ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ សាមណៈនិស្សិតជ័យលាភី
គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ។
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋាភិបាល
លោកបណ្ឌិត សាស្ត្រាចារ្យ ជា សុភាព សាកលវិទ្យាល័យនៃសាកលវិទ្យាល័យធនធានមនុស្ស
គណៈអធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្ត្រាចារ្យ បុគ្គលិកសិក្សា និង
និសិ្សតជ័យលាភីទាំងអស់នៃសាកលវិទ្យាល័យធនធានមនុស្សជាទីមេត្រី
ថ្ងៃនេះ, ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតី នៅក្នុង «ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និង ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ» ដល់ព្រះថេរានុថេរៈ,ប្អូនៗនិស្សិត និង សិស្សជ័យលាភីសរុបចំនួន ១១៥៧ អង្គ/នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យធនធានមនុស្ស ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
សូមឆ្លៀតឱកាសនេះអរគុណ និងអបអរសាទរចំពោះនិស្សិតជ័យលាភីផ្ទាល់ ក្រុមគ្រួសារ សាស្ត្រាចារ្យ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលបានរួមគ្នាធ្វើឲ្យកើតមានលទ្ធផលថ្ងៃនេះ។
[ចប់សេចក្តីអធិប្បាយ២]
ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយ-តម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជាក្រុមប្រឹក្សា- ភិបាល, គណៈគ្រប់គ្រង, មន្រ្តីរាជការ បុគ្គលិក, សាស្រ្តាចារ្យជាតិ, សាស្ត្រាចារ្យបរទេស និង ដៃគូសហប្រតិបត្តិការទាំងអស់ នៃសាកលវិទ្យាល័យធនធានមនុស្ស ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការបណ្តុះបណ្តាលសិស្សនិស្សិតឱ្យមានសមត្ថភាព ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ សមិទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យមានចំណេះដឹង, ចំណេះធ្វើ សីលធម៌ល្អ, មនសិការវិជ្ជាជីវៈ, សេចក្តីថ្លៃថ្នូរ, កិត្តិយស និង ចេះរួមរស់ជាមួយគ្នា ប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គម។
ទន្ទឹមនេះ, ខ្ញុំសូមឯកភាពចំពោះការលើកឡើងរបស់លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស អំពីយន្តការពង្រឹង និង អភិវឌ្ឍសាកលវិទ្យាល័យ ដោយឈរលើមូលដ្ឋាននៃការកែទម្រង់, ទាំងផ្នែកទន់ និង ផ្នែករឹង, និង យន្តការធានា-គុណភាពអប់រំ ឱ្យស្របតាមស្តង់ដាដែលកំណត់ដោយស្ថាប័នទទួលសា្គល់គុណភាពអប់រំ និងក្របខ័ណ្ឌគុណវុឌ្ឍិជាតិ។ ខ្ញុំសូម គាំទ្រ និង លើកទឹកចិត្ត ឱ្យសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជា គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តចូលរួមលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើងទៀត ដើម្បីរួមចំណែកដល់ការកសាងមូលធនមនុស្ស ឱ្យកាន់តែខ្ពស់ ដូចបានចង្អុលបង្ហាញដោយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ជាការពិត, គ្រឹះស្ថានអប់រំ គឺជាថ្នាលបណ្តុះធនធានបញ្ញាញាណ, បណ្តុះមនសិការ- ស្នេហាជាតិ និងបណ្តុះលក្ខណសម្បត្តិសមស្រប ដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរ-ទ្រូង និង ជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគនៃការកសាងកំណើនសេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង, ជាពិសេស ត្រូវបណ្តុះបណ្តាលនិស្សិតឱ្យឆ្លើយតបទៅនឹងតម្រូវការ -ទីផ្សារការងារសម្រាប់ស្ថាប័នរដ្ឋ និង ឯកជន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង ស្របតាមចក្ខុវិស័យកម្ពុជា២០៥០ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់, ឱ្យតម្លៃខ្ពស់ និង ផ្ដល់អាទិភាពដល់វិស័យអប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់, មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និង ការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌, អរិយធម៌, កិត្តិយស, កិត្យានុភាព និង មោទនភាពជាតិ ។
ជាក់ស្តែង, ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យខាងលើ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានបន្តអនុវត្តយុទ្ធសាស្រ្តកសាង និង អភិវឌ្ឍប្រទេសជាតិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដោយកំណត់យកបញ្ចកោណទី ១ ការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តអាទិភាព ។ ជាពិសេស ការពង្រឹងគុណភាពវិស័យអប់រំ, កីឡា, វិទ្យាសាស្រ្ត, បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រកបដោយសីលធម៌ និងសមធម៌ នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងរដ្ឋ និង ឯកជន ដោយផ្ដោតលើចំណេះដឹង, បទពិសោធ ជំនាញបច្ចេកទេស ជំនាញវិជ្ជាជីវៈ សមត្ថភាពសហគ្រិនភាព, ការច្នៃប្រតិដ្ឋ, គុណធម៌ សីលធម៌, មនសិការស្នេហាជាតិ និង ស្មារតីទទួលខុសត្រូវ ដើម្បីតម្រង់ទិសឱ្យ-ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និង អនាគត ។
