តើពួក «ជ្រុលនិយម» មួយចំនួនតូច ព្យាយាមធ្វើអ្វីខ្លះដើម្បីគម្រាមកំហែងដល់ «សន្តិភាព»?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាយើងមានសន្តិភាពពេញលេញ២៦ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហាបច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលនោះ គឺជាការគម្រាមកំហែងពិតដល់សន្តិភាព។

នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាយើងបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ យើងត្រូវពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបានមកដោយលំបាក បំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើងហើយមិនអនុញ្ញាតដាច់ ខាតឱ្យជនណាឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។

លើលពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីថា ដល់ពេលដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើត ចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជា «ភេរវករ» ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