មុនទេ ប៉ុន្ដែគឺដោយយោងលើស្ថានភាពនៃវ័យ ដែលម្នាក់សុទ្ធៗតែមានអាយុរហូតដល់៧០ ឆ្នាំ រួចទៅហើយ។ ដូច្នេះ ល្បឿននៃការអនុវត្ដមិនបានលឿនដូចអ្នកវ័យក្មេងទេ។
ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំធា្លប់បាននិយាយ (និងស្លោក)ចាស់បានប្រើថា “ក្មេងមានកំលាំង តែចាស់ស្គាល់ផ្លូវ”។ ត្រង់ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ សូមលើកឡើងថា មិនគួរនិយាយពាក្យនេះតទៅទៀតទេ។ យើងគួរតែនិយាយថា (៤) “ក្មេងមានកំលាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” ប្រហែលជាត្រឹមត្រូវជាង។ ប្រវត្ដិសាស្ដ្របានបញ្ជាក់ហើយថា (៥) មនុស្សចាស់មួយចំនួនបាននាំក្មេងវង្វេងផ្លូវ រាប់ទាំងនៅកម្ពុជាយើង។ តើអ្នកណាជាអ្នកបង្កើតបញ្ហាសំរាប់ប្រទេសជាតិមួយនេះនៅឆ្នាំ ១៩៧០? គឺជាមនុស្សចាស់នោះឯង ដែលនាំក្មេងវង្វេងផ្លូវ។ ប៉ុន្ដែ តាំងពីឆ្នាំ១៩៧៩ មក មន្ដ្រីរបស់យើងពេលនោះមិនមានវ័យចំណាស់ទេ។ សូម្បីតែសម្ដេច ហេង សំរិន និង សម្ដេច ជា ស៊ីម ក៏ទើបមានវ័យត្រឹមជាង៤០ ឆ្នាំតែប៉ុណ្ណោះ។ យើងធ្វើការងារជាបន្ដបន្ទាប់។ ខ្ញុំព្រះករុណាខ្ញុំចូលកាន់តំណែងជានាយករដ្ឋមន្ដ្រីនៅអាយុត្រឹមតែ៣២ ឆ្នាំ។ ចំណុចទាំងនេះក៏ចង្អុលឲ្យឃើញថា ក្មេងមានទាំងកំលាំង និងស្គាល់ទាំងផ្លូវ សំរាប់មនុស្សចាស់គឺមានបទពិសោធន៍។
(៦) ជំនាន់ចាស់បានធ្វើកិច្ចការច្រើនទាក់ទិននឹងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោះស្រាយការអត់ឃ្លានដែលបន្សល់ទុកដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការស្វែងរកសន្ដិភាពជូនប្រទេសជាតិ។ យើងបានខិតខំធ្វើទាំងការរំដោះប្រទេស និងការស្វែងរកសុខសន្ដិភាព។
ក្រោយនេះ គឺជាដំណាក់កាលត្រូវតែរក្សានូវសន្ដិភាព និងការអភិវឌ្ឍជាបន្ដ។ (៧) ល្បឿននៃការអភិវឌ្ឍមិនថមថយទេក្នុងរយៈពេល១៦ ខែ កន្លងទៅនេះ។ កំណើនសេដ្ឋកិច្ចនៅតែល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅតែត្រូវបានធានា អត្រាប្ដូរប្រាក់ អតិផរណាក៏ត្រូវបានដោះស្រាយល្អប្រសើរ។ នេះជាមេរៀននិងជាបទពិសោធន៍មួយ ដែល(បានកើតចេញពីការដែលល)ខ្ញុំព្រះករុណាខ្ញុំក្ដី ថ្នាក់ដឹកនាំទាំងឡាយក្តី បានចាកចេញពីរាជរដ្ឋាភិបាល (៨) លះបង់អំណាចផ្ទាល់ខ្លួនដើម្បីដូរយកមកវិញនូវសុខសន្ដិភាព និងការអភិវឌ្ឍរយៈពេលវែង។ បទពិសោធន៍នេះ ក៏ជាផ្នែកមួយនៃបទពិសោធន៍ ដែលសម្ដេចឪរបស់យើងបានរក្សាទុកឲ្យយើង។
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ រំលឹកថា អតីតព្រះមហាក្សត្រ សម្ដេចឪ ព្រះបរមរតនៈកោដ្ឋ ព្រះអង្គបានដាក់រាជ្យ ហើយប្រគល់រាជ្យសម្បត្ដិថ្វាយព្រះមហាក្សត្របច្ចុប្បន្ន សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។ (៩) (កម្ពុជាមាន)ស្ថិរភាពរាជ្យបល្ល័ង្ក រយៈពេល ២០ឆ្នាំ(មកហើយ)។ ស្ថិរភាពរាជ្យបល្ល័ងគឺជាស្ថិរភាពនៃស្ថាប័នប្រមុខរដ្ឋ ដែលបច្ចុប្បន្នប្រទេសមួយចំនួនកំពុងពើបប្រទះវិបត្ដិស្ថាប័នប្រមុខរដ្ឋផង និងរដ្ឋាភិបាលផង។ ករណីកូរ៉េខាងត្បូង និងប្រទេសបារាំងបច្ចុប្បន្ន បង្ហាញច្បាស់ពីការបាត់បង់ស្ថិរភាពស្ថាប័នប្រមុខរដ្ឋ។ ដូច្នេះ ការជ្រើសរើសយករបបរាជជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រទ្រង់គង់ជាព្រះប្រមុខរដ្ឋគឺជាការត្រឹមត្រូវ ហើយ (១០)ស្ថិរភាពរាជ្យបល្ល័ង្ក ដែលជាស្ថាប័នព្រះប្រមុខរដ្ឋក្នុងរយៈពេល ២០ ឆ្នាំរបស់កម្ពុជា ធ្វើឲ្យរាជរដ្ឋាភិបាលមានឱកាសធ្វើកិច្ចការកសាងប្រទេសយ៉ាងលឿន។
ខ្ញុំសូមអរគុណថ្នាក់ដឹកនាំទាំងឡាយដែលរួមជាមួយថ្នាក់ដឹកនាំនៅក្នុងគណបក្សប្រជាជន បានស្ម័គ្រចិត្តចាកចេញ(ពីតំណែង/អំណាច) ទាំងសម្ដេច ហេង សំរិន ក៏បានចាកចេញពីប្រធានរដ្ឋសភា ទាំងសម្ដេច សាយ ឈុំ ក៏ស្ម័គ្រចិត្តចាកចេញពីប្រធានព្រឹទ្ធសភា ហើយឧបនាយករដ្ឋមន្ដ្រីមួយចំនួនក៏បានចាកចេញ ទុកលទ្ធភាពឲ្យមន្ដ្រីបន្ដវេនធ្វើកិច្ចការដ៏ល្អរបស់ពួកគេ។ ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាងធិការ អនុរដ្ឋលេខាធិការ និងមន្ដ្រីទាំងអស់ ដែលខិតខំធ្វើកិច្ចការដ៏ល្អ ក្នុង(អាណត្ដិរាជរដ្ឋាភិបាល)នីតិកាលទី៧ នេះ។