បន្ថែមលើផែនការ និង កម្មវិធីនយោបាយដូចបានលើកឡើងខាងលើ យុទ្ធសាស្រ្តបញ្ច-កោណ–ដំណាក់កាលទី១ បន្តគាំទ្រ និង បានដាក់ចេញនូវគោលនយោបាយពង្រឹងភាពជាដៃគូ រវាង វិស័យសាធារណៈ និងវិស័យឯកជន ដោយផ្តល់ឱកាសឱ្យគ្រឹះស្ថានអប់រំឯកជនក្លាយជា ដៃគូអភិវឌ្ឍលើវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសិក្សានៅគ្រប់កម្រិត និង តម្រូវ-ការធនធានបញ្ញាសម្រាប់បន្តវេនដើម្បីបម្រើដល់សង្គមជាតិលើគ្រប់វិស័យ។
ជាក់ស្តែង, និស្សិតជ័យលាភីទំាង ១ ១៥៧ អង្គ/នាក់ ដែលត្រូវទទួលសញ្ញាបត្រ និង វិញ្ញាបនបត្រនៅថ្ងៃនេះ គឺជាធនធានមនុស្សថ្មីបន្ថែម ប្រកបដោយចំណេះដឹង សមត្ថភាព និង លក្ខណសម្បត្តិសមស្រប, ស័ក្តិសមជាអ្នកបន្តវេន, ជាកម្លាំងចលករ និង ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលនឹងឆ្លើយតបទៅនឹងទីផ្សារការងារ, ទាំងក្នុងវិស័យសាធារណៈ និង ឯកជន ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានអប់រំមួយ ដែលបានរួមចំណែកដល់ការបំពេញបេសកកម្មបណ្តុះបណ្តាលយុវជន ឱ្យក្លាយជាមូលធនបញ្ញា ប្រកបដោយគុណភាព, សមត្ថភាព, ឧត្តមភាពសីលធម៌ និង មនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្នុងក្របខ័ណ្ឌជាតិ-អន្តរជាតិ និង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធានមនុស្សទាំងគុណភាព និង បរិមាណ ។
ការអប់រំត្រូវបានចាត់ទុកថា ជាកត្តាកំណត់ដ៏សំខាន់នៃសុខុមាលភាពសេដ្ឋកិច្ច និង សម្រាប់ ជំរុញកំណើនសេដ្ឋកិច្ច ។ ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈ យន្តការចំនួន ៣ គឺ ១) ការអប់រំបង្កើនមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាពពលកម្ម និង ជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត, ២) ការអប់រំបង្កើនសមត្ថភាពក្នុងការធ្វើនវានុវត្តន៍ ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹងសម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និង អភិវឌ្ឍផលិតផលថ្មី ដែលការណ៍នេះលើក-កម្ពស់កំណើនសេដ្ឋកិច្ច, ៣) ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និង ចំណេះដឹងថ្មីៗដទៃទៀត ដែលកត្តាទាំងនេះជួយបង្កើនផលិតភាព និង ជំរុញកំណើនសេដ្ឋកិច្ច។
ការអភិវឌ្ឍធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ ធានាបាននូវសមត្ថភាព ប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ, ជាពិសេស នៅក្នុងបរិការណ៍នៃការកើន-ឡើងជាបន្តបន្ទាប់នៃសកលភាវូបនីយកម្ម ដែលជាតួអង្គដ៏សំខាន់ នៅក្នុងការធ្វើសមាហរណ- កម្មសេដ្ឋកិច្ច, ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ជាមួយសេដ្ឋកិច្ចសកលឱ្យកាន់តែប្រសើរ និងការជំរុញពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ ក្នុងបរិការណ៍កើនឡើងនៃបរិ-វត្តកម្មឌីជីថល, កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្សប្រកបដោយជំនាញខ្ពស់, គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ, និង របកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលភាពប្រកួតប្រជែងជាអន្តរជាតិ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
ជាមួយភាពជោគជ័យក្នុងការអភិវឌ្ឍវិស័យអប់រំ, ខ្ញុំសូមយកឱកាសនេះ ផ្តល់នូវអនុសាសន៍ មួយចំនួន ដូចខាងក្រោម៖
ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និងកីឡា និង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និង ឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និង សង្គម, ការប្រែប្រួលអាកាសធាតុ, ការប្រកួតប្រជែងនៃទីផ្សារការងារ និង សកលភាវូបនីយកម្ម ។
ទី២. ខ្ញុំសូមជំរុញលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យអប់រំ រួមមាន ក្រសួងអប់រំ យុវជន និង កីឡា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលគ្រប់កម្រិតទំាងរដ្ឋ និងឯកជន, ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រងសាកលវិទ្យាល័យ, សាស្រ្តាចារ្យ និង សិស្ស-និស្សិត ឱ្យយកចិត្តទុកដាក់ខ្ពស់ចូលរួមលើកកម្ពស់ និង អភិវឌ្ឍគុណភាពអប់រំបណ្តុះបណ្តាល និង ការកសាង «វប្បធម៌គុណភាព» និងការផ្តល់តម្លៃលើ«គុណាធិបតេយ្យ» ដើម្បីធានាផលិតបាននូវធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព, សមត្ថភាពវិជ្ជាជីវៈ, សីលធម៌ និង ការទទួលខុសត្រូវ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព តាមតម្រូវការរបស់ស្ថាប័ន និយោជក និង សង្គមជាតិទាំងមូល ។
