(ម៉ាឡេស៉ី)៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋានអាស៊ានបញ្ចេញវីឌីអូ ដែលសង្ខេបនូវសកម្មភាពពេញមួយឆ្នាំ២០២៣ ដែលជាឆ្នាំទី១ នៃការកាន់តំណែងជាអគ្គលេខាធិការអាស៊ាន របស់លោកបណ្ឌិត កៅ គឹមហួន។
នៅក្នុងវីឌីអូនោះ បានរំលេចអំពីសកម្មភាពសរុបដែលឯកឧត្តមបណ្ឌិត កៅ គឹមហួន បានធ្វើនៅក្នុងឆ្នាំ២០២៣ រួមមាន ១,០៣៣សកម្មភាព ដែលក្នុងនោះលោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចំនួន១២ និងបានជួបពិភាក្សាការងារជាមួយបណ្ដាប្រមុខរដ្ឋ/រដ្ឋាភិបាល រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ឯកអគ្គរាជ/រដ្ឋទូត មេដឹកនាំធុរកិច្ច មេដឹកនាំផ្នែកសិក្សាធិការ នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនា និងដៃគូខាងក្រៅរបស់អាស៊ាន ជាច្រើន។
នៅក្នុងឆ្នាំ២០២៣នេះដែរ លោកបណ្ឌិត កៅ គឹមហួន ក៏បានផ្តល់កិច្ចសម្ភាសន៍ចំនួន ៤០លើក ដល់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងបានទទួលសារតាំងពីឯកអគ្គរាជ/រដ្ឋទូតនានាប្រចាំអាស៊ាន ចំនួន ២៦នាក់ ទទួលជួបជាមួយមេដឹកនាំអង្គការតំបន់ និងអន្តរជាតិធំៗជាច្រើនរូប ព្រមទាំងបានធ្វើបទបាឋកថាសាធារណៈចំនួន ១០ដង នៅក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ផងដែរ។ ក្រៅអំពីសកម្មភាពដែលបានរៀបរាប់ខាងលើ លោកបណ្ឌិត កៅ គឺមហួន ក៏បានជួបជាមួយគណៈកម្មាធិការអាស៊ានក្នុងប្រទេសទី ៣ មួយចំនួន និងបានទៅទស្សនានៅមជ្ឈមណ្ឌលអាស៊ាន ក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទាអាស៊ាន ផងដែរ។
នៅក្នុងសារវីឌីអូ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ដូចខាងក្រោម៖
*ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៤ គឺជាខួបគម្រប់ ១ ឆ្នាំ នៃការចូលកាន់តំណែងរបស់ខ្ញុំ ជាអគ្គលេខាធិការអាស៊ាន ទី១៥ ជាតំណែងមួយ ដែលមានទាំងកិត្តិយស និងការទទួលខុសត្រូវយ៉ាងធំធេង។ ខ្ញុំនៅចាំបានថា ក្នុងអំឡុងពេលផ្ទេរតំណែងអគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានដាក់ចេញនូវអាទិភាពចំនួន៦ ដែលខ្ញុំហៅថា 6 Ps រួមមាន សន្តិភាព (Peace) វិបុលភាព (Prosperity) ភពផែនដី (Planet) ប្រជាជន (People) ភាពជាដៃគូ (Partnership) និង សក្តានុពល (Potential)។ ពេលនេះ រយៈពេល ៣៦៥ ថ្ងៃ បានកន្លងផុតទៅ ហើយស្របពេលដែលខ្ញុំចាប់ផ្តើមឆ្នាំទី ២ នៅក្នុងតំណែង ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារបស់ខ្ញុំ ក្នុងការបន្តធ្វើការលើអាទិភាពសំខាន់ៗរបស់ខ្ញុំ ក៏ដូចជា អាទិភាពសំខាន់ៗផ្សេងទៀតរបស់ប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូសន្ទា និងដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនអាស៊ាន និងប្រជាជនរបស់ដៃគូអាស៊ាន។
ឆ្លៀតឱកាសដ៏នក្ខត្តឫក្សនេះ ដូចដែលខ្ញុំក្រឡេកមើលលើសមិទ្ធផលរបស់អាស៊ាន ក្នុងរយៈពេល ១ឆ្នាំកន្លងមក ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ សម្រាប់ការគាំទ្រដែលបានផ្តល់ឱ្យលេខាធិការដ្ឋានអាស៊ាន ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើដល់ផលប្រយោជន៍នៃសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន រួមមាន សហគមន៍សន្តិសុខ-នយោបាយអាស៊ាន ឬ ដែលខ្ញុំហៅថា «សសរស្តម្ភសន្តិភាព» សហគមន៍សេដ្ឋកិច្ចអាស៊ាន ឬ «សសរស្តម្ភវិបុលភាព» និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ឬ «សសរស្តម្ភប្រជាជន»។ ស្របពេលជាមួយគ្នា ការគាំទ្រដែលយើងទទួលបានពេញមួយឆ្នាំ២០២៣ ពីដៃគូសន្ទនា និងដៃគូខាងក្រៅនានា អនុញ្ញាតឱ្យយើងបង្កើនតម្លៃ និងអត្ថន័យបន្ថែមទៀតដល់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងអាស៊ាន និងដៃគូខាងក្រៅរបស់ខ្លួន។
ពិតណាស់ថាឆ្នាំ២០២៤ គឺជាឆ្នាំដ៏មានសារៈសំខាន់មួយទៀត ដូចដែលយើងខិតកាន់តែជិតដល់ថ្ងៃបញ្ចប់នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងជាពិសេស ស្របពេលដែលយើងបានចាប់ផ្តើមសរសេរចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាឯកសាររយៈពេលវែង គូសវាសបរិយាកាសជាយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ នៅក្នុងន័យនេះ ខ្ញុំសូមសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដៃគូសន្ទនាអាស៊ាន និងដៃគូខាងក្រៅផ្សេងទៀត ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានមួយដែលស៉ាំ រហ័សរហួន បុរេសកម្ម និងមានលក្ខណៈឆ្លើយតបទៅនឹងកាលានុវត្តភាព និងយកឈ្នះការប្រឈមដែលកំពុងកើតឡើង និងក្នុងពេលអនាគត។
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងច្បាស់លាស់ លេខាធិការដ្ឋានអាស៊ាន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងផ្តល់ការគាំទ្រដូចគ្នាដល់ប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤។
នៅក្នុងស្មារតីឯកភាព និងសាមគ្គីភាព លេខាធិការដ្ឋានអាស៊ាន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីពង្រឹងបន្ថែមទៀតនូវសមាហរណកម្មអាស៊ាន និងបង្កើនការកសាងសហគមន៍អាស៊ាន៕