[បញ្ចប់សេចក្ដីអធិប្បាយ ២]
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!
ពិតមែនរយៈពេល ៤៦ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែស្មារតីជ័យជម្នះ ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងកំពុងបន្តបំភ្លឺផ្លូវយើងដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ស្មារតី ៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិយើង អំពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្ដល់ឱ្យយើងនូវក្ដីសង្ឃឹមជឿជាក់ជានិច្ចចំពោះជ័យជម្នះ។ ៧មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។
ឆ្លងកាត់ពេលវេលាជាង ៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជន នៅក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមធ្វើការគូសបញ្ជាក់សង្កត់ធ្ងន់ថែមទៀតជូនជនរួមជាតិនូវចំណុចមួយចំនួនដូចខាងក្រោម ៖
១– រដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០ របស់ពួកលន់ នល់ តាមខ្សែញាក់របស់បរទេស គឺជាឈ្នួននៃភ្លើងសង្គ្រាមពេញទំហឹង ដែលបានធ្វើឱ្យសន្តិភាពដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្កនូវវិនាសកម្មដល់ជាតិដែលពុំអាចគណនាបាន ហើយរុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជ-សាសន៍។ ច្បាស់ណាស់ថា បើគ្មានរដ្ឋប្រហារនេះ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍក្នុងសន្តិភាព ប្រជាជននឹងមិនត្រូវពួកឃាតករកាប់សម្លាប់រង្គាលនោះឡើយ។ អាស្រ័យហេតុនេះ យើងប្ដេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្ដើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
២-អំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជា តថភាពប្រវត្តិសាស្ត្រមួយ។ ឯជ័យជម្នះថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។ ប្រជាជនកម្ពុជាត្រូវរង់ចាំ ៤៣ឆ្នាំ ទើបទទួលបានយុត្តិធម៌ចំពោះការទទួលរងឧក្រិដ្ឋកម្មដែលរបបកម្ពុជាប្រជាធិបតេយ្យបានប្រព្រឹត្តមកលើខ្លួន ជាមួយនឹងការបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០១ ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ព្រមជាមួយនេះ ខ្ញុំក៏សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្ត«ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ឱ្យបានម៉ឺងម៉ាត់បំផុតផងដែរ។
៣-សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្ដានុពលជាច្រើនដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។ ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមកំពុងស្រែកដង្ហោយរកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណាឡើយ។ សម្រាប់កម្ពុជាយើង ទោះបីយើងមានសន្តិភាពពេញលេញ ២៦ ឆ្នាំមកហើយក្ដី ក៏សន្តិភាពនៅតែជាបញ្ហាបច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព។ យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។ នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង ហើយមិនអនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។
ក្នុងស្មារតីនេះ ខ្ញុំយល់ថាវាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ។