ទី៣. សូម សាកលវិទ្យាល័យធនធានមនុស្ស បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និង គុណ-ភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និង ជំរុញសកម្មភាពស្រាវជ្រាវ ដើម្បីឱ្យការផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយប្រកបដោយគុណភាព, ជាពិសេស ត្រូវបន្តធ្វើទំនើបកម្មកម្មវិធីអប់រំឱ្យស្របតាមស្តង់ដា ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និង ស្តង់ដាអន្តរជាតិ ឱ្យឆ្លើយ-តបដោយប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និង មុខរបរ ក្នុងបរិការណ៍សេដ្ឋកិច្ច-សង្គមឌីជី- ថល, ស្របតាមចរន្តនៃការរីកចម្រើនជាប្រចាំនៃបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ និង បញ្ញាសិប្បនិម្មិត (AI)។
ទី៤. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ, សូមបន្តអភិវឌ្ឍសមត្ថភាព និង បង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តន៍ ជាក់ស្តែង ។ការសិក្សាស្រាវជ្រាវនឹងជួយរួមចំណែកដល់ការប្រែក្លាយទ្រឹស្តីដែលបានសិក្សាក្នុងថ្នាក់រៀនទៅជាការអនុវត្តជាក់ស្តែងនៅកន្លែងការងារ, ទាំងវិស័យសាធារណៈនិងឯកជន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ អាចជាធាតុចូលដ៏សំខាន់ សម្រាប់គោលនយោបាយសង្គម-សេដ្ឋកិច្ច របស់ជាតិ ហើយលទ្ធផលទាំងនេះ ត្រូវបានលើកទឹកចិត្តឱ្យបោះពុម្ព ក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត, ជាពិសេសទស្សនាវដ្តីវិទ្យាសាស្រ្តក្នុងតំបន់ និង អន្តរជាតិនាថ្ងៃអនាគត។
ទី៥. សូមជ័យលាភីទាំងអស់ បន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែមទៀត ទាំង ចំណេះដឹង, ជំនាញ, បទពិសោធ, សីលធម៌ និង ការទទួលខុសត្រូវ ដែលជាសសរស្តម្ភដ៏រឹងមាំ សម្រាប់អនាគតដ៏រុងរឿងរបស់ប្អូនៗ ។ ជ័យលាភីទាំងអស់ គួរចាំថា ចំណេះដឹងដែលទទួលបានក្នុងពេលសិក្សាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺចាំបាច់ត្រូវគួបផ្សំជាមួយបទពិសោធការងារ ជាក់ស្តែង និង គំនិតច្នៃប្រតិដ្ឋនវានុវត្តន៍ ស្របតាមស្ថានភាព និង កាលៈទេសៈថែមទៀត ទើបមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្លាយជាបុគ្គលដ៏មានតម្លៃ សម្រាប់ការងារនៅគ្រប់ស្ថាប័ន និង មានប្រយោជន៍ដល់សង្គមជាតិ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) សិក្សានិងបង្កើតកន្លែងដាក់និក្ខេបបទជាស្នាដៃនិស្សិតជំនាន់មុន
ទាក់ទងនឹងទស្សនាវដ្ដី(វិទ្យាសាស្រ្ត)នេះ ខ្ញុំសូមឱ្យឯកឧត្តម ហង់ជួន ណារ៉ុន ពិនិត្យមើលលទ្ធភាពហ្នឹងបន្តិច។ ថ្ងៃមុន ខ្ញុំអង្គុយជាមួយបងប្អូនអ្នកសិក្សាស្រាវជ្រាវ។ យើងមាននិស្សិតច្រើនណាស់សរសេរនិក្ខេបបទ។ ប៉ុន្តែ បើសួរកន្លែងណាមួយដែលអាចទៅ(រក)ឃើញនិក្ខេបបទដែលនិស្សិតរាប់ពាន់នាក់បានសរសេរ មិនមានទេ ក្រៅពីទុកនៅសាលា។ ទុកនៅទីនេះ ដាក់ដោយដុំ។ គួរសិក្សា បង្កើត(កន្លែងដាក់និក្ខេបបទ ដែលនិស្សិតទាំងឡាយបានសរសេរ)។ បណ្ដាប្រទេសមួយចំនួនមាន គេហៅថា scholarship journal ដែលអាច update។ និស្សិតនីមួយៗ ដែលសរសេរនិក្ខេបបទ គួរមានកន្លែងឬបណ្ណាល័យណាមួយដែលរក្សាទុករួម។ អញ្ចឹង និស្សិតជំនាន់ក្រោយ ដែលចង់ទៅសិក្សាស្រាវជ្រាវពីប្រធានបទហ្នឹង អាចចូលទៅកន្លែង/បណ្ណាល័យហ្នឹង រកបានស្នាដៃនិស្សិតយើងទាំងអស់។ មាននិស្សិតរបស់យើងសរសេរចប់នៅប្រទេសបារាំង ទុកនៅបារាំង។ ចង់សរសេរ ស្រាវជ្រាវស្នាដៃនិស្សិតខ្មែរនៅបារាំង(ទាល់តែទៅបារាំង)។ ឥឡូវគួរតែមានមួយ copy (សម្រាប់ទុកស្នាដៃនិក្ខេបបទនៅខ្មែរ)។ សូមគិតគូរមើល។ គួរថា រៀបជាយន្តការថ្នាក់ជាតិមួយ ហើយឱ្យមានការចូលរួម។ ស្នាដៃនីមួយៗ ត្រូវមានកម្មសិទ្ធិបញ្ញារបស់និស្សិត ប៉ុន្តែខ្ញុំថានិស្សិតយើងមិនចិត្តអាក្រក់ទេក្នុងការចែករំលែកនូវអ្វីដែលខ្លួនស្រាវជ្រាវឃើញ ចែកទុកជាស្នាដៃ ដើម្បីផ្សព្វផ្សាយចែកឱ្យជំនាន់ក្រោយ។
(២) ការស្រាវជ្រាវនិងនិក្ខេបបទនៃនិស្សិតជំនាន់មុនៗ ក៏ជាទិន្នន័យនិងចំណេះដឹងមូលដ្ឋាន
នេះជាកិច្ចការសំខាន់ ព្រោះវាជួយបន្ត(ការសិក្សាស្រាវជ្រាវនិងចងក្រង)។ ការសិក្សាហ្នឹងត្រូវប្រមូលផ្ដុំ។ សូមពិនិត្យមើលការងារហ្នឹង ហើយពិគ្រោះយោបល់ជាមួយសាកលវិទ្យាល័យផ្សេងៗ ដើម្បីយកធាតុផ្សំបង្កើតជាមជ្ឈមណ្ឌលព័ត៌មានមួយ សម្រាប់ស្រាវជ្រាវនិក្ខេបបទ។ ខ្ញុំជឿថា រាប់ឆ្នាំមកនេះ ប្រហែលជាមានរាប់ម៉ឺននិក្ខេបបទ។ អញ្ចឹង setup bank កន្លែងណាមួយ upload វា ឬមួយក៏យ៉ាងម៉េច ឬមួយក៏យកកន្លែងណាមួយក្នុងសាកលវិទ្យាល័យ IUPP ឬស្អីមួយរបស់រដ្ឋ មួយ corner ណាមួយសម្រាប់ដាក់តែនិក្ខេបបទចាស់ៗ … ហើយការចងក្រងរក្សាទុកនេះ គឺជាមូលដ្ឋាន(សំរាប់ពង្រីកការសិក្សាស្រាវជ្រាវនិងចងក្រងបន្តទៀត)។ យើងសិក្សាអ្វីក៏ដោយ ស្រាវជ្រាវអ្វីក៏ដោយ ត្រូវការទិន្នន័យ។ ការស្រាវជ្រាវរបស់និស្សិតមុនៗ ក៏ជាទិន្នន័យនៃចំណេះសម្រាប់ជាមូលដ្ឋាន។ ខ្ញុំគិតថា គួរពិនិត្យ រៀបចំកិច្ចការនេះ ដើម្បីយើងបន្ត(ការបង្កើនចំណេះដឹង)ទៅទៀត ត្បិតនិស្សិតភាគច្រើន (ដែលបានរៀនដល់កម្រិត) master អីហ្នឹង សុទ្ធតែបានធ្វើការស្រាវជ្រាវនិងធ្វើនិក្ខេបបទ។
(៣) ពង្រឹងទិន្នន័យថ្នាក់ជាតិ ឯកភាពឱ្យកែវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ
ទី២ ត្រូវពង្រឹងទិន្នន័យថ្នាក់ជាតិរបស់យើង។ ថ្ងៃមុន (ខ្ញុំបានផ្តល់ការ)ឯកភាពឱ្យកែប្រែវិទ្យាស្ថានជាតិ statistics របស់យើង ទៅជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ជារដ្ឋបាលរបស់រដ្ឋ ដើម្បីឱ្យគាត់មានឯករាជ្យក្នុងការគ្រប់គ្រងខ្លួនឯង មានសមត្ថភាពពង្រីក។ ថ្ងៃក្រោយ យើងទៅទិន្នន័យតែមួយកន្លែងហ្នឹងមានទាំងអស់។ កុំឱ្យទៅរកទិន្នន័យពីក្រសួងមួយ ខុសពីក្រសួងមួយទៀត។ ត្រូវដាក់មក(តែមួយកន្លែង)។ រាល់ការវិភាគ ការវាយតម្លៃ សូម្បីតែក្រសួងផែនការ ធ្វើផែនការដើម្បីទស្សន៍ទាយ ព្យាករណ៍ ដាក់គោលនយោបាយ ក៏ត្រូវការទិន្នន័យមួយដែរ។ ការរៀបចំនេះ គឺយើងមានទិន្នន័យដាក់ដោយដុំ ហើយពេលខ្លះមិនទាន់ស៊ីចង្វាក់ជាមួយគ្នា។ ថ្ងៃមុន សួរទៅខាងក្រសួងពាណិជ្ជកម្ម ឱ្យយកទិន្នន័យនាំធ្យូងចេញទៅក្រៅ។ ក្រសួងពាណិជ្ជកម្មមានមួយទិន្នន័យទៅ, គយមានមួយទិន្នន័យទៅ, CDC មានមួយទិន្នន័យទៅ គ្រាន់តែក្រុមហ៊ុនចុះឈ្មោះហ្នឹង។ អញ្ចឹងវាអត់មានអីដែលថា (មានទិន្នន័យ)រួម។ អញ្ចឹង យើងយកទៅវិភាគឬវាយតម្លៃ(ដូចម្តេច?) បើទិន្នន័យ ៣ខុសគ្នា។ យើងចង់អាក្រក់យកទិន្នន័យទាប យើងចង់ល្អយកទិន្នន័យខ្ពស់។ (យើងត្រូវការ)យកទិន្នន័យមួយ(ដែលត្រឹមត្រូវ) … រាជរដ្ឋាភិបាលក៏មិនខុសពីការអប់រំដែរ។ ត្រូវរៀបចំប្រមូលទិន្នន័យដាក់មួយដុំ ជាពិសេសព័ត៌មាន ការខិតខំស្រាវជ្រាវរបស់និស្សិត។
(៤) គួរដាក់បណ្ដុំស្នាដៃស្រាវជ្រាវនិក្ខេបបទរបស់និស្សិតខ្មែរក្នុងនិងក្រៅប្រទេសមួយច្បាប់ក្នុងស្រុក
បើចង់ស្រាវជ្រាវពីប្រធានបទអ្វីមួយ ក៏ចូលទៅកន្លែងហ្នឹង ឬមួយក៏ internet websites កន្លែងណាមួយ ហើយអាចរកឃើញ list ទាំងអស់។ list និស្សិតប៉ុន្មាននាក់ និក្ខេបបទស្អីខ្លះដែលសរសេរប្រហាក់ប្រហែលគ្នា យកមកស្រាវជ្រាវ។ តាមរយៈហ្នឹង ប្រាកដជាឃើញ soft ផ្សេងៗទៀត។ ប៉ុន្តែសំខាន់បំផុត គឺបណ្ដុំស្នាដៃរបស់និស្សិតខ្មែរយើង មិនថានៅរាជធានីភ្នំពេញ នៅខេត្ត ទៅរៀននៅក្រៅប្រទេស សរសេរយកនិក្ខេបបទនៅក្រៅប្រទេសក៏ដោយ គួរតែមានមួយ copy ដាក់នៅក្នុងស្រុក។ នេះគឺជាផលដែលចែករំលែកគ្នារៀនសូត្រ … លោក Einstein មិនបានយក(ទុកទេ)។ ស្រាវជ្រាវឃើញល្អ គាត់មិនយកទុកប្រើតែខ្លួនឯងទេ។ គាត់ចែករំលែកឱ្យអ្នកផ្សេងរៀនពីគាត់ យកទៅអភិវឌ្ឍនិងធ្វើនវានុវត្តន៍។ អញ្ចឹង ការរៀនសូត្រពីការចែករំលែក ការស្រាវជ្រាវរបស់មនុស្សម្នាក់ៗ របកគំហើញរបស់មនុស្សម្នាក់ អាចជាមូលដ្ឋាននៃការធ្វើរបកគំហើញបន្តៗទៀត។ ជួនកាលឃើញផ្លូវហ្នឹង ដើរមាន ១០ ជំហាន។ អ្នកទី១ ឃើញមួយជំហាន អ្នកទី២ សិក្សាឃើញ ២ជំហាន។ ថ្ងៃក្រោយទាញកំណល់អ្វីមួយ។
(៥) ដាក់ទិន្នន័យពីក្រសួង-ស្ថាប័ន តែមួយទីតាំង ងាយរកនិងបានគ្រប់ជ្រុងជ្រោយ
ខ្ញុំសុំឲ្យចាប់អារម្មណ៍ចំណុចនេះ ហើយសុំឯកឧត្ដម ហង់ជួន ណារ៉ុន ពិនិត្យរៀបចំ។ ថ្ងៃមុន ជជែកគ្នាជាមួយបងប្អូន និងក្មួយៗខ្លះចង់ធ្វើស្រាវជ្រាវ ថារកឯកសារនៅឯណាអីឯណា។ ថាទិន្នន័យអាចបានពីក្រសួង-ស្ថាប័នមួយចំនួន ប៉ុន្តែឯកសារដែលនិស្សិតយើងធ្វើ(បានសិក្សានិងចងក្រងជានិក្ខេបបទ) ទាល់តែសុំទៅសាលានៅបារាំង សាលានៅនេះ/នោះ។ សាលាក្នុងស្រុក និស្សិតចេញពីសាលាណាមក ទៅសុំនៅសាលានោះទៅ។ ជួនកាល ១០សាលា និស្សិតសរសេរលើប្រធានបទតែមួយ។ បើយកមកដាក់តែមួយដុំ មើលតែមួយភ្លែត ឃើញ១០ ឯកសារ ហើយបានគ្រប់ជ្រុងជ្រោយ។ ខ្ញុំសង្ឃឹមថា និស្សិតរបស់យើងមិនចិត្តអាក្រក់ក្នុងការចែកស្នាដៃរបស់ខ្លួននោះទេ។ ឯកសារសារណា/និក្ខេបបទរបស់ខ្ញុំៗ បង្ហោះលើហ្វេសប៊ុក។ គេចង់បាន។ អ្នកខ្លះមកថា លួច(ស៊ីសំណូក)ឲ្យគ្រូ(ដោយមិនបាច់ធ្វើ)។ ខ្ញុំក៏បង្ហោះឲ្យមើលទៅ។ អត់ឃើញរករឿងខ្ញុំ។ ប្រហែលជាមើលមិនយល់ ព្រោះឯកសារខ្ញុំបច្ចេកទេសច្រើន។ Econometric ៤ឆ្នាំ គ្រាន់តែ run data ហ្នឹងមិនដឹងប៉ុន្មានមួយថ្ងៃៗ។ ធម្មតា អ្នកខ្លះឲ្យតែឃើញ(ការខ្វះខាត) ចាប់បានដឹងតែវាយហើយ។ ដល់តែខ្ញុំបង្ហោះឲ្យ បាត់មាត់ច្រៀប។
(៦) ទិន្នន័យសំខាន់ មិនថាខាងវិទ្យាសាស្រ្តពិត ឬវិទ្យាសាស្រ្តសង្គម ឬក៏ប្រធានបទណាឡើយ
មិនត្រូវខ្លាចទេ។ ការសិក្សារបស់យើងមិនមែនល្អឥតខ្ចោះទេ។ តាមពិត ដែលខ្ញុំបង្ហោះនិក្ខេបបទនៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតរបស់ខ្ញុំទៅហ្នឹង គឺខ្ញុំចង់បានអ្នកដែលផ្ដល់(នូវមតិយោបល់)។ បើមាន Scholar ណា អ្នកដែលសិក្សាណា ផ្ដល់យោបល់មកថានេះ បងឯងមើល បើផ្អែកលើការសន្មតនេះប្រហែលជាមិនទាន់ត្រូវ ខ្ញុំនឹងស្វាគមន៍(ការផ្តល់មតិ)។ តែបើយកទៅដើម្បីគ្រាន់តែជេរ ខ្ញុំមិនស្ដាប់។ យើងគួរតែសប្បាយចិត្ត ត្បិតអ្នកសិក្សាត្រូវបើកចំហ ទទួលមតិអ្នកផ្ដល់យោបល់។ ទស្សនទាននៃការស្រាវជ្រាវិងការរៀបរៀងវាមួយជ្រុង។ បើសិនជាមានការផ្ដល់យោបល់បន្ថែមទៀត យើងគួរតែទទួល។ មិនថាសរសេរកម្រិត Phd ឬកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ឬសាលាខ្លះបរិញ្ញាបត្រក៏មានសរសេរមួយចំនួន គ្រាន់តែមិនដល់កម្រិតនិក្ខេបបទ ការប្រមូលផ្ដុំ ការរៀបចំនេះសំខាន់ ហើយបណ្ណសាររបស់យើងដូចកាលពីថ្ងៃមុននៅខាងសាលាក្ដីខ្មែរក្រហម ដូចជាជាង២ លានសន្លឹក ជាឯកសារប្រវត្តិសាស្រ្ត យើងអត់លាក់ទេ។ យើងរៀបចំបណ្ណសារទុកឲ្យកូនខ្មែរ ឲ្យអ្នកស្រាវជ្រាវមកពីមួយពិភពលោកបានសិក្សា។ យើងរៀបចំទុក។ ដាក់មួយដុំដើម្បីចែករំលែកឲ្យមើល។ មិនថាខាងវិទ្យាសាស្រ្តពិត ឬវិទ្យាសាស្រ្តសង្គម ឬក៏ប្រធានបទណា ការគ្រប់គ្រងទិន្នន័យជាកិច្ចការសំខាន់។