៤-ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយដូចបណ្ដាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាកំពុងរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងកំពុងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចការលើកស្ទួយជីវភាពរបស់ខ្លួន។ ក្នុងឱកាសនេះ ខ្ញុំក៏សូមរំឭកជាថ្មីទៀតថា សូមបណ្ដាប្រទេសរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រពីរលើក ដែលប្រទេសមួយចំនួនបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត។ កំហុសលើកទី១ គឺការគាំទ្ររដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០ និងកំហុសលើកទី២ គឺការផ្ដល់សិទ្ធិឱ្យពួកប្រល័យពូជសាសន៍កាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិរយៈពេល ១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយ ការទូត យ៉ាងអយុត្តិធម៌ ប្រឆាំងនឹងអ្នកបានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយធ្វើមិនដឹងមិនឮចំពោះទុក្ខលំបាក និងបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។ យើងសង្ឃឹមថា អធិបតេយ្យជាតិ សិទ្ធិស្វ័យសម្រេច និងបំណងប្រាថ្នាដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជានឹងត្រូវបានគោរព។
៥-លើមូលដ្ឋានជ័យជម្នះ ៧មករា បានធ្វើឱ្យកម្ពុជា ដែលបានធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ហើយត្រូវដើរថយក្រោយរាប់សិបឆ្នាំនោះ កំពុងបានពង្រឹង និងពង្រីកខ្លួនឡើងវិញ ក្នុងជំហរឈានឆ្ពោះទៅមុខ ស្របតាមក្រឹត្យក្រមនៃអភិវឌ្ឍន៍សង្គម ដែលបានផ្ដល់នូវមនុញ្ញផលដ៏វិសេសវិសាលដល់ប្រជាជនគ្រប់ៗរូបឱ្យរស់នៅក្នុងសន្តិភាព សេរីភាព សេចក្ដីថ្លៃថ្នូរ និងមានសេចក្ដីសង្ឃឹមចំពោះអនាគត។ ពិតណាស់ថា ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋជឿនលឿន និងរឹងមាំ មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាក្លាយជាអរិយប្រទេសមួយនោះ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដែលទាមទារឱ្យមានការប្រឹងប្រែងទ្វេឡើងប្រកបដោយភាពជឿជាក់ ដើម្បីឱ្យសុបិនរបស់យើងក្លាយជាការពិត គឺ «កម្ពុជាជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ ២០៥០»។ យើងពិតជាសម្រេចបាននូវគោលដៅនេះ ព្រោះថា ៤៦ឆ្នាំមកនេះ បានសាកល្បងរួចហើយនូវកម្លាំង ឆន្ទៈ និងសមត្ថភាពរបស់យើង។ នៅត្រង់ចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា ភាពជាម្ចាស់របស់ប្រជាជនលើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង។
៦-នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងរំឭកជាថ្មីនូវការដឹងគុណជានិច្ចចំពោះប្រទេសវៀតណាម ថ្នាក់ដឹកនាំវៀតណាម ដែលបានជួយដល់ការកសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនមកជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមថ្លែងការដឹងគុណជានិច្ចចំពោះសហគមន៍អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងប្រទេសជាមិត្តរបស់កម្ពុជា ហើយបាននិងកំពុងបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍របស់កម្ពុជា។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!
ក្នុងនាម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រ និងជំនឿយ៉ាងមុតមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល ៤៦ ឆ្នាំកន្លងទៅនេះ។ ខ្ញុំព្រះករុណាខ្ញុំ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្ថិតនៅជាមួយប្រជាជនជានិច្ច និងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសេចក្ដីសុខរបស់ប្រជាជន និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ។ ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជនរួមជាតិ បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ សូមពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ ២០២៥នេះ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយ ប្រគេនពរសម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សូមប្រសិទ្ធពរ សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទី សូមទទួលបានជោគជ័យ សិរីមង្គលក្នុងឱកាសឆ្នាំថ្មីនេះ និងបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរព្រះគុណ សូមអរគុណ!