[ចប់សេចក្ដីអធិប្បាយ២]
ទី៦. ជ័យលាភីទាំងអស់ ដែលជាអ្នកបន្តវេនរបស់ប្រទេសជាតិយើង ត្រូវបន្តការប្តេជ្ញាចិត្តលះបង់ខ្ពស់ និងចូលរួមចំណែកឱ្យសកម្ម ក្នុងការថែរក្សាការពារសុខសន្តិភាព កសាងសមិទ្ធ ផលស្នាដៃ និងចូលរួមអភិវឌ្ឍប្រទេសជាតិ ជាពិសេសត្រូវស្ថិតនៅឱ្យឆ្ងាយពីការឃោសនា ការអូសទាញ ល្បិចកល់ ញុះញង់ ការបំបែកបំបាក់របស់ជនអគតិ និងក្រុមជ្រុលនិយមឱ្យបានជាដាច់ខាត។ ខ្ញុំមានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ជ័យលាភីទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាបញ្ញាជនដ៏មានសក្តានុពល ជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ប្រកបដោយសមត្ថភាព មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ ក្រមសីលធម៌ល្អ និងដាក់ខ្លួនបម្រើការងារដោយភាពស្មោះត្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លានៃយើង។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(៧) រឿងព្រំដែនទឹក មិនចាំបាច់និយាយប៉ប៉ាច់ប៉ប៉ោច តែធ្វើសកម្មភាពជាក់ស្តែង
ម្សិលមិញ ខ្ញុំបានជួបជាមួយនឹងខាងសប្បុរសជនដែលបានចូលរួមធ្វើបរិច្ចាគកិច្ចដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ឬកសាងផ្លូវព្រំដែន។ ខ្ញុំសូមអរគុណណាស់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងកិច្ចការនេះ។ ខ្ញុំបានប្រាប់គាត់ថា អ្នកណាក៏ស្រឡាញ់ជាតិដែរ។ យើងត្រូវតែមាន កូនខ្មែរគ្រប់រូបត្រូវតែបារម្ភពីរឿងការពារបូរណភាពទឹកដី ប៉ុន្តែសកម្មភាពនៃការបញ្ចេញការបារម្ភរបស់យើងត្រូវតែកុំឲ្យមានការបែកបាក់ដែលជាកត្តាធ្វើឲ្យបាត់បង់(សាមគ្គីភាព)។ រួមគ្នាធ្វើ។ អញ្ចឹងហើយបានជាយើងមានរហូតទៅដល់ប្រជាពលរដ្ឋជាង៧០ ម៉ឺននាក់ចូលរួមបរិច្ចាគក្នុងរយៈពេលតែមួយខែជាង។ យើងបើកទទួល ទាំងក្នុងនិងក្រៅប្រទេសចូលរួម។ ការការពារ ការព្រួយបារម្ភពីទឹកដី យើងត្រូវតែការពារ តាមរយៈគោលការណ៍ ៣ ដែលរាជរដ្ឋាភិបាលបានធ្វើកន្លងទៅ។ អ្នកខ្លះមកពន្យុះខ្ញុំឲ្យស្រែកតាមហ្វេសប៊ុករឿងព្រំដែន។ ប្រាប់ថ្ងៃមុនរួចហើយ ខ្ញុំមិនចាំបាច់និយាយរឿងព្រំដែនទឹក(ប៉ប៉ាច់ប៉ប៉ោចទេ) គឺយើងធ្វើសកម្មភាពជាក់ស្តែង។
(៨) បន្តចរចាបោះបង្គោលព្រំដែនឲ្យច្បាស់លាស់ រុញមនុស្សទៅតាំងលំនៅ និងរៀបចំអោយមានការអភិវឌ្ឍ
គោលការណ៍ ៣ (ក្នុងការការពារបូរណភាពទឹកដី) រួមមាន ទី១ ចរចាបោះបង្គោលព្រំដែនឲ្យច្បាស់លាស់។ តំបន់ខ្លះយើងមិនដែលមានទេ តាំងពីជំនាន់បារាំងមក។ ពីត្បូងឃ្មុំឡើងទៅដល់កន្ទុយនាគមិនដែលបោះបង្គោលទេ។ បារាំងមិនដែលបោះទេ។ ទើបនឹងជំនាន់យើងទេ ដែលយើងបោះផ្ដាច់។ ទី២ បោះបង្គោលព្រំដែនហើយ … ត្រូវរុញមនុស្សទៅនៅ។ អញ្ចឹង តាមរយៈការដោះមីន ការធ្វើផ្លូវនៅទីនោះ នឹងជំរុញការអភិវឌ្ឍសំរាប់ប្រជាពលរដ្ឋ។ ប្រែក្លាយកន្លែងដែលធ្លាប់តែមានមីន ទៅជាកន្លែងដែលប្រជាជនអាចរស់នៅធ្វើចំការបាន មិនខុសពីព្រំដែនខាងលិចទេ។ បងប្អូនទៅមើលព្រំដែនខាងលិច។ ពី១០ ទៅ២០ ឆ្នាំមុន … ឆ្នាំ១៩៩៨ កន្លែងនោះភាគច្រើនព្រៃឬស្សីនិងមីន … យើងធ្វើផ្លូវ យើងមានតំបន់សេដ្ឋកិច្ចពិសេសនៅហ្នឹង … ឥឡូវកំពុងរៀបចំបើកច្រកមួយទៀត “បានណងអៀន” ជាមួយនឹងស្ទឹងបត់។ ច្រកសេដ្ឋកិច្ចនៅប៉ោយប៉ែតចង្អៀតពេក។ ឥឡូវយើងបើកច្រកមួយទៀតប្រែក្លាយពីសមរភូមិចាស់ ហើយប្រជាពលរដ្ឋទៅរស់នៅព្រំដែន។ យើងធ្វើអញ្ចឹង។ ហ្នឹងហើយការចូលរួមរបស់ប្រជាជនជាក់ស្តែង។ ធ្វើការងារប្រវត្តិសាស្រ្ត គឹយើងធ្វើសកម្មភាពជាក់ស្តែងបែបនេះ។
(៩) រឿងព្រួយបារម្ភបំផុតគឺការធ្វើឲ្យមានអរិភាពរវាងប្រជាជននិងប្រជាជន
គិតវិជ្ជមាន រួមគ្នាធ្វើ បារម្ភប៉ុន្តែត្រូវរួមគ្នាធ្វើ។ ធ្វើអ្វីឲ្យពិតប្រាកដ មិនមែនធ្វើឡើងតតាំងគ្នាតាម facebook (ចោទប្រកាន់ថាជាការ) ក្បត់ជាតិ (ដែល)មិនតវ៉ាអញ្ចេះ មិនតវ៉ាអញ្ចុះនោះទេ។ រឿងទឹកដី ចរចាបោះបង្គោលឲ្យបានសុក្រឹត្យតាមតែផែនទីផ្លូវច្បាប់ដែលព្រះករុណាយកទៅតំកល់(ទុកនៅអង្គការសហប្រជាជាតិ)ទៅ។ អ្នកខ្លះទាមទារឲ្យយើងយក ៣០ខេត្តដែលបារាំងកាត់ឲ្យគេមកវិញ។ ទៅតតាំងយ៉ាងម៉េច? ប្រទេសជិតខាងក៏កំពុងទាមទាររដ្ឋាភិបាលគេ មកយកខេត្តដែលបារាំងកាត់ទៅឲ្យយើងវិញដែរ។ រឿងឈ្លោះគ្នាអញ្ចឹង។ តើប្រទេសនីមួយៗ រដ្ឋាភិបាលនីមួយៗត្រូវតែឈ្លោះគ្នាអញ្ចឹងទេ? ប្រទេសជិតខាងក៏គេតវ៉ាថា មុននឹងបារាំង ក៏គេគ្រប់គ្រងខេត្តហ្នឹង។ ដល់បារាំងចូលមកកាត់ខេត្តហ្នឹងឲ្យខ្មែរ។ ឥឡូវគេទាមទារយកវិញ។ យើងក៏ទាមទារថាពេលបារាំងចូលមក កាត់អាហ្នឹងទៅឲ្យគេ ឥឡូវទាមទារមកវិញ។ រវល់តែឈ្លោះគ្នានៅហ្នឹង មិនចប់ទេ។ វាបង្កើតអរិភាពរវាងប្រជាជន និងប្រជាជន។ បារម្ភបំផុតគឺការធ្វើឲ្យអរិភាពប្រជាជន និងប្រជាជន។ កន្លែងដែលយល់ខុសពីគ្នា យើងនិយាយគ្នា យើងចរចា ប៉ុន្តែកុំឲ្យប្រជាជន និងប្រជាជនឈ្លោះគ្នា … ប្រជាជន និងប្រជាជនអត់ដឹងអីទេ។
(១០) រាជរដ្ឋាភិបាលស្រឡាញ់ជាតិរាល់ថ្ងៃ តាមរយៈការពង្រឹងភាពម្ចាស់ការ ការពារឯករាជ្យ អធិបតេយ្យភាព កំណត់ជោគវាសនាខ្លួនឯង
រឿងកត្តាដែលបន្សល់ពីអតីតកាល អ្នកនយោបាយត្រូវប្រឈមក្នុងការដោះស្រាយ តែប្រើបច្ចេកទេសដោយសន្តិវិធី ប្រើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ ប្រជាជននៅប្រទាក់ក្រឡាគ្នាទៅ។ ឃើញក្រុមសិល្បករផ្ការីកគ្រប់រដូវ មានពាក់មី ខេមអី បន្តិចទៀតរៀបចំទាត់បាល់ជាមួយតារាថៃ។ ទាត់ទៅ។ យើងមានទៅឈ្លោះគ្នាអី។ ប្រជាជននិងប្រជាជននៅជាប់គ្នា។ រឿងដោះស្រាយបញ្ហាមួយចំនួននៅខាងកើតដូចគ្នា។ ខ្ញុំសូមយកឱកាសនេះអរគុណចំពោះប្រជាពលរដ្ឋយើង ហើយរួមគ្នាបន្តទៅទៀត។ គ្រាន់តែថា ដែលរដ្ឋាភិបាលមិនឆ្លើយឆ្លងតាម facebook មិនមែនបានន័យថារដ្ឋាភិបាលមិនធ្វើការ ដើម្បីការពារកសាងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍប្រទេសរបស់យើងលើកកម្ពស់ជាតិយើងលើឆាកអន្តរជាតិនោះទេ។ យើងធ្វើរាល់ថ្ងៃ។ ថ្ងៃនេះក៏ជាតឹកតាងមួយដែរ។ ពង្រឹងធនធានមនុស្សគឺពង្រឹងភាពម្ចាស់ការរបស់កម្ពុជា ពង្រឹងភាពម្ចាស់ការក្នុងការឯករាជ្យអធិបតេយ្យ កំណត់ជោគវាសនាខ្លួនឯង។ យើងធ្វើរាល់ថ្ងៃ ការស្រលាញ់ជាតិនោះ។ គឺយើងធ្វើបែបនេះ។ មិនចាំបាច់ថា មួយថ្ងៃៗ យើងត្រូវតែលើកគ្រវីទង់ជ័យ តែស្រែកជេរគ្នា ប្រមូលគ្នាប្រឆាំងនេះប្រឆាំងនោះទេ …។
(១១) បង្កលក្ខណៈឱ្យទំពាំងដុះនិងកសាងសមត្ថភាពល្អ និងការពារកុំឲ្យទំពាំងស្អុយកើតច្រើន
មួយវិញទៀត ថ្ងៃនេះយើងអបអរសាទរដល់ការកសាងទំពាំងដែលជាមូលដ្ឋានសំរាប់ស្នងឬស្សីទៅថ្ងៃមុខ។ ទំពាំងដុះល្អ កសាងសមត្ថភាពល្អ ពេលជាមួយគ្នា យើងក៏ត្រូវយកចិត្តទុកដាក់ការពារកុំឲ្យទំពាំងស្អុយកើតច្រើន។ ម្សិលមិញ ខ្ញុំមើលឃើញក្រសួងយុត្តិធម៌ធ្វើសន្និសីទកាសែត។ ខ្ញុំសូមអរគុណ។ គេលើកប្រធានបទ២ ដែលប្រធានបទទី១ ទាក់ទងនឹងការកាត់ទោស ឧកញ៉ា ស្រី ស៊ីណា។ រឿងនេះបានកើតមាននាពេលកន្លងទៅ។ កន្លងទៅដោយសារនីតិវិធីតុលាការមិនអាចចេញមកផ្សព្វផ្សាយតាម facebook មានបងប្អូនខ្លះថាលួចព្រលែងចោលបាត់ហើយ។ គិតថាដោយសារគេឧកញ៉ានឹង(ធ្វើអោយភាគីរងគ្រោះ)មិនទទួលបានភាពយុត្តិធម៌។ មិនមែនបានន័យថាដែលមិនចេញផ្សព្វផ្សាយតាម facebook រាល់ថ្ងៃ ប្រព័ន្ធតុលាការមិនធ្វើតាមនីតិវិធីនោះទេ។ អញ្ចឹង ពេលនេះក៏មានការសម្រេចដូចជាជាប់ទោស ៣១ឆ្នាំ ហើយត្រូវបង់សំណង ២លានកន្លះ។ លើកទី១ ហើយ ដែលសំណងសំរាប់ជនរងគ្រោះមួយរូបមួយគ្រួសារ ១លានដុល្លារ។
លុយមិនអាចយកជីវិតប្តូរមកវិញបានទេ ប៉ុន្តែអ្វីនៃការកាត់ក្តីនេះគឺបង្ហាញអំពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ជាពិសេសទោះបីមានងារជាឧកញ៉ាក៏ដោយក៏នៅតែទទួលខុសត្រូវ។ ក្រសួងយុត្តិធម៌បានធ្វើការប្តេជ្ញាចិត្ត ហើយខ្ញុំក៏សូមអរគុណចំពោះស្ថាប័នអយ្យការ ស្ថាប័នតុលាការដែលបានខិតខំធ្វើការងារផ្តល់នូវយុត្តិធម៌ដល់ជនរងគ្រោះ។ ខ្ញុំសង្ឃឹមថា ការកាត់ទោសមួយនេះជាសារសំខាន់សម្រាប់មនុស្សទាំងអស់ កុំឱ្យប្រព្រឹត្តិអំពើបែបនេះតទៅទៀត។ សង្ឃឹមថា ជាការផ្តល់យុត្តិធម៌សង្គមដល់អ្នកដែលបានបាត់បង់ទៅ។ ពិតណាស់ អ្នកទាំងពីរ ទាំងអ្នកបាញ់គេទាំងអ្នកគេបាញ់ ជាធនធានរបស់កម្ពុជា។ ឥឡូវរឿងវាបានកើតហើយ។ យើងបាត់ធនធានទាំងសងខាង។ អ្វីដែលសំខាន់គឺត្រូវធ្វើឱ្យប្រព័ន្ធយុត្តិធម៌រកយុត្តិធម៌ជនជូនរងគ្រោះឱ្យបានម៉ត់ចត់។ សួរថា វាគ្រប់គ្រាន់ ឬទេ? នៅមានករណីមិនប្រក្រតីមិនទទួលបានច្រើនទេ? … ករណីមួយៗ គឺខុសៗគ្នា។ អញ្ចឹងបានមានដល់ទៅ ៣ថ្នាក់ សាលាដំបូង ឧទ្ធរណ៍ និងតុលាការកំពូល។ ប៉ុន្តែករណីដែលមានភស្តុតាងជាក់ស្តែង ដាក់បន្ទុកការប្រព្រឹត្តិបែបនេះ កម្រិតធ្ងន់បែបនេះត្រូវទទួលការវិនិ្ចឆ័យទោស …។
(១២) បន្តបង្ក្រាបក្មេងទំនើប ដោយជាង២០០០ នាក់នៅក្នុងពន្ធធនាគារ
កិច្ចការមួយទៀត គឺក្មេងទំនើង។ បើតាមរបាយការណ៍ ឥឡូវបានក្រាបមួយរយៈ តែហាក់ដូចជាងើប។ បើតាមទិន្នន័យនេះ ជាង ២.០០០នាក់នៅជាប់គុកនៅឡើយ។ ៣.០០០នាក់ជាប់គុក កាត់ ២.០០០នាក់ ដូចជិត ៧០០សុំណុំរឿង។ ដោយសារការមិនបញ្ចេញព័ត៌មាន។ ពេលចាប់ យើងមានការផ្សព្វផ្សាយមួយចំនួន ដល់ហើយស្ងាត់ទៅវិញ។ អញ្ចឹង បងប្អូនជាច្រើនគិតថា លែងអស់ហើយ។ ឥឡូវជូនដំណឹងទៅមហាជនថានៅទីណា? អញ្ចឹងជិត ៧០០ករណីសុំណុំរឿង។ ឃើញស្នងការរាជធានីខេត្តបានផ្សព្វផ្សាយ។ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចក៏ដូចជារដ្ឋបាលរាជធានី/ខេត្ត ដែលយកចិត្តទុកដាក់លើការងារនេះ។ ដូចវែកចក ប៉ុន្តែចកនេះកុំវែកហើយទុកនៅក្នុងបឹង យកចេញមកដាក់ម្តុំ។ នៅសល់ប៉ុន្មានទៀតចាប់ផ្តើមវែកបន្តៗ យូរទៅគង់តែអស់ទេ តែកុំបន្ធូរដៃ។ ឥឡូវមានជាង ២.០០០នាក់(នៅក្នុងគុក)។ អញ្ចឹងយើងត្រូវជំរុញបន្តទៀត។ ខ្ញុំបានណែនាំទៅឯកឧត្តមអភិបាលរាជធានី/ខេត្ត ល្ងាចមិញ ត្រូវជំរុញបន្តអត់មានបន្ធូរទេ។ ស្នងការរាជធានី/ខេត្តទាំងអស់ត្រូវអនុវត្ត ឯកឧត្តមអគ្គស្នងការនរគបាលជាតិ កម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធអាចរួមគ្នាអនុវត្តបន្តទៀត។
(១៣) សូមក្រសួងយុត្តិធម៌ពិនិត្យផ្លូវច្បាប់ចំពោះករណីអ្នកដាក់ដាវសាម៉ូរ៉ៃតាមខ្លួន
ម្សិលមិញ ក្នុងសន្និសីទកាសែត ក៏មានអ្នកការសែតសួរ។ មួយថា ត្រូវដាក់ឱ្យខ្លាំង។ មួយទៀតថា កុំដាក់ខ្លាំងពេក អាណិតអនាគតក្មេង។ អ្នកកាសែតសួរថា ចុះបើដាក់ខ្លាំងពេកមិនខូចអនាគត? នេះទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេណា។ យើងមិនដាក់ខ្លាំងហ្នឹងហើយទើបវាខូចអនាគតនោះ។ ក្មេងមួយហ្នឹង បើគ្រាន់តែហៅមកអប់រំរដ្ឋបាលចេញមកកាប់គេដដែល។ អ្នកផ្សេងទៀតអត់ខ្លាចទៀត។ អញ្ចឹងការអនុវត្តរឹង ២.០០០នាក់នេះនៅបន្ត ហើយបញ្ជូនសារទៅឱ្យអ្នកផ្សេងទៀតត្រូវខិតខំចៀសវាងអារឿងបែបហ្នឹង។ ខ្ញុំឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលច្បាប់ កុំចាំតែកាប់គ្នាហើយបានប្រមូល។ អ្នកដើរដាក់ដាវសាម៉ូរ៉ៃ តាមម៉ូតូហ្នឹង (ក៏ដោយ)។ ឱ្យមើលច្បាប់ថ្ងៃម្សិលមិញ ដូចជាត្រូវ(ជាប់ពន្ធធនាគារ) ៣ឆ្នាំ។ អត់មានត្រូវការដើរដាក់ដាវសាម៉ូរ៉ៃ សម្រាប់ឆ្ការព្រៃនៅទីក្រុងភ្នំពេញទេ។ បើចាស់ៗ នៅខេត្ត ជិះពីខេត្ត ទៅចម្ការរបស់គាត់ដាក់ផ្គាក់ដាក់អី។ បើដាក់ដាវសាម៉ូរ៉ៃ ហើយជិះម៉ូតូទៅរៀនហើយគ្មានយកទៅឆ្ការព្រៃក្នុងសាលាទេ។ គ្មានសាលាណាមានព្រៃទៀតទេ។ យើងចាំទាល់តែគាត់ដកដាវកាប់គេ ឬមួយបង្ការឱ្យហើយ? ហ្នឹងស្មើនឹងកាន់អាវុធខុសច្បាប់ដើរតាមផ្លូវ។
(១៤) ពនិត្យច្បាប់បង្ក្រាបអ្នកបង្ហាញភាពឃោរឃៅតាមបណ្តាញសង្គម
មួយទៀត អ្នកអួតតាមហ្វេសប៊ុក។ ព្រឹកនេះឱ្យយកមួយនៅខេត្តស្វាយរៀង។ អត់មានយកមកត្រឹមតែអប់រំរដ្ឋបាល ហើយលែងទៅវិញទេ។ មើលច្បាប់ឱ្យមែនទែន។ ទាញដាវមកអួត។ កន្លែងខ្លះបបួលគ្នាកាប់។ តើហ្នឹងស្មើនឹងគំរាមប្រមាថជីវិតទេ? អញ្ចឹង ឱ្យពិនិត្យមើលច្បាប់។ បើច្បាប់នៅស្រាលពេក សូមឱ្យពិនិត្យធ្វើវិសោធនកម្មដើម្បីដាក់មុខព្រួញនេះឲ្យកាន់តែខ្លាំង។ ទាល់តែដាក់គាត់ខ្លាំង។ (បើ)យើងអប់រំគាត់ យើងត្រឹមអាណិតគាត់ម្នាក់ឯង។ យើងមិនបានអាណិត ឪពុកម្ដាយគាត់ ដែលកូនមិនរាង។ កូនចេញទៅ កាន់តែក្អេងក្អាងលើសដើម។ ថាធ្វើទៅ! យ៉ាងច្រើនគេហៅទៅណែនាំ។ យើងធ្វើសំពះសុំទោស ដាក់កិច្ចសន្យា ចេញមក(វិញ) រួចចប់។ ចេញទៅថ្ងៃណាមួយជ្រុលស្លាប់ដាច់ដៃដាច់ជើង … អញ្ចឹង ឲ្យមើលអ្នកដែលពូកែអួតតាមហ្វេសប៊ុក ដាវសាម៉ូរ៉ៃ អី … រត់មិនរួចទេ។ កុំអួតគ្នារឿងហ្នឹង។ អាណិតឪពុកម្ដាយ។ បើយើងអនុវត្ដច្បាប់តឹងរ៉ឹង យើងបង្កាជួយទាំងក្មួយ ជួយទាំងឪពុកម្ដាយ ទាំងប្រជាពលរដ្ឋ។ ខ្ញុំមើលខមិ្មនប្រជាពលរដ្ឋថា ឥលូវជិះទៅណា ខ្លាចវាកាប់គ្នាត្រូវដល់ខ្លួនដែរ។ ករណីប៉ុណ្ណេះហើយ អ្នកខ្លះភ្លេចខ្លួន ក៏ធ្លាក់ដៃ។ ដែលយើងធ្វើបានជិត ៦០០សំណុំរឿងជាង ជាប់ ២០០០នាក់ មិនមែនជាការសប្បាយចិត្ត(របស់)យើងដែលយកក្មេងៗ ទៅដាក់ឃុំទេ។ ប៉ុន្ដែ បើមិនដាក់វិធានការ តើមនុស្សប៉ុន្មាននាក់ដែលរងគ្រោះដោយសារគាត់? សង្ឃឹមថាវិធានការដែលម៉ឹងមាត់បែបនេះនឹងជួយបំបាក់ទឹកចិត្តអ្នក(ទំនើង)ផ្សេង កុំឲ្យគាត់កាប់(គេឯង) … អាង(អី)សុំទោស ឬមួយវិធានការរដ្ឋបាលនោះ គឺត្រូវធ្វើយ៉ាងណាឲ្យរឹងមាំ។
(១៥) ការអនុវត្ដច្បាប់ គឺដើម្បីកុំឲ្យគ្រោះថ្នាក់រាង្គកាយនិង/ឬអាយុជីវិត និងអប់រំមួយរយៈកុំឲ្យខូចអនាគត
ខ្ញុំសំណូមពរឲ្យឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាមីខ្លួន ចូលរួមអប់រំកូន។ បើប្រដៅមិនស្ដាប់ ហើយបង្ហោះម៉ូតូ (អញ្ចឹង) លក់ម៉ូតូចោលទៅ។ ថ្ងៃមុន ខ្ញុំបានឲ្យគោលការណ៍យកម៉ូតូអ្នកបង្ហោះម៉ូតូទុកបីខែ។ គាត់មិនអាចបង្ហោះទេ បើដើរ ឬជិះកង់។ អញ្ចឹង កិច្ចការងារនេះ ខេត្ត រាជធានី ស្នងការរាជធានីខេត្តទាំងអស់ កំលាំងអាវុធហត្ថក៏អាចចូលរួមបាន ពង្រឹងការអនុវត្ដទៅលើមុខសញ្ញាក្មេងៗដែលកាប់ចាក់គ្នាបែបនេះ។ ក្រាបបន្ដិច ងើបវិញ! សង្កត់ថែមទៀត។ ឥលូវ យកបាន ២ ០០០ (នាក់) សល់ប៉ុន្មាន យកថែមទៀត បើគាត់មិនរាង។ ឥលូវ ខ្ញុំសង្ឃឹមថា មហាជន ព្រមទាំងឪពុកម្ដាយពេលដែលយើងអនុវត្ដច្បាប់ សុំផ្ដល់ការគាំទ្រ។ ឪពុកម្ដាយមិនមែនចង់បំផ្លាញអនាគតកូនទេ គឺការពារកូន ដើម្បីឲ្យគាត់ទី១ កុំឲ្យជ្រុលខ្លួនត្រូវគេកាប់ ឬកាប់គេ សម្លាប់គេ ដែលជាប់គុកលើសដើម។ ទី២ ចាត់ទុកថា យើងជួយយកមកអប់រំមួយរយៈកុំឲ្យខូចអនាគតរយៈពេលវែង។
សាមីខ្លួន យុវជនរបស់យើង ក្មួយៗ អ្នកប្រព្រឹត្ដមិនច្រើនទេ។ ក្មេងៗយើងរាប់សែននាក់ អ្នកប្រព្រឹត្ដបែបនេះ ប៉ុន្មានរយនាក់ ប៉ុន្ដែវាធ្វើឲ្យបំពុល(សង្គម) ប៉ះពាល់ទាំងអស់។ ដែលអ្នកទាំងអស់នោះរស់នៅក្នុងស្រុក ក្នុងឃុំ ភូមិ អត់មានទៅណា អត់លាក់ខ្លួនទៅណាបាន ខ្ញុំសូមឲ្យអាជ្ញាធរខេត្តនីមួយៗ (យកចិត្តទុកដាក់) (ព្រោះ)សកម្មភាពក្មេងទំនើងទាល់តែអួត បង្ហាញបានគេខ្លាច។ បើគាត់នៅតែក្នុងបន្ទប់ គាត់បង្ហោះម៉ូតូនៅតែក្នុងរបងផ្ទះគាត់ ដោយមិនចេញមកក្រៅ មកថតបង្ហោះរញ៉េរញ៉ៃ គ្មានអ្នកណាឈឺក្បាលទេ។ ជិះបុកជញ្ជាំងបែកក្បាលខ្លួនឯងទៅ។ តែរឿងដែលគាត់ចេញមកក្រៅ(ផ្ទះ) ដេញកាប់គ្នានៅទីសាធារណៈ កាប់ដោយកូនគេកូនឯង អ្នកខ្លះគ្នាអត់ដឹងអីផង(ត្រូវគេ) កាប់លេង ព្រោះតែចង់បង្ហាញថាឯងខ្លាំង (ត្រូវតែចាត់វិធានការអោយបានតឹងរ៉ឹង)។
(១៦) អប់រំពីក្រោម ប្រើវិធានការច្បាប់ទប់អ្នករញ៉ីរញ៉ៃ រួមគ្នាកសាងសង្គមដែលថយភាពអវិជ្ជមាន
សូមអរគុណណាស់ដល់ក្រសួងយុត្ដិធម៌ ដែលបានធ្វើសន្និសីទកាសែតដើម្បីបង្ហាញមហាជន។ គួរតែខេត្តនីមួយៗ ស្នងការនីមួយៗ ពេលធ្វើសកម្មភាពបង្ក្រាបហ្នឹងធ្វើព័ត៌មានជូនមហាជន។ រកវិធីផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ សារដែលសំខាន់បំផុតគឺបង្ការការងារនេះ។ ធ្វើឲ្យអ្នកផ្សេងញញើតកុំឲ្យធ្វើ(តាម) ហ្នឹងហើយជាជោគជ័យ។ យើងគ្មានបំណងចាប់មនុស្សច្រើនទេ។ តែបើសកម្មភាព ការផ្សព្វផ្សាយ ការអនុវត្តច្បាប់របស់យើង ធ្វើឲ្យមនុស្សដែលចង់សាកល្បង លែងចង់សាកសកម្មភាពហ្នឹង ជាការល្អ ហើយបែរទៅកាន់សៀវភៅឬស្លូតបូតវិញ ជាការដែលយើងចង់បាន។ ការអប់រំ ការណែនាំ និងវិធានការច្បាប់ ត្រូវដើរទន្ទឹមគ្នា។ រឿងនេះគឺជារឿងដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងយើងអបអរសាទរទំពាំងដែលកំពុងលូតលាស់ល្អ ដាក់ជីបន្ថែមទៀតនៅក្នុងសាលា នៅក្នុងសាកលវិទ្យាល័យ យើងក៏ត្រូវគិតអំពីអនាគតរបស់ទំពាំងមួយចំនួនអាចរលួយ ឬអាចឈានទៅដល់ការរលួយ ដែលវាឈានទៅឲ្យប៉ះពាល់ដល់ទំពាំងជិតៗហ្នឹងក្នុងសង្គម។
ត្រូវជួយគ្នា ទាំងសហគមន៍ ទាំងសាលា ជាពិសេសក្មេងៗថ្នាក់វិទ្យាល័យ ក្មេងជំទង់។ កម្រឃើញសាកលវិទ្យាល័យកាន់ដាវសាម៉ូរៃណាស់ ឬមានដែរ? ដល់អាយុ ១៨ ហ្នឹងគឺស្រួល។ អ្នកចិញ្ចឹមកូនដឹង។ ក្មេងជំទង់ហ្នឹងពិបាកណាស់។ ដល់ ៩ ឬ១០ ឆ្នាំគឺស្រួលនិយាយគ្នា ដល់ ១២ ឆ្នាំឡើងមកដល់ ១៦ ហ្នឹងគឺពិបាក។ បើតម្រង់ទិសទៅណា គាត់ទៅហ្នឹង។ បើគាត់ភ្លើតភ្លើន ទាល់តែទប់។ គេហៅមួម៉ៅ។ បណ្តុះបណ្តាលអប់រំតាំងពីក្រោម។ វិធានការច្បាប់ទប់ជាមួយអ្នកដែលរញ៉ីរញ៉ៃ ហើយរួមគ្នាកសាងនូវសង្គមមួយដែលយុវជនកាត់បន្ថយភាពអវិជ្ជមានរបស់ខ្លួន។ ខ្ញុំបានឲ្យគោលការណ៍នេះ ហើយក្រសួងយុត្តិធម៌ពិនិត្យមើលច្បាប់។ ល្ងាចមិញដាក់សារទៅអង្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ អភិបាល គណៈអភិបាលរាជធានីខេត្តទាំងអស់ ជំរុញការគ្រប់គ្រងក្មេងៗទំនើងឲ្យកាន់តែមានប្រសិទ្ធភាព កុំធ្លាក់ដៃឲ្យសោះ។ ចកនៅតែមាន មិនទាន់អស់ទេ តែប្រមូលដាក់នៅម្តុំកុំឲ្យទៅណា ប្រមូលថែមផ្សេងៗទៀត ហើយបើចកទាំងអស់នោះប្រែក្លាយខ្លួនទៅជាផ្កាឈូកខ្លួនឯង ជាការល្អ។
[ចប់សេចក្តីអធិប្បាយ៣]
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យជាតិ-អន្តរជាតិ, ដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ និង ជ័យលាភីទាំងអស់ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពវិស័យអប់រំ ស្របតាមគោលនយោបាយកែ-ទម្រង់របស់ក្រសួងអប់រំ យុវជន និង កីឡា, ព្រមទាំងបន្តលើកស្ទួយគុណភាពវិស័យអប់រំឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនយើងសម្រាប់បន្តវេននាអនាគត និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
ជាទីបញ្ចប់, ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និង ជូនពរ ព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលជាជ័យលាភីនៅថ្ងៃនេះ ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវ-កិត្តិយសជាតិ និង អន្តរជាតិ ព្រមទាំងជ័យលាភីទាំងអស់ សូមមានសុខភាពល្អបរិបូណ៍, មានសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព, និង សូមប្រកប- ដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
ឆ្នាំថ្មីជិតមកដល់ សល់ប៉ុន្មានថ្ងៃទៀត ខ្ញុំសូមជូនពរ តែជូនពរមិនមែនតែឆ្នាំសកលទេ ជូនពរ ៣ ឆ្នាំតែម្តងទៅ ព្រោះយើងកៀកគ្នា ជូនពរឆ្នាំសកល ជូនពរឆ្នាំចិន ហើយជូនពរឆ្នាំខ្មែរ។ ថ្ងៃនេះក៏មានសម្រាប់និស្សិតជ័យលាភី ១១៥៧ អង្គ/នាក់ ក្នុងមួយអង្គ/នាក់ ប្រគេន និងជូនថវិកា ៥ ម៉ឺនរៀល។ ដោយឡែកបន្ថែមជូននិស្សិតមានពិការភាព ២ នាក់ ថវិកា ១ លានរៀល។ ជូនសាស្ត្រចារ្យ បុគ្គលិកសិក្សា ចំនួន ៤២៩ នាក់ ម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យធនធានមនុស្ស ថវិកា ១០ លាន។ វិទ្យាស្ថានជាតិអប់រំ ថវិកា ៥ លាន និងក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៣ លានផងដែរ។ សូមអរគុណ៕